អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន ម៉ាណែត ​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​កម្ពុជា​នៅ​អឺរ៉ុប​ បន្ទាប់​ពី​សភា​អឺរ៉ុប​ដាក់​សម្ពាធ​

កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​ដឹកនាំ​ប្រតិភូ​យុវជន​មួយ​ក្រុម​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ចំនួន​៤ ​ដើម្បី​ធ្វើ​យុទ្ធនាការ​ពន្យល់​ ផ្សព្វផ្សាយ​ដល់​ប្រជាជន​ខ្មែរ​នៅ​ឯនាយ​សមុទ្រ ​និង​ជួប​មន្ត្រី​ប្រទេស​ទាំង​​នោះ ​​ពី​​ស្ថាន​ភាព​ពិត​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​។​ការ​ធ្វើដំណើរ​ទៅ​កាន់​ទ្វីប​អឺរ៉ុប​របស់​លោក​ហ៊ុន ​ម៉ាណែត ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សភា​អឺរ៉ុប​ស្នើ​ឲ្យ​មាន​ការ​លើក​ទោស​លោក​សម រង្សី និង​សកម្មជន​ ព្រម​ទាំង​គំរាម​កាត់​ជំនួយ​ពី​ប្រទេស​កម្ពុជា​។

លោក ហ៊ុន ម៉ាណែត ផ្ដល់​បទ​សម្ភាស​ដល់​ទូរទស្សន៍អូស្ត្រាលី
លោក ហ៊ុន ម៉ាណែត ផ្ដល់​បទ​សម្ភាស​ដល់​ទូរទស្សន៍អូស្ត្រាលី
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃ​បន្ទាប់​ពី​សភាសហភាព​​អឺរ៉ុប​ដាក់​សម្ពាធ​មក​លើ​ប្រទេស​កម្ពុជា ​លើ​ករណី​លោក ​សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ថា​សហគមន៍​ប្រទេស​ជឿនលឿន​ចំនួន​២៨​ប្រទេស​នេះ​នឹង​ដក​ហូត​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ជាង​៤០០​លាន​ដុល្លារ​នោះ ​កូន​ប្រុសច្បង​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​គឺ​លោក​ហ៊ុន ​ម៉ាណែត ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ចំនួន​៤​។

ការ​ធ្វើ​ដំណើរ​របស់​លោក ហ៊ុន ម៉ាណែត ​អម​ដោយប្រ​តិភូ​យុវជន​មួយ​ក្រុម​ កាល​ពី​ល្ងាច​ថ្ងៃសុ​ក្រ​ម្សិល​មិញ ​ទៅ​កាន់​ប្រទេស​បារាំង ​ប៊ែលហ្សិក ​អាឡឺម៉ង់ និង​ស្វីស ​នៅ​ពេល​នេះ ​ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយ​តប​ទៅ​វិញ​ពី​សកម្មភាព​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក សម រង្សី ដែល​បាន​ស្វះស្វែង​រក​អន្តរាគមន៍​ពី​ប្រទេស​ទាំង​នោះ ​ដើម្បី​ឲ្យ​ប្រព័ន្ធ​ច្បាប់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​លើក​លែង​ការ​ចាប់​ខ្លួន​លោក​ និង​ស​កម្មជន​ និង​បើកផ្លូវ​ឲ្យ​លោក​ចូលមក​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើ​ស​កម្មភាព​នយោបាយ​ឡើង​វិញ​។

ដោយ​មិន​បាន​លើក​ឡើង​ចំៗ​លោក ហ៊ុន ម៉ាណែត​ បាន​ប្រាប់​អ្នក​សារព័ត៌​មាន​នៅ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​ថា​គោល​បំណង​របស់​លោក​គឺ​ដើម្បី​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ទាំង​នោះ ជួប​ជា​មួយ​សមាជិក​គាំ​ទ្រ​គណបក្ស​ប្រជាជន​ និង​ជួប​ជា​មួយ​មន្ត្រី​អឺរ៉ុប​ ដែល​ធ្វើ​ការងារ​ទាក់ទង​ទៅ​នឹង​សមាគម​ខ្មែរ​នៅ​ទីនោះ​។មួយ​វិញ​ទៀត​ ទស្សន​កិច្ចចំនួន​១១​ថ្ងៃ​នេះ​ នឹង​ពិនិត្យ​មើល​ផង​ដែរ​ពី​លទ្ធភាព​នៃ​ការ​ភ្ជាប់​ទំនាក់​ទំនង​ទីក្រុង​មួយ​ចំនួន​ពី​ប្រទេស​ផ្សេងៗ​តាម​រូបភាព​វប្បធម៌​និង​អប់រំ​ជាមួយ​នឹង​យុវជន​។ នេះ​បើ​តាម​លោក ហ៊ុន ​ម៉ាណែត​។

បើទោះណា​ជា​លោក ម៉ាណែត​ មិន​បាន​បញ្ជាក់​ចំៗ​យ៉ាង​ណា​ក៏​ដោយ​ទាក់ទង​ទៅ​នឹង​គោល​បំណងធំ​នៃការ​ទៅ​កាន់​ប្រទេស​ដែល​ជា​ក្បាល​ម៉ាស៊ីន​អឺរ៉ុប​នោះ ​ក៏​ប៉ុន្តែ​លោ​ក សុខ ​ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វិទ្យុបារាំង ​RFI​ ថា​ដំណើរ​របស់​លោក​ ហ៊ុន ម៉ាណែត ​ទៅ​ប៉ែក​អឺរ៉ុប​អាចចាត់​ទុក​ថា​ជា​យុទ្ធនា​ការ​ឃោសនា​ស្តីពី​នយោបាយ​ សេដ្ឋកិច្ច​ និង​សង្គម​ ពិតប្រាកដ​របស់​កម្ពុជា​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ឯនាយ​សមុទ្រ​។
មិន​ច្បាស់​ថា​ក្រុម​ប្រតិ​ភូ​យុវជន​ដែល​ដឹកនាំ​ដោយ​កូនប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី​ នឹង​មាន​ជំនួប​ជាមួយ​មន្ត្រី​ផ្លូវការ​នៃ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ទាំង​នោះ​ទេ​ ក៏​ប៉ុន្តែ​លោក​ សុខ​ ឥសាន​ មើ​លឃើញ​ថា ​អាច​នឹងមាន​ជំនួប​ដោយ​ផ្ទាល់​ប្រសិន​បើ​មាន​ការ​អនុញ្ញាត​និង​មាន​ពេល​វេលា​សម​ស្រប​។

សូម​បញ្ជាក់​ថា​សភាសហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​បោះឆ្នោត​លើ​សេចក្តី​សម្រេច​មួយ ​ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុបចោល​បទចោទ​ប្រកាន់​នានា​លើ​លោក​ សម រង្សី​ និង​សកម្មជន​បក្ស​ប្រឆាំង​ដទៃទៀត​ ព្រមទាំង​ព្រមាន​ថា​នឹង​អាច​លុបចោល​ជំនួយ​ជា​ច្រើន​លាន​ដុល្លារ​សម្រាប់​ប្រទេស​កម្ពុជា​ផងដែរ​។ ក៏​ប៉ុន្តែ​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​ថា​នឹង​មិន​លក់​អធិតេយ្យ ​និង​ឯករាជ្យ​ភាព​របស់​ខ្លួន​ដើម្បី​ដោះដូរ​នឹង​ជំនួយ​បរទេស​នោះ​ទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ