អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​គោរព​សិទ្ធិ​មនុស្ស ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​មន្ត្រី​មាន​អំណាច​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ ដែល​ទើប​តែ​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ជា​ព្រឹត្តិការណ៍​ដែល​បង្ហាញ​ថា ប្រធានបទ​ស្តី​ពី​ការ​គោរព​សិទ្ធិ​កំពុង​ក្លាយជា​បញ្ហា​ក្តៅ​គគុក​នៅ​កម្ពុជា។ ទាំង​អង្គការ​សង្គម​ស៊ីវិល ទាំង​បក្ស​ប្រឆាំង រដ្ឋាភិបាល បក្ស​កាន់​អំណាច និង​ទាំង​អាជ្ញាធរ​សុទ្ធតែ​បាន​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​យ៉ាង​កង​រំពង។ នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា កម្ពុជា​ត្រូវ​ការ​ការ​គោរព​សិទ្ធិមនុស្ស​ដ៏​ពិត​ប្រាកដ​មួយ។ ប៉ុន្តែ ការ​គោរព​សិទ្ធិមនុស្ស​ទាមទារ​ចាំបាច់​នូវ​ការ​ផ្លាស់ប្តូរ​ផ្នត់​គំនិត​អ្នក​ដឹកនាំ​និង​មន្ត្រី​អាជ្ញាធរ។

ក្បួន​ដង្ហែសិទ្ធិយាត្រា ទាមទារ​សិទ្ធមនុស្ស របស់សង្គម​ស៊ីវិល​។
ក្បួន​ដង្ហែសិទ្ធិយាត្រា ទាមទារ​សិទ្ធមនុស្ស របស់សង្គម​ស៊ីវិល​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ ដែល​បាន​ប្រារព្ធ​ធ្វើ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ គេ​ពិតជា​អាច​យល់​បាន​ថា គ្រប់​គ្នា​ទាំង​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​អ្នក​ដឹកនាំ​រដ្ឋាភិបាល​សុទ្ធតែ​បាន​យល់​ពី​សារសំខាន់​នៃ​ការគោរព​សិទ្ធិមនុស្ស។ ប៉ុន្តែ ការ​ផ្តល់​និយមន័យ​អំពី​សិទ្ធិ​មនុស្ស​ហាក់​មិន​ទាន់​ស៊ី​សង្វាក់​គ្នា​នៅ​ឡើយ​ទេ។

 
ជាទូទៅ និយាយ​ពី​សិទ្ធិមនុស្ស រដ្ឋាភិបាល​តែង​រម្លឹក​ពី​របប​ខ្មែរក្រហម​ដើម្បី​ធ្វើជា​គោល។ ការផ្សារភ្ជាប់​ការគោរព​សិទ្ធិមនុស្ស​ទៅនឹង​របប​ខ្មែរក្រហម​ពីព្រោះ​តែ​គណបក្សកាន់អំណាច​ចង់​រំលេច​ឲ្យ​ឃើញថា ខ្លួន​ពិតជា​បាន​នាំមក​នូវ​សិទ្ធិសេរីភាព​ដ៏​សំខាន់​ដល់​ប្រជាជន​កម្ពុជា​គឺ​សិទ្ធិ​រស់រានមានជីវិត​ដែល​បាន​បាត់បង់​ក្នុង​របប ប៉ុល ពត ។ ក្រៅពី​សិទ្ធិ​រស់រានមានជីវិត គណបក្ស​ប្រជាជន​កម្ពុជា​ក៏​តែង​បង្ហាញថា​សមិទ្ធផល​ទាំងឡាយ​ដែល​ប្រជាជន​កម្ពុ​ជាមាន​នៅពេល​នេះ​បានមក​ដោយសារ​ថ្ងៃ៧មករា។

ពិតណាស់ ការលើក​ហេតុផល​ទាំងនេះ​មិន​ខុស​ទេពី​ព្រោះនេះ​ជា​រឿងរ៉ាវ​ដែល​បាន​កើតឡើងពិតៗ ដែល​ពលរដ្ឋ​ខ្មែរ​បាន​ជួបប្រទះ។ ប៉ុន្តែ គេ​ក៏​មិនត្រូវ​ភ្លេច​ដែរ​ថា សិទ្ធិសេរីភាព​របស់​ម​នុស្ស​មិនមែន​ត្រឹមតែ​ការរស់រានមានជីវិត​នោះទេ តែ​មនុស្ស​ពិតជា​ត្រូវការ​សិទ្ធិសេរីភាព​ច្រើនជាង​នេះ​ទៅតាម​ការវិវឌ្ឍ​នៃ​សង្គម​បរិយាកាស​ដែល​ខ្លួន​កំពុង​រស់នៅ ពោលគឺ​ជាង ៣០ឆ្នាំក្រោយ​របប​ខ្មែរក្រហម សេចក្តីត្រូវការ​របស់​ពលរដ្ឋ​ខ្មែរ​ប្រែប្រួល​ខុស​កាលពី​របប​នោះ​ឆ្ងាយ​ណាស់។

ទោះជា​យ៉ាងនេះ​ក្តី ក៏​បច្ចុប្បន្ន នៅមាន​បញ្ហា​មួយចំនួន​មាន​ចរិត​មិន​ខុស​ឆ្ងាយ​ពី៣០ឆ្នាំមុន​ប៉ុន្មាន​នៅឡើយ។ ជាក់ស្តែង ការ​រឹបអូស​ដីធ្លី បញ្ហា​និ​ទណ្ឌ​ភាព​ក្នុង​សំណុំរឿង​ជាច្រើន​ដែល​ជនដៃដល់​ក្នុង​បទឧក្រិដ្ឋ​មិនត្រូវ​បាន​ចាប់ខ្លួន​មក​ផ្តន្ទាទោស និង​អំពើ​អយុត្តិធម៌​សង្គម​ជាច្រើន​ទៀត... សុទ្ធតែ​បង្ក​ឲ្យ​មាន​ជនរងគ្រោះ​ជាច្រើន។ នេះ​នៅ​មិនទាន់​រាប់​ការរំលោភ​សិទ្ធិមនុស្ស​តាប​បែប​ថ្មី​ដូចជា​សិទ្ធិ​ក្នុង​ការធ្វើ​នយោបាយ សិទ្ធិ​បញ្ចេញមតិ និង​សិទ្ធិ​ទទួលបាន​យុត្តិធម៌​ចំពោះមុខ​ច្បាប់ ជាដើម​នោះ​ផង​ទេ។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​បណ្តាល​ឲ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ មូលហេតុ​សំខាន់​ជាងគេ​គឺ​មកពី​មន្ត្រី​មានអំណាច​ផ្លាស់ប្តូរ​ផ្នត់គំនិត​មិនទាន់​សភាពការណ៍​វិវឌ្ឍន៍​របស់​ប្រទេសជាតិ។ ពិតណាស់ អ្វីដែល​មិនគួរ​ឲ្យ​ជឿ​នោះ​គឺ ជាង៣០ឆ្នាំ​កន្លងផុតទៅ នៅតែមាន​មន្ត្រី​ដែល​គិតថា អំណាច​អាចធ្វើ​អ្វី​ក៏បាន។ ពួកគេ​នៅតែ​ចិញ្ចឹមចិត្ត​ធ្វើ​ចៅហ្វាយ​របស់​រាស្ត្រ​ម្ចាស់ឆ្នោត។ ពួកគេ​នៅតែ​ប្រើ​វិធី​គ្រប់គ្រង​មនុស្ស​តាមបែប​ចាប់បង្ខំ​ដូច​កាលពីមុន​ដដែល​ខ​ណៈ​ដែល​ប្រជាធិបតេយ្យ​ចាក់​ឬ​ស​កាន់តែ​ជ្រៅ​ណាស់​ទៅហើយ​ក្នុងចំណោម​ពលរដ្ឋ​ខ្មែរ។

ជាក់ស្តែង អាជ្ញាធរ​មួយចំនួន​នៅតែ​ប្រើ​វិធី​គាបសង្កត់​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ សមត្ថកិច្ច​ខ្លះ​នៅតែ​ប្រើ​វិធី​គំរាមកំហែង​កុំ​ឲ្យ​ពលរដ្ឋ​ប្រឆាំង​តវ៉ា​ជាមួយ​ខ្លួន និង​មន្ត្រី​រដ្ឋាភិបាល​ខ្លះ​នៅតែ​គិតថា អំណាច​អាច​ការពារ​ពួកគេ​ឲ្យ​ផុតពី​សំណាញ់​ច្បាប់​បាន។ ផ្នត់គំនិត​ទាំងនេះហើយ​ដែល​ជំរុញ​ឲ្យ​ពួកគេ​ហ៊ាន​ធ្វើ​សកម្មភាព​រំលោភសិទ្ធិ​មនុស្ស​ជា​បន្តបន្ទាប់ ហើយក៏​ដោយសារ​ផ្នត់គំនិត​បែបនេះ​ដែរ​ធ្វើ​ឲ្យ​វប្បធម៌​និ​ទណ្ឌ​ភាព​បន្ត​អត្ថិភាព​នៅឡើយ។

ប៉ុន្តែ អ្វីៗទាំងនេះ​មិនអាច​លាក់បាំង​ពី​ភ្នែក​មហាជន​បាន​ទៀតឡើយ​នៅក្នុង​បរិបទ​ដែល​ប្រជាពលរដ្ឋ​យល់ដឹង​ពី​ប្រជាធិបតេយ្យ​កាន់តែខ្លាំង។ ចំណែកឯ​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​កាន់តែ​មាន​ឥទ្ធិពល​ខ្លាំង​ក្នុងសង្គម។ និយាយ​សរុប​ដោយ​ខ្លី មន្ត្រី​អាជ្ញាធរ​រដ្ឋាភិបាល​មួយចំនួន​ហាក់ដូចជា​ទទួលបាន​ថ្ន​ត់​គំនិត​ថ្មី​តិចជាង​ប្រជាពលរដ្ឋ​របស់ខ្លួន។

ដូច្នេះ ដើម្បី​ឈានទៅ​លើកស្ទួយ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មន្ត្រី​រដ្ឋាភិបាល​និង​អាជ្ញាធរ​ត្រូវ​ផ្លាស់ប្តូរ​ផ្នត់គំនិត​ចាស់​ហើយ​ទទួលយក​របៀប​ដឹកនាំ​តាមបែប​ថ្មី​ជា​ចាំបាច់។ របៀប​ដឹកនាំ​ដែល​បង្ខំ​ឲ្យ​គេ​ជឿ«រឿង​ខុស​ថា​ជា​ត្រូវ»លែងមាន​ប្រសិទ្ធភាព​ទៀតហើយ។ ប្រសិទ្ធភាព​ពិតប្រាកដ​នៃ​ការដឹកនាំ​ក្នុង​សម័យនេះ គឺ​ការព្យាយាម​ស្វែងយល់​ពី​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ​និង​ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង​រប​ស់​ពួកគេ​ឲ្យ​បាន​សមស្រប។

នេះ​ជា​វិ​ញ្ញា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ក្នុង​បរិបទ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ដែល​អ្នកនយោបាយ​ត្រូវ​ប្រឡងប្រជែង​គ្នា។ អ្នកណា​ឈ្នះ​ក្នុង​វិញ្ញាសា​នេះ​នឹង​ទទួលបាន​ការផ្តល់​ពិន្ទុ​ល្អ​ពី​អ្នកបោះឆ្នោត។ រីឯ​អ្នកចាញ់​ នឹង​ត្រូវគេ​ផាត់​ចេញពី​អំណាច​ជា​ស្វ័យប្រវត្តិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ