អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ភាពរុងរឿង​និង​ការ​ធ្លាក់ចុះ​នៃ​ចក្រភព​ម៉ុងហ្គោល​ក្រោយ​អធិរាជ​ជិនហ្គីស ខាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​ អំពី​​​ភាពរុងរឿង និង​ការ​ធ្លាក់ដុនដាប​នៃ​ចក្រភព​ម៉ុងហ្គោល ​ក្រោយ​ពី​បាន​វាតទី​ពង្រីកទឹកដី ដែល​លាតសន្ធឹង​​ក្នុង​ទំហំ​ធំបំផុត​មិន​ធ្លាប់​មាន ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ។

ចក្រភពម៉ុងហ្គោល​​នៅ​ចុង​សតវត្សរ៍​ទី១៣ ដែល​ត្រូវ​បែងចែក​ជា ៤ផ្នែក​ធំៗ៖ ម៉ុងហ្គោល ចិន ទីបេ និង​កូរ៉េ (បៃតង) អាស៊ី​កណ្តាល (ប្រផេះ) រុស្ស៊ី (លឿង) និង​មជ្ឈិមបូព៌ា (ស្វាយ)
ចក្រភពម៉ុងហ្គោល​​នៅ​ចុង​សតវត្សរ៍​ទី១៣ ដែល​ត្រូវ​បែងចែក​ជា ៤ផ្នែក​ធំៗ៖ ម៉ុងហ្គោល ចិន ទីបេ និង​កូរ៉េ (បៃតង) អាស៊ី​កណ្តាល (ប្រផេះ) រុស្ស៊ី (លឿង) និង​មជ្ឈិមបូព៌ា (ស្វាយ)
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​អំឡុង​សតវត្សរ៍ទី១៣​ ចក្រភពម៉ុងហ្គោល ក្រោម​ការ​ដឹកនាំ​របស់​អធិរាជ ជិនហ្គីស ខាន់ គឺ​ជា​មហាអំណាច​ពិភពលោក ដែល​ត្រួតត្រា​ដែន​ដី​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្ស​ជាតិ។ គិត​ត្រឹមឆ្នាំ​១២២៧ ដែល​អធិរាជ​ ជិនហ្គីស ខាន់ ចូលទិវង្គត ដែនដី​ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​​ចក្រភព​ម៉ុងហ្គោល លាតសន្ធឹង​ចាប់តាំង​ពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ រហូត​ទៅដល់​អឺរ៉ុប​ខាង​កើត។ បើ​គិត​ជា​ទំហំ​ផ្ទៃដី ចក្រភព​ម៉ុងហ្គោល​មាន​ទំហំ​ធំជាង​ចក្រភព​ម៉ាសេដ្វាន់​របស់​អាឡិចសង់ ឡឺក្រង់ (Alexandre le Grand) រហូត​ដល់​ទៅ ៤ដង ហើយ​ធំជាង​ចក្រភព​រ៉ូម រហូតដល់​ទៅ ២ដង។

បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ការ​វាតទី​ពង្រីក​ទឹកដី​នៃ​ចក្រភព​ម៉ុងហ្គោល មិនបាន​បញ្ចប់​ត្រឹម​ការ​ចូល​ទិវង្គត​របស់​អធិរាជ ​ជិនហ្គីស ខាន់ នោះទេ។ អហ្កឺដី ខាន់ (Ögedei Khan) កូនប្រុសទី៣​របស់​ ជិន​ហ្គីស ខាន់ ដែលឡើង​​ស្នងតំណែង​​ជា​អធិរាជបន្តពី​ឪពុក បាន​បន្ត​ធ្វើ​សង្រ្គាម​វាតទីពង្រីក​ទឹកដី​របស់​ខ្លួន​តទៅទៀត។ កងទ័ព​ម៉ុងហ្គោល​​បាន​វាយ​​ដណ្តើម​កាន់កាប់​នគរ​សៀ (Xia) នៅ​ប៉ែក​ខាងលិច​ប្រទេស​ចិន ​ហើយ​​បាន​បន្ត​ឈ្លានពាន​ចូល​ទៅ​ក្នុង​នគរ​សុង (Song) នៅ​ប៉ែក​ខាង​ត្បូង។

ទៅទិស​ខាងលិច កងទ័ព​ម៉ុងហ្គោល​បាន​ចូល​ឈ្លាន​ពាន​រុស្ស៊ី រួចហើយ​បន្ត​ដំណើរ​ទៅ​ប៉ូឡូញ មុននឹង​វាយលុក​ចូល​ឈ្លានពាន​ទៅដល់​ហុងគ្រី និង​ក្រូអាស៊ី។ ក៏ប៉ុន្តែ ការឈ្លានពាន​របស់​កងទ័ព​ម៉ុងហ្គោល​បាន​បញ្ឈប់​​ត្រឹមនោះ ដោយ​ពួកគេ​មិន​បាន​វាយលុក​ចូល​ទៅដល់​អឺរ៉ុប​ខាងលិច​នោះទេ។ អឺរ៉ុប​ខាងលិច រួមមាន​ អាល្លឺម៉ង់ បារាំង និង​អង់គ្លេស ជាដើម បាន​រួចផុត​ពី​ការ​ត្រួតត្រា​របស់​ចក្រភពម៉ុងហ្គោល មិនមែន​ដោយសារ​តែ​ប្រទេស​ទាំងអស់​នេះ​មាន​យុទ្ធសាស្រ្ត ឬ​មាន​ទ័ព​ខ្លាំង​ពូកែ​នោះទេ ក៏ប៉ុន្តែ គឺ​ដោយសារ​តែអធិរាជ​ម៉ុងហ្គោល ​អហ្កឺដី ខាន់ បាន​ចូល​ទិវង្គត នៅ​ឆ្នាំ​១២៤១ ហើយ​មេទ័ព​ម៉ុងហ្គោល​បាន​បញ្ឈប់​រាល់​ប្រតិបត្តិការ​ទ័ព ដោយ​​នាំគ្នា​​ប្រញាប់ប្រញាល់​ធ្វើដំណើរ​ចេញពី​អឺរ៉ុប ត្រឡប់​ទៅ​ម៉ុងហ្គោលវិញ ដើម្បី​ចូលរួម​ក្នុង​ដំណើរការ​ជ្រើសរើស​អធិរាជ​ថ្មី។

នៅ​ការ៉ាកូរុំ (Karakorum) រាជធានី​ម៉ុងហ្គោល ជម្លោះ​ដណ្តើម​រាជបល្ល័ង្ក​បាន​ផ្ទុះឡើង នៅ​ក្រោយ​ការ​ចូលទិវង្គត​របស់​អធិរាជ​អហ្កឺដី ខាន់។ នៅ​ចុងបំផុត តំណែង​ជា​អធិរាជ​ម៉ុងហ្គោល ត្រូវ​បាន​គេ​ប្រគល់​ទៅ​ឲ្យ​កូនប្រុស​របស់​អហ្កឺដី ខាន់។ ក៏ប៉ុន្តែ នៅពេល​ក្រោយៗ​មក​ទៀត ជម្លោះ​ដណ្តើម​រាជបល្ល័ង្ក តែងតែ​បាន​កើតឡើង​ជារឿយៗ នៅ​ពេលណា​ដែល​អធិរាជ​ចាស់​ចូល​ទិវង្គត។

ទោះជាយ៉ាងនេះ​ក៏ដោយ កងទ័ព​ម៉ុងហ្គោល​នៅតែបន្ត​ធ្វើសង្រ្គាម​វាតទី​ពង្រីក​ទឹកដី​របស់​ខ្លួន​តទៅទៀត គឺ​យុទ្ធនាការ​វាតទីទឹកដី​​ចុះ​ទៅ​ខាង​ត្បូង​ប្រទេស​ចិន និង​ទៅក្នុង​តំបន់​មជ្ឈិមបូព៌ា។ ទីក្រុង​បាកដាដ ដែល​ជា​ក្រុង​ដ៏សំខាន់​មួយ​របស់​ចក្រភព​អ៊ីស្លាម​ត្រូវ​បាន​ទាហាន​ម៉ុងហ្គោល​វាយដណ្តើម​កាន់កាប់ នៅឆ្នាំ​១២៥៨។ បន្ទាប់មកទៀត ស៊ីរី ដែល​ជាទីតាំង​ដ៏សំខាន់​មួយ​ទៀត​របស់​ចក្រភព​អ៊ីស្លាម ក៏​ត្រូវ​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​ចក្រភព​ម៉ុងហ្គោល​ដែរ។

នៅ​ឯ​ទិស​ខាង​ត្បូង​ឯណោះវិញ សង្រ្គាម​ជាមួយ​នគរ​សុង នៅ​ចុង​ខាង​ត្បូង​ប្រទេស​ចិន​នៅតែ​បន្ត​ធ្វើ។ រហូត​ដល់​ឆ្នាំ​១២៧៩ កងទ័ព​ម៉ុងហ្គោល​បាន​វាយផ្តួលរំលំ​នគរ​សុង​បាន​ជាស្ថាពរ។ ប្រទេស​ចិន​ត្រូវ​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​អធិរាជ​ម៉ុងហ្គោល ឈ្មោះ គូប៊ីឡៃ ខាន់ (Kubilai Khan)។ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ប្រជាជន​ចិន ដែល​មាន​​ចំនួន​ច្រើន​រាប់លាន​នាក់ គូប៊ីឡៃ ខាន់ បាន​ប្រកាស​តាំងខ្លួន​ថា​ជា​អធិរាជ​​ចិន ហើយ​បាន​រៀបចំ​រចនាសម្ព័ន្ធ និង​របៀបដឹកនាំ ដែល​មាន​លក្ខណៈ​ស្រដៀងគ្នា​នឹង​រាជវង្ស​ចិន​ពីពេលមុន ដោយ​បង្កើត​ជា​សែរាជវង្សថ្មីមួយទៀត គឺ​រាជវង្ស​យ័ន។

បន្ទាប់​ពី​បាន​ពង្រឹង​អំណាច​ពេញដៃ នៅ​ក្នុង​ប្រទេស​ចិន​រួចហើយ គូប៊ីឡៃ ខាន់ ក៏​បាន​ពង្រីក​ទឹកដី​របស់​ខ្លួន ចុះ​មក​ទិស​ខាងត្បូង​បន្ត​ទៀត។ ក៏ប៉ុន្តែ ​យុទ្ធនាការ​វាតទី​ពង្រីក​ទឹកដី នៅ​អាស៊ី​អាគ្នេយ៍ ដោយ​កងទ័ព​របស់​គូប៊ីឡៃ ខាន់ មិនសូវ​ជា​ទទួលបាន​ជោគជ័យ​ប៉ុន្មាន​ទេ។ កងទ័ព​ម៉ុងហ្គោល​ត្រូវ​ទទួលបរាជ័យ ​នៅ​កោះជ្វា នៅ​ឆ្នាំ១២៩៣។ នៅ​អាណ្ណាមវិញ កងទ័ព​របស់​គូប៊ីឡៃ ខាន់ ត្រូវ​ទទួលបរាជ័យ​ជាច្រើនលើក និង​ទទួលរងនូវ​ការខាតបង់​ច្រើន ទម្រាំ​តែ​អាច​គ្រប់គ្រង​ទឹកដី​អាណ្ណាម​បាន នៅ​អំឡុង​ឆ្នាំ​១២៨៨។
 

គូប៊ីឡៃ ខាន់ អធិរាជ​ម៉ុងហ្គោល ដែល​បាន​បង្កើត​រាជវង្សយ័ន​គ្រប់គ្រង​រាជបល្ល័ង្ក​ចិន
គូប៊ីឡៃ ខាន់ អធិរាជ​ម៉ុងហ្គោល ដែល​បាន​បង្កើត​រាជវង្សយ័ន​គ្រប់គ្រង​រាជបល្ល័ង្ក​ចិន

ក៏ប៉ុន្តែ អ្នកប្រវត្តិសាស្រ្ត​ជាច្រើន​យល់ថា គោលដៅ​សំខាន់​របស់​អធិរាជ​ គូប៊ីឡៃ ខាន់ ​គឺ​គ្រាន់តែ​ចង់​ឲ្យ​នគរ​​នៅ​អាស៊ីអាគ្នេយ៍​សុខចិត្ត​រណប​ចក្រភព​ម៉ុងហ្គោល​ ហើយ​យក​សួយសារ​អាករ​ទៅ​ថ្វាយ​ស្តេច​ម៉ុងហ្គោល​តែប៉ុណ្ណោះ ដោយ​មិន​ចង់​វាយដណ្តើម​យក​ទឹកដី​នគរ​ទាំងអស់​នេះ​ទៅ​គ្រប់គ្រង​ទាំងស្រុង​នោះទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ភាគច្រើន ម៉ុងហ្គោល​ច្រើន​តែ​បញ្ជូន​កងទ័ព​ក្នុង​ទ្រង់ទ្រាយ​តូច​​ ឬ​ក៏​ត្រឹម​រាជទូត​ឲ្យ​ទៅ​កាន់នគរ​នៅ​អាស៊ីអាគ្នេយ៍។

នៅ​ឆ្នាំ​១២៨៣ ​ម៉ុងហ្គោលបាន​បញ្ជូន​កងទ័ព​​មួយក្រុម​តូច​ កាត់​តាម​នគរ​ចម្ប៉ា ដែល​បាន​ក្លាយ​ជា​នគរ​ចំណុះ​អធិរាជ​ម៉ុងហ្គោលរួចទៅហើយ ឲ្យ​ឆ្លង​ចូល​ទៅ​នគរ​ខ្មែរ។ គេ​មិនឃើញ​មាន​ឯកសារ​ច្បាស់លាស់​​ដែល​រៀបរាប់​អំពី​ការ​វាយប្រយុទ្ធគ្នា រវាង​កងទ័ព​ម៉ុងហ្គោល ជាមួយ​នឹង​កងទ័ព​ខ្មែរ​នោះទេ។ ក៏ប៉ុន្តែ ពីរ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ឆ្នាំ​១២៨៥ ស្តេចនគរ​ខ្មែរ គឺ​ព្រះបាទ​ជ័យវរ្ម័ន​ទី៨ បាន​ផ្ញើ​សួយសារអាករ​ទៅ​ថ្វាយ​អធិរាជ​ម៉ុងហ្គោល​ គូប៊ីឡៃ ខាន់ ហើយ​នៅឆ្នាំ​១២៩៦ រាជទូតចិន ឈ្មោះ ជីវ តាក្វាន់ ត្រូវ​បាន​បញ្ជូន​ឲ្យ​មក​បំពេញ​បេសកកម្ម នៅ​ក្នុង​នគរ​ខ្មែរ រហូតដល់​ពាក់​កណ្តាល​ឆ្នាំ​១២៩៧។ គឺ ជីវ តាក្វាន់​នេះ​ហើយ​ដែល​បាន​បន្សល់​ទុក​នូវ​កំណត់ត្រា​ជាច្រើន អំពី​ជីវភាព​ប្រចាំថ្ងៃ​របស់​ខ្មែរ នៅ​សម័យ​អង្គរ។ ជីវ តាក្វាន់ ថ្វីដ្បិត​តែ​ត្រូវ​បាន​បញ្ជូន​ពី​ចិន ហើយ​ត្រូវ​បានគេ​ហៅ​ថា​ជា​រាជទូត​ចិន ក៏ប៉ុន្តែ តាមពិត​ គឺ​ជា​រាជទូត​របស់អធិរាជ​ម៉ុងហ្គោល ពីព្រោះ​ថា នៅ​ពេលនោះ​ ចិន ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ម៉ុងហ្គោល ហើយ​​រាជបល្ល័ង្ក​របស់​ចិន ត្រូវ​កាន់កាប់ដោយ​អធិរាជ​ម៉ុងហ្គោល។

ចក្រភពម៉ុងហ្គោល ចាប់តាំង​ពី​សម័យកាលអធិរាជ​ ជិនហ្គីស ខាន់ មក គឺ​ជា​មហាអំណាច​ដ៏ធំសម្បើម​មួយ ដែល​មាន​កងទ័ព​ខ្លាំង​ក្លា ច្បាំង​ឈ្នះ​ស្ទើរតែ​គ្រប់ទិសទី ហើយ​ពង្រីក​ទឹកដី​រហូត​ស្ទើរតែ​ពាក់កណ្តាល​ពិភពលោក។ ក៏ប៉ុន្តែ ចក្រភព​ដ៏​ខ្លាំងក្លា​នេះ​មាន​សត្រូវ​ដ៏ធំមួយ គឺ​ជម្លោះ​ផ្ទៃក្នុង។

ដើម្បី​គ្រប់គ្រង​ទឹកដី​ដ៏ធំមហិមា​ ចក្រភពម៉ុងហ្គោ​លបាន​បែងចែក​ទឹកដី​របស់​ខ្លួន​ជា​ចំណែកៗ ដោយ​ផ្នែកនីមួយៗ មាន​ស្តេច​សោយរាជ្យ​ផ្សេងៗ​គ្នា។ គិតត្រឹមឆ្នាំ​ ១២៦០ ចក្រភពម៉ុងហ្គោល​ត្រូវ​បាន​បែងចែក​ជា ៤ផ្នែក​ធំៗ។ ផ្នែកទីមួយ​​ គឺ​នៅ​ម៉ុងហ្គោល ទីបេ កូរ៉េ និង​ចិន។ ទឹកដី​ម៉ុងហ្គោល​មួយ​ចំណែក​នេះ គ្រប់គ្រង​ដោយ គូប៊ីឡៃ ខាន់ ដែល​មាន​ឋានៈ​​ជា​អធិរាជ​​ចិន​ផង និង​ជា​អធិរាជ​នៃ​ចក្រភព​ម៉ុងហ្គោល​​ទាំងមូលផង។ ម៉ុងហ្គោល​ផ្នែក​ទី២ ស្ថិត​នៅ​អាស៊ី​កណ្តាល។ ផ្នែក​ទី៣ នៅ​រុស្ស៊ី។ ផ្នែក​ទី៤ នៅ​មជ្ឈិមបូព៌ា​ ត្រង់​ម្តុំ​ចក្រភពពែរស៍។

ដោយសារ​តែ​ចក្រភព​​ម៉ុងហ្គោល មាន​សារជាតិ​ដើម​ជា​ក្រុម​កុលសម្ព័ន្ថ​ដាច់ៗ​ពី​គ្នា ប្រជាជន​ម៉ុងហ្គោល​មាន​ការ​​ពិបាកក្នុង​ការ​រួបរួមគ្នា​ជា​ប្រជាជាតិ​តែមួយ។ ជម្លោះ​ផ្ទៃក្នុង​នៃ​ចក្រភព​ម៉ុងហ្គោល កើតមាន​ក្នុង​​ពីរ​រូបភាព។ ទីមួយ គឺ​ជម្លោះ​ រវាង​ទឹកដី​ម៉ុងហ្គោល​ទាំង ៤ផ្នែក ដោយ​ស្តេច​នីមួយៗ​ប្រជែង​គ្នា​ធ្វើ​ជា​អធិរាជ​ធំ​នៃ​ចក្រភព​ម៉ុងហ្គោល។ ជម្លោះទីពីរ គឺ​​ជា​ជម្លោះដណ្តើម​រាជបល្ល័ង្ក នៅ​ខាង​ក្នុង​ផ្នែក​នីមួយៗ។ ស្របជាមួយ​នឹង​ជម្លោះ​ផ្ទៃក្នុង​នេះ ប្រជាជន​ដែល​មិនមែន​ជា​ជនជាតិ​ម៉ុងហ្គោល ហើយ​ដែល​ត្រូវ​ម៉ុងហ្គោល​ឈ្លានពាន​យក​មក​កាន់កាប់ ក៏​ចាប់ផ្តើម​ឆ្លៀតពេល​ងើបឡើង​បះបោរ​ប្រឆាំង​នឹង​អំណាច​របស់​ចក្រភព​ម៉ុងហ្គោល។

ជម្លោះ​ផ្ទៃក្នុង​អស់ទាំងនេះបាន​ធ្វើ​ឲ្យ​ចក្រភព​ម៉ុងហ្គោល​ធ្លាក់ចុះខ្សោយ​បន្តិចម្តងៗ រហូត​​ដល់​អំឡុង​ឆ្នាំ​១៣៣៥ ចក្រភពម៉ុងហ្គោល នៅ​មជ្ឈិមបូព៌ា ត្រូវ​ដួលរលំ ហើយ​បំបែក​ទៅជា​នគរ​តូចៗ​ផ្សេងៗពីគ្នា។ ចាប់ពីពេលនោះ​មក​ដែនដី​ម៉ុងហ្គោល​ផ្សេងៗ​​ក៏​ចាប់ផ្តើម​រង្គោះរង្គើ ហើយ​ត្រូវ​ដួលរលំ​ម្តងមួយៗ​ជាបន្តបន្ទាប់។

នៅ​ឆ្នាំ​១៣៦៨ រាជវង្ស​យ័ន​របស់​ម៉ុងហ្គោល ដែល​គ្រប់គ្រង​ប្រទេស​ចិន ត្រូវ​ក្រុមបះបោរចិន​ផ្តួលរំលំ ហើយ​ពួកម៉ុងហ្គោល​ក៏​បាន​រត់ភៀសខ្លួន​ត្រឡប់​ទៅ​ម៉ុងហ្គោល ដែល​ជា​ទឹកដី​កំណើតវិញ។ ចិន​រួច​ផុត​ពី​ការ​ត្រួតត្រា​របស់​ម៉ុងហ្គោល ហើយ​បង្កើត​ជា​របបដឹកនាំ​ថ្មី​មួយ​ទៀត គឺ​រាជវង្សមីង (Ming)។ គឺ​ឆ្នាំ​១៣៦៨​នេះ​ហើយ ដែល​អ្នក​ប្រវត្តិសាស្រ្ត​ជាទូទៅ​កំណត់​ថា​ជា​ឆ្នាំ​ចុងក្រោយ​នៃ​សករាជ​របស់​ចក្រភព​ម៉ុងហ្គោល។

គិតជាសរុប​ទៅ ចក្រភពម៉ុងហ្គោល​បាន​ស្គាល់ភាព​រុងរឿង​ជា​មហាអំណាច​ពិភពលោក ក្នុងរយៈពេល ១៦២ឆ្នាំ (ពីឆ្នាំ​១២០៦ ដល់​ឆ្នាំ​១៣៦៨)។ ដូច្នេះ បើ​ប្រៀបធៀប​នឹង​ចក្រភពរ៉ូម ចក្រភពម៉ុងហ្គោល​មាន​ផ្ទៃដី​ធំជាង​ចក្រភព​រ៉ូម​ឆ្ងាយ ក៏ប៉ុន្តែ ម៉ុងហ្គោល​ត្រួតត្រា​ពិភពលោក​​បាន​តិច​ឆ្នាំ​ជាងរ៉ូម។ ចក្រភពរ៉ូម​​បាន​ស្គាល់​ភាព​រុងរឿង​ជា​មហាអំណាច​ពិភពលោក រហូតដល់​ទៅ ជាង ៥០០ឆ្នាំ (ឆ្នាំ​២៧​មុន​គ.ស រហូត​ដល់​ឆ្នាំ​៤៧៦​គ.ស)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ