អានតួអត្ថបទ
ចិន

ការសិក្សា​មួយ​បង្ហាញថា ​​ចិន​​​ជា​ប្រទេស​​សំបូរ​​មហាសេដ្ឋី​

ការ​សិក្សា​របស់​ Hurun Report ​ចេញផ្សាយ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ បង្ហាញថា ​​ចិន​ជា​ប្រទេស​សំបូរ​មហាសេដ្ឋី​ ដែល​មា​នទ្រព្យសម្បតិ្ត​ជិត​៣០០​​លាន​ដុល្លារ។ តួលេខមហាសេដ្ឋី​​មានទ្រព្យ​កម្រិតនេះ​​ បានកើនឡើង ​នៅ​​ឆ្នាំ២០១៦ ខណៈ​​​​សេដ្ឋកិច្ច​ចិន​ ​កំពុង​​ជួប​កំណើន​​​​​​​យឺតយ៉ាវ។ កំណើន​ដែល​​​ធ្លាក់ចុះ​ដល់ជាង​​៦,៩ភាគរយ ក្នុងឆ្នាំ​២០១៥​កន្លងទៅ។​ 

មហា​​សេដ្ឋី​អចលនទ្រព្យ​ចិន លោក Wang Jianlin
មហា​​សេដ្ឋី​អចលនទ្រព្យ​ចិន លោក Wang Jianlin CHINA OUT AFP PHOTO
ផ្សាយពាណិជ្ជកម្ម

យោងតាម​ការ​សិក្សា​របស់ Hurun Report ​ថ្ងៃព្រហស្បតិ៍​នេះ ​ចំនួន​មហាសេដ្ឋី​ នៅចិន ​ដែល​មាន​ទ្រព្យសម្បត្តិ​២ពាន់លាន​យ័ន រឺ​២៩៧លានដុល្លារ រឺក៏លើស​នេះ​ ​មា​នចំនួន​ដល់ទៅ​២០៥៦នាក់ សម្រាប់ឆ្នាំ​២០១៦។ ​គិតទៅ គឺ​កើនឡើង ប្រៀប​នឹង​ឆ្នាំ២០១៥ ដែល​មាន​​ ​​១៨៧៧នាក់។

អ្នកដែល​មាន​ទ្រព្យសម្បត្តិ​​ច្រើនជាងគេ គឺ​មហា​សេដ្ឋី​អចលនទ្រព្យ Wang Jianlin វ៉ាំង ជានលីង ​អាយុ​៦២ឆ្នាំ ជា​ប្រធាន​ក្រុមហ៊ុន Wanda។ ​គេរំពឹង​ថា ​លោក​វ៉ាំង មាន​ទ្រព្យ​សម្បត្តិ​ប្រហែល​៣២ ១០០លាន​ដុល្លារ។ បន្ទាប់មក​ គឺ​លោក​ Jack Ma ចាក់ ម៉ា អាយុ​៥២ឆ្នាំ​ ជា​​ស្ថាបនិក​ក្រុមហ៊ុន​អាលីបាបា ដ៏ល្បីឈ្មោះ។ លោក​​​មា​នទ្រព្យសម្បត្តិ ប្រមាណ​ ៣០ ​៦០០លាន​ដុល្លារ។ ទ្រព្យ​លោក​បានកើនឡើង​៤១ភាគរយ។

មហាសេដ្ឋី​ចិន​​លំដាប់​ទី៣ ​គឺ​​លោកផូនី ម៉ា Pony Ma ​អាយុ​៤៥ឆ្នាំ ​ប្រធាន​ក្រុមហ៊ុន​អ៊ីនថឺនេត ​Tencent។ លោក​មា​នទ្រព្យ​​ប្រមាណ​ ២៤ ​៦០០លាន​ដុល្លារ។

កាលពី​២០ឆ្នាំមុន ​បណ្តា​​មហាសេដ្ឋី​នាំមុខនៅចិន រក​ទ្រព្យ​​​បាន​ដោយសារ​​​ភាគហ៊ុន ឧស្សាហកម្ម​​​​រោងចក្រ អចលនទ្រព្យ ​រឺក៏​បច្ចេកវិទ្យា​ព័ត៌មាន។ ​បច្ចុប្បន្ន មហាសេដ្ឋី​រកប្រាក់​ចំណេញ​​បាន​ តាមរយៈ​ទីផ្សារទុន សម្រាប់​ការ​វិនិយោគ​ហិរញ្ញវត្ថុ។

យោងតាម​ Hurun Report ក្នុង​ចំណោម​មហាសេដ្ឋីចិន​​ទាំង​២០៥៦នាក់ ឆ្នាំ២០១៦នេះ មាន​២៣ភាគរយ​ ទទួលប្រយោជន៍​​​បាន​ដោយសារ​ការវិនិយោគ​​ផ្នែកហិរញ្ញវត្ថុ រឺ​បច្ចេកវិទ្យា​ព័ត៌មាន ហើយ​២៦ភាគរយ​ តាមរយៈ​ផ្នែក​ឧស្សាហកម្ម​រោងចក្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ