អានតួអត្ថបទ
ហុងកុង

អាជ្ញាធរ​ហុងកុង​ចាប់ផ្តើម​បោសសំអាត​ជំរំ​បាតុករ

នៅថ្ងៃអង្គារទី ១៨ វិច្ឆិកានេះ អាជ្ញាធរ​ហុងកុង​បាន​បោសសំអាត​ជំរំ​សំខាន់​របស់​ក្រុម​អ្នកតវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ ដែល​ជា​ការ​ចាត់វិធានការ​ដំបូង នៃ​គំរោង​បណ្តេញ​ក្រុមបាតុករ ដែល​បាន​ចូលមក​កាន់កាប់​ផ្លូវ​សាធារណៈ​សំខាន់ៗ​អស់រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ។

សកម្មភាព​រុះរើ​ជំរំ​បាតុករទាមទារ​ប្រជាធិបតេយ្យ នៅ​ហុងកុង ថ្ងៃ​ទី១៨ វិច្ឆិកា ២០១៤
សកម្មភាព​រុះរើ​ជំរំ​បាតុករទាមទារ​ប្រជាធិបតេយ្យ នៅ​ហុងកុង ថ្ងៃ​ទី១៨ វិច្ឆិកា ២០១៤ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

 

ប៉ូលីស និង​អាជ្ញាសាលា​ក្រុងហុងកុង​ជាច្រើននាក់ បាន​ដក​របាំង​ចេញពី​ខាងក្រៅ​អគារ CITIC កំពស់៣៣ជាន់ ដែល​ត្រូវបាន​ក្រុមអ្នកតវ៉ា យកធ្វើជា​ជំរំ​អស់រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ។ ក៏ប៉ុន្តែ ជម្លោះ​បាន​កើតមាន​ឡើង នៅខណៈដែល​ក្រុមប៉ូលីស​បាន​ដករបាំង​ចេញពី​តំបន់​នៅជិតៗនោះ​បន្ថែមទៀត ហើយ​ក្រុមបាតុករ​ក៏បាន​សែ្រកឡើង​ថា តំបន់នោះ​មិនស្ថិតក្រោម​បញ្ជា​ឲ្យរុះរើ​នោះទេ។

មេដឹកនាំក្រុមបាតុករ​បានស្រែកតាម​ឧឃោសនស័ព្ទ​ថា ក្រុមបាតុករ​មិនអាច​ទទួលយក​ទង្វើរ​របស់​អាជ្ញាធរ​នៅពេលនេះ​បានទេ។ មេដឹកនាំរូបនេះ បានបន្តថា តុលាការ​បានបញ្ជា​ឲ្យដករបាំង​ដែលនៅ​ជុំវិញ​អគារ CITIC តែប៉ុណ្ណោះ ហើយ​តំបន់​នៅក្បែរនោះ​គឺ​នៅរក្សា​សម្រាប់​ក្រុមបាតុករ​ដដែល។

ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ​បានបោះជំរំ​លើ​ផ្លូវសាធារណៈ​សំខាន់ៗ​ចំនួន៣ ក្នុង​ទីក្រុងហុងកុង​ចាប់តាំងពី​ថ្ងៃទី ២៨ កញ្ញាមក ដើម្បី​ទាមទារឲ្យ​ក្រុងប៉េកាំង​ផ្តល់ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ដោយសេរី​ដល់​ក្រុងស្វយ័ត​របស់ចិន​មួយនេះ។

ក្រុងប៉េកាំងបាននិយាយថា ខ្លួននឹង​អនុញ្ញាតឲ្យ​មាន​ការបោះឆ្នោត​ជាសកល ដើម្បី​ជ្រើសរើស​មេដឹកនាំ​នៅហុងកុង​នៅឆ្នាំ ២០១៧​ខាងមុខនេះ ប៉ុន្តែ​បាន​ទទូចថា រាល់បេក្ខជន​ដែលឈរឈ្មោះ​បោះឆ្នោត​ត្រូវតែ​ត្រួតពិនិត្យ​ដោយក្រុម​អ្នកមាន​ភក្តីភាព។

សូមបញ្ជាក់ថា ប្រតិបត្តិការ​បោសសំអាត​នៅថ្ងៃអង្គារនេះ គឺជា​ប្រតិបត្តិការ​លើកទី១ ក្នុងចំណោម​បទបញ្ជាចំនួន ៣ របស់​តុលាការ ស្របទៅតាម​បណ្តឹង​របស់​ក្រុមហ៊ុនឯកជន និង​សមាគម​ជាច្រើន ក្នុង​គោលបំណង ដើម្បី​បង្រួញ​កន្លែង​កាន់កាប់​របស់​ក្រុមបាតុករ។ កន្លែង​ដែលត្រូវ​បោសសំអាត​ជាលើកទីពីរ និងទីបី និងត្រូវធ្វើឡើង​ជា​បន្តទៀត។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ