តើឥណ្ឌានឹងឆ្លើយតបបែបណាចំពោះការវាយប្រហារលើបន្ទាយទ័ពនៅកាស្មៀរ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣២
ការវាយប្រហារទៅលើបន្ទាយទាហានឥណ្ឌា នៅក្នុងតំបន់កាស្មៀរ កាលពីថ្ងៃអាទិត្យ ដែលបណ្តាលឲ្យទាហាន ១៧នាក់ ត្រូវស្លាប់ គឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរដែលឥណ្ឌាកម្រជួបប្រទះ ហើយវាកំពុងតែបង្កើតឲ្យមានភាពតានតឹងយ៉ាងខ្លាំង រវាងឥណ្ឌា និងប៉ាគីស្ថាន។ ភ្លាមៗក្រោយការវាយប្រហារឥណ្ឌាបានប្រកាសថានឹងធ្វើការតបតទៅវិញ ក៏ប៉ុន្តែ សំណួរដែលកំពុងតែចោទឡើងនៅពេលនេះ គឺថា តើឥណ្ឌានឹងធ្វើការឆ្លើយតបក្នុងទម្រង់បែបណា ចំពោះប៉ាគីស្ថានដែលជាមហាអំណាចនុយក្លេអ៊ែរ?
កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ ប៉ុន្មានម៉ោងក្រោយពីជនប្រដាប់អាវុធ ៤នាក់ បានលបវាយឆ្មក់ទៅលើបន្ទាយទាហានឥណ្ឌា នៅក្នុងតំបន់កាស្មៀរ បណ្តាលឲ្យទាហានឥណ្ឌា ១៧នាក់ត្រូវបាត់បង់ជីវិត លោកណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តីឥណ្ឌាបានប្រកាសថា ឥណ្ឌានឹងមិនទុកឲ្យអ្នកដែលនៅពីក្រោយការវាយប្រហារនេះរួចខ្លួននោះទេ។ លោកណារិនដ្រា ម៉ូឌី មិនបាននិយាយចំឈ្មោះប៉ាគីស្ថាននោះទេ ក៏ប៉ុន្តែ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃឥណ្ឌាបានចោទប៉ាគីស្ថានត្រង់ៗថាជា “រដ្ឋភេរវនិយម”។
ប៉ាគីស្ថានបានធ្វើការបដិសេធភ្លាមៗថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះទេ ហើយរិះគន់ឥណ្ឌាថាចេះតែចោទផ្តេសផ្តាស ដោយមិនមានការស៊ើបអង្កេតច្បាស់លាស់។ តែទោះជាមានការបដិសេធបែបនេះក៏ដោយ គេដឹងច្បាស់ថា សម្រាប់ឥណ្ឌា គ្មានអ្វីដែលត្រូវសង្ស័យនោះទេ ប៉ាគីស្ថានគឺជាអ្នកទទួលខុសត្រូវ។ គេមិនត្រូវភ្លេចទេថា តំបន់កាស្មៀរនេះ គឺជាតំបន់ជាប់ជម្លោះ រវាងប្រទេសទាំងពីរ តាំងពីរាប់សិបឆ្នាំមកហើយ ពោលគឺ ចាប់តាំងពីឥណ្ឌា និងប៉ាគីស្ថានត្រូវពុះចែកជាពីរ នៅក្រោយទទួលឯករាជ្យពីអង់គ្លេស កាលពីឆ្នាំ១៩៤៧។ គេក៏មិនត្រូវភ្លេចដែរថា ប្រទេសទាំងពីរនេះធ្លាប់ធ្វើសង្រ្គាមនឹងគ្នា ៣លើករួចមកហើយ ក្នុងនោះ ២លើក គឺកើតចេញពីជម្លោះនៅតំបន់កាស្មៀរនេះឯង។
ដូច្នេះ គេអាចសន្និដ្ឋានបានថា ការតបតរបស់ឥណ្ឌា គឺគ្រោងនឹងធ្វើទៅលើប៉ាគីស្ថាន ប៉ុន្តែ អ្វីដែលមិនច្បាស់ គឺនៅត្រង់ថា តើឥណ្ឌាអាចនឹងឆ្លើយតបយ៉ាងដូចម្តេចបាន ពីព្រោះ គេមិនត្រូវភ្លេចទេថា ប៉ាគីស្ថាន គឺជាមហាអំណាចនុយក្លេអ៊ែរ។
បើគេពិនិត្យមើលទៅលើអ្វីដែលធ្លាប់បានកើតឡើង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេឃើញថា នៅរៀងរាល់លើកដែលមានការវាយប្រហារពីសំណាក់ក្រុមប្រដាប់អាវុធមកពីប៉ាគីស្ថាន ឥណ្ឌាតែងតែចៀសវាងមិនឆ្លើយតបដោយប្រើកម្លាំងទ័ពនោះទេ ដោយខ្លាចជម្លោះត្រូវរីករាលដាលខ្លាំងទៅជាសង្រ្គាមទ្រង់ទ្រាយធំ។
ជាក់ស្តែងគេឃើញថា នៅក្រោយពីក្រុមភេរវជនមកពីប៉ាគីស្ថាន បើកការវាយប្រហារនៅទីក្រុងប៊ុមបៃ កាលពីឆ្នាំ២០០៨ សម្លាប់មនុស្សរហូតដល់ទៅ ១៦៦នាក់ ឥណ្ឌាបានចាត់វិធានការត្រឹមតែផ្លូវទូតប៉ុណ្ណោះ ដើម្បីឆ្លើយតបទៅលើប៉ាគីស្ថាន។
ក៏ប៉ុន្តែ បរិបទនយោបាយនៅឥណ្ឌា នៅក្នុងពេលបច្ចុប្បន្ននេះ ខុសពីកាលពីឆ្នាំ២០០៨។ កាលពីឆ្នាំ២០០៨ ឥណ្ឌាស្ថិតក្រោមការដឹកនាំរបស់លោកម៉ាន់ម៉ូហាន់ ស៊ិញ ដែលគេស្គាល់ថាជាអ្នកនយោបាយនិយមកណ្តាលម្នាក់ ដែលចូលចិត្តប្រើមធ្យោបាយការទូតជាងយោធា ហើយក៏ជានាយករដ្ឋមន្រ្តីដែលផ្តោតអាទិភាពលើការរក្សាសន្តិភាពជាមួយប៉ាគីស្ថាន។
ខុសពីលោកម៉ាន់ម៉ូហាន់ ស៊ិញ នាយករដ្ឋមន្រ្តីឥណ្ឌាបច្ចុប្បន្ន គឺលោកណារិនដ្រា ម៉ូឌី ត្រូវបានគេស្គាល់ថាជាអ្នកនយោបាយម្នាក់ ដែលមាននិន្នាការជាតិនិយមខ្លាំង ហើយក៏ជាអ្នកដែលចូលចិត្តប្រកាន់ជំហរតឹងរ៉ឹងជាមួយនឹងប៉ាគីស្ថាន។ នយោបាយតឹងរ៉ឹងរបស់លោកណារិនដ្រា ម៉ូឌី កំពុងតែបង្កឲ្យមានការកើនឡើងនូវចរន្តមួយ ក្នុងជួរកងទ័ពឥណ្ឌា គឺការទាមទារឲ្យមានការឆ្លើយតបនឹងប៉ាគីស្ថាន ទៅតាមគោលការណ៍ “ភ្នែកឲ្យធួននឹងភ្នែក”។
នៅក្នុងន័យនេះហើយ ដែលមន្រ្តីកងទ័ពឥណ្ឌា កំពុងតែជំរុញឲ្យមានការវាយប្រហារសម្លាប់ទាហានប៉ាគីស្ថានយ៉ាងតិច ១៧នាក់វិញ ដើម្បីឲ្យត្រូវទៅនឹងចំនួនទាហានឥណ្ឌា ដែលស្លាប់ ក្នុងការវាយប្រហារកាលពីថ្ងៃអាទិត្យ។ ហើយការវាយប្រហារនេះអាចនឹងត្រូវធ្វើឡើង ក្នុងទ្រង់ទ្រាយពីរ។
ជម្រើសទី១ គឺការបញ្ជូនកងកុម្ម៉ង់ដូឲ្យលួចចូលទៅក្នុងទឹកដីប៉ាគីស្ថាន ដើម្បីវាយប្រហារលើជំរំហ្វឹកហ្វឺនរបស់ក្រុមប្រដាប់អាវុធ ដែលគេដឹងថា ទទួលជំនួយពីកងទ័ពប៉ាគីស្ថាន។ ក៏ប៉ុន្តែ នេះជាប្រតិបត្តិការដែលមានហានិភ័យខ្ពស់ ហើយកងកុម្ម៉ង់ដូរបស់ឥណ្ឌាអាចនឹងត្រូវទទួលបរាជ័យ មិនអាចសងសឹកទៅលើទាហានប៉ាគីស្ថាន ហើយឥណ្ឌាថែមទាំងអាចត្រូវបាត់បង់អាយុជីវិតទាហានបន្ថែមទៀត។
ជម្រើសទី២ គឺការវាយប្រហារដោយប្រើកាំភ្លើងផ្លោង ទៅលើទីតាំងទ័ពប៉ាគីស្ថាន នៅម្ខាងទៀតនៃព្រំដែនកាស្មៀរ។ ក៏ប៉ុន្តែ ការវាយប្រហារនេះ ក៏មិនប្រាកដជានឹងទទួលបានជោគជ័យនោះដែរ ពីព្រោះថា រហូតមកទល់នឹងពេលនេះ កងទ័ពប៉ាគីស្ថានប្រាកដជាបានដឹងខ្លួនមុន ហើយរៀបចំវិធានការការពារខ្លួនរួចជាស្រេចទៅហើយ។ លើសពីនេះទៅទៀត ការវាយប្រហារដោយផ្ទាល់ទៅលើទីតាំងទ័ពប៉ាគីស្ថានបែបនេះ អាចនឹងធ្វើឲ្យជម្លោះប្រដាប់អាវុធត្រូវរាលដាល ហើយបទឈប់បាញ់តាមព្រំដែន ដែលប្រទេសទាំងពីរបានចុះ កាលពីឆ្នាំ២០០៣ ហើយដែលកំពុងតែរង្គោះរង្គើស្រាប់ទៅហើយនោះ នឹងត្រូវអស់សុពលភាពទាំងស្រុងតែម្តង។ ហើយជម្លោះប្រដាប់អាវុធ រវាងឥណ្ឌា និងប៉ាគីស្ថាន គឺជាក្តីកង្វល់ដ៏ធំ សម្រាប់តំបន់អាស៊ី ក៏ដូចជា សម្រាប់ពិភពលោកទាំងមូល ពីព្រោះថា នៅក្នុងដៃឥណ្ឌា មានក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ទៅប្រមាណជា ១១០គ្រាប់ ហើយប៉ាគីស្ថានមានប្រមាណជា ១២០គ្រាប់ ល្មមគ្រប់គ្រាន់អាចនឹងកម្ទេចគូបដិបក្ខឲ្យបាត់ពីផែនទីពិភពលោកស្ទើរតែទាំងស្រុងបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ