អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហុងកុង៖ បាតុករ​ព្យាយាម​​ដើរចូលទៅជិតវិមាន​ថ្នាក់ដឹកនាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅហុងកុង ទោះបីជា ក្រុមអ្នករៀបចំបាតុកម្ម បានដកការអំពាវនាវ​ឲ្យធ្វើបាតុកម្ម​ចេញ​វិញ​ក៏ដោយ និងទោះបីជាគ្មានការអនុញ្ញាតពីរដ្ឋអំណាចក្តី ក៏នៅតែ​មានមនុស្សជា​ច្រើន​ពាន់​នាក់ បានចុះផ្លូវធ្វើបាតុកម្ម ក្នុងថ្ងៃសៅរ៍​ ទី​៣១សីហា។ ​ក្រុម​បាតុកររាប់ជាច្រើន​នាក់ បាន​​ព្យាយាម​ដើរចូលទៅជិតវិមាន​​ថ្នាក់ដឹកនាំ ក៏ប៉ុន្តែ​ត្រូវ​ប៉ូលីស​បាញ់​ឧស្ម័ន​បង្ហូរទឹក​ភ្នែក បំបែក​ហ្វូងបាតុករ។ នៅទីបំផុត បាតុករខ្លះ ​បាន​គប់​ដុំថ្មទៅលើប៉ូលីស។​ នគរបាល​ប្រកាស​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​ខ្លាច​ក្រែង​មាន​ការ​ប៉ះទង្គិច​គ្នា​ខ្លាំង។

បាតុកម្ម​ហុងកុង​ថ្ងៃទី​៣១សីហា
បាតុកម្ម​ហុងកុង​ថ្ងៃទី​៣១សីហា REUTERS/Kai Pfaffenbach
ផ្សាយពាណិជ្ជកម្ម

បាតុកម្មនៅហុងកុងមាន​រយៈ​ជិត​៣ខែហើយ​ តើ​​ថ្ងៃនេះបាតុកម្ម​មាន​សភាព​យ៉ាងណា​?​

ក្រុមបាតុករហុងកុង​ជាច្រើននាក់ បានព្យាយាមដើរចូលទៅជិត​និវេសនដ្ឋានរបស់​ថ្នាក់ដឹកនាំហុងកុង ឬ​ផ្ទះ​ស្នាក់នៅរបស់​ លោកស្រី ការី ឡាំ។ ​បាតុករ​ខ្លះ បាន​ប៉ះទង្គិត​ជាមួយ​ប៉ូលីស នៅបរិវេណរនាំង​​ព័ទ្ធ​របង​រដ្ឋសភា​។ ប៉ូលីស បាញ់ទឹក បាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បី​បំបែកហ្វូងបាតុករ​។ ​ជាការ​ឆ្លើយ​តប​ បាតុករខ្លះ ដែល​មាន​កំហឹង​ពេញ​មុខ​ បានចោល​ដុំថ្មទៅលើក្រុម​ប៉ូលីសវិញ​ ហើយ​អ្នក​ខ្លះទៀត​ ក៏បាន​គប់​ដប​សាំង​ដែល​កំពុង​ដុត​ឆេះស្រាប់​ គប់​ទៅលើ​ប៉ូលីស​​ផង​។  ​ភ្លាមៗនេះដែរ​ ​នគរបាលប្រកាសឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះខ្លាចក្រែងមានការប៉ះទង្គិចគ្នា កាន់តែ​ខ្លាំង។

អ្នករៀបចំបាតុកម្មដកការ​អំពាវនាវបាតុកម្ម ហើយ​រដ្ឋអំណាចក៏​មិនអនុញ្ញាត​ ប៉ុន្តែ​ នៅតែបាតុករ​​​ចុះផ្លូវតវ៉ា​

អាជ្ញាធរមិនផ្តល់ក្តីអនុញ្ញាតឱ្យធ្វើបាតុកម្មនោះទេ ព្រោះខ្លាចក្រែងកើតមាន​បញ្ហា​អសន្តិសុខ និងក្រែងកើតមានអំពើហិង្សាធ្ងន់ធ្ងរណាមួយកើតឡើង។ អាជ្ញាធរព្រួយបារម្ភ  ពី​ព្រោះថា ចុង​សប្តាហ៍នេះ​ គឺ​ចូលដល់​​ខែ​កញ្ញា​ ជា​ពេល​គម្រប់ខួប៥ឆ្នាំ ដែលមានព្រឹត្តិការណ៍ចលនាបដិវត្តឆ័ត្ររបស់​យុវនិស្សិតហុងកុង​។

កាលពីខែ​កញ្ញា ឆ្នាំ២០១៤នោះ ក្រុមយុវជនហុងកុង​ធ្វើមហាបាតុកម្មឆ័ត្រ​ គឺបាន​ចូល​កាន់កាប់មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗ និងបាន​ចូលទៅក្នុងស្ថាប័នរដ្ឋ មួយចំនួន​ទៀត​ផង​។ ពួកគេធ្វើចលនាបដិវត្តឆ័ត្រ គ្រានោះ គឺនៅ​ក្រោយពេលដែល រដ្ឋាភិបាលចិន ហាមមិនឱ្យរៀបចំការបោះឆ្នោតសេរីជាសកល ដើម្បី​ជ្រើសរើសថ្នាក់ដឹកនាំហុងកុង។ រឿង​នេះ បាន​កើត៥ឆ្នាំមកហើយ តែវានៅតែក្តៅដដែល​។ ដូច្នេះ ចំថ្ងៃគោរព​ខួប​ព្រឹត្តិការណ៍នេះ ទើបអាជ្ញាធរ មិនចង់ឱ្យធ្វើបាតុកម្មនោះឡើយ​។

ទន្ទឹមនេះ ក្រុមអង្គការ រណសិរ្សពលរដ្ឋដើម្បីសិទ្ធិមនុស្ស ដែលជាអ្នករៀបចំបាតុកម្មជាង​គេ​ ក៏​ណែនាំ​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ដែរ។ អង្គការ​នេះ​ជាអ្នករៀបចំបាតុកម្មអហិង្សា។ កាល​ពីមហា​បាតុកម្ម​ថ្ងៃទី១៨សីហា គឺមាន​មនុស្សចូលរួម ជាង១លាន៧សែននាក់ តែ​គ្មាន​ការ​ប៉ះទង្គិចហូរឈាមអ្វី​នោះទេ។ អង្គការនេះ ចង់ឲ្យ​ពលរដ្ឋ​ហុងកុង​របស់ខ្លួន​ ធ្វើ​បាតុកម្ម​ដោយ​​សន្តិភាព ដោយ​អហិង្សា និងគោរព​ច្បាប់​រដ្ឋ​។​ នៅពេល​រដ្ឋ​មិនឲ្យ​ច្បាប់​ធ្វើ​បាតុកម្ម​ក្នុង​ថ្ងៃសៅរ៍នេះ រណសិរ្សពលរដ្ឋដើម្បីសិទ្ធិមនុស្ស ក៏បានប្រកាស​ដកសេចក្តីអំពាវ​វ​នាវឲ្យធ្វើបាតុកម្មដែរ ព្រោះគេយល់ថា បើធ្វើបាតុកម្មថ្ងៃសៅរ៍នេះ គឺហាក់ដូច​ជាយក​ប្រេងសាំង ទៅដាក់លើភ្នក់ភ្លើងដែលកំពុងតែឆេះសន្ធោរសន្ធៅស្រាប់អ៊ីចឹង។

ផ្ទុយទៅវិញ ទោះបីជាគ្មានការអនុញ្ញាតបាតុកម្មនិងគ្មាន​ការអំពាវវនាវ​ឲ្យ​ចុះផ្លូវ​ក៏ដោយ​ក្តី​ តែអ្នកតវ៉ាទាមទារប្រជាធិបតេយ្យ ហាក់ដូចជាកំពុងជក់ខ្យល់ធ្វើបាតុកម្មទៅហើយ ក្នុងរយៈពេលជិត៣ខែមកនេះ ពួក​គេ​មិន​ស្តាប់​ឡើយ​។ នៅហុងកុង តាមដងផ្លូវ គេមានឃើញពាក្យស្លោកសរសេរលើបដា  ហើយគេក៏ឮសម្រែករបស់យុវជនដែរ ថា «តោះ! ដណ្តើមយកហុងកុងមកវិញ បដិវត្តន៍គឺជំនាន់យើងនេះហើយ»។ អ្នកខ្លះបន្ទរថា «បើមិនធ្វើពេលនេះ គឺគ្មានឱកាសទៀតឡើយ»។

 

លោក ដូណាល់ត្រាំ ប្រាប់​ក្រុងប៉េកាំង ថាគួរ​មានភាព​«មនុស្ស​ធម៌​»

ពីថ្ងៃសុក្រទី​៣០សីហា ក្រោយ​ពីពេល​ដែល​​ប៉ូលី​សហុងកុងចាប់ខ្លួន​មេខ្លោង​បាតុករ​និង​ចាប់​ឃុំ​អ្នក​តំណាង​រាស្ត្រ៣នាក់​ផង​, លោក ដូណាល់ត្រាំ ប្រធានាធិបតី​អាមេរិក បានដាស់តឿន​​​ប្រាប់​ទៅ​រដ្ឋបាល​ក្រុងប៉េកាំង ថា​បើចិន​​ប្រតិកម្មគួរ​មានភាព​«មនុស្ស​ធម៌​»ផង។ សម្តីនេះ ទំនង​ជា​ប្រមុខរដ្ឋ​អាមេរិក ចង់​រម្លឹក​ដល់​ការបង្ក្រាបដោយហិង្សា​​របស់​ចិន​នៅ​ទីលាន​ធានអានមែន កាលពី​៣០ឆ្នាំ​​មុន​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​រាប់​រយ ឬរាប់​ពាន់នាក់​។

ពីចំណែក​ចិនប៉េកាំងវិញ ​ក្នុង​សប្តាហ៍​នេះ យោធា​ចិន​បាន​ចល័ត​កងទ័ព​នៅ​តំបន់​ Shenzhen ជាប់ក្បែរ​នឹង​កោះ​ហុងកុង​ដែរ​។ មន្ត្រីជាន់​ខ្ពស់ចិន ប្រកាស​ថា ការ​​ចល័តកង​​យោធានេះ គឺជាការ​ផ្លាស់ប្តូរ​ទ័ព​ជាប្រក្រតី​ ជា​​ប្រចាំឆ្នាំរបស់ខ្លួន​ ក៏ប៉ុន្តែ ម​ន្ត្រីចិន​ ក៏​មិន​បដិសេធដែរទេ​ថា​ ប្រសិន​បើ​មានករណី​ចាំបាច់ អាច​នឹង​ត្រូវ​អន្តរាគមន៍​យោធាណាមួយ​នោះ។

ប្រមុខ​ការទូតសហភាព​អឺរ៉ុប​ លោកស្រី Federica Mogherini បាន​យល់ឃើញថា​ សភាព​ការណ៍​វិវត្ត​នៅ​ហុងកុងកំពុង​តែ​ដើរ​យ៉ាងរហ័សណាស់ និង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំងណាស់ ក្នុងរយៈ​ពេល​ប៉ុន្មាន​ម៉ោង​ចុងក្រោយ​នេះ។ ទោះយ៉ាងនេះក្តី ថ្នាក់ដឹកនាំ​ការទូត​សហភាព​អឺរ៉ុប អំពាវវនា​វ​ឱ្យ​អាជ្ញាធរ​ហុង​​គោរព​សិទ្ធ​ធ្វើ​បាតុកម្ម​ដោយ​សន្តិភាព​និង​ដោយ​អហិង្សា​របស់​បាតុករ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ