អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហុងកុង៖ បាតុកម្ម​កាន់តែ​ហិង្សា​ឡើង ក្រោយ​អាជ្ញាធរ​ហុងកុង​ចេញ​ច្បាប់​ថ្មី ហាម​​មិន​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ធ្វើ​បាតុកម្ម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ហុងកុង នាយប់​ថ្ងៃសុក្រ​ ទី​៤តុលាគឺ​​មាន​ការ​ប៉ះទង្គិច​គ្នារវាង​អាជ្ញាធរ​និង​ហ្វូង​បាតុករ​​ រហូត​ដល់​ប៉ូលីស​បានបាញ់​គ្រាប់​ពិត ដើម្បីបំបែក​បាតុករ។ តុល្យការ​បឋម​ គឺមាន​ប៉ូលីស​ម្នាក់​រងគ្រោះដោយ​សារ​ការ​វាយ​ដំ​របស់​ក្រុម​បាតុករ ហើយ​ក៏មាន​សេចក្តី​រាយការណ៍​ពី​មន្ទីរពេទ្យ​មកដែរ ថា​មាន​យុវជន​វ័យ​ក្មេងម្នាក់ ទទួល​គ្រោះថ្នាក់​ដោយ​គ្រាប់​កាំភ្លើង​ពិត។ គេ​សង្កេត​ឃើញថា​ អំពើ​ហិង្សា​នៅ​យប់​ថ្ងៃ​សុក្រ​  គឺ​រឹងរឹតតែមាន​ហិង្សា​ខ្លាំងឡើង​ៗ​។ នេះ​គឺ​​កើត​ក្រោយ​ពេល​ដែល​អាជ្ញាធរ​ហុងកុង​ចេញ​ច្បាប់​ថ្មី ហាម​​មិន​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ពេល​ធ្វើ​បាតុកម្ម​។ ការ​ចេញ​បំរាម​ថ្មីនេះ គឺ​ចូល​ជាធរមាន​ភ្លាមៗ​នៅ​ពាក់​កណ្តាល​អធ្រា​ត្រ យប់​ថ្ងៃសុក្រ ដែល​​អាជ្ញាធរហុងកុង មានគោល​​បំណង​ចង់​បិទបញ្ចប់ចលនា​​បាតុកម្ម​ហិង្សា។​ ក៏ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ គឺវា​​ប្រៀប​បាន​ជា​ការ​យក​សាំង​ទៅចាក់​លើភ្លើង​ដូច្នេះដែរ។ ដ្បិត​ថា ក្រុមបាតុករ កាន់តែ​ក្តៅ​ស្លឹកត្រចៀក ហើយ​ណាត់​គ្នា ​ធ្វើ​បាតុកម្ម​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ សប្តាហ៍​នេះ។

បាតុករ​ហុង​កុងពាក់ម៉ាស់​បិតមុខ​ប្រឆាំង​នឹង​ច្បាប់​ថ្មី​
បាតុករ​ហុង​កុងពាក់ម៉ាស់​បិតមុខ​ប្រឆាំង​នឹង​ច្បាប់​ថ្មី​ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

​សភាពការណ៍​នៅ​ថ្ងៃ​សៅរ៍វិញ​ យ៉ាងណា​ទៅ​ហើយ?​

កំហឹង​របស់​ហ្វូង​បាតុករ កាន់តែ​ឆេះ​ឈួល​ឡើង​ខ្លាំង​។ នៅថ្ងៃសៅរ៍​​  បើ​ទោះ​បី​នគរ​បាល​មិនអនុញ្ញាត​ឱ្យ​នាំគ្នា​ហែក្បួនក៏ដោយ​ ក៏​ហ្វូង​ក្រុម​បាតុករ​រាប់​ពាន់​នាក់​​ នៅតែ​ចចេស​ប្រមូល​ផ្តុំគ្នា និងដើរ​ដង្ហែក្បួន​របស់ពួក​ដែរ​។ គឺ​ធ្វើ​នៅ​​សង្កាត់​ចំនួន​ពីរ នៅ​ភា​គ​ខាង​ជើង​ក្រុង​ហុងកុង​។

នៅថ្ងៃ​សៅរ៍ ទី​៥តុលា​នេះ គឺ​ទិវា​គ្រូ​បង្រៀន​ពិភពលោក ដែល​មាន​ការ​ប្រារព្ធ​អបអរ​ចំពោះ​លោកគ្រូ​អ្ន​កគ្រូ​ ដូចនៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ដែរ ដែល​ឱ្យ​តម្លៃ​លើការ​សិក្សា ប៉ុន្តែ បន្ថែមពីលើ​នេះ​ គ្រូ​បង្រៀន​ហុង​កុង បែរ​ជា​នាំគ្នា​ចុះ​ផ្លូវ​ដើរ​ចូល​រួម​បាតុកម្ម​ជាមួយ​បាតុករ​ហុងកុង ដើម្បី​ទាមទារ​សេរីភាព​ និង​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​ឱ្យ​ហុង​កុង​។

នៅពីម្ខាងទៀត ក៏​មាន​ដែរ ការ​ធ្វើ​បាតុកម្ម​ស្រែក​គាំទ្រ​រដ្ឋាភិបាល​ និងគាំទ្រ​ចំណាត់​ការ​របស់​ប៉ូលីស​​។ ក្រុម​នេះ រៀបចំ​ដោយ​ពួក​គេ​គាំទ្រ​និន្នាការ​ផ្អៀង​ទៅរក​ក្រុង​ប៉េកាំង។

ទិដ្ឋភាព​ទូទៅនៅ​ថ្ងៃសៅរ៍​នេះ គឺ​មានការ​កក់ស្ទះ​ខ្លាំងណាស់នៅហុងកុង​។ ផ្លូវ​ទៅ​ព្រលាន​យន្ត​ហោះ ត្រូវ​បាន​បិទ​ ដូចជា​រថភ្លើង​ល្បឿន​លឿន សំដៅ​ទៅកាន់​​អាកាសយន្ត​ដ្ឋានអន្តរជាតិ​ហុងកុង គឺ​មិន​ដំណើរ​ការ​ទេ។ ហើយ​រថភ្លើងក្រោមដី ទាំងអស់​ គឺ ផ្អាក​ដំណើរ​ការ​តែម្តង សម្រាប់​នៅថ្ងៃ​សៅរ៍​នេះ។ អ្នក​គ្រប់​គ្រង​មធ្យោបាយ​ដឹកជញ្ជូន​ផ្នែក​រថភ្លើង​ក្រោម​ដី បានចេញ​សេចក្តីថ្លែងការ​ណ៍​មួយ ពន្យល់ថា ដោយ​សារតែ​កើត​មាន​អំពើ​ហិង្សា​ខ្លាំងពេកកាលពី​យប់​មិញ ដែល​បាន​បណ្តាល​ឱ្យ​​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន ត្រូវខូចខាត ​ ដូច្នេះ​នៅពេ​លនេះ គេ​សុំ​ផ្អាក់​ដំណើរសេវា​ដឹកជញ្ជូន​សិន ដើម្បី​សិក្សា​ពី​ករណី​នេះ។

ចំណែកអគា​រពាណិជកម្ម និង​ ហាង​ទំនិញជា​ច្រើន ពិសេស​ហាង​របស់​ចិន គឺត្រូវ​បិទទ្វារ ព្រោះ​ខ្លាច​ក្រែងរង​ហិង្សា និងការ​បំផ្លាញ ពីបាតុករ​ដែល​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិនលើហុងកុង។​​ ​

ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់​នេះយ៉ាង​ប្រថុចញ៉ុច​ គឺ​ប្រៀប​ដូច​ជា​យក​ប្រេង​សាំង​ដាក់​លើ​ភ្លើង​?

បម្រាម​នៃ​ក្រឹត្យ​​ថ្មីនេះ​ គឺ​ហាម​បាតុករ​ ដែល​ធ្វើ​បាតុកម្ម​នោះ មិន​ឱ្យ​ពាក់​ម៉ាស់​បិទ​មុខ​នោះទេ ហើយ​បើ​ពាក់ អាចត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាធារ​មួយ​ឆ្នាំ។ ក្រឹត្យ​ថ្មីនេះ ប្រកាស​ដាក់​ចេញ​ដោយ​លោកស្រី ការី ឡាំ ថ្នាក់ដឹកនាំ​តំបន់​ស្វ័យត​ហុងកុង ដោយ​ចាត់ទុកទុក​ជា​កិច្ច​ការ​បន្ទាន់ ត្រូវ​ចូល​ជាធរមាន​ឱ្យ​អនុវត្ត​ ដោយ​មិន​បាច់​ឆ្លង​កាត់​ការ​បោះឆ្នោត​ពី​សភា​នោះទេ។

ក៏ប៉ុន្តែ ជាទូទៅ គេ​មិន​សូវ​បារម្ភ ពីរឿង​ជាប់គុក​មួយ​ឆ្នាំ ដែ​លជាការ​ចែង​របស់​ក្រឹត្យថ្មីនេះ​ទេ តែ​ក្រុម​អ្នកតវ៉ា​ គេ​​បារម្ភ​ គឺ​នៅត្រង់ថា បើ​សិន​ជា​មិន​ពាក់​ម៉ាស់ ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ គឺ​ធ្វើ​ឱ្យ​អាជ្ញាធរ​ស្គាល់​អត្តសញ្ញាណ ដែល​ពួក​គេ​អាច​ត្រូវ​ប្រឈម​មុខនឹងបញ្ហា​រឿង​អនាគត​របស់​ពួក​គេ ​ទៅថ្ងៃមុខ។ ​ម្យ៉ាងទៀត នៅពេល​ដែល​អាជ្ញាធរ​ស្គាល់​មុខមាត់​ពួក​គេ ហើយនិង​ដេញ​តាម​ចាប់​យក​មកបាន នោះពួក​គេ​អាច​នឹង​ត្រូវ​រង​បទ​ចោទ​ប្រកាន់​ផ្សេងៗ​បន្ថែមទៀត ដែល​សម្រេច​សម្រួល​ទៅ អាច​មាន​ទម្ងន់​ទោស រហូត​ដល់​ជាង​១០​ឆ្នាំ​ផង។ ត្រង់នេះ​ហើយ​ជា​បញ្ហា! ដូច្នេះ​ហើយ បាន​ជា​ក្រុមហ្វូង​បាតុករ​ហុងកុង​នៅថ្ងៃសៅរ៍​នេះ ក៏​បាន​ដង្ហែ​ក្បួន​កាន់តែ​ធំៗ ដើម្បី​ប្រឆាំង​នឹង​ក្រឹត្យ​ថ្មី ដែល​មិន​ព្រម​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ ពេល​បាតុកម្ម។

ពី​ចំណែក​ក្រុមអ្នក​ផ្អៀង​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង មានទាំងអ្នក​តំណាង​រាស្ត្រ​ខ្លះ​ផង បា​ន​ជំរុញ​ឱ្យ​អាជ្ញាធរ​ហុងកុង យកច្បាប់​ឆ្នាំ​១៩២២ មក​អនុវត្ត​ ដែល​ច្បាប់​ចាស់​នេះ គឺ​អនុញ្ញាត​ឱ្យ​អង្គនីតិប្រតិបត្តិ​ ​សម្រេច​ចាត់​វិធាន​គ្រប់​មធ្យោបាយ​ដើម្បីរក្សា​សណ្តាប់​ធ្នាប់​សង្គម។ គឺ​ធ្វើ​ការ​បង្ក្រាប បើទោះ​ជា​បី​ជា​ក្នុង​តម្លៃណាក៏ដោយ។ ពោល​ឱ្យ​ចំ ច្បាប់ឆ្នាំ​១៩២២​​នេះ ផ្តល់​អំណាច​ច្រើន​ឱ្យ​រដ្ឋ​អំណាច​ប្រើ​ធម៌ក្តៅ បើទោះបី​ជាគ្មាន​ភ្លើង​ខៀវ​យល់ព្រម​​ពីសភាហុងហុក​ ​ក៏ដោយ។ ត្រង់​ចំណុច​នេះ ថ្នាក់​ដឹកនាំ​ហុងកុង​ កំពុងតែ​ពិចារណា។​ ក៏ប៉ុន្តែ ទោះ​យ៉ាងណា​ក្តី រឿង​បង្ក្រាប​ៗនោះ ចេះតែ​ព្រមាននិង​ថា​ដូច្នេះតាំងពី​យូរ​មកហើយ ប៉ុន្តែ គឺ​មិន​ទាន់​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​ ជាទ្រង់ទ្រាយ​ធំ​ណាមួយ​នោះទេ ចាប់តាំងពី​មាន​បាតុកម្ម​ រ៉ាំ​​រ៉ៃ​ជិត​៤ខែ​មកនេះ​។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រកាស​ឱ្យ​ថ្នាក់ដឹកនាំហុងកុង ចុះ​ចេញ​ពី​តំ​ណែង​។ តើមកពីហេតុអ្វី?

នៅថ្ងៃសៅរ៍​នេះ ​លោក មហាធៀរ មហាមេធ នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី មានយោបល់ថា មេដឹកនាំហុងកុង លោកស្រី ការី ឡាំ គួរលាលែងពីតំណែង។ លោក​មាន​មតិ​បែប​នេះ ពីព្រោះតែ​បាន​ឃើញ​ការ​បញ្ជូន​ទ័ព​កាន់តែ​ច្រើន​ ពី​សំណាក់​ប្រទេស​ចិន ទៅកាន់​តំបន់កៀក​ក្បែរ​ហុងកុង។ លោកមហាធៀរ មហាមេធ បារម្ភ​ខ្លាច​ក្រែង ក្រុង​ប៉េកាំង ប្រើ​ហិង្សា​បង្ក្រាប​បាតុករ​ហុងកុង ដូច​អ្វី​ដែល​រដ្ឋអំណាច​ក្រុង​ប៉េកាំង បា​នធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ ធានអានមេន កាលពី​៣០ឆ្នាំមុន​។ ការ​ជូន​យោបល់​របស់​នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី បែបនេះ គឺធ្វើ​ឱ្យ​គេមើល​​ឃើញថា មហាធៀរ មហាមេធ ជាថ្នាក់​ដឹកនាំប្រទេស​លើលោក ទី១ ហើយ ដែល​ហ៊ាន​ចេញមុខ​ប្រតិកម្ម​បែប​នេះ។

ផ្ទុយទៅវិញ សហរដ្ឋ​អាមេរិក​ ដែល​ជាប្រទេស​បិតា​ប្រជាធិបតេយ្យ បែរជា​​ហាក់​ដូច​បង្ហាញ​ជំហរ​ស្ងាត់​ស្ងៀម​ទៅវិញ។ គេ​យល់បែបនេះ ពីព្រោះ​សំអាងទៅលើព័ត៌មាន​បែក​ធ្លាយ​រយៈ​ការ​ចរចាតាម​ទូរសព្ទ​របស់​លោក ប្រធានាធិបតីអាមេរិក​ ដូណាល់ ត្រាំ និងលោក​ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពី​ខែ​មិថុនា ហើយ​ទើបតែ​សារព័ត៌មាន​អាមេរិក CNN យក​មកចុះផ្សាយ​កាលពីថ្ងៃសុក្រ​ម្សិលមិញ។ បើ​តាម ​CNN នៅក្នុង​ការ​ចរចានោះ លោក ដូណាល់ ត្រាំ ថាគាត់​នឹង​រក្សា​ភាព​ស្ងាត់​ស្ងៀម ចំពោះ​សំណុំ​រឿង​ហុងកុងនេះ។ ហើយភស្តុតាង​ជាក់ស្តែង​​នៅក្នុង​សារ Twitter របស់​ប្រមុខ​រដ្ឋ​អាមេរិក កាលពី​ថ្ងៃទី ១៤សីហា, លោក ដូណាល់ ត្រាំ ថែមទាំងថ្លែង​សរសើរ​លោក ស៊ី ជីនពីង ថា​ជា​មនុស្សដែល​អស្ចារ្យ​ មានការ​គោរពពី​​ប្រជាជន ហើយថា លោក ស៊ី ជាមនុស្ស​ល្អ​ក្នុងការ​ធ្វើ​ជំនួយ​រកស៊ី​ជាមួយគ្នា​ ដូច្នេះ លោក ត្រាំ គ្មាន​ការ​សង្ស័យបន្តិចឡើងថា លោក​ ស៊ី អាច​នឹង​បញ្ហា​ហុងកុង​បាន​យ៉ាងល្អ ដោយ​មនុស្សធម៌។ ប៉ុន្តែអ្វី​ដែល​ច្បាស់នោះ គឺថា​ លោកត្រាំ បា​នគូស​បញ្ជាក់​ក្នុងសារនោះថា «ហុងកុង ជាផ្នែក​មួយ​របស់​ចិន​»។​

បើ​តាម​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ និង​បើ​គេ​​វិភា​គលើ​សារ​របស់​លោក ដូណាល់ ត្រាំ​ ខាង​លើ​នេះ គឺគេយល់​ថា ចំពោះ​អាមេរិករបស់​លោក ដូណាល់ ត្រាំ, បើ​អាមេរិក​លុក​ដៃ​រឿង​ហុង​កុង ហើយ​ចំណេញ​ដល់​អាមេរិក ទើប​អាមេរិក​ធ្វើ តែ​បើ​គ្មាន​ចំណេញអ្វី ដល់​ពាណិជ្ជកម្ម​និងសេដ្ឋកិច្ច​អាមេរិកនោះ​ទេ គឺ​លោក ដូណាល់ ត្រាំ មិន​ខ្វល់​ឡើយ។

សេដ្ឋីម្នាក់​ចង់​ជួយស្តារ​សេដ្ឋកិច្ចហុងហុក

ទោះយ៉ាងណា សេដ្ឋកិច្ច​របស់​ក្រុង​ហុងកុង បាន​ធ្លាក់​ចុះ ជួប​វិបត្តិ​។ លោកសេដ្ឋី​ហុងកុង​ Li Ka-shing បាន​ចេញ​ថ្លៃ​លុយ​ក្នុង​ហោប៉ៅផ្ទាល់ខ្លួន​ ជាង ១១៦លាន​អឺរ៉ូ ដើម្បីជួយ​ស្រោច​ស្រង់​វិស័យ​សហគ្រាស​ធនតូច​និង​មធ្យម​ដែល​បង់​ខាត​ក្នុង​រយៈ​ពេល​បាតុកម្ម​ ជិត​៤ខែ​មកនេះ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ