ហុងកុង៖ បាតុកម្មកាន់តែហិង្សាឡើង ក្រោយអាជ្ញាធរហុងកុងចេញច្បាប់ថ្មី ហាមមិនឱ្យពាក់ម៉ាស់បិទមុខធ្វើបាតុកម្ម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:៥៧
នៅហុងកុង នាយប់ថ្ងៃសុក្រ ទី៤តុលាគឺមានការប៉ះទង្គិចគ្នារវាងអាជ្ញាធរនិងហ្វូងបាតុករ រហូតដល់ប៉ូលីសបានបាញ់គ្រាប់ពិត ដើម្បីបំបែកបាតុករ។ តុល្យការបឋម គឺមានប៉ូលីសម្នាក់រងគ្រោះដោយសារការវាយដំរបស់ក្រុមបាតុករ ហើយក៏មានសេចក្តីរាយការណ៍ពីមន្ទីរពេទ្យមកដែរ ថាមានយុវជនវ័យក្មេងម្នាក់ ទទួលគ្រោះថ្នាក់ដោយគ្រាប់កាំភ្លើងពិត។ គេសង្កេតឃើញថា អំពើហិង្សានៅយប់ថ្ងៃសុក្រ គឺរឹងរឹតតែមានហិង្សាខ្លាំងឡើងៗ។ នេះគឺកើតក្រោយពេលដែលអាជ្ញាធរហុងកុងចេញច្បាប់ថ្មី ហាមមិនឱ្យពាក់ម៉ាស់បិទមុខពេលធ្វើបាតុកម្ម។ ការចេញបំរាមថ្មីនេះ គឺចូលជាធរមានភ្លាមៗនៅពាក់កណ្តាលអធ្រាត្រ យប់ថ្ងៃសុក្រ ដែលអាជ្ញាធរហុងកុង មានគោលបំណងចង់បិទបញ្ចប់ចលនាបាតុកម្មហិង្សា។ ក៏ប៉ុន្តែផ្ទុយទៅវិញ គឺវាប្រៀបបានជាការយកសាំងទៅចាក់លើភ្លើងដូច្នេះដែរ។ ដ្បិតថា ក្រុមបាតុករ កាន់តែក្តៅស្លឹកត្រចៀក ហើយណាត់គ្នា ធ្វើបាតុកម្មកាន់តែខ្លាំងឡើងថែមទៀត នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ សប្តាហ៍នេះ។
សភាពការណ៍នៅថ្ងៃសៅរ៍វិញ យ៉ាងណាទៅហើយ?
កំហឹងរបស់ហ្វូងបាតុករ កាន់តែឆេះឈួលឡើងខ្លាំង។ នៅថ្ងៃសៅរ៍ បើទោះបីនគរបាលមិនអនុញ្ញាតឱ្យនាំគ្នាហែក្បួនក៏ដោយ ក៏ហ្វូងក្រុមបាតុកររាប់ពាន់នាក់ នៅតែចចេសប្រមូលផ្តុំគ្នា និងដើរដង្ហែក្បួនរបស់ពួកដែរ។ គឺធ្វើនៅសង្កាត់ចំនួនពីរ នៅភាគខាងជើងក្រុងហុងកុង។
នៅថ្ងៃសៅរ៍ ទី៥តុលានេះ គឺទិវាគ្រូបង្រៀនពិភពលោក ដែលមានការប្រារព្ធអបអរចំពោះលោកគ្រូអ្នកគ្រូ ដូចនៅតាមបណ្តាប្រទេសផ្សេងៗដែរ ដែលឱ្យតម្លៃលើការសិក្សា ប៉ុន្តែ បន្ថែមពីលើនេះ គ្រូបង្រៀនហុងកុង បែរជានាំគ្នាចុះផ្លូវដើរចូលរួមបាតុកម្មជាមួយបាតុករហុងកុង ដើម្បីទាមទារសេរីភាព និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដឱ្យហុងកុង។
នៅពីម្ខាងទៀត ក៏មានដែរ ការធ្វើបាតុកម្មស្រែកគាំទ្ររដ្ឋាភិបាល និងគាំទ្រចំណាត់ការរបស់ប៉ូលីស។ ក្រុមនេះ រៀបចំដោយពួកគេគាំទ្រនិន្នាការផ្អៀងទៅរកក្រុងប៉េកាំង។
ទិដ្ឋភាពទូទៅនៅថ្ងៃសៅរ៍នេះ គឺមានការកក់ស្ទះខ្លាំងណាស់នៅហុងកុង។ ផ្លូវទៅព្រលានយន្តហោះ ត្រូវបានបិទ ដូចជារថភ្លើងល្បឿនលឿន សំដៅទៅកាន់អាកាសយន្តដ្ឋានអន្តរជាតិហុងកុង គឺមិនដំណើរការទេ។ ហើយរថភ្លើងក្រោមដី ទាំងអស់ គឺ ផ្អាកដំណើរការតែម្តង សម្រាប់នៅថ្ងៃសៅរ៍នេះ។ អ្នកគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនផ្នែករថភ្លើងក្រោមដី បានចេញសេចក្តីថ្លែងការណ៍មួយ ពន្យល់ថា ដោយសារតែកើតមានអំពើហិង្សាខ្លាំងពេកកាលពីយប់មិញ ដែលបានបណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ត្រូវខូចខាត ដូច្នេះនៅពេលនេះ គេសុំផ្អាក់ដំណើរសេវាដឹកជញ្ជូនសិន ដើម្បីសិក្សាពីករណីនេះ។
ចំណែកអគារពាណិជកម្ម និង ហាងទំនិញជាច្រើន ពិសេសហាងរបស់ចិន គឺត្រូវបិទទ្វារ ព្រោះខ្លាចក្រែងរងហិង្សា និងការបំផ្លាញ ពីបាតុករដែលប្រឆាំងនឹងឥទ្ធិពលរបស់ចិនលើហុងកុង។
ការចូលជាធរមាននៃច្បាប់នេះយ៉ាងប្រថុចញ៉ុច គឺប្រៀបដូចជាយកប្រេងសាំងដាក់លើភ្លើង?
បម្រាមនៃក្រឹត្យថ្មីនេះ គឺហាមបាតុករ ដែលធ្វើបាតុកម្មនោះ មិនឱ្យពាក់ម៉ាស់បិទមុខនោះទេ ហើយបើពាក់ អាចត្រូវទទួលទោសជាប់ពន្ធនាធារមួយឆ្នាំ។ ក្រឹត្យថ្មីនេះ ប្រកាសដាក់ចេញដោយលោកស្រី ការី ឡាំ ថ្នាក់ដឹកនាំតំបន់ស្វ័យតហុងកុង ដោយចាត់ទុកទុកជាកិច្ចការបន្ទាន់ ត្រូវចូលជាធរមានឱ្យអនុវត្ត ដោយមិនបាច់ឆ្លងកាត់ការបោះឆ្នោតពីសភានោះទេ។
ក៏ប៉ុន្តែ ជាទូទៅ គេមិនសូវបារម្ភ ពីរឿងជាប់គុកមួយឆ្នាំ ដែលជាការចែងរបស់ក្រឹត្យថ្មីនេះទេ តែក្រុមអ្នកតវ៉ា គេបារម្ភ គឺនៅត្រង់ថា បើសិនជាមិនពាក់ម៉ាស់ ពេលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល គឺធ្វើឱ្យអាជ្ញាធរស្គាល់អត្តសញ្ញាណ ដែលពួកគេអាចត្រូវប្រឈមមុខនឹងបញ្ហារឿងអនាគតរបស់ពួកគេ ទៅថ្ងៃមុខ។ ម្យ៉ាងទៀត នៅពេលដែលអាជ្ញាធរស្គាល់មុខមាត់ពួកគេ ហើយនិងដេញតាមចាប់យកមកបាន នោះពួកគេអាចនឹងត្រូវរងបទចោទប្រកាន់ផ្សេងៗបន្ថែមទៀត ដែលសម្រេចសម្រួលទៅ អាចមានទម្ងន់ទោស រហូតដល់ជាង១០ឆ្នាំផង។ ត្រង់នេះហើយជាបញ្ហា! ដូច្នេះហើយ បានជាក្រុមហ្វូងបាតុករហុងកុងនៅថ្ងៃសៅរ៍នេះ ក៏បានដង្ហែក្បួនកាន់តែធំៗ ដើម្បីប្រឆាំងនឹងក្រឹត្យថ្មី ដែលមិនព្រមឱ្យពាក់ម៉ាស់បិទមុខ ពេលបាតុកម្ម។
ពីចំណែកក្រុមអ្នកផ្អៀងទៅរដ្ឋាភិបាលក្រុងប៉េកាំង មានទាំងអ្នកតំណាងរាស្ត្រខ្លះផង បានជំរុញឱ្យអាជ្ញាធរហុងកុង យកច្បាប់ឆ្នាំ១៩២២ មកអនុវត្ត ដែលច្បាប់ចាស់នេះ គឺអនុញ្ញាតឱ្យអង្គនីតិប្រតិបត្តិ សម្រេចចាត់វិធានគ្រប់មធ្យោបាយដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម។ គឺធ្វើការបង្ក្រាប បើទោះជាបីជាក្នុងតម្លៃណាក៏ដោយ។ ពោលឱ្យចំ ច្បាប់ឆ្នាំ១៩២២នេះ ផ្តល់អំណាចច្រើនឱ្យរដ្ឋអំណាចប្រើធម៌ក្តៅ បើទោះបីជាគ្មានភ្លើងខៀវយល់ព្រមពីសភាហុងហុក ក៏ដោយ។ ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំហុងកុង កំពុងតែពិចារណា។ ក៏ប៉ុន្តែ ទោះយ៉ាងណាក្តី រឿងបង្ក្រាបៗនោះ ចេះតែព្រមាននិងថាដូច្នេះតាំងពីយូរមកហើយ ប៉ុន្តែ គឺមិនទាន់មានការបង្ក្រាបដោយហិង្សា ជាទ្រង់ទ្រាយធំណាមួយនោះទេ ចាប់តាំងពីមានបាតុកម្ម រ៉ាំរ៉ៃជិត៤ខែមកនេះ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រកាសឱ្យថ្នាក់ដឹកនាំហុងកុង ចុះចេញពីតំណែង។ តើមកពីហេតុអ្វី?
នៅថ្ងៃសៅរ៍នេះ លោក មហាធៀរ មហាមេធ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មានយោបល់ថា មេដឹកនាំហុងកុង លោកស្រី ការី ឡាំ គួរលាលែងពីតំណែង។ លោកមានមតិបែបនេះ ពីព្រោះតែបានឃើញការបញ្ជូនទ័ពកាន់តែច្រើន ពីសំណាក់ប្រទេសចិន ទៅកាន់តំបន់កៀកក្បែរហុងកុង។ លោកមហាធៀរ មហាមេធ បារម្ភខ្លាចក្រែង ក្រុងប៉េកាំង ប្រើហិង្សាបង្ក្រាបបាតុករហុងកុង ដូចអ្វីដែលរដ្ឋអំណាចក្រុងប៉េកាំង បានធ្វើនៅទីលានប្រជាធិបតេយ្យ ធានអានមេន កាលពី៣០ឆ្នាំមុន។ ការជូនយោបល់របស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បែបនេះ គឺធ្វើឱ្យគេមើលឃើញថា មហាធៀរ មហាមេធ ជាថ្នាក់ដឹកនាំប្រទេសលើលោក ទី១ ហើយ ដែលហ៊ានចេញមុខប្រតិកម្មបែបនេះ។
ផ្ទុយទៅវិញ សហរដ្ឋអាមេរិក ដែលជាប្រទេសបិតាប្រជាធិបតេយ្យ បែរជាហាក់ដូចបង្ហាញជំហរស្ងាត់ស្ងៀមទៅវិញ។ គេយល់បែបនេះ ពីព្រោះសំអាងទៅលើព័ត៌មានបែកធ្លាយរយៈការចរចាតាមទូរសព្ទរបស់លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីខែមិថុនា ហើយទើបតែសារព័ត៌មានអាមេរិក CNN យកមកចុះផ្សាយកាលពីថ្ងៃសុក្រម្សិលមិញ។ បើតាម CNN នៅក្នុងការចរចានោះ លោក ដូណាល់ ត្រាំ ថាគាត់នឹងរក្សាភាពស្ងាត់ស្ងៀម ចំពោះសំណុំរឿងហុងកុងនេះ។ ហើយភស្តុតាងជាក់ស្តែងនៅក្នុងសារ Twitter របស់ប្រមុខរដ្ឋអាមេរិក កាលពីថ្ងៃទី ១៤សីហា, លោក ដូណាល់ ត្រាំ ថែមទាំងថ្លែងសរសើរលោក ស៊ី ជីនពីង ថាជាមនុស្សដែលអស្ចារ្យ មានការគោរពពីប្រជាជន ហើយថា លោក ស៊ី ជាមនុស្សល្អក្នុងការធ្វើជំនួយរកស៊ីជាមួយគ្នា ដូច្នេះ លោក ត្រាំ គ្មានការសង្ស័យបន្តិចឡើងថា លោក ស៊ី អាចនឹងបញ្ហាហុងកុងបានយ៉ាងល្អ ដោយមនុស្សធម៌។ ប៉ុន្តែអ្វីដែលច្បាស់នោះ គឺថា លោកត្រាំ បានគូសបញ្ជាក់ក្នុងសារនោះថា «ហុងកុង ជាផ្នែកមួយរបស់ចិន»។
បើតាមអ្នកវិទ្យាសាស្ត្រនយោបាយ និងបើគេវិភាគលើសាររបស់លោក ដូណាល់ ត្រាំ ខាងលើនេះ គឺគេយល់ថា ចំពោះអាមេរិករបស់លោក ដូណាល់ ត្រាំ, បើអាមេរិកលុកដៃរឿងហុងកុង ហើយចំណេញដល់អាមេរិក ទើបអាមេរិកធ្វើ តែបើគ្មានចំណេញអ្វី ដល់ពាណិជ្ជកម្មនិងសេដ្ឋកិច្ចអាមេរិកនោះទេ គឺលោក ដូណាល់ ត្រាំ មិនខ្វល់ឡើយ។
សេដ្ឋីម្នាក់ចង់ជួយស្តារសេដ្ឋកិច្ចហុងហុក
ទោះយ៉ាងណា សេដ្ឋកិច្ចរបស់ក្រុងហុងកុង បានធ្លាក់ចុះ ជួបវិបត្តិ។ លោកសេដ្ឋីហុងកុង Li Ka-shing បានចេញថ្លៃលុយក្នុងហោប៉ៅផ្ទាល់ខ្លួន ជាង ១១៦លានអឺរ៉ូ ដើម្បីជួយស្រោចស្រង់វិស័យសហគ្រាសធនតូចនិងមធ្យមដែលបង់ខាតក្នុងរយៈពេលបាតុកម្ម ជិត៤ខែមកនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ