អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហុងកុង៖​ ចិន​អាច​បង្រ្កាបដោយហិង្សា​លើ​​​បាតុករ​ ដូចនៅ​ ​ធាន​អាន​មេន ដែរទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានភាពនៅហុងកុង​កំពុង​បន្តពុះ​កញ្ជ្រោល និង​ច្របូក​ច្របល់ខ្លាំង​។ នៅថ្ងៃ​នេះ ​ក្រុម​បាតុករ​​អ្នកប្រជាធិបតេយ្យ​ បន្តជួបជុំគ្នានៅអាកាសយានដ្ឋាន គម្រប់​៥ថ្ងៃជាប់ៗគ្នា។ ជើង​​ហោះ​ហើរ​ទាំងអស់​ត្រូវ​បិទនិងលុបចោល​​។​ ចំណែក​ប្រមុខ​ដឹក​នាំហុងកុង ដែល​មាន​ទំនោររកចិនដីគោកបានបញ្ចេញ​ប្រតិកម្មព្រមាន​ជាថ្មី​ពីផល​វិបាក​ដែល​នឹង​អាច​កើត​មាន​នៅហុងកុង។ ថ្នាក់​ដឹកនាំ​ហុងកុង​​បញ្ជាក់​ថា អំពើហិង្សា​របស់​ក្រុម​បាតុករ​នឹង​រុញហុងកុង​ឱ្យ​​ធ្លា​ក់​ក្នុងផ្លូវមួយ ដែលមិន​អាច​ត្រឡប់​ក្រោយ​បាន។ រី​ឯ​រដ្ឋអំណាច​​ចិន​នៅ​​ប៉េកាំង បានបន្តព្រមាន​ដោយមិនទាន់ចាត់វិធានការអ្វីជាក់ស្តែង​នៅ​ឡើយទេ។ អ្វី​ដែល​គ្រប់​គ្នា​កំពុង​ចង់ដឹងពេល​នេះ គឺ​ថា តើចិន​ដីគោក​នឹងបន្តទុកឲ្យស្ថានការណ៍​នៅ​ហុង​កុង​​អូសបន្លាយដល់​ពេលណា? ហើយ​ថា​ តើចិន​អាច​ប្រើវិធាន​ការបង្រ្កាប​បាតុករ​ហុង​កុង​​ដូចនៅ​ធានអានមែ​ន កាលពី៣០ឆ្នាំ​មុនដែរឬទេ?

បាតុករហុងកុង​នៅ​អាកាសដ្ឋានអន្តរជាតិ. REUTERS/Thomas Peter
បាតុករហុងកុង​នៅ​អាកាសដ្ឋានអន្តរជាតិ. REUTERS/Thomas Peter Reuters/路透社
ផ្សាយពាណិជ្ជកម្ម

តើ​សភាពការណ៍​ធ្លាក់​លង់​ជ្រៅ​ដល់ណាហើយ?​

សភាព​ការណ៍​វឹកវរ​ធ្លាក់​ជ្រៅខ្លាំងណា​ស់ហើយ។ ថ្នាក់ដឹកនាំ​ហុងកុង លោកស្រី ការី ឡាំ ថ្លែង​នៅថ្ងៃនេះ បាន​ថ្លែង​ប្រាប់​អ្ន​កកាសែត​ថា អំពើហិង្សា​នៅ​ហុងកុ​ង​បាន​ធ្លាក់​ដល់​គង្ហុក​យ៉ាង​ជ្រៅ ហើយវា​ដល់ផ្លូវ​មួយ​ដែល​រក​ច្រក​ នឹង​ត្រឡប់​ថយក្រោយ​វិញ ​លែង​កើត​ហើយ។ លោកស្រី ការី ឡាំ ថ្លែង​ក្តីព្រួយ​បារម្ភ ​ដោយ​ទឹក​ភ្នែក​ហូរ​ផង ថា​ អំពើ​​ហិង្សារបស់​បាតុករ​ បាន​នាំឱ្យ​សង្គម​ហុងកុង​ធ្លាក់​លង់​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ ​គួរឱ្យ​ព្រួយ​បារម្ភ ​គួរ​ឱ្យ​ភ័យ​ខ្លាច និងគួរ​ឱ្យគ្រោះថ្នាក់​។

បើ​ស្តាប់​សម្តីតែពី​ខាង​ថ្នាក់ដឹកនាំ​ហុងកុង គឺជាការ​ចោទ​ប្រកាន់​ក្រុម​បាតុករ​ហុងកុង ដែល​ជាអ្នក​ប្រើ​ហិង្សា ក៏ប៉ុន្តែ ចំពោះ​ក្រុម​បាតុករ គឺ​ប៉ូលិសហុងកុង​ទៅវិញទេ ដែល​ជាអ្នក​បង្រ្កាប​ដោយ​ហិង្សា​ ដ៏​ពិសពុល​នោះ។ នៅក្នុង​ការ​ប៉ះទង្គិច​គ្នា​រវាង​បាតុករ​និង​ប៉ូលីស​កាលពី​ដើម​សប្តាហ៍​នេះ គឺ​មាន​បាតុករ​ជាច្រើន​សិប​អ្នកត្រូវ​​រងរបួស ហើយ​មាន​អ្នក​តវ៉ា​ម្នាក់​រងគ្រោះ​ធ្ងន់ ដល់​ថ្នាក់​របួស​ភ្នែក​ធ្ងន់ធ្ងរ ឬ​អាច​ឈាន​ដល់​ពិការភ្នែក​ស្តាំ​ម្ខាង​ផង។

ពីថ្ងៃច័ន្ទទី​១២សីហា បើតាម​អាជ្ញាធរ មាន​បាតុករ​ ជាង​៥ពាន់​នាក់ ជួប​គ្នា​តវ៉ា​បិទផ្លូវ​និង​បិទ​ច្រកធ្វើ​ដំណើរ​របស់​ព្រលាន​យន្តហោះ​ហុងកុង ដែល​ធ្វើ​ឱ្យ​ជើង​ហោះហើរ​ទាំងអស់​ត្រូវ​លុប​ចោល។ ទើបតែ​ម៉ោង​មួយ​យប់​រំលង​អធ្រាត្រ​ទើប​ពួក​គេ​រំសាយ​គ្នា។ ហើយ​ព្រឹកមិញនេះ យន្តហោះ​ខ្លះ បាន​ធ្វើ​ដំណើរ​ចេញបាន​ខ្លះ ក៏ប៉ុន្តែ នៅ​មាន​ជើង​ហោះ​ហើរ​ជាង​៣០០ ត្រូវ​លុប​ចោល និង​ពន្យារពេល។ ប៉ុន្តែ ការ​​ប្រមូល​ផ្តុំ​គ្នា​ជាថ្មីរបស់​ហ្វូង​បាតុករ​ ​នៅ​​រសៀលថ្ងៃទី​១៣សីហាទៀត​ គឺធ្វើ​ឱ្យ​​អាជ្ញាធរ​អាកាសយាន្តដ្ឋា​ន​សម្រេច​លុប​ចោល​ជើង​ហោះ​ហើរ​ទាំងអស់​តែម្តង​។ ការ​បិទ​ព្រលាន​យន្តហោះ​អន្តរជាតិហុងកុង គឺធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ចរាចរណ៍​អន្តរជាតិ ព្រោះទីនេះ ជា​កន្លែង​ដែល​មាន​ការ​ធ្វើ​ដំណើរ​ផ្លូវ​អាកាស​ច្រើន ជាង​៧៤លាន​នាក់​ កាលពីឆ្នាំមុន គឺ​ជាប់​​លំដាប់​ទី​៨ ច្រើន​ជាង​គេ​លើពិភពលោក​។ ដូច្នេះ ការ​បិទផ្លូវ​យន្តហោះអន្តរជាតិហុងកុង គឺ​ប៉ះពាល់​ដល់​បេះដូងហិរញ្ញវត្ថុ​​ហុងកុង និង​ទង្គិច​ធ្ងន់​ដល់​ចរន្តដង្ហើម​​សេដ្ឋកិច្ច​ចិន​ ខ្លាំងណាស់ដែរ​។

រដ្ឋអំណាច​ចិន ​ចោទ​លើ​បាតុករ និង​ហៅ​សកម្មភាព​ហិង្សាថា​ជា​«សញ្ញាណ​នៃ​អំពើ​ភេរវកម្ម»

​អំពើ​ហិង្សា​របស់​បាតុករហុងកុង គឺ​​ជា​«សញ្ញាណ​នៃ​អំពើ​ភេរវកម្ម»។ នេះ​គឺ​ការ​ចោទ​ប្រកាន់​ពី​សំណាក់​រដ្ឋ​អំណាច​ចិន ប្រកាន់ចេញពីមាត់​របស់​លោក យាំង គ័ង (Yang Guang) អ្នក​នាំពាក្យ​ការិយាល័យ​ទទួល​បន្ទុក​​កិច្ចការ ម៉ាកាវនិងហុងកុង។

ការ​ចោទ​ប្រកាន់​នេះ មិនមែន​ជាលើកទីមួ​យ​ទេ ពី​សំណាក់​រដ្ឋអំណាច​ចិន! កាលពី​សប្តាហ៍​មុន ចិ​ន​បាន​ហៅ សកម្មភាព​បាតុកម្ម​របស់​ហ្វូង​បាតុករ​គាំទ្រ​លិទ្ធប្រជាធិបតេយ្យ ថា​ជា«សកម្មភាព​បដិវត្ត​ពណ៌​» ថែមទៀត​ផង។ ​«សកម្មភាព​ទាំងនេះ ​ដែលបើតាមរដ្ឋ​អំណាចចិន​ គឺមិន​អាច​ឱ្យ​ចិន​ឈរ​ឱប​ដៃ​មើល និង​មិន​ធ្វើ​អ្វី​សោះ​​នោះទេ។ ការ​ទប់​ស្កាត់ ឬការ​បោសសម្អាត​​ណាមួយ អាចនឹង​ធ្វើ​ឡើង ប្រសិន​បើ​ស្ថានការណ៍​តម្រូវ​ឱ្យ​ចាំបាច់»​។ នេះ​បើ​តាម​ការ​អះអាង​ ជា​រឿយៗ​របស់​ចិន​។

ដូច្នេះហើយបាន​ជា​រដ្ឋ​អំណាចចិន​បាន​ព្រមាន និង​គំរាម​ជា​ច្រើន​លើក​ច្រើន​ដង​ណាស់​មកហើយ តាម​រយៈ​សម្តីផង រូប​វីដេអូ​សម្ញែង​ពី​យោធា​ផង។ នៅថ្ងៃ​ម្សិលមិញនេះ កាសែត​ផ្លូវ​ការ​ចិន​ បាន​ផ្សាយ​វិដេអូ​ ពី​កងទ័ព​ចិន​ កំពុង​ហាត់​សមយុទ្ធទ្រង់ទ្រាយធំ​ ហើយ​និង​បង្ហាញ​ផងដែរ ពី​រថយន្ត​យោធា​ចិន​ ជាង​២០គ្រឿង កំពុងតែ​បញ្ចូន​ទៅ​ដាក់​ឈរ​​ប្រចាំការ​នៅ​ខេត្ត ស៊ីនជិន (Shenzhen) ភាគ​ខាង​ត្បូង​មហាយក្ស​​ចិន និង​ជិតជាប់​ព្រំដែន​ហុងកុង​តែម្តង។ បើ​តាម​វីដេអូ​ដដែល​ គឺ​ក្រុម​ទាហានចិន​​ទាំងនោះ បាន​ត្រៀម​ខ្លួន​រួច​ហើយ សម្រាប់​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចលាចល​។

​អត្ថបទ​វិចារណកថាមួយ​របស់​កាសែត​ Global Time ដែល​ជា​កាសែត​គាំទ្រ​រដ្ឋអំណាចិន គឺសរសេរ​បញ្ចេញ​យោបល់ថា បើ​ហ្វូង​បាតុករ​ ឃើញ​រូប​ភាព​វីដេអូ​នេះហើយ ហើយ​មិនញ័រ​សាច់ មិនខ្លាច​ញញើត និង​មិន​​គិតដក​ថយ​សកម្មភាព​នោះទេ នោះ​បា​នសេចក្តីថា ពួកគេ​កំពុងតែចង់កម្ទេច​ខ្លួន ឬ​​រំលាយ​ខ្លួន​ឯងហើយ។

ចិន​​អាចប្រើធម៌ក្តៅ​​បង្ក្រាបបាតុករ​ដោយ​​ហិង្សា ​ដូចបង្ក្រាប​​នៅ ​ធានអានមេន?

ព្រឹត្តិការណ៍បង្រ្កាប​​ទីលាន​ប្រជាធិបតេយ្យ​ធានអានមេន កាល​ពី​៣០ឆ្នាំមុន ពីសំណាក់​យោធា​របស់​រដ្ឋអំណាចចិន​ បាន​បណ្តាលឱ្យស្លាប់មនុស្ស រាប់រយនាក់ ឬឈានដល់ ពាន់នាក់ផង។ កាលនោះ យោធាចិន​បាន​វាយ​កម្ទេចដោយ​ហិង្សា​ បាញ់​សម្លាប់ ហើយ​បើ​ករថគ្រោះ ​ជាន់ ឈូស ​ដុត​កម្ទេច​ចោល​ ដោយ​ហិង្សា​​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​។

​ដំណាក់​កាលនេះ អ្ន​កជំនាញ​កិច្ចការ​ហុងកុង​ គឺគេ​មើល​ឃើញ​សេណារីយ៉ូ ពីរ។ ទី១ គឺ​ការ​បង្ក្រា​បតូចឬធំ អាច​តែ​ត្រូវ​ធ្វើ​ ដ្បិតជារឿង​​ចៀស​មិន​ផុត។​ ព្រោះ​ បើ​តាម​អ្នក​វិភាគ​ស្ថានការណ៍ និង​សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​មួយ​ចំនួន​ គេ​យល់ថា រដ្ឋអំណាច​ចិន​ ទំនង​មិ​នអាច​ទុក​ឱ្យ​ស្ថានការណ៍​ទុំ​ជោរ​ ហើយ​អូស​បន្លាយ​រហូត​ដល់​ថ្ងៃ​ទី​១​តុលា​ ដែល​​បាំង​តែ​មួយ​ខែទៀត​នេះទេ​។ ពីព្រោះថា ថ្ងៃ​ទី​១តុលានោះ​ គឺថ្ងៃ​ខួប​គម្រប់​៧០ឆ្នាំ នៃ​កំណើត​បក្ស​កុំ​ម្មុយនីស្ត​ចិន។ ដូច្នេះ ក្នុង​ខួប​កំណើត​ដ៏​ត្រចះត្រចង់​របស់ខ្លួន ចិន​ទំនង​ជា​មិន​អាច​ទុក​ឱ្យ​សភាព​ការណ៍​អាប់អួរ​មាន​នៅ​ហុងកុង ដែល​ចិន​ចាត់ទុកថា ជា​ទឹក​ដី​របស់ខ្លួន​នោះទេ។

ការ​ធ្វើ​​ឱ្យ​សភាពការណ៍​ស្ងប់ស្ងាត់​ ជារឿង​ចៀស​មិន​ផុត។ ពីព្រោះថា សភាព​ការ​ណ៍​នេះ នឹង​អាច​រាលដាល​ធំ​ រីក​ដល់​ តៃវ៉ាន់ និង​ទីបេ ផង។​ ប្រសិន​បើ​បាតុករហុងកុង នៅ​តែ​ធ្វើ​ឱ្យ​ស្ថានការណ៍​ជ្រៅទៅៗ ទប់​ទល់​លែងបាន, នោះតំបន់​ផ្សេងៗ​ អាច​យក​គំរូ​តាម​ហុងកុង។ ដូច្នេះ រដ្ឋអំណាច​កណ្តាល​របស់​ចិន​ប៉េកាំង មិន​អាច​នៅ​ស្ងៀ​មដាច់​ខាត។​ ក៏ប៉ុន្តែ ក្នុង​ដំណាក់​កាលនេះ គឺ​សេណារីយ៉ូ​ទី២ ដែល​គេ​កំពុង​សម្លឹង​មើល​នោះ​ គឺ​អាជ្ញាធរ​ចិន អាច​ខ្ចី​ដៃ​ប៉ូលីស​ហុងកុង​បង្ក្រាប ឬក៏​អាច​ប្រើ​កម្លាំងកងទ័ព​​របស់​ចិន តែ​បញ្ចូល​ទៅក្នុង​ប៉ូលីស​ហុងកុង​។ និយាយ​ម្យ៉ាងទៀត គឺ​យក​អាវប៉ូលីស​ហុងកុង បំពាក់​លើក​ទាហាន​ចិន ដើម្បី​ធ្វើ​អន្តរាគមន៍​។

ទោះយ៉ាងណាក៏ដោយ​ ចិន​ក៏​កំពុង​តែ​ថ្លឹង​ថ្លែងណាស់ដែរ។ ដ្បិត​ថា ពេ​លនេះ មិន​ដូច​៣០ឆ្នាំមុននោះ។ ចិន​គិតគូរ​ពី​មុខមាត់​កិត្តិយស​របស់ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ មិន​ចេះតែ​ធ្វើ​ដោយ​កំរោល​ដូច​មុន​ឡើយ។ ហើយ​ប្រសិន​បើ​ធ្វើ​អ្វីជ្រុល​ជ្រួស គឺ​អាចត្រូវ​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ផង។ សូម​ជម្រាប​ថា កាលពី​ព្រឹត្តិការណ៍​បង្ក្រាប​នៅ​ធានអានមែន ឆ្នាំ​១៩៨៩នោះ​ ចិន​ត្រូវ​រងទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អឺរ៉ុប​និង​អាមេរិក គេ​ឈប់​ធ្វើ​ពាណិជ្ជកម្ម​ផ្នែក​អាវុធ​ជាមួយ​ចិន ហើយ​ចិន​ត្រូវរង​ការ​រិះគន់​សម្បើមណាស់​​ពី​គ្រប់​​មជ្ឈដ្ឋាន​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ