ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT

បារាំង​និង​អង់គ្លេស​​ឈរ​ឱបដៃ​មើល​ហ៊ីត្លែរ​បង្កើន​កម្លាំង​ទ័ព​រំលោភ​លើ​សន្ធិសញ្ញា​សន្តិភាព​ក្រុង ​Versailles

បារាំង​និង​អង់គ្លេស​​ឈរ​ឱបដៃ​មើល​ហ៊ីត្លែរ​បង្កើន​កម្លាំង​ទ័ព​រំលោភ​លើ​សន្ធិសញ្ញា​សន្តិភាព​ក្រុង ​Versailles
 
រថក្រោះ​ធុន Panzer របស់​អាល្លឺម៉ង់

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូមបន្ត​ពិនិត្យ​មើល​ស្ថានភាព​ពិភពលោក​មុន​សង្រ្គាម​លោក​លើកទី២ ដោយ​លើកឡើង អំពី​​ការណ៍​ដែល​អាមេរិក និង​មហាអំណាច​អឺរ៉ុប​ឈរឱបដៃ​​ទុក​បណ្តោយ​ឲ្យ​ហ៊ីត្លែរបង្កើន​កម្លាំង​ទ័ព​អាល្លឺម៉ង់ ដោយ​រំលោភ​ទៅលើ​សន្ធិសញ្ញា​សន្តិភាព​ក្រោយ​សង្រ្គាម​លោក​លើកទី១។

គិតត្រឹម​ឆ្នាំ​១៩៣៤ អំណាច​រដ្ឋ​ទាំងអស់​នៅ​អាល្លឺម៉ង់​ ទាំង​អំណាច​ជា​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល និង​​អគ្គបញ្ជាការ​កងទ័ពជាតិ ត្រូវ​ធ្លាក់​ក្នុង​ដៃ​មនុស្ស​តែ​ម្នាក់ គឺ​ហ៊ីត្លែរ ដែល​ពេលនោះ​មានងារ​ជា “Führer” (អគ្គមគ្គទេសក៍)។ ចាប់ពីពេលនោះមក ហ៊ីត្លែរ​ក៏​ចាប់ផ្តើម​ពង្រីក​កម្លាំង​ទ័ព​អាល្លឺម៉ង់ ដើម្បី​សម្រេច​តាម​មហិច្ឆតា​វាតទី​និយម​​ និង​គោលគំនិត​បន្សុទ្ធ​ជាតិសាសន៍​អាល្លឺម៉ង់។

មហិច្ឆតា និង​គោលគំនិត​ទាំងអស់​នេះ មិនមែន​ជា​រឿង​សម្ងាត់​ទេ ពីព្រោះ​ថា ហ៊ីត្លែរ​ធ្លាប់​បាន​សរសេរ​លម្អិត នៅ​ក្នុង​សៀវភៅ “Mein Kampf” ដែល​ត្រូវ​បាន​បោះពុម្ពផ្សាយ​រាប់​លាន​ក្បាល។ សួរថាតើ​ហេតុអ្វី​បាន​ជា​បណ្តា​ប្រទេស​មហាអំណាច រួមមាន សហរដ្ឋ​អាមេរិក បារាំង និង​អង់គ្លេស ជាដើម បណ្តោយ​ឲ្យ​ហ៊ីត្លែរ​​ពង្រីក​កម្លាំង​ទ័ព ទាំងរំលោភ​លើ​សន្ធិសញ្ញា​សន្តិភាព ដែល​បាន​ចុះ​នៅក្រោយ​សង្រ្គាម​លោក​លើកទី១​បែបនេះ?

តាមការពិត ថ្វីដ្បិត​តែ​គេ​បានអាន​សៀវភៅ “Mein Kampf” ក៏ប៉ុន្តែ មនុស្ស​ភាគច្រើន​យល់ថា អ្វីៗ​ដែល​ហ៊ីត្លែរ​​សរសេរ​នៅ​ក្នុង​សៀវភៅនេះ គឺ​ជា​គំនិត​ជ្រុលនិយម​ហួសហេតុ ហួស​ពី​ភាពប្រាកដ​និយម ហើយ​វា​គ្រាន់តែ​​ជា​ការ​សរសេរ​បញ្ចេញ​យោបល់ នៅ​ក្នុងពេល​ដែល​ហ៊ីត្លែរ​នៅ​ជា​អ្នក​នយោបាយ​ប្រឆាំង​ប៉ុណ្ណោះ។​ ​គេ​មិនជឿ​ថា ហ៊ីត្លែរ​​ពិតជា​​នឹងអនុវត្ត​តាមគោលគំនិត​នេះ​ទាំងអស់​ទេ នៅពេល​បាន​ឡើង​កាន់អំណាច។

ម្យ៉ាងវិញ​ទៀត បណ្តា​ប្រទេស​មហាអំណាច​ឈ្នះ​សង្រ្គាម​លោកលើកទី១ រួមមាន អាមេរិក បារាំង និង​អង់គ្លេស បាននាំគ្នា​​ទុក​បណ្តោយ​ឲ្យ​ហ៊ីត្លែរ​បង្កើន​កម្លាំង​ទ័ព ដោយ​បំពាន​ទៅលើ​សន្ធិសញ្ញា​សន្តិភាព​ក្រុង Versailles គឺ​ដោយសារ​តែ​ហេតុផល​សំខាន់ៗពីរ។
 

ទីមួយ នៅពេលនោះ វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​កំពុងតែ​រាលដាល​ពេញ​បន្ទុក ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក បារាំង និង​អង់គ្លេស ត្រូវ​​​វក់វី​នឹង​បញ្ហាសេដ្ឋកិច្ច​​នៅ​ក្នុង​ស្រុក​រៀងៗ​ខ្លួន ហើយ​ព្យាយាម​ចៀសវាង​​​មិន​ចង់​ឲ្យ​មាន​ជម្លោះ​ប្រដាប់អាវុធ​ណាមួយ​បន្ថែម​ពីលើ​នោះទៀត។

ហេតុផលទីពីរ ហ៊ីត្លែរ​​​ក៏​មិនបាន​បង្កើន​កម្លាំង​ទ័ព​ភ្លាមៗ​ទាំង​កម្រោល ដែល​បង្កើត​ក្តីបារម្ភ​ពិសេស​ណាមួយ​ដល់​ប្រទេស​មហាអំណាច​ទាំងអស់​នេះ​ដែរ។ សកម្មភាព​​មួយចំនួន​ធំ ក្នុងការ​ពង្រីក​កម្លាំង​ទ័ព និង​ផលិត​គ្រឿងសព្វាវុធ​ធ្ងន់ៗ​ត្រូវ​ធ្វើ​ឡើង​ដោយ​សម្ងាត់ ឬ​ធ្វើឡើង​នៅ​ក្រោម​រូបភាព​ជា​គម្រោង​អភិវឌ្ឍ​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ស៊ីវិល។ ចំពោះ​វិធានការ​ដែល​ត្រូវ​ធ្វើឡើង​ជា​សាធារណៈ ហ៊ីត្លែរ​ច្រើន​តែ​រង់ចាំ​មើលទាល់តែ​មាន​លេស​ណាមួយ ដែល​អាច​លើក​យក​មក​ជា​សំអាងថា​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ជាតិ​របស់​អាល្លឺម៉ង់ ទើប​​ប្រកាស​ធ្វើ ហើយ​ធ្វើ​ឡើង​បន្តិចម្តងៗ ដើម្បី​តេស្ត​មើល​ពី​ប្រតិកម្ម​របស់​ប្រទេស​មហាអំណាច​ដែល​ជា​គូសត្រូវ។ ហ៊ីត្លែរ​ឈានជើង​មួយជំហាន គ្មាន​ប្រតិកម្ម ក៏បោះមួយជំហាន​ទៅមុខ​មួយទៀត។ ពីរជំហាន​គ្មាន​ប្រតិកម្ម ក៏​ចេះតែ​ឈាន​ទៅមុខ​ជា​ជំហានៗ រហូត​ដល់​ពេលមួយ ទម្រាំ​តែ​ប្រទេស​មហាអំណាច​ដឹងខ្លួន អ្វីៗ​ត្រូវ​ហួសពេល​មិន​អាច​ត្រឡប់​ក្រោយ​វិញបាន។

ហ៊ីត្លែរ​បាន​ចាប់ផ្តើម​ពង្រីក​កម្លាំង​ទ័ព​អាល្លឺម៉ង់ ដោយ​ចាប់ផ្តើម​ពី​ការ​ធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា​យោធា​ក្រោម​រូបភាព​ស៊ីវិល។ បន្ទាប់មក​ទៀត​ នៅឆ្នាំ​១៩៣៥ នៅ​ក្រោយ​ពេល​ដែល​បារាំង​ប្រកាស​បង្កើនមួយទ្វេជាពីរ នៃ​​រយៈពេល​ដែល​ពលរដ្ឋ​​​ត្រូវ​ជាប់កាតព្វកិច្ច​យោធា ហ៊ីត្លែរ​ក៏​បាន​លេស​ ប្រកាស​​បង្កើត​ឲ្យ​មាន​ឡើងវិញ​នូវ​កាតព្វកិច្ច​យោធា​នៅ​អាល្លឺម៉ង់ ព្រមទាំង​បាន​សម្រេច​បង្កើត​ទ័ព​អាកាស​អាល្លឺម៉ង់​​ឡើងវិញ ដែល​ជា​ការ​រំលោភ​ទៅលើ​សន្ធិសញ្ញា​ក្រុង​ Versailles។

នៅ​ឆ្នាំ​ដដែល​នោះ អង់គ្លេស​ដែល​ចង់​​បង្កើន​ទំនាក់ទំនង​ជាមួយ​អាល្លឺម៉ង់ ហើយ​បញ្ចៀស​ជម្លោះ​ជាមួយ​ហ៊ីត្លែរ ក៏​បាន​សុខចិត្ត​ចុះកិច្ចព្រមព្រៀង​ឲ្យ​អាល្លឺម៉ង់​អាច​ផលិត​នាវាចម្បាំង​លើស​ពី​អ្វី​ដែល​មាន​កំណត់​នៅ​ក្នុង​សន្ធិសញ្ញា​ក្រុង​ Versailles ហើយ​ជាថ្នូរមកវិញ ហ៊ីត្លែរ​សន្យាថា​អាល្លឺម៉ង់​នឹង​មិនបង្កើន​នាវាចម្បាំង​ឲ្យ​ហួស​ពី ៣៥% នៃ​នាវាចម្បាំង​របស់​អង់គ្លេស​នោះទេ។ ការចុះ​កិច្ចព្រមព្រៀង​នេះ គឺ​ជា​កំហុស​ដ៏ធ្ងន់មួយ​របស់​អង់គ្លេស ពីព្រោះ​ថា វា​បាន​លើកទឹកចិត្ត​ឲ្យ​ហ៊ីត្លែរ​បន្ត​ពង្រីក​កម្លាំង​ទ័ព​រំលោភ​លើ​សន្ធិសញ្ញា​ក្រុង Versailles បន្ថែម​ទៀត។ នៅទីចុង​បំផុត សូម្បី​តែ​ការ​សន្យា​ថា​នឹង​មិនមាន​នាវាចម្បាំង​ហួស​ពី ៣៥% នៃ​នាវាចម្បាំង​របស់​អង់គ្លេស ក៏​ហ៊ីត្លែរ​មិន​គោរព​តាមដែរ។

នៅ​ឆ្នាំ​១៩៣៦ នៅក្រោយ​ពេល​ដែល​បារាំង​បាន​ចុះ​សន្ធិសញ្ញា​សម្ព័ន្ធភាព​ជាមួយ​សហភាព​សូវៀត ដែល​នៅ​ក្នុង​នោះ​មាន​ចែង​ថា បារាំង​មាន​កាតព្វកិច្ច​ជួយ​សូវៀត ក្នុងករណី​មាន​សង្រ្គាម​ជាមួយ​អាល្លឺម៉ង់ ហ៊ីត្លែរ​ក៏​បាន​លេស​នេះ​មក​ចោទ​បារាំង​ថា​បាន​ធ្វើ​ផ្ទុយ​ពី​សន្ធិសញ្ញា​ក្រុង​ Versailles ហើយ​ថា សម្ព័ន្ធភាព​បារាំង-សូវៀត​នេះ គឺ​ជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​អាល្លឺម៉ង់ ដែល​ចាំបាច់​ត្រូវ​តែ​ឲ្យ​អាល្លឺម៉ង់​​ចាត់វិធានការ​បន្ថែម​ទៀត ដើម្បី​ពង្រឹង​វិស័យ​ការ​ពារជាតិ​របស់ខ្លួន។​ ហ៊ីត្លែរ​ក៏​បាន​បញ្ជូន​ទាហាន​ចូល​មក​ឈរជើង​នៅ​ក្នុង​តំបន់ Rheinland ដែល​ជាប់​នឹង​ព្រំដែន​របស់​បារាំង ដោយ​រំលោភ​ទៅលើ​បម្រាម ដែល​មាន​ចែង​នៅ​ក្នុង​សន្ធិសញ្ញា​ក្រុង Versailles។

នៅពេលនោះ មេទ័ព​អាល្លឺម៉ង់​មាន​ការ​បារម្ភ​យ៉ាងខ្លាំង​ ចំពោះ​​​វិធានការ​របស់​ហ៊ីត្លែរ ពីព្រោះ​ថា អាល្លឺម៉ង់​មាន​កងទ័ព​សរុប​តែ​ ១០ម៉ឺននាក់​ប៉ុណ្ណោះ ចំណែក​ឯ​បារាំង​វិញ មាន​ចំនួន​ទ័ព​ច្រើន​ជាង​អាល្លឺម៉ង់​រហូតដល់​ទៅ ៨ដង។ ដូច្នេះ ប្រសិនបើ​ផ្ទុះសង្រ្គាម​នឹងគ្នា អាល្លឺម៉ង់​ប្រាកដ​ជា​មិន​អាច​ទប់ទល់​នឹង​កងទ័ព​បារាំង​បាន​នោះទេ។ មេទ័ព​អាល្លឺម៉ង់​ក៏​បាន​ដាក់​បញ្ជា​ដល់​ទាហាន​របស់​ខ្លួន​ដែល​ចូល​ទៅ​ឈរជើង​នៅ​ក្បែរ​ព្រំដែន​បារាំង​ថា ប្រសិនបើ​មាន​ការ​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​នឹង​ទាហាន​បារាំង ពួកគេ​ត្រូវ​តែ​ដកថយមកវិញ​ភ្លាម។ ក៏ប៉ុន្តែ ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ បារាំង​មិនបាន​ចាត់វិធានការ​អ្វី​តបតវិញ​ទាំងអស់ ក្រៅតែ​ពី​ធ្វើការ​តវ៉ា​តាមផ្លូវទូត ទៅ​សង្គម​ប្រជាជាតិ ដែល​ជា​ស្ថាប័ន​មួយ​គ្មាន​អំណាច ហើយ​ដែល​អាល្លឺម៉ង់​បាន​ដក​ខ្លួន​ចេញ​ពី​សមាជិក តាំង​ពី​ឆ្នាំ​១៩៣៣។

អសកម្មភាព​របស់​បារាំង​នៅពេលនោះ បាន​ធ្វើ​ឲ្យ​ហ៊ីត្លែរ​បកស្រាយ​ថា​ជា​ភាព​ទន់ជ្រាយមួយ ហើយ​ចាប់ពីពេលនោះ​មក ហ៊ីត្លែរ​បាន​កំណត់​ក្នុង​ចិត្ត​ថា បារាំង និង​អង់គ្លេស ប្រាកដ​ជា​នឹង​មិន​​​​ហ៊ាន​ចេញមុខ​ប្រឆាំង​នឹង​អាល្លឺម៉ង់​នោះទេ។
 

ប្រជាជន​ដើមកំណើត​អាល្លឺម៉ង់ នៅ​ក្នុង​ប្រទេស​ឆេកូស្លូវ៉ាគី ទទួលស្វាគមន៍​ទាហាន​ណាហ្ស៊ី

នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៣៧ ហ៊ីត្លែរ​ក៏​បាន​ប្រាប់​ទៅ​មេទ័ព​អាល្លឺម៉ង់ អំពី​ផែនការ​ជាជំហានៗ ដើម្បី​វាតទី​ពង្រីក​ទឹកដី​ទៅ​ទិស​ខាង​កើត ដោយ​ចាប់ផ្តើម​ដំបូង ពីការ​ឈ្លានពាន​​យក​អូទ្រីស ដែល​សម្បូរ​ទៅដោយ​ប្រជាជន​ដើម​កំណើត​អាល្លឺម៉ង់ យក​មក​ដាក់​បញ្ចូល​ទៅក្នុងទឹកដី​អាល្លឺម៉ង់ នៅ​ក្នុង​នយោបាយ​មួយ ដែល​ហៅតាម​ភាសាអាល្លឺម៉ង់​ថា "Anschluss"​ (មានន័យជាភាសាខ្មែរ​ថា “ការ​ភ្ជាប់” ឬ “ការបង្រួបបង្រួម”)។ ជំហាន​ទីពីរ​ នៅ​ក្នុង​គម្រោងការណ៍​របស់​ហ៊ីត្លែរ គឺ​ចូល​ឈ្លានពាន​ឆេកូស្លូវ៉ាគី ដើម្បី​កាត់យក​​​ដែនដី​មួយផ្នែក​ដែល​សម្បូរ​ប្រជាជន​ដើម​កំណើត​អាល្លឺម៉ង់​យក​មក​កាន់កាប់។ ជំហាន​ទី៣ គឺ​ចូល​ឈ្លានពាន​ប្រទេស​ប៉ូឡូញ។

ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត គេឃើញ​ថា ហ៊ីត្លែរ​បាន​អនុវត្ត​តាម​ផែនការ​របស់​ខ្លួន​ជា​ជំហានៗ ដោយ​មិនមាន​អ្នកណា​ចេញមុខ​មក​រារាំង​អ្វីទាំងអស់។ ហ៊ីត្លែរ​ចាប់ផ្តើម​ដំបូង ពី​ការ​ស្វះស្វែងរក​កិច្ចព្រមព្រៀង​សម្ព័ន្ធភាព​ជាមួយ​អ៊ីតាលី ដែល​នៅពេលនោះ គឺ​ជា​សម្ព័ន្ធ​មិត្ត​ដ៏ជិតស្និទ្ធ​របស់​អូទ្រីស។ នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៣៧ មូសូលីនី មេដឹកនាំ​អ៊ីតាលី​បាន​​ទទួល​យក​សំណើ​របស់​ហ៊ីត្លែរ ហើយ​សុខចិត្ត​​ចូលរួម​នៅ​ក្នុង​សន្ធិសញ្ញា​សម្ព័ន្ធភាព ដែល​អាល្លឺម៉ង់​ទើប​នឹង​បាន​ចុះ​ជាមួយ​ជប៉ុន កាល​ពី​មួយឆ្នាំ ហើយ​បង្កើត​ទៅជា​បក្សសម្ព័ន្ធ​ត្រីភាគី អាល្លឺម៉ង់-អ៊ីតាលី-ជប៉ុន។

ក្រោយ​ពី​បាន​ចុះ​សម្ព័ន្ធភាព​ជាមួយ​មូសូលីនី​ហើយ ជំហាន​បន្ទាប់​ ហ៊ីត្លែរ​ក៏​បាន​កាត់យក​ប្រទេស​អូទ្រីស​មក​កាន់កាប់ នៅ​ខែ​មីនា ឆ្នាំ​១៩៣៨ មុន​ចូល​ឈ្លានពាន​ឆេកូស្លូវ៉ាគី នៅ​ប៉ុន្មាន​ខែ​ក្រោ​យ​មកទៀត។ ដូចការ​រំពឹងទុក​របស់​ហ៊ីត្លែរ គេ​មិនឃើញ​មាន​ប្រទេស​មហាអំណាច​ធំៗ​ណាមួយ​ចេញមុខ​រារាំង​សកម្មភាព​ឈ្លានពាន​របស់​អាល្លឺម៉ង់​នេះ​ទេ។ រហូត​ទាល់​តែ​ដល់​ឆ្នាំ​១៩៣៩ នៅពេល​ដែល​ហ៊ីត្លែរ​​គ្រោង​ចូល​ឈ្លានពាន​ប៉ូឡូញ ទើប​បារាំង និង​អង់គ្លេស​ភ្ញាក់ដឹងខ្លួន។ ក៏ប៉ុន្តែ នៅពេលនោះ ស្ថានភាព​បាន​ចូល​ដល់​លក្ខណៈ​ទុំជោរជ្រុល​ដែល​ធ្វើ​ឲ្យ​គេ​លែង​អាច​​​រារាំង​មហិច្ឆតា​វាតទី​និយម​របស់​ហ៊ីត្លែរ​​បាន​ទៀត​ហើយ ក្រៅតែ​ពី​ការ​ធ្វើ​សង្រ្គាម៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    សាធារណរដ្ឋ​ចិន ​រវាង​ចលនា​ឧទ្ទាម​កុម្មុយនិស្ត ​និង​ការ​ឈ្លានពាន​របស់​ជប៉ុន

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    សាធារណរដ្ឋ​ចិន​ក្រោយ​សង្រ្គាម​លោក​លើកទី១៖ ​ស៊ុន យ៉ាតសេន ​ងាក​ទៅរក​កុម្មុយនិស្ត

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    សាធារណរដ្ឋ​ចិន​ក្រោយ​បដិវត្តន៍​ឆ្នាំ​១៩១១

    ស្វែងយល់បន្ថែម

  • ប្រវត្តិសាស្រ្ត​ពិភពលោក

    បដិវត្តន៍​ផ្តួលរំលំ​របប​រាជានិយម​ចិន​នៅ​ឆ្នាំ១៩១១

    ស្វែងយល់បន្ថែម

  • តើផ្កាយដុះកន្ទុយជាអ្វីពិតប្រាកដ?

    តើផ្កាយដុះកន្ទុយជាអ្វីពិតប្រាកដ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​ការ​សិក្សា​របស់​អ្នកវិទ្យាសាស្ត្រ​ជុំវិញ​សំណួរ​ថា …

  • ផ្កាយដុះកន្ទុយ៖ រវាងអបិយជំនឿ និងវិទ្យាសាស្ត្រ

    ផ្កាយដុះកន្ទុយ៖ រវាងអបិយជំនឿ និងវិទ្យាសាស្ត្រ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​​ផ្កាយដុះកន្ទុយ ដែល​នៅ​ក្នុង​ជំនឿសម័យបុរាណ​ចាត់ទុកថា​ជា​សញ្ញា​នៃ​ការមកដល់​នៃ​​សង្រ្គាម …

  • ភពសុក្រ៖ ផ្កាយព្រឹក ឬ​ផ្កាយចោរ

    ភពសុក្រ៖ ផ្កាយព្រឹក ឬ​ផ្កាយចោរ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​ភពសុក្រ ដែល​តែងតែ​ត្រូវបាន​គេ​ចាត់ទុក​ថា​ជា​បងប្អូនភ្លោះ​នៃ​ភពផែនដី​របស់​យើង។

  • តើការធ្វើដំណើរទៅភពព្រះអង្គារត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?

    តើការធ្វើដំណើរទៅភពព្រះអង្គារត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ?

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​គម្រោង​បញ្ជូន​មនុស្ស​ឲ្យ​ទៅ​ចុះចត​លើ​ភពព្រះអង្គារ។

  • Curiosity ៖ មន្ទីរពិសោធន៍លើភពព្រះអង្គារ

    Curiosity ៖ មន្ទីរពិសោធន៍លើភពព្រះអង្គារ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​បេសកកម្ម​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ឈ្មោះ​ថា …

  • ភពព្រះអង្គារ៖ ទិសដៅនៃការស្វែងរកជីវិតក្រៅភព

    ភពព្រះអង្គារ៖ ទិសដៅនៃការស្វែងរកជីវិតក្រៅភព

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីប្រវត្តនៃចក្រវាល​ ដោយសូមលើកឡើង អំពី​ភពព្រះអង្គារ ដែល​មនុស្ស​យើង​ធ្លាប់​បាន​សង្កេត​និង​សិក្សា​តាំង​ពី​សម័យ​បុរាណ …

  • គម្រោងអារតេមីស៖ ពីព្រះចន្ទតទៅព្រះអង្គារ

    គម្រោងអារតេមីស៖ ពីព្រះចន្ទតទៅព្រះអង្គារ

    នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​​​ ​រៀបរាប់ អំពីព្រះចន្ទ​តទៅទៀត ដោយ​សូមលើកឡើង អំពីគម្រោង​របស់​ណាសា ក្នុងការ​បញ្ជូន​មនុស្ស​ឲ្យ​វិល​ត្រឡប់​ទៅកាន់​ព្រះចន្ទ​វិញ …

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ