ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
អឺរ៉ុប

ឆ្នាំ​២០១៨ ជនភៀសខ្លួន ជាង​២​​២០០នាក់ ស្លាប់​ ដោយសារតែ​ប្រថុយជីវិត​ជិះទូក​ឆ្លង​សមុទ្រទៅ​អឺរ៉ុប

media  
ជនភៀសខ្លួន​អាមេរិក ដែល​ជួយ​សង្គ្រោះ និង​ចុះចត​នៅ​អេស្ប៉ាញ REUTERS/ Jon Nazca

ឆ្នាំ​២០១៨កន្លងទៅនេះ យ៉ាង​ហោច​ មានជន​ភៀស​ខ្លួន​ ចំនួន​ជាង​២ពាន់​២រយនាក់ បាន​ស្លាប់ និង​បាត់​ខ្លួន​នៅក្នុង​សមុទ្រ ដោយសារតែពួកគេ​​ប្រថុយ​ជីវិត ​ជិះទូក ឆ្លង​សមុទ្រមេឌីទែរ៉ានេ ដើម្បី​ចូល​ទៅ​កាន់​ទឹក​ដី​អឺរ៉ុប។​ នេះ​បើ​តាម​របាយការណ៍​របស់​ ឧត្តម​ស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន នៃ​​អង្គការ​សហប្រជាជាតិ​។​ វិបត្តិ​ជន​ភៀសខ្លួន​នៅ​អឺរ៉ុប ជា​បញ្ហា​ឈឺ​ក្បាល​របស់​អ្នក​ដឹកនាំ​នយោបាយ​ក្បាល​ម៉ាស៊ីន​អឺរ៉ុប​។ សហភាព​អឺរ៉ុប​ ស្នើ​សុំ​ឲ្យ​ប្រទេស​សមាជិក​ រក​ដំណោះស្រាយ​ជា​បន្ទាន់ ហើយយន្តការ​ដោះស្រាយ​ គួរ​តែ​ឲ្យ​មាន​និរន្តរភាព​។​

​អ្នក​ស្លាប់និងបាត់​ខ្លួន​ ដោយ​ការជិះទូកឆ្លង​សមុទ្រ​ មាន​ជាង​២ពាន់​នាក់ នៅឆ្នាំ​២០១៨ គឺមាន​ចំនួន​តិច​ជាង​ឆ្នាំ​២០១៧ ដែល​មាន​ដល់ជាង​៣ពាន់​នាក់​។

ចំណែក​​អ្នក​ដែល​អាច​រស់​រាន​មាន​ជីវិត និង​អាច​ឈាន​ជើង​ចូល​អឺរ៉ុប តាម​ផ្លូវ​សមុទ្រ​​ គឺ​មាន​ជាង​១២ម៉ឺននាក់ ​ក្នុង​២០១៨ ។​  ចំនួននេះ គឺ​តិចតួច​ណាស់ បើ​ធៀប​នឹង​ឆ្នាំ​មុនៗ ពិសេស​ឆ្នាំ​២០១៥ ដែល​មានជន​ភៀសខ្លួន​​ជាង​១លាននាក់ ចូល​អឺរ៉ុប​​​។​  អាស្រ័យ​ហេតុនេះ គេ​វាយ​តម្លៃថា ឆ្នាំ​២០១៨កន្លងផុត​ទៅថ្មីនេះ គឺជា​ឆ្នាំ​ដែលសហភាព​​អឺរ៉ុប​បាន​បែរ​ខ្នង​ដាក់​ជន​ភៀស​ខ្លួន។ មូលហេតុ​មាន​ច្រើន​យ៉ាង តែ​បញ្ហា​​ចម្បងមួយ គឺដោយសារតែ​នយោបាយ​ជាតិ​និយម​ជ្រុល ប្រឆាំង​នឹង​ជន​អន្តោរប្រវេសន៍​របស់​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​។ ជាក់​ស្តែង នៅប្រទេស​អ៊ីតាលី ដែល​ក្រុម​អ្នក​ជាតិ​និយម​ឈ្នះ​​អ្នកឆ្នោត គឺ ​អ៊ីតាលី​បាន​ដាក់​ចេញ​នយោបាយ​បិទ​ព្រំដែន ខ្ទប់​មិន​ឲ្យ​ទូក​របស់​ជន​ភៀសខ្លួន​ ចូល​​ចត​លើ​ទឹក​ដី​របស់​ខ្លួន​តទៅទៀត។

ដោយសារ​តែ​នយោបាយ​បិទ​ព្រំដែន​នេះ ក្រុម​ជន​ភៀស​ខ្លួន បាន​ប្តូរ​ទិស​ដៅ ទៅ​សម្រុក​ចូល​តាម​ប្រទេស​អេស្ប៉ាញវិញ​ម្តង។ ហើយ​បើ​តាម​អង្គការ​អន្តរជាតិ​ខាង​ជនភៀស​ខ្លួន មនុស្ស​ចំណាក​ស្រុក ​ជាង​៥ម៉ឺន​៦ពាន់ បាន​ឆ្លង​កាត់​សមុទ្រ​ ចុះ​ចត​នៅ​អេស្ប៉ាញ ឆ្នាំ​២០១៨។ គួរ​ជ្រាប​ថា ជន​ចំណាក​ស្រុក​ ភាគ​ច្រើន​មក​ពី​តំបន់​អាហ្វ្រិក​ និង​មជ្ឈិមបូព៌ា ដូច​ជា​ប្រទេស​ អាល់ហ្សេរី, នីហ្សេរីយ៉ា, លីប៊ី, ដូតឌីវ័រ, ម៉ារ៉ុក, អ៊ីរ៉ាក់, ស៊ីរី ជា​ដើម។

ចំពោះ​ដើម​ឆ្នាំ​២០១៩នេះ គ្រាន់តែ​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ឆ្នាំថ្មីនេះ​ ទូក​មនុស្ស​ធម៌របស់​អាល្លឺម៉ង់ បាន​ជួយ​សង្គ្រោះ​ជន​ភៀស​ខ្លួន​លើ​សមុទ្រ ​ចំនួន​៥០នាក់។ ប្រទេស​ហូឡង់ បាន​បញ្ចេញ​ជំហរ​ថា​នឹង​ជួយ​ទទួល​ជន​ភៀស​ខ្លួន​ខ្លះ ប្រសិន​បើ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ផ្សេង​ទៀត​ យល់​ព្រម​ទទួល​យក​ដែរ។ ចំណែក​អាល្លឺម៉ង់ ទាមទារ​ឲ្យ​​បែង​ចែក​ចំនួន​កូតា​នៃ​ជន​ភៀសខ្លួន​សម្រាប់​ប្រទេស​ទទួល​នីមួយៗ ឲ្យ​បា​នត្រឹម​ត្រូវ​ ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ