អានតួអត្ថបទ
ហិង្សានៅហុងកុង

ហុងកុង៖ បាតុករម្នាក់​ត្រូវ​ដុត​ខ្លួន និង​​ម្នាក់ទៀត​ ត្រូវប៉ូលិសបាញ់ដោយប្រើគ្រាប់ពិត

នៅ​ថ្ងៃ​​ច័ន្ទ ទី​១១វិច្ឆិកា​ ប៉ូលិស​ហុងកុង​ បាន​បាញ់​កាំភ្លើង​ប្រើ​គ្រាប់​ពិត ទៅ​លើបាតុករ។ បើ​ប្រភព​ពី​សមត្ថកិច្ចហុងកុង,​ បុរស​ម្នាក់​ដែល​ត្រូវ​ប៉ូលិស​បាញ់​ ពេល​នេះ​កំពុង​ត្រូវ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ ការ​ប៉ះទង្គិច​បង្ហូរ​ឈាម​នេះ គឺ​កើត​នៅ​ក្នុង​សង្កាត់ សាយ វ៉ាន់ ហូ (Sai Wan Ho) ជាប់​ក្បែរ​នឹង​ហាង​ទំនិញ​មួយ​កន្លែង ដែល​ក្រុម​បាតុករ​ បាន​ចោមរោមគ្នា​បិត​ហាង​។ មិន​យូរ​ប៉ុន្មាន​ពីហេតុ​ការណ៍ គឺ​មា​ន​បាតុករ​មួយ​រូប​ទៀត ត្រូវគេ​​ដុត​ឆេះខ្លួន។​​ 

បុរសម្នាក់​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន ក្នុងបាតុកម្ម​ថ្ងៃទី​១១វិច្ឆិកានេះ
បុរសម្នាក់​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន ក្នុងបាតុកម្ម​ថ្ងៃទី​១១វិច្ឆិកានេះ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

នេះ​ជារឿង​ដ៏​កម្រ​ដែល​ប៉ូលីស​ហុង​កុង​បាញ់​ដោយ​ប្រើ​គ្រាប់​កំាំភ្លើង​ពិត​ទៅលើ​បាតុករ គិត​ចាប់តាំង​ពី​បាតុកម្ម​ប្រឆាំង​រដ្ឋបាល​ហុងកុង ប្រមាណ​៥ខែ​មក​នេះ។ សកម្មភាព​នៃការ​បាញ់​ប្រហារនៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី១១វិច្ឆិកា​ ត្រូវ​គេ​ថត​បាន​ និងបង្ហោះ​ផ្សាយ​ពេញ​បណ្តាញប្រព័ន្ធទាក់ទង​សង្គម។ ក្នុងរូប​​វីដេអូ​​នោះ គេ​ឃើញ​ប៉ូលិសមួយ​កំពុង​តែ​ចាប់​ក្របួច​ក​បុរសម្នាក់ ភ្លាម​នោះ យុវជន​​ម្នាក់ទៀត ពាក់ម៉ាស់​បិតមុខ និង​ស្លៀកពាក់​ខ្មៅ ដើរ​ចូល​មក ទំនង​ជាសំដៅ​​ចង់​ប្រុង​ជួយ​គ្នា​របស់​គេ។ ក៏ប៉ុន្តែ រំពេចនោះ​ រូប​គេ​ក៏​ត្រូវ​ប៉ូលិស​បាញ់ផូង​ ដួល​ភ្លាម ដោយគ្រាប់​កាំភ្លើង​ខ្លី​​។​ បើ​តាម​សាក្សី​នៅកន្លែង​កើត​ហេតុ គឺ​គេ​បា​នឮស្នូរ​​គ្រាប់​កាំភ្លើង​ផ្ទុះ​ ចំនួន​បីគ្រាប់។ ក្រោយ​ពេល​កើត​ហេតុ បុរស​ដែល​ដេកដួល​លើដី​ក្នុង​ថ្លុក​ឈាម ត្រូវ​សមត្ថកិច្ច​ដឹក​យកទៅសង្គ្រោះ​នឹង​មន្ទីរពេទ្យ​។ នៅខណៈ​នេះ គេ​ពុំ​ទាន់​ដឹងនៅឡើយ ពី​អាការរោគ​ ថា​ធ្ងន់​ឬ​ស្រាល​យ៉ាងណាទេ តែអាជ្ញាធរ​ហុងកុង​គ្រាន់តែ​បង្ហើបប្រាប់​កាសែត​បារាំង​AFP ថា បុរស​បាតុករដែល​គ្រាប់​កាំភ្លើង​​នោះ មាន​វ័យ​២១ឆ្នាំ។

នៅក្នុង​ថ្ងៃ​ច័ន្ទ​ ទី១១វិច្ឆិកាដដែល​ គឺមានបាតុករមួយរូបទៀត ត្រូវគេ​ដុតឆេះខ្លួន។ តាម​វីដេអូ​ដែល​គេ​បង្ហោះ​ផ្សាយ គឺ​ឃើញសកម្ម​ភាព​ថា បុរសម្នាក់​បាន​ចាក់​សាំ​ងទៅលើ​បុរស​ម្នាក់ទៀត ដែល​មាន​ម៉ាស់​បិទ​មុខ​ពណ៌ខ្មៅ ហើយ​ក៏​ដុត​បណ្តាល​ឱ្យឆេះភ្លាម​ឡើង។ ភ្លាមៗ ប៉ូលិស​បាន​ចោទប្រកាន់​មនុស្ស​ប្រុស​​ម្នាក់​ដែល​ចាក​ប្រេង​សាំង​លើ​បាតុករ​ ថា​ជាអ្នក​ទទួល​ខុសត្រូវ​ចំពោះ​ហិង្សា​ដុត​ខ្លួ​ន​មនុស្ស​​បែបនេះ និង​ចាត់ទុកអំពើ​នេះ ជា​បទល្មើសកុប្បកម្ម​។​

អំពើហិង្សាទាំង​​នេះ គឺជា​ទម្ងន់​បន្ថែមទៀត​​ ​នាំឱ្យ​គេ​គិត​ដល់​ការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​និង​បាតុករ ធ្វើ​ឱ្យ​បុរសវ័យ​២២ឆ្នាំម្នាក់​​ ​ធ្លាក់​ពី​អាគារ​ចំណត​ឡាន កម្ពស់​៥ជាន់ និង​ដែល​ទើប​តែ​ស្លាប់​កាលពី​ថ្ងៃសុក្រ ​សប្តាហ៍​មុន ក្នុង​សង្កាត់​សឹង​ក្វាន់​អូ។ គ្រោះថ្នាក់​បាត់បង់ជីវិតនេះ កើតឡើង​ដោយសារតែ​រូបគេ​ប្រឹង​រត់គេច​ពីការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​របស់​ប៉ូលីស​​។

ប្រឈម​នឹង​អំពើ​ហិង្សា​កាន់តែ​ច្រើន​ បណ្តាលឱ្យ​ពលរដ្ឋ​ហុងកុង​ខ្លះ មាន​ក្តីព្រួយ​បារម្ភ​កាន់តែ​ច្រើន​។ នៅម្ខាង ក្រុម​បាតុករ​ហុកុង​ដែល​កាន់​ស្លាកគាំទ្រ​ប្រជាធិបតេយ្យ​ គឺពឹត​តែប្រឹង​ស្រែក​​ទាមទារ​សេរីភាព។ ហើយ​នៅ​ពី​ម្ខាង​ទៀត មាន​ក្រុម​បាតុករ​ដែល​គាំទ្រក្រុង​​ប៉េកាំង និង​មិន​ចង់​ឃើញ​អំពើ​ហិង្សា ក៏​ចេញ​មុខ​ធ្វើ​បាតុករ​ច្រើនឡើងៗ​ដែរ។ នៅពេល​នេះ សង្គម​ហុងកុង ហាក់​កំពុង​តែ​ត្រូវ​ពុះ​ច្រៀក​ ​ជាពីរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ