អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គួរបញ្ចប់ «រឿង​តូច​ដែល​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ធំ» ក្នុង​បញ្ហា​ដីធ្លី !

ចុះផ្សាយ​នៅ​ថ្ងៃ៖

បញ្ហា​ដីធ្លី​នៅក្នុង​សហគមន៍​បឹងកក់ និង​បូរី​កីឡា បាន​និង​កំពុង​ធ្វើ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​និង​ជា​ពិសេស​រដ្ឋាភិបាល​តែ​ម្តង ខូចខាត​រូបភាព​របស់ខ្លួន​យ៉ាង​ខ្លាំង​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស។ ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​បណ្តេញ​ពី​លំនៅដ្ឋាន​បាន​តស៊ូ​មតិ​អស់​ជាច្រើន​ឆ្នាំ​តាម​រយៈ​ការ​ប្រមូល​ផ្តុំគ្នា​តវ៉ា​គ្រប់​ស្ថាប័ន​កំពូល ក្រសួង​ពាក់ពន្ធ័ ព្រះមហាក្សត្រ និង​រហូត​ដល់​ស្ថានទូត​បរទេស និង​ស្ថាប័ន​អន្តរជាតិ​នានា​ផង​ដែរ។ ប៉ុន្តែ ដំណោះស្រាយ​នៅ​តែ​មិន​អាច​រក​ឃើញ​ដដែល។ ផលវិបាក​ដែល​កើត​ចេញ​ពី​បញ្ហា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា មាន​ទំហំធំធេង​លើស​ពី​ការ​ចំណាយ​ដើម្បី​ដោះស្រាយ​សំណង​ដល់​អ្នកភូមិ​ទៅ​ទៀត។

ស្ត្រី​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា តវ៉ា នៅ​មុខ​សាលាឧទ្ធរណ៍
ស្ត្រី​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា តវ៉ា នៅ​មុខ​សាលាឧទ្ធរណ៍ © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

ទិវា​សិទ្ធិមនុស្ស ១០ធ្នូ​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​គឺជា​ឱកាស​ដែល​គេ​គួរ​ពិចារណា​ឡើងវិញ​ពី​ស្ថានភាព​ទាំងឡាយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ប្រឈម ក្នុងនោះ​សិទ្ធិ​លំនៅដ្ឋាន​គឺជា​បញ្ហា​ដែល​ក្តៅ​ជាងគេ​មួយ។ «ធុរកិច្ច និង​សិទ្ធិមនុស្ស» ដែលជា​ប្រធានបទ​សម្រាប់​ទិវា​សិទ្ធមនុស្ស​ឆ្នាំនេះ​អាច​ឆ្លុះបញ្ចាំង​បាន​ពី​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា ពោលគឺ ការរំលោភ​សិទ្ធិមនុស្ស​ដែល​កើតចេញពី​ការធ្វើ​ជំនួញ​ក្រោមរូបភាព​ដី​សម្បទាន​សេដ្ឋកិច្ច។ ជាក់ស្តែង ប្រជាពលរដ្ឋ​ដែលមាន​បញ្ហាដីធ្លី​នៅ​គ្រប់​ទីកន្លែង​និយាយ​ជារួម និង​សហគមន៍​បឹងកក់ និង​បូរី​កីឡា ក្នុង​រាជធានី​ភ្នំពេញ និយាយ​ដោយឡែក បាននាំគ្នា​តវ៉ា​ជាថ្មីទៀត​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​របស់​ពួកគេ។

មាន​មធ្យោបាយ​ពីរ​យ៉ាង​ដែល​អាច​ដោះស្រាយ​បញ្ហា​បាន៖ ទី១ គឺ​ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង និង​ទី២ គឺ​ការ​ចាក​ចេញ​ទៅ​តាំង​លំនៅ​ថ្មី​នៅ​កន្លែង​ផ្សេង​ដោយ​មាន​សំណង​សមរម្យ។ ការ​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ត្រូវ​បាន​រដ្ឋាភិបាល​សាក​ល្បង​អនុវត្ត​នៅ​សហគមន៍​បូរី​កីឡា និង​មួយ​ផ្នែក​នៃ​សហគមន៍​បឹងកក់ ប៉ុន្តែ បញ្ហា​នៅ​តែ​កើត​មាន​រហូត​មក​ទល់​សព្វថ្ងៃ។ បញ្ហា​នៅ​បូរី​កីឡា​គឺ​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​ដែល​សន្យា​សាងសង់​អគារ​ចំនួន ១០ខ្នង​ជូន​អ្នកភូមិ ទីបំផុត សង់​បាន​តែ​៨ខ្នង​ប៉ុណ្ណោះ។ អ្នក​ដែល​មិនទាន់​ទទួល​បាន​ផ្ទះ​ត្រូវ​បាន​ក្រុមហ៊ុន​ចាត់​ទុក​ជា​អ្នក​ជួល​ផ្ទះ​គេ​ស្នាក់នៅ ហើយ​ចង់​ទាមទារ​សិទ្ធិ​កាន់កាប់​ដី។ ប៉ុន្តែ អ្នកភូមិ​ទាំង​នោះ​អះអាង​ថា ពួក​គេ​សុទ្ធ​តែ​មាន​ឯកសារ​គ្រប់គ្រាន់​ដែល​បញ្ជាក់​ថា ជា​អ្នកមាន​កម្មសិទ្ធិ​នៅ​ទីនោះ។

ករណី​បឹងកក់​វិញ រដ្ឋាភិបាល​បាន​សម្រេច​កាត់​ដី​ជាង១២ហិកតា​សម្រាប់​ចែក​ជូន​អ្នកភូមិ ប៉ុន្តែ ការ​បែងចែក​ដី​មិនបាន​ដល់ដៃ​មនុស្ស​គ្រប់គ្នា​ទេ។ ករណី​បឹងកក់ ក៏​ដូច​ជា​បូរី​កីឡា​ដែរ អាជ្ញាធរ​បាន​ឈរ​នៅ​ខាង​ក្រុមហ៊ុន ហើយ​បែរ​មក​ប្រឈម​មុខ​ជាមួយ​ប្រជាពលរដ្ឋ។ឧទាហរណ៍​ទាំង​ពីរ​ខាង​លើ ក៏​មិន​សូវ​ជា​ខុស​គ្នា​ពី​កន្លែង​ផ្សេងៗ​ទៀត​ប៉ុន្មាន​ដែរ ពោល​គឺ​ក្រោយ​ពី​រដ្ឋាភិបាល​ប្រគល់​​ដី​សម្បទាន​ដល់​ក្រុមហ៊ុន​ឯកជន ប្រជាពលរដ្ឋ​មួយចំនួន​ក៏​ប្រឈមមុខ​នឹង​ការ​បណ្តេញ​ចេញ​ដោយ​គ្មាន​សំណង​សមរម្យ ហើយ​ជា​ទូទៅ អាជ្ញាធរ​តែង​ឈរ​នៅ​ខាង​ក្រុមហ៊ុន។

បើ​ទោះ​បី​ជា​មាន​ការ​បកស្រាយ​យក​ត្រូវ​រៀង​ខ្លួន​ពី​សំណាក់​ប្រជាពលរដ្ឋ​រងគ្រោះ អាជ្ញាធរ​និង​ក្រុមហ៊ុន​សម្បទាន ប៉ុន្តែ ទោះ​ជា​ក្នុង​ករណី​ណា​ក៏​ដោយ គេ​មិន​ឃើញ​មាន​ហេតុផល​ណា​មួយ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​បាត់បង់​លំនៅដ្ឋាន​ដោយសារ​គម្រោង​អភិវឌ្ឍន៍​នោះឡើយ។ ម្យ៉ាង​ទៀត រដ្ឋាភិបាល និង​វិនិយោគិន​ដែល​ជា​អ្នកមាន​ស្តុកស្តម្ភ​ក៏​មិន​គួរ​នឹង​ធ្វើ​ឲ្យ​អ្នកក្រីក្រ​រង​ទុក្ខ​ដោយសារ​មុខ​ជំនួញ​របស់​ខ្លួន​ដែរ។ ចូរ​កុំភ្លេច​ថា ការ​បាត់បង់​ផ្ទះសម្បែង ដីធ្លី គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​អ្នកក្រ​នៅ​ក្នុងសម័យ​បច្ចុប្បន្ន​ដែល​ដី​មានតម្លៃ​ដូច​មាស។

ជា​ការ​ពិត​ណាស់ រដ្ឋាភិបាល​អាច​មើលឃើញថា អ្នក​ដែល​មាន​បញ្ហាដីធ្លី​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​បើ​ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស។ ប៉ុន្តែ វា​ពិតជា​មិនគួរ​ឲ្យ​ជឿ​សោះ​ថា រដ្ឋាភិបាល និង​មហាសេដ្ឋី​ដែលជា​ម្ចាស់​ក្រុមហ៊ុន​មិនអាច​ដោះស្រាយ​ជូន​ពលរដ្ឋ​ដែលមាន​ទំនាស់​ដោយ​ទុក​ឲ្យ​ពួកគេ​រស់ក្នុង​បញ្ហា​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ រហូតដល់​សម្រែក​តវ៉ា​របស់​ពួកគេ​បានលឺ​ពាសពេញ​ពិភពលោក។ សម្រែក​ទាំងនោះ​ហើយ​ដែល​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​សម្លឹង​មក​ប្រទេស​កម្ពុជា​ថា ជា​ប្រទេស​ដែលមាន​បញ្ហា​រំលោភសិទ្ធិ​មនុស្ស។

នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ផល​អវិជ្ជមាន​ដែល​បង្កឡើង​ដោយសារ​បញ្ហាដីធ្លី​បាន​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​ណាស់​ដល់​មុខមាត់​រដ្ឋាភិបាល​បើ​ធៀប​ទៅនឹង​តម្លៃ​ដែល​រដ្ឋាភិបាល​ត្រូវ​ចាយ​ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា។ តើ​នេះ​មិនមែនជា​ការ​ចិញ្ចឹម​បញ្ហា​តូច​ដែល​កំពុង​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ធំ​ទេ​ឬ ?

បច្ចុប្បន្ន រដ្ឋាភិបាល​ផ្តើម​ដោះស្រាយ​បញ្ហាដីធ្លី​ទូទាំង​ប្រទេស​តាមរយៈ« គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី» ។ ប៉ុន្តែ ប្រសិន​បើ​បញ្ហា​ក្តៅ​មួយ​ចំនួន ដូច​ជា​បញ្ហា​បឹងកក់ និង​បូរី​កីឡា​ជា​ដើម មិន​ត្រូវ​បាន​បញ្ចប់​ទេ​នោះ កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​ក៏​នឹង​មិន​អាច​ទទួល​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​នោះ​ដែរ។ សុភាសិត​ខ្មែរ​បូរាណ​មួយ​បាន​ពោល​​ថា «គុណ​មួយរយ​សំពៅ ទោស​មួយ​ចូល​ទៅ រលាយ​គុណ​អស់»។ក្នុង​បរិបទ​នេះ ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដែល​នៅ​សេសសល់ គឺ​ជា​រឿង​ចាំបាច់​មិនអាច​មើលស្រាល​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ