ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី
 
សាក្សីពីររូប​​ដែល​បាន​ចូលឆ្លើយ​នៅ​ចំពោះ​មុខ​អង្គសភា​ គឺលោក William Taylor ជា​មន្ត្រី​ការទូត​ជាន់​ខ្ពស់​របស់​អាមេរិក​ប្រចាំ​នៅ​អ៊ុយក្រែន និងលោក George Kent ជាអ្នក​ទទួល​បន្ទុក​កិច្ចការ​អ៊ុយក្រែន​។ REUTERS/Erin Scott

សំណុំរឿង​នីតិវិធី​ទម្លាក់ប្រធានាធិបតី​ ដូណាល់ ត្រាំ, ​រដ្ឋសភា​អាមេរិក​ ពី​ថ្ងៃពុធ​ ទី​១៣វិច្ឆិកា បា​នបើក​សវនាការ​សួរ​ចម្លើយ​សាក្សី​ ជា​លើកទី១ ដោយ​មាន​ថត​​វីដេអូ បញ្ជាំងផ្សាយ​​ជា​សាធារណៈទៀត​ផង។ សាក្សីពីររូប​​ដែល​បាន​ចូលឆ្លើយ​នៅ​ចំពោះ​មុខ​អង្គសភា​ គឺលោកWilliam Taylor ជា​មន្ត្រីការទូត​ជាន់​ខ្ពស់​របស់​អាមេរិក​ប្រចាំ​នៅ​អ៊ុយក្រែន និងលោក George Kent ជាអ្នក​ទទួល​បន្ទុក​កិច្ចការ​អ៊ុយក្រែន​។ បន្ទាប់ពីធ្វើ​ការ​ស្បត់ស្បែថា​នឹង​ឆ្លើយតែ​ការពិត​ លោកទាំងពីរ​នេះ​ត្រូវ​សភា​សាកសួរ​ អស់​រយៈ​ពេល​៦ម៉ោង ដើម្បី​ឱ្យ​ផ្តល់សក្ខីកម្ម ជុំវិញ​កិច្ច​សន្ទនា​របស់​លោក​ប្រធានាធិបតី​អាមេរិក​និង​អ៊ុយក្រែន ដែលក្រុម​អ្ន​កតំណាង​រាស្ត្រ​ប​ក្ស​ប្រជាធិបតេយ្យ​ សង្ស័យ​និងចោទថា លោក ដូណាល់ ត្រាំ បាន​ដាក់​សម្ពាធទៅ​​លើប្រមុខរដ្ឋ​អ៊ុយក្រែន​ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​រឿង​ពុក​រលួយ ​ប្រឆាំង​នឹង​គូប្រជែង​របស់​លោក និង​ដើម្បីបាន​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ ក្នុង​ការ​ឈ្នះឆ្នោត​ជាថ្មី នៅឆ្នាំ​២០២០។

តើ​លោកមន្ត្រី​ទូត​ទាំងពីរ​បាន​និយាយ​អ្វីខ្លះ​?

ការ​សាក​សួរសាក្សី​ ​មាន​ច្រើន​ណាស់ ដល់​ទៅរយៈ​​៦ម៉ោង។  ប៉ុន្តែ ចំណុច​សំខាន់​គេ​ចាប់អារម្មណ៍​ខ្លាំងជាងគេ គឺ​មន្ត្រីការទូតជាន់ខ្ពស់របស់អាមេរិកប្រចាំនៅអ៊ុយក្រែន លោក William Taylor បាន​និទាន​ឡើងវិញ ពីកិច្ច​សន្ទនា​របស់​លោក ដូណាល់ ត្រាំ និង​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​សហភាព​អឺរ៉ុប​ Gordon Sondland កាលពី​ជិត​ចុង​​ខែ​កក្កដាកន្លងទៅ​។

លោក William Taylor បញ្ជាក់ថា លោក ដូណាល់ ត្រាំ សាកសួ​រ​តាម​ទូរសព្ទ​ទៅលោកទូត Sondland តើ​លោកគិត​យ៉ាងណា​ពី​អ៊ុយក្រែន?​ និងសួរ​​ជុំវិញផល​​ប្រយោជន៍​នៃ​ការ​ស៊ើប​អង្កេត​រឿង​ពុករលួយ​របស់​គ្រួសារ​របស់​លោក Joe Biden ដែល​ជាដៃ​គូ​ប្រជែង​។ តាមចម្លើយ​របស់លោក William Taylor គឺ​ លោកទូត Sondland ប្រាប់​សហការី​ក្រោយ​និយាយ​ទូរសព្ទ​ថា លោក​ប្រមុខរដ្ឋ​អាមេរិក ដូណាល់ ត្រាំ ​ពិត​ជាចាប់អា​រម្មណ៍​ខ្លាំងណាស់ចំពោះ​សំណុំ​រឿង​ស៊ើបអង្កេតពុករលួយ​​នៅ​អ៊ុយក្រែន​នេះ ហើយ​ឱ្យ​បានសហការ​ជាមួយ​មេធាវី​ផ្ទាល់​ខ្លួន​របស់​លោក ត្រាំ គឺ​លោក Giuliani។

ជារួម មន្ត្រីទូត​ទាំងពីរដែលត្រូវ​សភា​សាកសួរ​ គឺ​​បញ្ជាក់​ស្រដៀងៗគ្នា ថា​នៅក្នុង​ការ​ឆ្លើយ​ឆ្លង​ទាក់ទងកិច្ចការទូត​រវាងអាមេរិក​និងអ៊ុយក្រែន គឺ​ធ្វើ​ឡើង​តាម​រយៈ​ផ្លូវទូត​ ដែល​ហាក់​«ខុសប្លែកពី​ធម្មតា»។ ខុស​ពីប្រក្រតី ព្រោះ​​ថា​ចាំបាច់​ត្រូវ​មាន​អ្នក​ជួយ​សម្របសម្រួល​និង​ទាក់ទង​ច្រើន​កន្លាក់ ច្រើន​សណ្ឋាន យ៉ាងស្មុគស្មាញ និង​ហាក់​មាន​លាក់​រឿង​សម្ងាត់​អ្វីម្យ៉ាង ដែល​បង្ក​ក្តីសង្ស័យ​ច្រើន​​។​ ក្តីសង្ស័យ​ដែល​ក្រុម​សមាជិក​បក្ស​ប្រជាធិបតេយ្យ​កំពុងជជីក​រក​នោះ គឺ​ថា ពួក​គេ​សង្ស័យ​ថា លោកប្រធានាធិបតី​ដូណាល់ ត្រាំ ដាក់​សម្ពាធ​ឱ្យ​ប្រមុខ​រដ្ឋ​អ៊ុយ​ក្រែន ស៊ើប​អង្កេត​រឿង​ពុក​រលួយ​របស់គ្រួសារ​លោក Joe Biden ពិសេស​គឺកូនប្រុសរបស់លោក Biden ឈ្មោះ​ Hunter ដែល​កាលពី​២០១៤ Hunter ជាអ្នក​រកស៊ី​យ៉ាង​ធំដុំខាង​ថាមពល នៅក្រុង​គៀវ។ ខាងក្រុម​បក្ស​ប្រឆាំង​នៅ​អាមេរិក គេចោទប្រកាន់​ថា លោក ត្រាំ ប្រើឥទ្ធិពលបង្ខំ​អ៊ុយក្រែន ជាថ្នូរ​នឹង​ជំនួយ​យោធា​របស់​អាមេរិក ចំនួន​ប្រមាណ​៤ពាន់​លានដុល្លារ​។ ហើយជាការ​ថៃដន្យ​ឬយ៉ាងណា ដែល​ជំនួយ​នេះ ត្រូវ​កក់ស្ទះ នៅ​ពាក់កណ្តាល​ខែ​កញ្ញា​កន្លងទៅនេះ​។  ត្រង់​នេះ គេ​ក៏​ចោទលោកត្រាំ​ដែរថា រំលោភអំណាច ដើម្បីផលប្រយោជន៍​ផ្ទាល់ខ្លួន គឺគោលដៅ​ដើម្បីឈ្នះឆ្នោត​ជាថ្មី។​

ចំពោះចម្លើយ​សារភាព​របស់មន្ត្រី​ទូត តើ​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ មាន​ប្រតិកម្ម​យ៉ាងដូចម្តេច​ ?​

ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកកាសែត​ នៅក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​តួកគី​ ពីម្សិលមិញនេះ ថា​លោក​គ្មាន​ចាប់អារម្មណ៍​អ្វី​ទេ លោក​បាន​មើល​ទូរទស្សន៍​ស្តីពី​សវនាការសួរ​ចម្លើយនេះ តែ​១នាទី​តែប៉ុណ្ណោះ​ ដោយ​សារលោក​ជាប់រវល់​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ Erdogan​។ មិនតែប៉ុណ្ណោះ លោក ដូណាល់ ត្រាំ វាយ​បក​ទៅវិញ​ថា សវនាការនេះ  ជាឆាក​រឿង​កំប្លែង ហើយ​បំភ្លៃ​ការពិត​។

នៅក្នុង​ការ​ឆ្លើយ​តប​របស់​លោក ដូណាល់ ត្រាំ គឺ​លោក​ប្រធានាធិបតី​អាមេរិក នៅតែ​អះអាង​ការពារ​ខ្លួន​ដដែល ថា​កិច្ច​សន្ទនា​របស់​លោក​ជាមួយ​និង​ប្រធានាធិបតី​អ៊ុយក្រែន គឺ​ការ​ជជែក​គ្នា​យ៉ាង​ល្អ តែ​គេគឺ​ក្រុម​អ្នកប្រឆាំង ​យកទៅ​បំប៉ោង និង​បំភ្លៃ​ ហើយ​រករឿង​បង្ក​បញ្ហាដល់​រូប​លោក។ ចំពោះ​សាក្សី​ទាំងពីរ​នេះ លោក​ត្រាំយល់ថា ពួក​គេ​មិន​គួរ​មាន​សិទ្ធិ​ទៅ​ឆ្លើយ​បំភ្លឺ​អ្វីទេ ហើយ​ការ​លើកឡើង ឬការ​ចោទប្រកាន់​អ្វី​ក៏​ដោយ​ របស់​ពួក​គេ​ទាំងនេះ គឺ​មិន​សាកសម​តាម​ផ្លូវ​ច្បាប់ និង​មិន​សម​នឹង​កើត​មាន​ឡើង​សោះ។

សប្តាហ៍ក្រោយ សភា​ នឹង​បើកការ​សាកសួរ​ ជាលើកទី២ និងជាសាធារណៈ​ចំពោះលោក​ Gordon Sondland ដែល​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​សហភាពអឺរ៉ុប

នោះ​ជាការ​ទន្ទឹង​រង់​ចាំ យ៉ាងអន្ទះសា​​ ជាក់ច្បាស់​ណាស់! ដ្បិត​​លោក Gordon Sondland គឺអ្នក​មាន​លុយ​ច្រើន ជា​ឧបត្ថម្ភ​ថវិកា​យ៉ាង​ច្រើន​សម្បើមដល់​លោកត្រាំ ​និង​ម្ចាស់​ជំនួយ​យ៉ាង​ធំ​មួយ​រូប សម្រាប់​ដំណើរការឃោសនា​​​បោះឆ្នោត​ប្រធានាធីបតី របស់​លោក ត្រាំ។ លោក Gordon Sondland នេះ ត្រូវ​តែង​តាំង​ជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំសហភាពអឺរ៉ុប គឺ​នៅ​ក្រោយ​ពេលលោក ត្រាំ ក្លាយ​ជា​ប្រមុខរដ្ឋ​អាមេរិក។

ដូច្នេះ លោក Sondland ជាតួអង្គមួយ​ដ៏​សំខាន់! ហើយ​មិនតែប៉ុណ្ណោះ រូប​លោក គឺជាអ្នក​​បានឆ្លើយឆ្លង​​សន្ទនា​ដោយ​ផ្ទាល់​ជាមួយ​ប្រធានាធិបតី ត្រាំ ផង​ និង​បានដឹងឮដោយ​ផ្ទាល់​ផង ចំពោះ​កិច្ច​សន្ទនា​រវាង​ប្រមុខ​រដ្ឋ​ទាំងពីរ​​ជុំវិញ​សំណុំរឿង​បើក​ការ​ស៊ើបអង្កេត​ពុករលួយ​របស់​គ្រួសារលោក Biden នៅ​អ៊ុយក្រែន​។ ដូច្នេះ​ ចម្លើយ​របស់​លោក Sondland នៅពេល​ខាងមុខ​ បើ​ចេញ​មក​ស្រួល ​មិនស្រួល គឺ​នឹងធ្វើ​រឿង​រ៉ាវ​កាន់តែ​លំបាក​ហើយ។ តែ​ត្រង់​ថា លំបាក​កម្រិត​ណា​នោះ យើង​នឹង​តាម​ដាន​ទាំងអស់​គ្នា នៅក្នុង​សវនា​សួរ​ចម្លើយ នា​​សប្តាហ៍​ក្រោយនេះ​ ៕​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ចំណុចសំខាន់ៗ​គួរដឹង​ជុំវិញ​ដំណើរការ​ដកតំណែង​ប្រធានាធិបតី​ដូណាល់ត្រាំ

    ស្វែងយល់បន្ថែម

  • ចៅក្រម​បង្គាប់​ឲ្យ​លោក​ដូណាល់ត្រាំ​បង់លុយ​២លាន​ដុល្លារ​រឿង​យក​មូលនិធិ​សប្បុរសធម៌​ទៅ​ប្រើ​ដើម្បី​ប្រយោជន៍ផ្ទាល់ខ្លួន

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ