ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT

តើ​ឥណ្ឌា​នឹង​ឆ្លើយតប​បែបណា​ចំពោះ​ការ​វាយប្រហារ​លើ​បន្ទាយទ័ព​នៅ​កាស្មៀរ?

តើ​ឥណ្ឌា​នឹង​ឆ្លើយតប​បែបណា​ចំពោះ​ការ​វាយប្រហារ​លើ​បន្ទាយទ័ព​នៅ​កាស្មៀរ?
 
ទាហាន​ឥណ្ឌា ១៧នាក់ ត្រូវ​ស្លាប់ ក្នុងការ​វាយប្រហារ​ទៅលើ​បន្ទាយទ័ព នៅ​ក្នុង​តំបន់​កាស្មៀរ កាល​ពីព្រលឹម​ថ្ងៃ​អាទិត្យ ១៨កញ្ញា ២០១៦ REUTERS/Danish Ismail

ការវាយប្រហារ​ទៅលើ​បន្ទាយ​ទាហាន​ឥណ្ឌា នៅ​ក្នុង​តំបន់កាស្មៀរ កាល​ពីថ្ងៃ​អាទិត្យ ដែល​បណ្តាល​ឲ្យ​ទាហាន ១៧នាក់ ត្រូវ​ស្លាប់ គឺ​ជា​ការ​វាយប្រហារ​ដ៏ធ្ងន់ធ្ងរ​ដែល​ឥណ្ឌា​កម្រ​ជួប​ប្រទះ ហើយ​វា​កំពុងតែ​បង្កើត​ឲ្យ​មាន​ភាពតានតឹង​យ៉ាងខ្លាំង រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន។ ភ្លាមៗ​ក្រោយ​ការ​វាយប្រហារ​ឥណ្ឌា​បាន​ប្រកាស​ថា​នឹង​ធ្វើការ​តបត​ទៅវិញ ក៏ប៉ុន្តែ សំណួរ​ដែល​កំពុងតែ​ចោទឡើង​នៅពេលនេះ គឺ​ថា តើ​ឥណ្ឌា​នឹង​ធ្វើការ​ឆ្លើយតប​ក្នុង​ទម្រង់បែបណា ចំពោះ​ប៉ាគីស្ថាន​ដែលជា​មហាអំណាច​នុយក្លេអ៊ែរ?

កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​​ជនប្រដាប់​អាវុធ ៤នាក់ បាន​លបវាយឆ្មក់​ទៅលើ​បន្ទាយ​ទាហាន​ឥណ្ឌា នៅ​ក្នុង​តំបន់​កាស្មៀរ បណ្តាល​ឲ្យ​ទាហាន​ឥណ្ឌា ១៧នាក់​ត្រូវ​បាត់បង់ជីវិត លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា​បាន​ប្រកាស​ថា ឥណ្ឌា​នឹង​មិន​ទុក​ឲ្យ​អ្នក​ដែល​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​នេះ​​​រួចខ្លួន​​នោះទេ។ លោក​ណារិនដ្រា ម៉ូឌី មិនបាន​​និយាយ​ចំឈ្មោះ​ប៉ាគីស្ថាន​នោះទេ ក៏ប៉ុន្តែ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ឥណ្ឌា​បាន​​ចោទ​ប៉ាគីស្ថាន​ត្រង់ៗ​ថា​ជា “រដ្ឋ​ភេរវនិយម”។

ប៉ាគីស្ថាន​បាន​ធ្វើការ​បដិសេធ​ភ្លាមៗ​ថា​ខ្លួន​មិនមាន​ជាប់ពាក់ព័ន្ធ​នឹង​ការ​វាយប្រហារ​​នេះ​ទេ ហើយ​រិះគន់​ឥណ្ឌា​ថា​ចេះតែ​ចោទផ្តេសផ្តាស ដោយ​មិនមាន​ការ​ស៊ើបអង្កេត​ច្បាស់លាស់។ តែ​ទោះជា​មាន​ការ​បដិសេធ​បែបនេះ​ក៏ដោយ​ គេ​ដឹង​ច្បាស់​ថា សម្រាប់​ឥណ្ឌា គ្មាន​អ្វី​ដែល​ត្រូវ​សង្ស័យ​នោះទេ ប៉ាគីស្ថាន​គឺ​ជា​អ្នក​ទទួលខុសត្រូវ​។ គេ​មិន​ត្រូវ​ភ្លេចទេ​ថា តំបន់​កាស្មៀរ​នេះ​ គឺ​ជា​តំបន់​ជាប់ជម្លោះ រវាង​ប្រទេស​ទាំងពីរ តាំង​ពី​រាប់​សិបឆ្នាំមកហើយ ពោលគឺ ចាប់តាំង​ពី​ឥណ្ឌា និង​ប៉ាគីស្ថាន​ត្រូវពុះចែក​ជា​ពីរ នៅ​ក្រោយ​ទទួល​ឯករាជ្យ​ពី​អង់គ្លេស​ កាល​ពី​ឆ្នាំ​១៩៤៧។ គេ​ក៏​មិន​ត្រូវ​ភ្លេចដែរ​ថា ប្រទេស​ទាំងពីរ​នេះ​ធ្លាប់​ធ្វើ​សង្រ្គាម​នឹង​គ្នា​ ៣លើក​រួចមកហើយ ក្នុងនោះ ២លើក គឺ​កើតចេញ​ពី​ជម្លោះ​នៅ​តំបន់​កាស្មៀរ​នេះ​ឯង។

ដូច្នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា ការតបត​របស់​ឥណ្ឌា គឺ​គ្រោង​នឹង​ធ្វើ​ទៅលើ​ប៉ាគីស្ថាន ប៉ុន្តែ អ្វី​ដែល​មិនច្បាស់ គឺ​នៅ​ត្រង់​ថា តើ​ឥណ្ឌា​អាច​នឹង​ឆ្លើយតប​យ៉ាង​ដូចម្តេច​បាន ពីព្រោះ គេ​មិន​ត្រូវ​ភ្លេចទេ​ថា ប៉ាគីស្ថាន គឺ​ជា​មហាអំណាច​នុយក្លេអ៊ែរ។

បើ​គេ​ពិនិត្យ​មើល​ទៅលើ​អ្វី​ដែល​ធ្លាប់​បាន​កើតឡើង នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​ឃើញ​ថា នៅ​រៀងរាល់​លើក​ដែល​មាន​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​ប្រដាប់អាវុធ​មក​ពី​ប៉ាគីស្ថាន ឥណ្ឌា​តែងតែ​ចៀសវាង​មិន​ឆ្លើយតប​ដោយ​ប្រើ​កម្លាំង​ទ័ព​នោះទេ ដោយ​ខ្លាច​ជម្លោះ​ត្រូវ​រីករាលដាល​ខ្លាំង​ទៅ​ជា​សង្រ្គាម​ទ្រង់ទ្រាយ​ធំ។

ជាក់ស្តែង​គេ​ឃើញ​ថា នៅ​ក្រោយ​ពី​ក្រុម​ភេរវជន​មក​ពី​ប៉ាគីស្ថាន​ បើក​ការ​វាយប្រហារ​នៅ​ទីក្រុង​ប៊ុមបៃ កាល​ពី​ឆ្នាំ​២០០៨ សម្លាប់​មនុស្ស​រហូត​ដល់​ទៅ ១៦៦នាក់ ឥណ្ឌា​បាន​ចាត់វិធានការ​ត្រឹមតែ​ផ្លូវ​ទូត​ប៉ុណ្ណោះ ដើម្បី​ឆ្លើយតប​ទៅលើ​ប៉ាគីស្ថាន។

ក៏ប៉ុន្តែ បរិបទ​នយោបាយ​នៅ​ឥណ្ឌា​ នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ ខុសពី​កាល​ពី​ឆ្នាំ​២០០៨។ កាល​ពី​ឆ្នាំ​២០០៨ ឥណ្ឌា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​ម៉ាន់ម៉ូហាន់ ស៊ិញ ដែល​គេ​ស្គាល់​ថា​ជា​អ្នក​នយោបាយ​និយម​កណ្តាល​ម្នាក់ ដែល​ចូល​ចិត្ត​ប្រើ​មធ្យោបាយ​ការទូត​ជាង​យោធា ហើយ​ក៏​ជានាយករដ្ឋមន្រ្តី​ដែល​ផ្តោត​អាទិភាព​លើ​ការ​រក្សា​សន្តិភាព​ជាមួយ​ប៉ាគីស្ថាន។

ខុសពី​លោក​ម៉ាន់ម៉ូហាន់ ស៊ិញ នាយករដ្ឋមន្រ្តី​ឥណ្ឌា​បច្ចុប្បន្ន គឺ​លោក​ណារិនដ្រា ម៉ូឌី ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​នយោបាយម្នាក់ ដែល​មាន​និន្នាការ​ជាតិនិយម​ខ្លាំង ហើយ​ក៏​ជា​​អ្នក​ដែល​ចូលចិត្ត​ប្រកាន់​ជំហរ​តឹងរ៉ឹង​ជាមួយ​នឹង​ប៉ាគីស្ថាន។ នយោបាយ​តឹងរ៉ឹង​របស់​លោក​ណារិនដ្រា ម៉ូឌី កំពុងតែ​បង្ក​ឲ្យ​មាន​ការ​កើនឡើង​នូវ​ចរន្ត​មួយ ក្នុង​ជួរ​កងទ័ព​ឥណ្ឌា គឺ​ការ​ទាមទារ​ឲ្យ​មាន​ការ​ឆ្លើយតប​​នឹង​ប៉ាគីស្ថាន ទៅតាម​​គោលការណ៍ “ភ្នែក​ឲ្យ​ធួននឹង​ភ្នែក”។

នៅ​ក្នុង​ន័យ​នេះ​ហើយ ដែល​មន្រ្តី​កងទ័ព​ឥណ្ឌា កំពុងតែ​ជំរុញ​ឲ្យ​មាន​ការ​វាយប្រហារ​សម្លាប់​ទាហាន​ប៉ាគីស្ថាន​យ៉ាងតិច ១៧នាក់​វិញ ដើម្បី​ឲ្យ​ត្រូវ​ទៅនឹង​ចំនួន​ទាហាន​ឥណ្ឌា ដែល​ស្លាប់ ក្នុងការ​វាយប្រហារ​កាល​ពីថ្ងៃ​អាទិត្យ។ ហើយ​ការ​វាយប្រហារ​នេះ​អាច​នឹង​ត្រូវ​ធ្វើ​ឡើង ក្នុង​ទ្រង់ទ្រាយពីរ។

ជម្រើស​ទី១ គឺ​ការ​បញ្ជូន​កងកុម្ម៉ង់ដូ​ឲ្យ​លួច​ចូល​ទៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន ដើម្បី​វាយប្រហារ​លើ​ជំរំហ្វឹកហ្វឺន​របស់​ក្រុម​ប្រដាប់អាវុធ​ ដែល​គេ​ដឹង​ថា ទទួល​ជំនួយ​ពី​កងទ័ព​ប៉ាគីស្ថាន។ ក៏ប៉ុន្តែ នេះ​ជា​ប្រតិបត្តិការ​ដែល​មាន​ហានិភ័យខ្ពស់ ហើយ​កងកុម្ម៉ង់ដូ​របស់​ឥណ្ឌា​អាច​នឹង​ត្រូវ​ទទួល​បរាជ័យ​ មិន​អាច​សងសឹក​ទៅលើ​ទាហាន​ប៉ាគីស្ថាន ហើយ​ឥណ្ឌា​ថែម​ទាំង​អាច​​ត្រូវ​បាត់បង់​អាយុជីវិត​ទាហាន​បន្ថែម​ទៀត។

ជម្រើស​ទី២ គឺ​ការ​វាយប្រហារ​ដោយ​ប្រើ​កាំភ្លើងផ្លោង ទៅលើ​ទីតាំង​ទ័ព​ប៉ាគីស្ថាន នៅ​ម្ខាងទៀត​នៃ​ព្រំដែន​កាស្មៀរ។ ក៏ប៉ុន្តែ ការ​វាយប្រហារ​នេះ ក៏​មិន​ប្រាកដ​ជា​នឹង​ទទួល​បាន​ជោគជ័យ​នោះដែរ ពីព្រោះ​ថា រហូតមកទល់នឹង​ពេលនេះ កងទ័ព​ប៉ាគីស្ថាន​ប្រាកដ​ជា​បាន​ដឹងខ្លួនមុន ហើយ​រៀបចំ​វិធានការ​ការពារខ្លួន​រួចជាស្រេច​ទៅហើយ។ លើសពីនេះ​ទៅទៀត ការ​វាយប្រហារ​​​ដោយ​ផ្ទាល់​ទៅលើ​ទីតាំង​ទ័ព​ប៉ាគីស្ថាន​បែបនេះ អាច​នឹង​ធ្វើ​ឲ្យ​ជម្លោះ​ប្រដាប់​អាវុធ​ត្រូវ​រាលដាល ហើយ​បទឈប់បាញ់​តាម​ព្រំដែន ដែល​ប្រទេស​ទាំងពីរ​បាន​ចុះ កាល​ពី​ឆ្នាំ​២០០៣ ហើយ​ដែល​កំពុងតែ​រង្គោះរង្គើ​ស្រាប់​ទៅហើយ​នោះ នឹង​ត្រូវ​អស់​សុពលភាព​ទាំងស្រុង​តែម្តង។ ហើយ​ជម្លោះ​ប្រដាប់អាវុធ រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន គឺ​ជា​ក្តីកង្វល់​ដ៏ធំ​ សម្រាប់​តំបន់​អាស៊ី ក៏ដូចជា សម្រាប់​ពិភពលោក​ទាំងមូល ពីព្រោះ​ថា នៅ​ក្នុង​ដៃ​ឥណ្ឌា មាន​ក្បាលគ្រាប់​នុយក្លេអ៊ែរ​​រហូតដល់​ទៅប្រមាណ​ជា ១១០គ្រាប់ ហើយ​ប៉ាគីស្ថាន​មាន​ប្រមាណ​ជា ១២០គ្រាប់ ល្មមគ្រប់គ្រាន់​អាច​នឹង​កម្ទេច​គូបដិបក្ខ​ឲ្យ​បាត់​ពី​ផែនទី​ពិភពលោក​ស្ទើរតែ​ទាំងស្រុង​បាន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កាស្មៀរ​ឥណ្ឌា ៖ ទាហាន​១៧​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ប្រដាប់​អាវុធ​ក្នុង​បន្ទាយ

    ស្វែងយល់បន្ថែម

  • ឥណ្ឌា

    ក្តីបារម្ភ​ជុំវិញ​ការកើនឡើង​នៃ​អំពើហិង្សា​នៅ​តំបន់​កាស្មៀរ

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ដំណើររឿង​នៃ​ជម្លោះ​នៅ​តំបន់​កាស្មៀរ​រវាង​ប៉ាគីស្ថាន​និង​ឥណ្ឌា

    ស្វែងយល់បន្ថែម

  • ឥណ្ឌា-ប៉ាគីស្ថាន

    ប៉ាគីស្ថាន​ដាក់ពាក្យ​ប្តឹង​ឥណ្ឌា​ដែល​បាន​រំលោភ​បទឈប់បាញ់ នៅ​តំបន់​កាស្មៀរ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ