អានតួអត្ថបទ
ចិន-ហុងកុង

បាតុកម្ម​ប្រឆាំង​​ក្នុង​ពេល​​លោក​ហ៊ូ ជិនតាវ​បំពេញ​ទស្សនកិច្ច​នៅ​ហុងកុង

លោក​ហ៊ូ ជិនតាវ ប្រធានាធិបតី​ចិន ដែល​ចូលរួម​ក្នុង​ពិធីប្រារព្ធខួប​ ១៥​ឆ្នាំ នៃ​ការ​ផ្ទេរ​ការ​គ្រប់គ្រង​កោះហុងកុង ពី​អង់គ្លេស​មកចិន នៅថ្ងៃ​អាទិត្យ​នេះ បាន​ប្រឈមមុខ​នឹង​បាតុកម្ម​ប្រឆាំង ដែល​រិះគន់​ការ​រំលោភ​សិទ្ធិមនុស្ស នៅ​ចិន និង​​ទាមទារ​ឲ្យ​ចិន​បញ្ឈប់​របប​នយោបាយ​បែប​ឯកបក្ស។

បាតុករ​រាប់ម៉ឺននាក់​នៅ​ហុងកុង​ទាមទារ​ឲ្យលោក Leung Chun-Ying ​អភិបាល​ថ្មី​លាលែង​ចេញ​ពី​តំណែង
បាតុករ​រាប់ម៉ឺននាក់​នៅ​ហុងកុង​ទាមទារ​ឲ្យលោក Leung Chun-Ying ​អភិបាល​ថ្មី​លាលែង​ចេញ​ពី​តំណែង REUTERS/Bobby Yip
ផ្សាយពាណិជ្ជកម្ម

ថ្លែងទៅកាន់​ភ្ញៀវ​ប្រមាណ​ជាង ២ពាន់​នាក់ ក្នុង​ពិធីប្រាព្ធខួប ១៥ឆ្នាំ នៃ​ការ​ផ្ទេរ​ការគ្រប់គ្រង​កោះហុងកុង នៅព្រឹកថ្ងៃ​អាទិត្យ​នេះ លោក​ហ៊ូ ជិនតាវ បាន​ប្រកាស​សន្យាថា ចិន​នឹង​បន្ត​គោរព​នូវ​ច្បាប់​​មូលដ្ឋាន (Basic Law ដែល​ជា​ច្បាប់​ធម្មនុញ្ញ​​របស់​ហុងកុង) ដែល​មាន​ចែង​អំពី​គោលការណ៍ “ប្រទេសមួយ ប្រព័ន្ធ​គ្រប់គ្រង​ពីរ”។

គួររំឭកឡើងវិញ​ថា ក្រោយ​ពី​កោះហុងកុង​ត្រូវបាន​រាជាណាចក្រ​អង់គ្លេស​ប្រគល់​ទៅ​ឲ្យ​ចិនវិញ នៅ​ឆ្នាំ​១៩៩៧ ហុងកុង​​​ត្រូវ​គ្រប់គ្រង​ដោយ​របបនយោបាយ​ដាច់ដោយឡែក​ពី​ចិនដីគោក ដោយ​មាន​ច្បាប់​ធម្មនុញ្ញ ទង់ជាតិ រូបិយប័ណ្ណ កម្លាំងប៉ូលិស និង​ប្រព័ន្ធ​តុលាការ​ផ្ទាល់ខ្លួន។

នៅព្រឹកមិញ​នេះ នៅក្នុង​ពេល​ដែល​លោក​ហ៊ូ ជិនតាវ កំពុង​ថ្លែង​សុន្ទរកថា​ ស្រាប់​តែ​មាន​បាតុករ​ម្នាក់​ ងើបឈរឡើង ហើយ​ស្រែក​ទាមទារ​ឲ្យ​ចិន​បោះបង់ចោល​របបនយោបាយ​បែបឯកបក្ស។ មុននឹង​ត្រូវ​ភ្នាក់ងារ​សន្តិសុខ​ចាប់នាំខ្លួនចេញ​​ បាតុករ​រូបនេះ​ក៏​បាន​ស្រែករិះគន់​ផងដែរ ជុំវិញ​ការ​បង្រ្កាប​បាតុកម្ម​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ទីលាន​ Tiananmen ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ទី៤ មិថុនា ឆ្នាំ​១៩៨៩។

នៅ​រសៀល​ថ្ងៃអាទិត្យ បាតុកម្ម​ទ្រង់ទ្រាយ​ធំមួយ ដោយមាន​អ្នកចូលរួម​រាប់ម៉ឺននាក់ ត្រូវ​បាន​គេ​រៀបចំ​ធ្វើ ដូចជា​រៀងរាល់​ឆ្នាំ ក៏ប៉ុន្តែ លោក​ហ៊ូ ជិនតាវ បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ហុងកុង តាំង​ពីមុន​ថ្ងៃ​ត្រង់ម៉្លេះ។

គួរ​បញ្ជាក់ថា ដំណើរទស្សនកិច្ច​របស់​លោក​ហ៊ូ ជិនតាវ នៅ​ហុងកុង បាន​ចាប់ផ្តើម​តាំង​ពីថ្ងៃ​សុក្រ។ មុននឹង​ចូលរួម​ក្នុង​ពិធី​ប្រារព្ធខួប ១៥​ឆ្នាំ នៃ​ការ​ផ្ទេរ​ការគ្រប់គ្រង​កោះហុងកុង លោក​ប្រធានាធិបតី​ចិន​ក៏​បាន​ចូលរួម​ផងដែរ ក្នុង​ពិធី​ចូលកាន់តំណែង​ជាផ្លូវការ​នៃ​អភិបាល​ថ្មី​របស់​ហុងកុង។ អភិបាល​ហុងកុង​ថ្មី គឺ​លោក Leung Chun-Ying គឺ​ជា​អតីត​អ្នក​ជំនួញ​ហុងកុង ដែល​ត្រូវបាន​គេ​មើលឃើញ​ថា ជា​មនុស្ស​ស្និទ្ធ​នឹង​បក្សកុម្មុយនិស្ត​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ