ប្រមុខដឹកនាំហុងកុង ខកខានមិនបានថ្លែងគោលនយោបាយប្រចាំឆ្នាំ នៅចំពោះមុខសភា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤៥
បាតុកម្មប្រឆាំងអាជ្ញធរហុងកុង នៅពេលនេះ បានហូរចូលដល់ក្នុងសភាហុងកុងហើយ។ ថ្នាក់ដឹកនាំហុងកុង លោកស្រី ការី ឡាំ ត្រូវខកខានមិនអាចថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់ខ្លួននៅចំពោះមុខអង្គសភាបានទេ នៅថ្ងៃពុធទី១៦តុលា ដោយសារតែមានការប្រឆាំងមិនព្រមស្តាប់, ស្រែកចំអក រួមជាមួយនឹងការលើកបដារិះគន់ប្រឆាំង ធ្វើឡើងពីសំណាក់ក្រុមអ្នកតំណាងរាស្ត្រនិន្នាការប្រឆាំង។ ក្នុងពេលជាមួយគ្នា ក្រុងប៉េកាំង បានបញ្ចេញប្រតិកម្មទាំងខឹងសម្បារចំពោះសភាអាមេរិក ដែលអនុម័តច្បាប់ ស្តីពីសិទ្ធិមនុស្សនៅហុងកុង។ តើប្រមុខដឹកនាំហុងកុង ធ្វើយ៉ាងណាទើបអាចនឹងពន្លត់ភ្លើងកំហឹងរបស់ក្រុមបាតុករ? តើសភាអាមេរិកអនុម័តច្បាប់ថ្មីគាំទ្រយ៉ាងណាខ្លះចំពោះបាតុករហុងកុង? ហើយចំណែកថ្នាក់ដឹកនាំក្រុងប៉េកាំង ព្រមានអាមេរិកយ៉ាងដូចម្តេចខ្លះ ចំពោះច្បាប់ថ្មីរបស់អាមេរិកនេះ?
ប្រមុខថ្នាក់ដឹកនាំហុងកុង ត្រូវបង្ខំចិត្តដើរចេញពីសភា ដោយគ្មានបានថ្លែងការណ៍អ្វីសោះ
នេះជាលើកទីមួយហើយនៅក្នុងប្រវត្តិសាស្ត្រហុងកុង ជិត៧០ឆ្នាំចុងក្រោយនេះ ដែលថ្នាក់ដឹកនាំមិនអាចធ្វើសេចក្តីថ្លែងការណ៍ពីគោនយោបាយប្រចាំឆ្នាំរបស់ខ្លួន នៅចំពោះសភាបាន។ នៅថ្ងៃពុធនេះ លោកស្រី ការី ឡាំ ថ្នាក់ដឹកនាំតំបន់ស្វ័យហុងកុង ព្យាយាមម្តងជាពីរដង ដើម្បីថ្លែងការណ៍ស្តីពីគោលនយោបាយរបស់លោកស្រី ក៏ប៉ុន្តែសូម្បីតែមួយកថាខណ្ឌ ក៏មិនអាចអានចប់ផង។ ពីព្រោះមកពីសម្ពាធខ្លាំង! ខ្លាំងតាំងពីមុខសភារហូតដល់ក្នុងសភាជាតិតែម្តង។ នៅមុខសភា គឺមានអ្នកតវ៉ានិងអ្នកតំណាងរាស្ត្រប្រឆាំង ពាក់អាវខ្មៅ បិទម៉ាសបិទមុខដូចក្រុមបាតុករហុងដែរ។
អង្គសភាទាំងមូល ច្របូកច្របល់ គេមិនព្រមស្តាប់សេចក្តីថ្លែងការណ៍របស់លោកស្រីទេ ពិសេសអ្នកតំណាងរាស្ត្រប្រឆាំង ដែលតវ៉ា ស្រែកចំអកឡកឡឺយឱ្យលោកស្រីថែមទៀតផង។ អ្នកតំណាងរាស្ត្រខ្លះ លើកបដាដែលមានរូបថតលោកស្រី ការី ឡាំ ដោយដៃប្រឡាក់សុទ្ធតែឈាម, បដាផ្សេងទៀត ទាមទារឱ្យលោកស្រី លាលែងចុះចេញពីតំណែង, ហើយមានសមាជិកសភាខ្លះទៀត យកម៉ាស់ពាក់មុខ ដែលមានរូបមុខរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង គឺជាការម៉ាក់ងាយចំអកឱ្យលោកស្រី ការី ឡាំ តែម្តង ដែលមានទំនោរផ្អៀងរណបក្រុងប៉េកាំង។
នៅទីបំផុត លោកស្រី ការី ឡាំ សម្រេចបង្ខំចិត្តផ្អាកសុន្ទរកថា ហើយដើរចេញពីសភា ដោយមាន អង្គរក្សហែហមការពារសុវត្ថិភាពផង។ ជំនួយការរបស់ថ្នាក់ដឹកនាំតំបន់ស្វ័យហុងកុង បានប្រកាសថា សុន្ទរកថាពីគោលនយោបាយរបស់លោកស្រី គឺនឹងត្រូវថតជាវីដេអូសម្រាប់ផ្សព្វផ្សាយតែម្តង ហើយនៅពេលបន្តិចក្រោយមក វីដេអូនោះត្រូវគេផ្សាយ។ ក្នុងនោះ លោកស្រី ការី ឡាំ ថ្លែងការណ៍ដើម្បីពង្រឹងនិងស្តារជំនឿទុកចិត្តរបស់ពលរដ្ឋហុងកុង ឱ្យមានទំនុកចិត្តលើអាជ្ញធរឡើងវិញ ក្រោយពីមានវិបត្តិនយោបាយនិងសេដ្ឋកិច្ច ដែលជាប់គាំងជាង៣ខែមកនេះ។ នៅក្នុងគោលនយោបាយនេះ អាជ្ញធរហុងកុង បានបញ្ចេញគំនិតមួយចំនួន ចង់ដោះស្រាយបញ្ហាសង្គម និងចង់បង្កើនជីវភាពពលរដ្ឋ ដែលរងគ្រោះប៉ះពាល់ដល់មុខរបបរកស៊ី ដោយសារតែបាតុកម្មរ៉ាំរ៉ៃជាច្រើនខែ។ មួយវិញទៀត គឺអាជ្ញាធរបានគិតគូរពីគម្រោងជួយឧបត្ថម្ភថ្លៃជួលផ្ទះ ឬក៏ដាក់ជួលផ្ទះរបស់រដ្ឋក្នុងតម្លៃសមរម្យឱ្យពលរដ្ឋ ជាដើម។ ពីព្រោះថា ថ្លៃស្នាក់នៅនិងជួលផ្ទះនៅហុងកុង គឺខ្ពស់ខ្លាំងណាស់ ស្ទើរតែថ្លៃជាងគេពិភពលោក។
សភាអាមេរិកអនុម័តច្បាប់ថ្មីស្តីពីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅហុងកុង
«គោលបំណងនៃច្បាប់ថ្មីនេះ គឺចង់ជួយជ្រោមជ្រែងស្តារលិទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅហុងកុង»។ នេះបើតាមរដ្ឋសភាអាមេរិកដែលមានសំឡេងភាគច្រើនមកពីបក្សប្រជាធិបតេយ្យ។ «ច្បាប់ថ្មីនេះ គឺជាការផ្ញើសារខ្លាំងនិងច្បាស់មួយទៅក្រុងប៉េកាំងថា អាមេរិកនិងហុងកុង គឺរួមកម្លាំងគ្នាតែម្តង។ ការរួបរួមសាមគ្គីនេះ គឺដើម្បីលទិ្ធប្រជាធិបតេយ្យ និងយុត្ថិធម៌»។ នេះជាសេចក្តីបញ្ជាក់របស់អ្នកតំណាងរាស្ត្រអាមេរិក លោក Ben Ray Lujan។
សមាជិកសភាអាមេរិកមួយរូបទៀត មកពីបក្សសាធារណរដ្ឋ លោក Mario Diaz-Balart ប្រាប់កាសែតបារាំងAFPថា «ទំនាក់ទំនងពិសេសរបស់អាមេរិកនិងអាជ្ញាធរហុងកុង នឹងត្រូវបាត់បង់ ប្រសិនបើអាជ្ញាធរហុងកុង មិនអាចធានាពីស្វ័យភាពគ្រប់គ្រងរបស់ខ្លួន ហើយនិងមិនអាចធានាពីសិទ្ធិសេរីភាពជាមូលដ្ឋានបានទេនោះ»។ ក្នុងន័យនេះ អ្នកតំណាងរាស្ត្រចង់បញ្ជាក់ថា អាមេរិកនឹងផ្តាច់ទំនាក់ទំនងពិសេសជាមួយរដ្ឋអំណាចហុងកុង ហើយទំនងជាមកគាំទ្របាតុករហុងកុងវិញ ដែរទាមទារលិទ្ធិប្រជាធិបតេយ្យនិងសិទ្ធិសេរីភាព។
ជារួមសេចក្តីសម្រេចរបស់សភាអាមេរិក គឺជាស្នូរជួងដាស់រម្លឹក អង្គនីតិប្រតិបត្តិហុងកុង ឱ្យចរចាជាមួយក្រុមបាតុករ រិះរកដំណោះស្រាយឆ្លើយតបតាមការទាមទារ។ គួរជ្រាបថា ការសំណើទាមទាររបស់បាតុករហុងកុង មានយ៉ាងហោច៥ ដូចជា ឱ្យថ្នាក់ដឹកនាំលោកស្រី ការី ឡាំ ចុះចេញពីតំណែង, រៀបចំការបោះឆ្នោតជាថ្មីដោយសេរីត្រឹមត្រូវ, និងបើកការស៊ើបអង្កេតចំពោះអំពើហិង្សារបស់ប៉ូលីសដែលវាយដំលើបាតុករជាដើម។ ជាង៣ខែមកនេះ គេសង្កេតឃើញថា ការធ្វើសម្បទានទៅតាមការទាមទាររបស់បាតុករ គឺស្ទើរតែរាល់សំណើទាមទារត្រូវច្រានចោលទាំងអស់ពីសំណាក់រដ្ឋអំណាចហុងកុង និងក្រុងប៉េកាំង។
ប៉េកាំងព្រមានអាមេរិកថា កុំលូកដៃចូលក្នុងបញ្ហាផ្ទៃក្នុងរបស់ចិន
ក្រុងប៉េកាំង តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន លោក គឺង ស័ង (Geng Shuang) ដាស់តឿនអាមេរិកថា «កុំចេះតែចូលលាន់ ឬច្របាញ់បញ្ចូលកិច្ចការហុងកុង ទៅក្នុងបញ្ហាផ្ទៃក្នុងរបស់ក្រុងប៉េកាំង។ រឿងទាំងអស់នេះ ជាកិច្ចរបស់ចិនទេ កុំលូកដៃ ហើយត្រូវបញ្ឈប់ជាប្រញាប់បន្ទាន់បំផុត»។
លើសពីនេះ អ្នកនាំពាក្យទូតចិន ថែមទាំងបានបកស្រាយអត្ថាធិប្បាយទៅលើសំណើច្បាប់ថ្មីរបស់អាមេរិកនោះថា «ស្ថានភាពហុងកុងនេះ មិនមែនជារឿងសិទ្ធិមនុស្សនិងរឿងប្រជាធិបតេយ្យអ្វីទេ តែជារឿងហិង្សា ដែលបង្កឡើងដោយបាតុករ និងដែលត្រូវលុបបំបាត់ ព្រមទាំងស្តារមកវិញ នូវសណ្តាប់ធ្នាប់សាធារណៈ និងកសាងនីតីរដ្ឋឱ្យបនាត្រឹមត្រូវឡើងវិញ ហើយត្រូវធ្វើឱ្យបានឆាប់ទៀតផង»។
អ្នកនាំពាក្យក្រសួងការបរទេសចិន ក៏បានយល់ឃើញទៀតដែរថា ផលប្រយោជន៍សេដ្ឋកិច្ចរបស់អាមេរិក នៅហុងកុង គឺមានច្រើន ហើយប្រយោជន៍ផ្នែកហិរញ្ញវត្ថុរបស់ចិននៅហុងកុង ក៏មានច្រើនដែរ។ ដូច្នេះ បើច្បាប់អាមេរិកថ្មីនេះ ត្រូវអនុម័ត និងអនុវត្តដោយបន្ទាន់ភ្លាមភ្លេតនោះ គឺវាធ្វើឱ្យខូចប្រយោជន៍របស់អាមេរិកផង និងចិនផង ហើយថែមទាំងផ្តាច់ទំនាក់ទំនងរវាងអាមេរិកជាមួយនឹងអាជ្ញាធរហុងកុងទៀតផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ