ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT

​ហុងកុង៖ អាជ្ញាធរ​ព្រមាន​បង្ក្រាប ​បាតុករនៅតែ​ក្រោកតវ៉ា ​ស្ថានការណ៍​កាន់តែ​ក្តៅ!​

​ហុងកុង៖ អាជ្ញាធរ​ព្រមាន​បង្ក្រាប ​បាតុករនៅតែ​ក្រោកតវ៉ា ​ស្ថានការណ៍​កាន់តែ​ក្តៅ!​
 
បាតុករ​តវ៉ា​នៅ​ហុងកុង @Reuters

នៅកោះហុងកុង, បាតុករ​រាប់​ពាន់​នាក់​ ​បន្ត​ជួប​ជុំ​គ្នា​នៅថ្ងៃសៅរ៍ ទី​៣សីហា​នេះ ហើយ​សន្យា​ថា​នឹង​បន្ត​ប្រមូល​ផ្តុំ​គ្នា​ទៀត ​នៅ​​ថ្ងៃ​អាទិត្យ ទី​៤សីហា។ ​ថ្ងៃ​ច័ន្ទ ទី​៥សីហា​ ក៏​ពួក​គេ​នឹង​នាំគ្នា​ធ្វើ​កូដកម្ម​ ឈប់​ធ្វើការថែមទៀត​។ សកម្មភាព​តវ៉ារបស់​ហ្វូង​បាតុករ​ហុង​កុង​នេះ ធ្វើឡើង​ជាប់ៗគ្នា​ អស់​ចំនួន​៨សប្តាហ៍​មកហើយ។​ ​

ពេលថ្មីៗនេះ ប្រឈម​នឹងការ​បង្ក្រាប​ពី​សំណាក់​ប៉ូលីស, បាតុករ​ក៏​រឹតតែ​កើនឡើង រហូត​​ដល់ ​បុគ្គលិក​ធនាគារ​​រាប់​រយនាក់,ក្រុម​គ្រូពេទ្យ​ និង​មាន​មន្ត្រី​រដ្ឋការ​ជាច្រើន​ ក៏​ចូល​រួម​ធ្វើ​បាតុកម្ម​ផងដែរ ដែល​កាន់តែ​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែទុំជោរ​។ ចំពោះ​មុខ​សភាពការណ៍​តាន​តឹង, អាជ្ញាធរតំបន់​ស្វ័យតហុងកុង បាន​ចាប់​ចងក្រុម​អ្ន​កតវ៉ា​ជា​បន្តបន្ទាប់ ហើយចំណែក​ អាជ្ញាធរ​ចិន ក៏​​ព្រមាន​បង្ក្រា​ប​ផងដែរ​ ប៉ុន្តែ​បាតុករ​រាប់ពាន់​នាក់នៅ​ហុង​កុង​ ហាក់​ដូច​ជា​មិន​ទាន់​ចុះ​ញ៉ម​សោះ។​

តើ​ពេល​នេះ ស្ថានការណ៍​នៅ​ កោះ​ហុងកុង យ៉ាង​ម៉េច​ទៅ​​ហើយ​?​

​ហុងកុង កំពុងតែ​ពោរពេញ​ដោយ​សម្រែក​របស់​ហ្វូង​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ ដែល​គេ​ចោទ​ថា​រណប​ឱប​ជើង​ចិន។ បាតុករ​រាប់ពាន់​នាក់​នៅ​ថ្ងៃនេះ បាន​ប្រមូល​ផ្តុំ​គ្នា នៅ​សួន​ច្បារ​ដ៏​ធំទូលាយ​មួយ ក្បែរ​ជាយ​ក្រុង គឺ​ឈ្មោះថា មុងកុក។ កន្លែង​នេះ ធ្លាប់​ជាទីលានប៉ះទង្គិច​គ្នា​ដ៏​ក្តៅ​គគុកមួយ ​ដែល​ត្រូវ​អាជ្ញធរ​ធ្លាប់​បង្ក្រាប​បាតុកររួច​មកហើយ​។ ពី​ដំបូង​ឡើយ ​ប៉ូលីស ​បា​នហាម​មិន​ឱ្យ​ជួប​ប្រមូល​ផ្តុំ​គ្នា​នៅត្រង់​នេះទៀតទេ​។ ក៏ប៉ុន្តែ ក្រោយមក​ នគរបាល​​ក៏​អនុញ្ញាតឱ្យ​​​បាតុករ​មក​ជុំ​នៅទីនេះដដែល នៅថ្ងៃ​សៅរ៍ ទី​៣សីហា​នេះ។

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីនេះ​  ក៏មាន​ដែរ ក្រុម​បាតុករដែល​​គាំទ្រ​រដ្ឋបាល​​ស្វ័យ​ហុងកុង។ ក្រុម​នេះ ក៏​មាន​ចំនួន​រាប់​រយ​-ពាន់​នាក់​ដែរ ហើយ​​ភាគច្រើន គេ​សង្កេត​ឃើញ​ពួក​គេ​ទាំងនោះ​ កាន់​គ្រវី​ទង់ជាតិ​របស់​ចិន។

ទោះ​យ៉ាង​នេះក្តី បាតុករប្រឆាំង​រដ្ឋបាល​​ហុងកុង បាន​ត្រៀម​ដើរ​ហែក្បួន​ ចំនួន​ពីរ សម្រាប់​ថ្ងៃ​អាទិត្យ ទី​៤សីហា​។ គឺទី​​មួយ​ ពួក​គេ​នឹង​ហែក្បួន​​ដើរកាត់​កោះ​ហុង​កុង​តែម្តង ហើយ​​ក្បួន​ដំណើរ​មួយ​ទៀត គឺ​ដើរ​ជាន់​ភាគ​ខាង​ជើង​ហុងកុង នៅ​សង្កាត់​ទី​៩ តំបន់​ Tseung Kwan O។

ចំពោះ​ថ្ងៃ​ច័ន្ទ ទី​៥សីហា ក្រុម​បាតុករប្រឆាំង​​ បាន​ប្រកាស​ធ្វើ​កូដកម្មឈប់​ធ្វើការ​ជាទូទៅ ទាំង​ពលរដ្ឋ​ទាំង​មន្ត្រី​រដ្ឋការ​ នៅ​គ្រប់ទី​កន្លែង​ និង​តំបន់​សំខាន់ៗនៅហុង​កុង​តែម្តង។ ហើយ​ការ​ជួប​ប្រមូល​ផ្តុំ​គ្នា ក៏​នឹង​ធ្វើ​ដែរ នៅ​ក្នុង​ ៧ កន្លែង​​ឯណោះ។

អាជ្ញាធរ​ហុងកុង​​​ហាម​បុគ្គលិក​រដ្ឋ មិន​ឱ្យ​ចូល​ប្រលូក​សកម្មភាពតវ៉ា​ និង​ប្រាប់​មន្ត្រី​រដ្ឋការ​​ត្រូវតែ​តម្កល់​ចិត្ត​«ស្មោះត្រង់​»ចំពោះ​រដ្ឋ

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​នេះ គឺ​​ដចេញពី​ការ​មិនពេញចិត្ត​​ចំពោះ​ថ្នាក់​ដឹកនាំ​ហុង​កុង ដែល​ប្រុង​ធ្វើ​ច្បាប់​ផ្តល់​បត្យាប័ន​បញ្ចូនអ្នក​ទោស​ដែល​ជាពលរដ្ឋ​ហុងកុង ទៅកាត់​ទោស​ជម្រះក្តី​​នៅ​តុលាការ​ចិន​។ រឿង​នេះ ជាអ្វី​ដែល​មិនអាច​ទទួល​យក​បានទេ​ចំពោះ​ពលរដ្ឋ​ហុងកុង​ដែល​ស្រឡាញ់​សេរីភាព​ ហើយ​ពលរដ្ឋ​​ហុងកុង​គ្រប់​ជាន់​ថ្នាក់ បាន​ចូលរួម​តវ៉ា​ ពិសេសក្រុម​​យុវជន បញ្ញវន្ត សិស្សនិស្សិត។ នៅ​ទីបំផុត រដ្ឋបាល​ហុងកុង ក៏​សម្រេច​ព្យួរ​គម្រោងស្នើ​ច្បាប់នោះ​​ចោល​សិនទៅ​​។

តែ​អ្វីដែល​យើង​គួរ​ហើយ​សម្គាល់ គឺពីមួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍​ អ្នក​ចូលរួម​តវ៉ាកាន់តែ​ច្រើន និង​មិន​ថម​ថយ​សោះ​​ បើ​ទោះ​បី​ជា​មា​នការ​បង្ក្រាប ឬ​រង​ការ​វាយ​ដំ​ដោយ​ហិង្សា​ពី​ក្រុម​សង្គម​ងងឹត ដែល​គេ​សង្ស័យថា ជា​បក្សពួក​របស់​អាជ្ញាធរ​ចិន​ក៏ដោយ​។​ ​ពីថ្ងៃព្រហស្បតិ៍ មានបុគ្គលិក​ផ្នែក​ធនាគារ​ ជាង​៧០០នាក់ មកពី​ធនធាគារ​ជាង​៧០ផ្សេង​ៗ​គ្នា ចូលរួម​តវ៉ា​ ហើយ​នៅថ្ងៃ​សុក្រ​ម្សិលមិញ ក្រុមគ្រូពេទ្យ បុគ្គលិក​ស្ថានប័ន​រដ្ឋ និង​ក្រុមគ្រូ​ពេទ្យ​​ ជាច្រើន​នាក់ ក៏​ចូល​ប្រលូក​នឹងការ​តវ៉ា​ប្រឆាំង​រដ្ឋអំណាច​នេះដែរ។

ស្ត្រីបាតុករ​ម្នាក់​ដែល​ជា​បុគ្គលិក​រដ្ឋ ដោយ​បិទមុខ ដោយ​ខ្លាច​គេ​ស្គាល់។ នាង​បា​នប្រាប់​អ្នក​កាសែត​បារាំង Le Monde ថា ​នាង​ខ្លាចដែរ​ ប៉ុន្តែ​ត្រូវតែ​តវ៉ា​ខ្លះ​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ហាម​ប្រាម​របស់​អាជ្ញាធរ។ ចំពោះ​បុគ្គលិក​រដ្ឋ​រូបនេះ នាង​យល់ថា មន្ត្រី​រដ្ឋការ​ត្រូវតែ​អព្យាក្រឹត​ពិតមែន នៅ​ម៉ោង​ធ្វើការងារ​ និងនៅក្នុង​តួនាទី​របស់ខ្លួន។ ប៉ុន្តែ ពេល​ចប់​ពីការងារ នោះ ​មន្ត្រីរដ្ឋ​ នឹងក្លាយ​ជាពលរដ្ឋ​សាមញ្ញ ដូច្នេះ​ គេ​​មាន​សេរីភាព​បញ្ចេញមតិ និង​តវ៉ា​ធ្វើ​បាតុកម្ម​។ ចំណែក​អ្ន​ករដ្ឋការ​យុវជន​ក្មេង​ៗ​ផ្សេងទៀត មិន​បាន​ប្រើម៉ាស​បិទមុខនោះទេ បើទោះបី​ជាពួក​គេ​ដឹង​ច្បាស់​រួចហើយថា ​មុខ​និង​ឈ្មោះ​របស់​ពួកគេ ត្រូវ​អាជ្ញាធរ​រដ្ឋអំណាច ​ស្គាល់ និង​កត់​ចំណាំ​​ទុក។ ចំពោះ​អ្នក​តវ៉ាវ័យក្មេងទាំង​​នេះ​ គឺ«គេយល់ថា​ត្រូវតែ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អនាគត​ ប្រកប​ដោយ​ការ​មនសិការ​យល់​ដឹង»។  

​រដ្ឋអំណាច​ហុងកុង និង​អាជ្ញាធរ​ចិន ទំនង​ជា​មិន​បណ្តោយ​ឱ្យ​ការ​តវ៉ា​នេះអូស​បន្លាយ​ដល់​ស្ថានការណ៍​ទុំ​ជោរ​កែកុន​លែងកើត​នោះទេ?

រឿង​ថា​ ការ​តវ៉ានេះ ត្រូវ​អូស​បន្លាយ​ដល់​ពេល​ណា គឺមានតែ​អ្នក​ហុង​កុង​ខ្លួន​ឯង​ទេ ទើបដឹង​​ច្បាស់​។ ប៉ុន្តែ អ្វី​ដែល​គេ​ដឹង​ប្រាកដនោះ គឺថា ​រដ្ឋអំណាចហុងកុង បាន​បង្ក្រាប​បាតុករ​ជារឿយៗ​រួច​មកហើយ ដោយ​គ្រាប់កាំភ្លើង​ជ័រ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។ មនុស្ស​ច្រើន​ជាង​៤៥ ត្រូវ​ក្រុម​សង្គម​ងងឹត​​វាយ​ដំឱ្យ​របួស។ បាតុករ​៤៤នាក់ ត្រូវ​ចោទប្រកាន់​ ពីបទ​កុប្បកម្ម ដែល​ប្រឈម​មុខ ជាប់​គុ​ក​១០ឆ្នាំ។ នៅក្នុង​សប្តាហ៍នេះ បុរស​៨នាក់និងនារីម្នាក់ ក៏ត្រូវ​សមត្ថកិច្ច​ហុងកុង ចាប់​ខ្លួន​ និង​ចោទ​ថា កាន់​កាប់​គ្រឿង​ផ្ទុះ ជាដើម។​

ចំណែក​ អាជ្ញាធរចិន បាន​បញ្ជាក់​យ៉ាង​ច្បាស់ៗថា សមត្ថកិច្ច​ចិន​ ត្រៀន​ខ្លួន​រួច​ជាស្រេច​ ដើម្បី​ទប់​ទល់​នឹង​ការ​បះបោរ​ ហើយ​នៅ​ពេល​ដែល​ស្ថានការណ៍​ តម្រូវ​ការ​ចាំបាច់ អាជ្ញធរ​ចិន​នឹងធ្វើ​​អន្តរាគមន៍ ដើម្បី​ស្តារ​សណ្តាប់​ធ្នាប់​សាធារណៈ​ឡើងវិញ។ នេះជា​ពាក្យ​គំរាម​របស់ មន្ត្រី​ជាន់​ខ្ពស់​ចិន លោក Xu Luying អ្នក​នាំពាក្យ​ការិយាល័យ​សហប្រតិបត្តិការ ដែល​​ទទួល​បន្ទុក​តំបន់​ស្វយ័ត​ហុង​កុង​និង​ម៉ាកាវ។

ម្យ៉ាង​វិញទៀត ការព្រមាន​របស់​រដ្ឋអំណាច​ចិន គឺ​មិនមែន​តែ​សម្តីនោះ​ទេ តែ​ជា​​បង្ហាញ​រូបភាពតែម្ត​ង​​។ កងយោធភូមិភាគចិនប្រចាំ​នៅ​ហុងកុង ពីម្សិលម្ង៉ៃ បង្ហោះ​ផ្សាយវីដេអូឃ្លីប​ឃោសនាមួយ ដែល​បង្ហាញ ពី​រថពាសដែក ឧទ្ធម្ភាចក្រ មីស៊ីល។ ក្នុង​វីដេអូនោះ ក្រុមប្រឆាំង​ភេរវកម្មចិន​ ស្រែក​ពាក្យ​​ស្លោក​ថា កងទ័ព​ចិន មាន​ជំនឿទុកចិត្ត ​និងមាន​​សមត្ថភាព ​ដើម្បីធានា​រក្សាសន្តិសុខ​នៅ​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត ហុងកុង​។

ទោះ​យ៉ាងណាក៏ដោយ ក្រុម​បាតុករ អ្នក​តវ៉ា​ មិន​រាថយទេ​។ ពួក​គេ​ទាម​ទារ​ឱ្យ​ថ្នាក់​ដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ ចុះ​​ចេញពីតំណែង ហើយ​រៀបចំការ​បោះឆ្នោត​ជាថ្មី​វិញ​៕​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បុគ្គលិក​ផ្នែក​ហិរញ្ញវត្ថុ​របស់​ហុងកុង​ផ្តើម​ចេញ​ធ្វើ​ការតវ៉ា​ដើម្បី​គាំទ្រ​ក្រុមបាតុករ​

    ស្វែងយល់បន្ថែម

  • ចិន-ហុងកុង

    បាតុកម្មហុងកុង៖ ប៉េកាំង​បង្ហាញ​ដំបងដែក និង​រថពាសដែក នៅក្នុង​វីដេអូ​ឃោសនា​ក្រសួង​ការពារ​ជាតិ​ចិន

    ស្វែងយល់បន្ថែម

  • ហុងកុង បញ្ជូន​បាតុករ​៤៤​នាក់​ទៅ​​​តុលាការពីបទធ្វើ​កុប្បកម្ម

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ