អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

សង្រ្គាមលោក​លើកទី២៖ ​ការ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​លើ​ហ៊ីរ៉ូស្ហ៊ីម៉ា​និង​ណាហ្កាសាគី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមលើកឡើង អំពី​ការ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​របស់​អាមេរិក ទៅលើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី ដែល​ធ្វើ​ឲ្យ​ជប៉ុន​សុខចិត្ត​ប្រកាស​ចុះចាញ់​សង្រ្គាម និង​ឈាន​ទៅ​បញ្ចប់​ជា​ស្ថាពរ​សង្រ្គាម​លោកលើកទី២។

ការផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា (ឆ្វេង) និង​នៅ​ណាហ្កាសាគី ថ្ងៃទី៦ និង​ទី៩ សីហា ១៩៤៥
ការផ្ទុះ​គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា (ឆ្វេង) និង​នៅ​ណាហ្កាសាគី ថ្ងៃទី៦ និង​ទី៩ សីហា ១៩៤៥
ផ្សាយពាណិជ្ជកម្ម

នៅដើម​ខែ​ឧសភា ឆ្នាំ​១៩៤៥​ សង្រ្គាម​លោក​លើកទី២ នៅ​ក្នុង​តំបន់​អឺរ៉ុប​ត្រូវ​បិទ​បញ្ចប់។ អាល្លឺម៉ង់​ណាហ្ស៊ី​ត្រូវ​ទទួលបរាជ័យ ដោយ​នាំទៅជាមួយ​នូវ​អ៊ីតាលី​ហ្វាស៊ីស ដោយ​មេដឹកនាំ​ផ្តាច់ការ​អ៊ីតាលី ​បេនីតូ មូសូលីនី ត្រូវ​បាន​ក្រុម​បះបោរ​អ៊ីតាលី​ចាប់ខ្លួន និង​បាញ់​សម្លាប់​ចោល នៅថ្ងៃ​ទី២៨​មេសា ចំណែក​ឯ​​ហ៊ីត្លែរ​វិញ​​បាន​សម្លាប់​ខ្លួនឯង នៅថ្ងៃ​ទី៣០​មេសា។ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង៣ នៅ​ក្នុង​បក្ស​សម្ព័ន្ធ​ត្រីភាគី នៅ​សល់​តែ​ជប៉ុន​មួយ​ប៉ុណ្ណោះ ដែល​នៅ​មិនទាន់​ចុះចាញ់​សង្រ្គាម។

នៅ​ថ្ងៃ​ទី១៧​កក្កដា ឆ្នាំ​១៩៤៥ ប្រមុខដឹកនាំ​អាមេរិក អង់គ្លេស និង​សហភាព​សូវៀត បាន​បើក​ធ្វើ​សន្និសីទ​មួយ នៅ​ទីក្រុង​ប៉ុតស្ដាំ (Potsdam) ក្បែរ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់។ ភាគី​អាមេរិក​តំណាង​ដោយ​ លោក​ Harry Truman ដែល​ទើប​នឹង​ឡើង​មក​ធ្វើ​ជា​ប្រធានាធិបតី​ជំនួស​លោក​ Franklin Roosevelt ដែល​ទទួលមរណភាព​ដោយ​ជំងឺ កាលពីថ្ងៃ​ទី១២​មេសា ភាគី​អង់គ្លេស​តំណាង​ដោយ​នាយករដ្ឋមន្រ្តី Winston Churchill ហើយ​ភាគី​សហភាព​សូវៀត​តំណាង​ដោយ​​លេខាបក្ស​កុម្មុយនិស្ត Joseph Staline។

​​សន្និសីទ​ក្រុង​ប៉ុតស្តាំ​នេះ​​ផ្តោត​ជា​ចម្បង​ទៅលើ​បញ្ហា​ធំៗ​ពីរ គឺ​​ការ​គ្រប់គ្រង​តំបន់​អឺរ៉ុប ក្រោយ​សម័យ​សង្រ្គាម និង​ការ​រួមកម្លាំង​គ្នា​ធ្វើ​​សង្រ្គាមប្រឆាំង​​ជប៉ុន ដើម្បី​​ឈាន​ទៅ​​បញ្ចប់​សង្រ្គាម​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

បើ​និយាយ​ពី​រចនាសម្ព័ន្ធ​នៃ​បក្ស​សម្ព័ន្ធ​នៅ​ក្នុង​សង្រ្គាម​លោកលើកទី២ គេ​ត្រូវ​ដឹង​ថា សហភាព​សូវៀត​​​​​មិនស្ថិត​ក្នុង​ចំណោម​ប្រទេស​សម្ព័ន្ធមិត្ត​ជាមួយ​​អាមេរិក អង់គ្លេស និង​បារាំង​នោះទេ។ តាមការពិត នៅ​ពេល​​​សង្រ្គាម​លោកលើកទី២​ទើប​នឹង​ចាប់ផ្តើម​ផ្ទុះឡើង​ ស្តាលីន​​និង​ហ៊ីត្លែរ​ធ្លាប់​សហការ​គ្នា ហើយ​​ស្តាលីន​ថែម​ទាំង​ធ្លាប់​​ធ្វើការ​ចរចា​ជាមួយ​ហ៊ីត្លែរ ដើម្បី​ចូល​ក្នុង​បក្ស​សម្ព័ន្ធ​ត្រីភាគី​ជាមួយ​អាល្លឺម៉ង់ អ៊ីតាលី និង​ជប៉ុន​ទៀតផង ប៉ុន្តែ ចរចា​មិនបាន​សម្រេច ទើប​ហ៊ីត្លែរ​ចូល​ឈ្លានពាន​សូវៀត នៅ​ឆ្នាំ​១៩៤១។
 

ទោះជាយ៉ាងណា នៅ​ពេញ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២ សហភាព​សូវៀត​​និង​ជប៉ុន​បាន​រក្សា​ជំហរ​អព្យាក្រឹត​នឹង​គ្នា​ទៅវិញ​ទៅមក ស្របទៅតាម​កិច្ចព្រមព្រៀង ដែល​បាន​ចុះ កាល​ពី​ថ្ងៃ​ទី១៣ មេសា ឆ្នាំ​១៩៤១ ពោលគឺ ប្រទេស​ទាំងពីរ​នឹង​មិន​សហការ​​គ្នា​ ដើម្បី​ធ្វើ​សង្រ្គាម​ទល់​នឹង​ប្រទេស​ផ្សេង ហើយ​ក៏​មិន​ត្រូវ​​សហការ​ជាមួយ​ប្រទេស​ផ្សេង ដើម្បី​ធ្វើ​សង្រ្គាមនឹងគ្នា​នោះដែរ។

ក៏ប៉ុន្តែ ក្រោយ​មក ស្តាលីន​បាន​ព្រមព្រៀង​ដោយ​សម្ងាត់​ជាមួយ​អាមេរិកថា​ នឹង​​ចូល​ធ្វើ​សង្រ្គាម​ទល់​នឹង​ជប៉ុន នៅ​ក្នុង​តំបន់​អាស៊ី ជាថ្នូរ​នឹង​ការណ៍​ដែល​​អាមេរិក​និង​សម្ព័ន្ធមិត្ត​បើក​ការ​វាយប្រហារ​លើ​អាល្លឺម៉ង់ នៅ​អឺរ៉ុប​ខាង​លិច ដើម្បី​បំបែក​កម្លាំង​ទ័ព​​អាល្លឺម៉ង់​ពី​សូវៀត។

នៅ​ក្នុង​​អំឡុង​សន្និសីទ​នៅ​យ៉ាល់តា នៅខែ​កុម្ភៈ ឆ្នាំ​១៩៤៥ ស្តាលីន​ធ្លាប់​​​បាន​ព្រមព្រៀង​ជាមួយ​លោក Franklin Roosevelt ​រួចទៅហើយ​ថា កងទ័ព​សូវៀត​​នឹង​ចាប់ផ្តើម​បើក​ការ​វាយប្រហារ​លើ​ជប៉ុន ក្រោយ​ពី​អាល្លឺម៉ង់​ប្រកាស​ចុះចាញ់​សង្រ្គាម ហើយ​​នៅ​ក្នុង​សន្និសីទ​ក្រុង​ប៉ុតស្តាំ ខែ​កក្កដា លោក Harry Truman បាន​បន្ត​ទទូច​​ឲ្យ​ស្តាលីន​​ចូល​ធ្វើ​សង្រ្គាម​​ទល់​នឹង​ជប៉ុន ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា លោក​ទើប​នឹង​បាន​ទទួល​ដំណឹង​ពី​សហរដ្ឋ​អាមេរិក អំពី​ជោគជ័យ​​នៃ​ការ​សាកល្បង​អាវុធ​​ប្រភេទ​ថ្មីមួយ ដែល​ពិភពលោក​មិន​ធ្លាប់​ស្គាល់​ពីមុន ហើយ​ដែល​​អាច​ធ្វើ​ឲ្យ​ជប៉ុន​ចុះចាញ់​ដោយ​មិនចាំបាច់​មាន​ជំនួយ​ពី​សហភាព​សូវៀត។ អាវុធ​ប្រភេទ​ថ្មី​នោះ គឺ​គ្រាប់បែក​នុយក្លេអ៊ែរ (គ្រាប់បែក​បរមាណូ)។

សហរដ្ឋ​អាមេរិក​បាន​រៀបចំ​បង្កើត​គម្រោង​ផលិត​អាវុធ​នុយក្លេអ៊ែរ តាំងពី​ឆ្នាំ​១៩៤០ គឺ​តាំង​ពីពេល​ដែល​សង្រ្គាម​លោកលើកទី២​ទើប​នឹង​ចាប់ផ្ទុះឡើង ហើយ​​អាមេរិក​នៅ​មិនទាន់​លូកដៃ​ចូល​ក្នុង​សង្រ្គាម​នៅឡើយ។ គម្រោង​​ផលិត​អាវុធ​នុយក្លេអ៊ែរ​នេះ​​មាន​​ឈ្មោះ​​​ថា “The Mahnatan Project” ​ហើយ​ត្រូវ​បាន​​អាមេរិក​លាក់​ការណ៍​យ៉ាង​សម្ងាត់​បំផុត។

គ្រាប់បែក​នុយក្លេអ៊ែរ​ដំបូងបង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត ត្រូវ​បាន​អាមេរិ​ក​​ធ្វើការ​​សាកល្បង​ប្រកប​ដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ​១៩៤៥។ នៅ​​ពេលនោះ អាល្លឺម៉ង់​បាន​ចុះចាញ់​សង្រ្គាម​រួចទៅហើយ។ នៅសល់​តែ​ជប៉ុន​មួយ​ប៉ុណ្ណោះ ដែល​នៅ​ចចេស​មិន​ព្រម​ចុះចាញ់។ ក៏ប៉ុន្តែ បើទោះបីជា​មើល​ឃើញ​យ៉ាងច្បាស់​​ថា កងទ័ព​ជប៉ុន​តែ​ឯង​ប្រាកដ​ជា​មិន​អាច​ទប់ទល់​នឹង​កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ក៏ដោយ លោក Harry Truman នៅតែ​​សម្រេចចិត្ត​​ប្រើ​អាវុធ​ប្រល័យលោក​ ដែល​ទើប​នឹង​ផលិត​បាន​នេះ យក​ទៅ​វាយប្រហារ​លើ​ជប៉ុន។

ហេតុផល​ធំបំផុត ដែល​ជំរុញ​ឲ្យ​លោក​ Harry Truman សម្រេច​ប្រើ​អាវុធ​​នុយក្លេអ៊ែរ​លើ​ជប៉ុន គឺ​ដើម្បី​បញ្ចប់​សង្រ្គាម​​​ឲ្យ​បាន​ឆាប់ ដោយ​មិន​ចាំបាច់​បញ្ជូន​កម្លាំង​ទ័ព​ធម្មតា​ឲ្យ​ចូល​ឈ្លានពាន​ប្រទេស​ជប៉ុន។ គម្រោង​វាយលុក​លើ​ប្រទេស​ជប៉ុន ដែល​នៅ​ពេលនោះ ត្រូវ​បាន​មេទ័ព​អាមេរិក​ព្យាករ​ថា​អាច​នឹង​បណ្តាល​ឲ្យ​ទាហាន​អាមេរិក​ស្លាប់​រហូតដល់​ទៅ ១លាននាក់ ដោយសារ​តែ​គេមើលឃើញ​ពី​ភាព​ប្តូរផ្តាច់​របស់​ទាហាន​ជប៉ុន នៅ​ក្នុង​សមរភូមិ​មុនៗ ជាពិសេស នៅ​កោះ​អ៊ីវ៉ូជីម៉ា និង​អូគីណាវ៉ា ដែល​កងទ័ព​ជប៉ុន ថ្វីដ្បិត​តែ​ទទួលបរាជ័យ តែ​បាន​បង្ក​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​ដល់​កងទ័ព​អាមេរិក។
 

គ្រាប់បែក​នុយក្លេអ៊ែរ "Little Boy" នៅមុនពេល​ដាក់​លើ​យន្តហោះ​ទៅទម្លាក់​លើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា
គ្រាប់បែក​នុយក្លេអ៊ែរ "Little Boy" នៅមុនពេល​ដាក់​លើ​យន្តហោះ​ទៅទម្លាក់​លើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា

ម្យ៉ាងទៀត លោក​ប្រធានាធិបតី​អាមេរិក និង​មន្រ្តី​ជំនិតៗ​មួយចំនួន​ផ្សេងទៀត យល់ថា ការវាយប្រហារ​លើ​ជប៉ុន​ដោយ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ ក្រៅពី​​​អាច​បញ្ចប់​សង្រ្គាម​បាន​ឆាប់ ហើយ​បញ្ចៀស​ការ​បាត់បង់​ជីវិត​ទាហាន​អាមេរិក វា​ក៏​អាច​នឹង​បង្កើន​ឥទ្ធិពល​របស់​អាមេរិក​នៅលើ​ពិភពលោក​ផងដែរ តាមរយៈ​បង្ហាញ​ឲ្យ​គេ​​ឃើញ អំពី​កម្លាំង​ដ៏​អស្ចារ្យ​នៃ​អាវុធ​ប្រល័យលោកនេះ។

ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​១៩៤៥ វេលាម៉ោង ៨ និង​១៥នាទី​ព្រឹក ម៉ោង​ក្នុងស្រុក គ្រាប់បែក​នុយក្លេអ៊ែរ​ទីមួយ​ (ដែល​គេ​ឲ្យឈ្មោះ​ថា « Little Boy ») ត្រូវ​បាន​​អាមេរិក​ទម្លាក់​ពីលើ​យន្តហោះ ទៅលើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា។ ​៣ថ្ងៃក្រោយ​មក នៅថ្ងៃ​ទី៩ សីហា ​​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​មួយគ្រាប់ទៀត (ដែល​គេ​ឲ្យឈ្មោះ​ថា « Fat Man ») ទៅលើ​ទីក្រុង​ណាកាសាគី។ ការ​វាយប្រហារ​ដោយ​គ្រាប់បែក​នុយក្លេអ៊ែរ​ទាំងពីរ​គ្រាប់នេះ បានបណ្តាល​ឲ្យ​ប្រជាជន​ជប៉ុន​ប្រមាណ ១២ម៉ឺននាក់​ត្រូវ​ស្លាប់​ភ្លាមៗ (ដោយ​មិន​ទាន់​រាប់​អ្នក​ស្លាប់​ក្រោយៗ​មក​ទៀត ដោយសារធាតុ​វិទ្យុសកម្ម) ហើយ​នៅថ្ងៃ​ទី១៥ សីហា អធិរាជ​ហ៊ីរ៉ូហ៊ីតូ​ក៏​បាន​ប្រកាស​​ចុះចាញ់​សង្រ្គាម​ដោយ​ឥតលក្ខខណ្ឌ។ កិច្ចព្រមព្រៀង​ចុះចាញ់​សង្រ្គាម​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ជប៉ុន និង​សហរដ្ឋ​អាមេរិក នៅថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ ជាថ្ងៃ​ដែល​សង្រ្គាម​លោកលើកទី២​ត្រូវ​បញ្ចប់​ជាផ្លូវការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ