អានតួអត្ថបទ
កម្ពុជា

ILO ​៖​លក្ខខណ្ឌ​ការងារ​ប្រសើរ​ឡើង​តែ​ការ​អនុវត្ត​ច្បាប់​របស់​សហជីព​កម្មករ​នៅ​មានកម្រិត​ទាប

នៅ​ក្នុង​របាយ​ការណ៍​តម្លាភាព​ទី​៣​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ កម្មវិធី​រោងចក្រ​កាន់​តែ​ប្រសើរ​របស់​អង្គការ​ ILO​ បាន​បង្ហាញ​ថា ​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន។​ ប៉ុន្តែ ​ការ​ធ្វើ​កូដកម្ម ​និង​បាតុកម្ម​របស់​សហជីព​កម្មករ​នៅ​តែ​មិន​គោរព​តាម​នីតិវិធី​ច្បាប់​ទាល់​តែ​សោះ។

រូប​សញ្ញា អង្គការ​ពលកម្ម​អន្ដរជាតិ
រូប​សញ្ញា អង្គការ​ពលកម្ម​អន្ដរជាតិ ILO
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​នេះ​បាន​សិក្សា​ពី​លក្ខខណ្ឌ​ការងារ​របស់​រោងចក្រ​ចំនួន ២៤៨ ដែល​ស្មើនឹង​ជិត​ពាក់កណ្តាល​នៃ​រោងចក្រ​ដែល​ទទួលបាន​សិទ្ធិ​នាំចេញ​ផលិតផល​របស់ខ្លួន។ របាយការណ៍​តម្លាភាព​លើក​ទី៣នេះ​ធ្វើឡើង​ចន្លោះ​ពី​ខែកក្កដា​ដល់​ខែកញ្ញា​ឆ្នាំ ២០១៤។

ការសិក្សា​បាន​រកឃើញថា រោងចក្រ​ចំនួន​មួយ​ភាគ​បួនក្នុងចំណោម​រោងចក្រ​ចំនួន៩៥ដែល​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ក្រុម​រោងចក្រ​ដែលមាន​បញ្ហាចម្បងៗនោះបាន​កែលម្អ​ចំណុច​ចាំ​បាច់​ទាំង២១ដែល​គេ​ទាមទារ។ រីឯ​ចំនួន​សរុប​នៃ​ការរំលោភបំពាន​នានា​ក៏បាន​ធ្លាក់ចុះ​៣០​ភាគរយ។ ចំណែកឯ៤០ភាគរយ​នៃ​រោងចក្រ​ដែល​ត្រូវបាន​បន្ថែម​ថ្មីបាន​គោរព​ពេញលេញ​ចំពោះ​ច្បាប់​ជា​មូលដ្ឋាន​ទាំង ២១ចំណុច។

ម្យ៉ាងទៀត ការហ្វឹកហាត់​ជម្លៀស​ចេញពី​អាគារ​ពេល​មាន​អាសន្ន​បាន​កើនឡើង ខណៈដែល​ការរើសអើង​កម្មករនិយោជិត​ពី​សំណាក់​រោងចក្រ​មានការ​ថយចុះ។ រីឯ​ការផ្តល់​ប្រាក់រង្វាន់​បន្ថែម​ដល់​កម្មករ​ដែលមាន​អតីតភាព​ការងារ​ត្រឹមត្រូវ​ក៏បាន​កើនឡើង​លើសពី​មុន​ដែរ។

លោកស្រី ជាល តាក់​កឺ ប្រធាន​ទីប្រឹក្សាបច្ចេកទេស​នៃ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​បាន​ថ្លែងថាបញ្ហា​ជាច្រើន​ដែល​រោងចក្រ​មិនបាន​កែប្រែ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ ឥឡូវនេះ​បាន​កែលម្អ​ហើយ។ លោកស្រី​បាន​ហៅ​បញ្ហា​នេះ​ថា​ជាការ​លើកទឹកចិត្ត​មួយ​ដល់​ក្រុមការងារ​រោងចក្រ​កាន់តែ​ប្រសើរ​របស់​អង្គការ  ILO ។

ផ្ទុយទៅវិញ ការសិក្សា​បាន​រកឃើញថា ការ​អនុវត្ដ​ច្បាប់​របស់​សហជីព​កម្ម​ករ​នៅមានកម្រិត​ទាប។ គ្រប់​កូដកម្ម​ទាំងអស់​ដែល​ត្រូវបាន​រួមបញ្ចូល​នៅក្នុង​ទិន្នន័យ​តម្លាភាព​នៅ​ខែតុលា​ឆ្នាំ២០១៤នេះ គ្មាន​កូដកម្ម​ណាមួយ​ដែល​បាន​ធ្វើឡើង​នៅក្នុង​រោងចក្រ​បាន​គោរព​នីតិវិធី និង​តម្រូវការ​របស់​ច្បាប់​ទេ។ ប៉ុន្តែ លោក ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា​បាន​ទម្លាក់កំហុស​ទៅលើ​និយោជក់​វិញ។

លោក​ពន្យល់ថា កូដកម្ម​ខុសច្បាប់​បាន​ផ្ទុះឡើង​ដោយសារតែ​ភាគី​រោងចក្រ​បង្កបញ្ហា​ណា មួយ​ដែល​ធ្វើ​ឲ្យ​កម្មករ​មិនអាច​អត់ទ្រាំ​បាន។ យ៉ាងណាក៏ដោយ មេដឹកនាំ​សហជីព​រូបនេះ​អះអាងថា​សហជីព​តែង​ខិតខំ​អប់រំ​កម្មករ​ដែលជា​សមាជិក​របស់ខ្លួន​ឲ្យ​អនុវត្តតាម​នីតិវិធី​ច្បាប់​នៅពេល​ធ្វើ​កូដកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ