ហុងកុង៖ ហិង្សាកើតមានជាថ្មីរវាងក្រុមបាតុករនិងប៉ូលីស
ចលនាបាតុកម្មនៅហុងកុង អស់ជាថ្ងៃមកហើយ ដែលបាតុកម្មគ្មានអំពើហិង្សាធំដុំ ក៏ប៉ុន្តែ សញ្ញាណហិង្សាកើតមានឡើងវិញ នៅថ្ងៃសៅរ៍ ទី២៤សីហានេះ ដែលជំរុញឱ្យអាជ្ញាធរបញ្ជូនក្រុមនគរបាលបង្រ្កាបកុបកម្ម ដើម្បីទប់ទល់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៧
នៅភាគខាងកើតកោះហុងកុង ក្រុមបាតុករគាំទ្រប្រជាធិបតេយ្យហុងកុង កំពុងជួបជុំគ្នារាប់ពាន់នាក់ ដែលអ្នកមួយចំនួន មានពាក់អាវខ្មៅ បិតមុខ មានមួកការពារសុវត្ថិភាព ហើយដៃអ្នកខ្លះប្រដាប់ដោយដំបងផងដែរ។ ក្រុមបាតុករខ្លះ ដែលមានកំហឹង បានគប់ដុំថ្ម និងដបទៅលើក្រុមសមត្ថកិច្ច ហើយជាការឆ្លើយតប នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងបាតុករវិញ ដែលសកម្មភាពប៉ះទង្គិចគ្នានេះ គេខានឃើញជាច្រើនថ្ងៃមកហើយ។ បាតុករម្នាក់ ឈ្មោះ Ryan ពន្យល់ប្រាប់កាសែតបារាំង ដែលឈរជើងនៅហុងកុង ថា«អហិង្សា គ្មានដោះស្រាយអ្វីសោះ។ រដ្ឋាភិបាលគ្មានឆ្លើយអ្វីទាល់តែសោះចំពោះបាតុករអហិង្សា»។
គួររម្លឹកថា ក្រុមបាតុករគាំទ្រប្រជាធិបតេយ្យ ទាមទារយ៉ាងហោច៥ចំណុច ក្នុងនោះគឺលុបចោលច្បាប់បត្យាប័នបញ្ចូនជនសង្ស័យទៅកាត់ក្តីនៅចិន។ ត្រង់នេះ អាជ្ញាធរហុងកុងយល់ព្រមហើយ។ ប៉ុន្តែពួកគេនៅតែមិនអស់ចិត្ត ហើយចង់ឱ្យថ្នាក់ដឹកនាំហុងកុងលោកស្រី ការី ឡាំ ចុះចេញពីតំណែង និងរៀបចំការបោះឆ្នោតជាថ្មី។ ពួកគេថែមទាមទារឲ្យបើកការស៊ើបអង្គេតឯករាជ្យចំពោះការប្រើហិង្សារបស់ប៉ូលីស និងស្នើឲ្យដោះលែងបាតុករដែលត្រូវចាប់ខ្លួន កន្លងមក។ ផ្ទុយទៅវិញ ការសម្បទានរបស់អាជ្ញាធរមានតិចតួច មិនអាចរំងាប់កំហឹងរបស់ហ្វូងបាតុករហុងកុងរាប់ពាន់នាក់នោះទេ។
កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន មានមនុស្សជាង១លាន៧សែននាក់ដែលចូលរួមបាតុកម្ម។ នៅថ្ងៃសៅរ៍ ទី២៤សីហានេះ បាតុករឈ្មោះ ដេ ជើង (Dee Cheung) បានប្រាប់កាសែតបារាំង AFP ថា គាត់មិនដែលឃើញហុងកុងធ្លាក់ក្នុងសភាពបែបនេះទេ។ បុរសវ័យ៦៥ឆ្នាំម្នាក់នេះ បន្តថា យុវជនក្មេងៗ បានចុះផ្លូវបាតុកម្ម គឺហាក់ដូចជាយកអនាគតរបស់ពួកគេមកប្តូរអ៊ីចឹង។ យើងមិនយល់ស្របនឹងអំពើហិង្សាដែលក្មេងៗបង្កទេ ហើយរឹតតែមិនអាចទទួលយកបានទៅទៀតចំពោះការដែលប៉ូលីសប្រើហិង្សា ក៏ប៉ុន្តែ គេត្រូវតែជជីកសាកសួររកហេតុផលទៅមើល តើហេតុអ្វីបានជាយុវជនហុងកុងចុះផ្លូវបាតុកម្ម យ៉ាងសម្បើមបែបនេះ?
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ