ការគោរពសិទ្ធិមនុស្ស ទាមទារឲ្យមានការផ្លាស់ប្តូរផ្នត់គំនិតមន្ត្រីមានអំណាច!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:០៦
ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដែលទើបតែបានបញ្ចប់ទៅកាលពីថ្ងៃអង្គារម្សិលមិញជាព្រឹត្តិការណ៍ដែលបង្ហាញថា ប្រធានបទស្តីពីការគោរពសិទ្ធិកំពុងក្លាយជាបញ្ហាក្តៅគគុកនៅកម្ពុជា។ ទាំងអង្គការសង្គមស៊ីវិល ទាំងបក្សប្រឆាំង រដ្ឋាភិបាល បក្សកាន់អំណាច និងទាំងអាជ្ញាធរសុទ្ធតែបានប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិយ៉ាងកងរំពង។ នេះសបញ្ជាក់ឲ្យឃើញថា កម្ពុជាត្រូវការការគោរពសិទ្ធិមនុស្សដ៏ពិតប្រាកដមួយ។ ប៉ុន្តែ ការគោរពសិទ្ធិមនុស្សទាមទារចាំបាច់នូវការផ្លាស់ប្តូរផ្នត់គំនិតអ្នកដឹកនាំនិងមន្ត្រីអាជ្ញាធរ។
តាមរយៈទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃអង្គារម្សិលមិញ គេពិតជាអាចយល់បានថា គ្រប់គ្នាទាំងបក្សប្រឆាំង សង្គមស៊ីវិល និងអ្នកដឹកនាំរដ្ឋាភិបាលសុទ្ធតែបានយល់ពីសារសំខាន់នៃការគោរពសិទ្ធិមនុស្ស។ ប៉ុន្តែ ការផ្តល់និយមន័យអំពីសិទ្ធិមនុស្សហាក់មិនទាន់ស៊ីសង្វាក់គ្នានៅឡើយទេ។
ជាទូទៅ និយាយពីសិទ្ធិមនុស្ស រដ្ឋាភិបាលតែងរម្លឹកពីរបបខ្មែរក្រហមដើម្បីធ្វើជាគោល។ ការផ្សារភ្ជាប់ការគោរពសិទ្ធិមនុស្សទៅនឹងរបបខ្មែរក្រហមពីព្រោះតែគណបក្សកាន់អំណាចចង់រំលេចឲ្យឃើញថា ខ្លួនពិតជាបាននាំមកនូវសិទ្ធិសេរីភាពដ៏សំខាន់ដល់ប្រជាជនកម្ពុជាគឺសិទ្ធិរស់រានមានជីវិតដែលបានបាត់បង់ក្នុងរបប ប៉ុល ពត ។ ក្រៅពីសិទ្ធិរស់រានមានជីវិត គណបក្សប្រជាជនកម្ពុជាក៏តែងបង្ហាញថាសមិទ្ធផលទាំងឡាយដែលប្រជាជនកម្ពុជាមាននៅពេលនេះបានមកដោយសារថ្ងៃ៧មករា។
ពិតណាស់ ការលើកហេតុផលទាំងនេះមិនខុសទេពីព្រោះនេះជារឿងរ៉ាវដែលបានកើតឡើងពិតៗ ដែលពលរដ្ឋខ្មែរបានជួបប្រទះ។ ប៉ុន្តែ គេក៏មិនត្រូវភ្លេចដែរថា សិទ្ធិសេរីភាពរបស់មនុស្សមិនមែនត្រឹមតែការរស់រានមានជីវិតនោះទេ តែមនុស្សពិតជាត្រូវការសិទ្ធិសេរីភាពច្រើនជាងនេះទៅតាមការវិវឌ្ឍនៃសង្គមបរិយាកាសដែលខ្លួនកំពុងរស់នៅ ពោលគឺជាង ៣០ឆ្នាំក្រោយរបបខ្មែរក្រហម សេចក្តីត្រូវការរបស់ពលរដ្ឋខ្មែរប្រែប្រួលខុសកាលពីរបបនោះឆ្ងាយណាស់។
ទោះជាយ៉ាងនេះក្តី ក៏បច្ចុប្បន្ន នៅមានបញ្ហាមួយចំនួនមានចរិតមិនខុសឆ្ងាយពី៣០ឆ្នាំមុនប៉ុន្មាននៅឡើយ។ ជាក់ស្តែង ការរឹបអូសដីធ្លី បញ្ហានិទណ្ឌភាពក្នុងសំណុំរឿងជាច្រើនដែលជនដៃដល់ក្នុងបទឧក្រិដ្ឋមិនត្រូវបានចាប់ខ្លួនមកផ្តន្ទាទោស និងអំពើអយុត្តិធម៌សង្គមជាច្រើនទៀត... សុទ្ធតែបង្កឲ្យមានជនរងគ្រោះជាច្រើន។ នេះនៅមិនទាន់រាប់ការរំលោភសិទ្ធិមនុស្សតាបបែបថ្មីដូចជាសិទ្ធិក្នុងការធ្វើនយោបាយ សិទ្ធិបញ្ចេញមតិ និងសិទ្ធិទទួលបានយុត្តិធម៌ចំពោះមុខច្បាប់ ជាដើមនោះផងទេ។
មានមូលហេតុច្រើនយ៉ាងដែលបណ្តាលឲ្យមានការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ មូលហេតុសំខាន់ជាងគេគឺមកពីមន្ត្រីមានអំណាចផ្លាស់ប្តូរផ្នត់គំនិតមិនទាន់សភាពការណ៍វិវឌ្ឍន៍របស់ប្រទេសជាតិ។ ពិតណាស់ អ្វីដែលមិនគួរឲ្យជឿនោះគឺ ជាង៣០ឆ្នាំកន្លងផុតទៅ នៅតែមានមន្ត្រីដែលគិតថា អំណាចអាចធ្វើអ្វីក៏បាន។ ពួកគេនៅតែចិញ្ចឹមចិត្តធ្វើចៅហ្វាយរបស់រាស្ត្រម្ចាស់ឆ្នោត។ ពួកគេនៅតែប្រើវិធីគ្រប់គ្រងមនុស្សតាមបែបចាប់បង្ខំដូចកាលពីមុនដដែលខណៈដែលប្រជាធិបតេយ្យចាក់ឬសកាន់តែជ្រៅណាស់ទៅហើយក្នុងចំណោមពលរដ្ឋខ្មែរ។
ជាក់ស្តែង អាជ្ញាធរមួយចំនួននៅតែប្រើវិធីគាបសង្កត់ឲ្យពលរដ្ឋបោះឆ្នោតឲ្យ សមត្ថកិច្ចខ្លះនៅតែប្រើវិធីគំរាមកំហែងកុំឲ្យពលរដ្ឋប្រឆាំងតវ៉ាជាមួយខ្លួន និងមន្ត្រីរដ្ឋាភិបាលខ្លះនៅតែគិតថា អំណាចអាចការពារពួកគេឲ្យផុតពីសំណាញ់ច្បាប់បាន។ ផ្នត់គំនិតទាំងនេះហើយដែលជំរុញឲ្យពួកគេហ៊ានធ្វើសកម្មភាពរំលោភសិទ្ធិមនុស្សជាបន្តបន្ទាប់ ហើយក៏ដោយសារផ្នត់គំនិតបែបនេះដែរធ្វើឲ្យវប្បធម៌និទណ្ឌភាពបន្តអត្ថិភាពនៅឡើយ។
ប៉ុន្តែ អ្វីៗទាំងនេះមិនអាចលាក់បាំងពីភ្នែកមហាជនបានទៀតឡើយនៅក្នុងបរិបទដែលប្រជាពលរដ្ឋយល់ដឹងពីប្រជាធិបតេយ្យកាន់តែខ្លាំង។ ចំណែកឯសកម្មភាពការពារសិទ្ធិមនុស្សនិងបណ្តាញផ្សាយព័ត៌មានកាន់តែមានឥទ្ធិពលខ្លាំងក្នុងសង្គម។ និយាយសរុបដោយខ្លី មន្ត្រីអាជ្ញាធររដ្ឋាភិបាលមួយចំនួនហាក់ដូចជាទទួលបានថ្នត់គំនិតថ្មីតិចជាងប្រជាពលរដ្ឋរបស់ខ្លួន។
ដូច្នេះ ដើម្បីឈានទៅលើកស្ទួយការគោរពសិទ្ធិមនុស្សនៅកម្ពុជា មន្ត្រីរដ្ឋាភិបាលនិងអាជ្ញាធរត្រូវផ្លាស់ប្តូរផ្នត់គំនិតចាស់ហើយទទួលយករបៀបដឹកនាំតាមបែបថ្មីជាចាំបាច់។ របៀបដឹកនាំដែលបង្ខំឲ្យគេជឿ«រឿងខុសថាជាត្រូវ»លែងមានប្រសិទ្ធភាពទៀតហើយ។ ប្រសិទ្ធភាពពិតប្រាកដនៃការដឹកនាំក្នុងសម័យនេះ គឺការព្យាយាមស្វែងយល់ពីសេចក្តីត្រូវការរបស់ពលរដ្ឋនិងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ពួកគេឲ្យបានសមស្រប។
នេះជាវិញ្ញាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្នុងបរិបទប្រទេសកម្ពុជាបច្ចុប្បន្នដែលអ្នកនយោបាយត្រូវប្រឡងប្រជែងគ្នា។ អ្នកណាឈ្នះក្នុងវិញ្ញាសានេះនឹងទទួលបានការផ្តល់ពិន្ទុល្អពីអ្នកបោះឆ្នោត។ រីឯអ្នកចាញ់ នឹងត្រូវគេផាត់ចេញពីអំណាចជាស្វ័យប្រវត្តិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ