ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អាស៊ី

ហុងកុង៖ ក្រុមសង្គមងងឹត វាយសំពង​បាតុករ​ បង្កឱ្យវិបត្តិនយោ​បាយ​កាន់តែ​តាន​តឹង​

media ក្រុម​សង្គម​ងងឹត​ វាយ​ដំបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង Courtesy of Stand News/Social Media via REUTERS

វិបត្តិនយោ​បាយ​​ហុងកុង កាន់តែធ្លាក់ក្នុង​សភាព​តានតឹង ​ក្រោយពី​បាតុករ​ប្រឆាំង ​រដ្ឋាភិបាល​​ ត្រូវទទួល​រងការវាយប្រហារ​ពីសំណាក់​មនុស្សមួយក្រុម ដែលគេសង្ស័យថា​ជា​ប់​ពាក់​ព័ន្ធនឹងក្រុមសង្គមងងឹត។ បើ​តាម​អាជ្ញាធរ, មានមនុស្ស​ជិត​៥០នាក់​រងរបួស​ ក្នុង​នោះ​ក៏មាន​អ្នក​តំណាងរាស្ត្រ​ម្នាក់​ផង។

តាមរយៈ​វីដេអូ​ផ្សាយ​តាម​បណ្តាញ​សង្គមTwitter និង​ហ្វេសបុក​, គេឃើញ​មាន​ជន​សង្គម​ងងឹត​មួយ​ក្រុម ពាក់​អាវ​យឺតពណ៌​ស ពាក់មួកស មាន​​ម៉ាស់​បិទមុខ ហើយ​ដៃរបស់​ពួកគេ​​ប្រដាប់​សុទ្ធតែ​ដំបង។ ពួក​គេ​បាន​ធ្វើ​សកម្មភាព​​វាយ​សំពង​ទៅលើ​ក្រុម​បាតុករ​ជាច្រើន​ ដោយ​​មិន​រើសមុខ​។ ការ​វាយ​ដំនេះ គឺ​ប្រព្រឹត្ត​នៅពេល​យប់​ថ្ងៃអាទិត្យ ​ក្នុង​ស្ថានីយ​រថភ្លើង Yueng Long ភាគខាងជើង​ក្រុង​ហុងកុង។

នៅថ្ងៃព្រឹក​ចន្ទ ​ប៉ូលីសហុងកុង​បាន​ឱ្យដឹង​ថា មាន​ជន​រងគ្រោះ​ ជាង​៤៥នាក់ រងគ្រោះ ក្នុង​នោះ​ បុរសម្នាក់​រងគ្រោះថ្នាក់ធ្លាក់​ក្នុង​ស្ថានភាពដុនដាប​ខ្លាំង ហើយ​បួនប្រាំនាក់​ផ្សេង​ទៀត រងរបួស​​ធ្ងន់ធ្ងរ។ អ្នក​ការពារសិទ្ធិមនុស្ស​ម្នាក់ ​លោក ម៉ូ វង្ស បាន​ចោទ​ប្រកាន់ថា ប៉ូលីស​ហុងកុង​ធ្វើ​ការ​យឺតយ៉ាវ​ណាស់ ពន្យារពេល​ទុកឱ្យ​ក្រុម​សង្គម​ងងឹត​​វាយ​ដំ​បាតុករ​យ៉ាងយូរ ហើយ​មិនតែប៉ុណ្ណោះ នៅ​ពេល​អ្នករងគ្រោះ​ទៅ​ប្តឹង​ បែរជាការិយាល័យបិទទ្វារ​។ សកម្មជន​សិទ្ធិមនុស្ស​ រូបនេះ​ ថែមទាំង​បញ្ជាក់ថា មាន​ស្ត្រី​រងគ្រោះម្នាក់ ត្រូវ​គេ​វាយ​ដំ​រហូត​​ដល់​រលូត​កូន​ទៀត​ផង។ ក្នុង​ចំណោមអ្នក​រងគ្រោះទាំងអស់​ គេក៏​ឃើញ​មាន​ដែរ អ្នក​តំណាង​រាស្ត្រ​ម្នាក់ មកពីបក្សប្រជាធិបតេយ្យ គឺ​លោក ឡាំ ចឺកទីង ដែល​ត្រូវជាំប៉ោង​មុខ និង​​បែកមាត់ចេញ​ឈាម​។

ហេតុការណ៍ គឺ​ហាក់​ដូច​ជា​យក​សាំង​ទៅចាក់​លើភ្លើង​ដូច្នោះដែរ។ បាតុករ​រាប់​ពាន់​នាក់ដែលតវ៉ា​​ប្រឆាំង​រដ្ឋបាល​ហុងកុង គឺកាន់តែ​ខឹងខ្លាំង ហើយ​អ្នក​ខ្លះ​ចោទ​អង្អុរ​មុខ​តែម្តងថា ក្រុម​ជន​សង្គម​ងងឹត​ទាំងនោះ គឺជាមនុស្ស​ដែល​រៀបចំ​ដោយ​អាជ្ញាធរហុងកុង​ដែល​រណប​​ចិន​។ ធ្ងន់ធ្ងរ​ជាងនេះ ពួក​គេ​ចោទថា ជនសង្គមងងឹតទាំងនោះ គឺជា​ដៃ​ជើង​របស់​ចិនតែម្ត​ង​​។

គួរ​បញ្ជាក់ថា ហុងកុងជា​រដ្ឋបាល​​កាន់​គោល​ការ​ណ៍​ ប្រទេសមួយ​ប្រព័ន្ធពីរ ហើយ​បើ​តាម​ការ​ច្បាប់ ត្រូវ​ប្រគល់​ឱ្យ​ចិន​វិញ នៅឆ្នាំ​២០៤៧។​ ក៏ប៉ុន្តែ ប្រជាជន​​ហុងកុង​ដែល​ធ្លាប់​ក្រេបរសជាតិ​សេរីភាព និងយុត្តិធម៌​សង្គម គឺ​មិន​ចង់​វិលទៅឋិត​នៅ​ក្រោម​ការត្រួតត្រា​របស់​ចិន​នោះទេ។ បាតុករប្រឆាំង​ ពិសេស​ក្រុម​ចលនា​និស្សិត​ឆ័ត្រ បាន​តស៊ូ​ប្រឆាំងរដ្ឋាភិបាល និង​ឈ្លោះ​គ្នា​ជា​សង្គ្រាម​ប៉ាកកា​​ ជា​ច្រើន​ឆ្នាំណាស់​មកហើយ៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ