អានតួអត្ថបទ
ថៃ

Wikileaks៖ ព្រះរាជិនីថៃ​ជា​អ្នក​នៅ​ពី​ក្រោយ​រដ្ឋប្រហារ​ទំលាក់​លោក​ថាក់ស៊ីន

ក្នុង​កំណត់ហេតុ​សំងាត់​ការទូត​អាមេរិក​ចុះផ្សាយ​ដោយ​វិបសៃត៍​ Wikileaks និង​យក​មក​ផ្សាយ​បន្ត​ដោយ​កាសែត​អង់គ្លេស The Guardian អតីត​នាយករដ្ឋមន្រ្តី​ថៃ លោក​សាម៉ាក់ ស៊ុនដារាវេទ (Samak Sundaravej) បាន​និយាយ​ថា ព្រះអគ្គមហេសី​របស់​ព្រះអង្គ​ភូមិបុល ជា​បុគ្គល​សំខាន់​ដែល​នំា​ឲ្យ​មាន​រដ្ឋប្រហារ​ឆ្នាំ ២០០៦ និង​ទំលាក់​លោក​ថាក់ស៊ីន​ចេញ​ពី​តំណែង​នាយករដ្ឋមន្រ្តី។ ការបែកខ្ចរខ្ចាយ​ដំណឹង​ដោយសារ​Wikileaks លើកនេះ​នឹង​អាច​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​ថៃ​ធ្វើការបញ្ជាក់​ឡើងវិញ ពី​ជំហរ​អព្យាក្រិត​របស់​ព្រះរាជវាំង។

ព្រះ​រាជិនី​ថៃ​ស៊ីរីគីត (រូបកណ្តាល)​អម​ដោយ​ព្រះរាជបុត្រា និង​បុត្រី​របស់​ព្រះអង្គ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះស្វាមី​របស់​ព្រះអង្គ​ក្នុង​ខែ​ធ្នូ​ ២០១០
ព្រះ​រាជិនី​ថៃ​ស៊ីរីគីត (រូបកណ្តាល)​អម​ដោយ​ព្រះរាជបុត្រា និង​បុត្រី​របស់​ព្រះអង្គ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​របស់​ព្រះស្វាមី​របស់​ព្រះអង្គ​ក្នុង​ខែ​ធ្នូ​ ២០១០ ©Reuters
ផ្សាយពាណិជ្ជកម្ម

 

02:23

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

បើតាម​កាសែត​អង់គ្លេស  The Guardian ដែល​បាន​ដកស្រង់​ចំណុច​ខ្លះ​នៃ​កំណត់ទូត​អាមេរិក មក​ចុះផ្សាយ​បន្ត នៅ​ថ្ងៃ​ពុធ​នេះ អតីត​នាយក​រដ្ឋមន្រ្តី​ថៃ​លោក​ សាម៉ាក់ ស៊ុនដារាវេទ​បាន​ជួប​និយាយ​គ្នា​ជាមួយ​មន្រ្តីទូត​អាមេរិក​ប្រចាំ​ក្រុង​បាងកក នៅ​ខែតុលា ឆ្នាំ ២០០៨។ ពោល​គឺ​នៅ​មួយ​ខែ​ក្រោយ ដែល​លោក​ សាម៉ាក់ បាន​លាលែង​ចេញ​ពី ប្រធានបក្ស និង​លែង​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​ថៃ។ លោក​បាន​និយាយ​ប្រាប់​មន្រ្តីទូត​អាមេរិកាំង​ថា លោក​ជឿថា ព្រះរាជិនី​ថៃ ស៊ីរីគីត ជា​អ្នក​ជម្រុញ​ឲ្យ​មាន​រដ្ឋប្រហារ ទំលាក់​លោក​នាយក​រដ្ឋមន្រ្តី​ថាក់ស៊ីន ស៊ីណាវ៉ាត​ចេញ​ពី​មុខ​តំណែង។

ក្នុង​កិច្ចសន្ទនា​មួយ​ដែល​ត្រូវ​បាន​កត់ត្រា​ក្រោយ​មក​ដោយ​មន្រ្តីទូត​អាមេរិកាំង  លោក​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ​ដែល​មាន​និន្នាការ គាំទ្រ​លោក​ថាក់ស៊ីន បាន​និយាយដែរ​ថា ព្រះអគ្គមហេសី ស៊ីរីគីត បាន​ដើរ​នយោបាយ​ខុសពី​ព្រះស្វាមី​របស់​ព្រះអង្គ។ ព្រះអង្គ​បានរួម​គំនិត និង​​ធ្វើការ​លួចលាក់​ជាមួយ​លោក​ប្រេម ទីនស៊ូឡានន្ទដា ប្រធាន​ទីប្រឹក្សា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​របស់​ព្រះមហាក្សត្រ ដើម្បី​គាំទ្រ​ចលនា​របស់​ពួកអាវលឿង។ ចលនាក្រុមអាវលឿង​​ដែល​ប្រឆាំង​រហូត​ធ្វើ​លោក​ថាក់ស៊ីន​ខ្ទាតចេញ​ពីតំណែង។

គួរដឹង​ថា គ្រួសារ​ព្រះរាជវង្ស​ថៃ​មិន​មាន​សិទ្ធិ​លូកដៃ​ចូល​ក្នុង​រឿង​នយោបាយ​នោះ​ទេ។ ប៉ុន្តែ ព្រះមហាក្សត្រ​ថៃនៅ​តែ​បុគ្គល​មាន​ឥទ្ធិពល​បំផុត​ ក្នុង​ប្រទេស នៅ​ពេល​ដែល​ព្រះអង្គ​មាន​អំណាច​ខ្លាំង​ទៅ​លើ​ពួកយោធា។

អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​ថៃ បាន​និយាយ​ដដែល​ថា ព្រះមហាក្សត្រ​ថៃ​នៅ​តែ​ត្រូវ​តម្កល់​ខ្ពស់​ជាង​គណបក្ស​នយោបាយ គឺ​ខ្ពស់​ជាង​រឿង​ជម្លោះ​នយោបាយ​ដែល​កើតមាន​កន្លងមក។ ហើយ​គេ​មិន​ត្រូវជឿ​តាម​ពួក​មនុស្ស​អាក្រក់​​ដែល​មាន​បំណង​បំផ្លាញ​ព្រះកិត្តិនាម​របស់​ព្រះមហាក្សត្រ​នោះ​ទេ។ អ្នកនាំពាក្យ​រូបនេះ បាន​លើក​ឡើង​យ៉ាងដូច្នេះ​ដើម្បី​ប្រតិកម្ម​ទៅ​នឹង​សំដី​របស់​លោក​សាម៉ាក់ ដែល​ត្រូវ​បាន​កត់ត្រា​ក្នុង​កំណត់ទូត​អាមេរិក។

ក្នុង​ប្រទេស​ថៃ គ្រួសារ​រាជវង្ស និង​ព្រះមហាក្សត្រ​ជា​បុគ្គល​ដែល​មិន​អាច​ប៉ះពាល់​បាន។ ការនិយាយ​ប្រមាថ ឬ​ប៉ះពាល់​ដល់​ព្រះកិត្តិនាម​របស់​គ្រួសារ​រាជវង្ស​នឹងត្រូវ​ចាត់​ទុក​ជា​បទ​ឧក្រិដ្ឋ​ប្រមាថ​ព្រះចេស្តា និង​អាច​ថ្កោលទោស​ដាក់គុក​ពី​៣ ទៅ ១៥​ឆ្នាំ។

លើកនេះ​ការនិយាយ​ចោទ​ប្រកាន់​របស់​លោក​សាម៉ាក់​ទៅ​លើ​ព្រះអគ្គមហេសី​របស់​ព្រះមហាក្សត្រ អាច​ចាត់ទុក​ជា​បទ​ឧក្រិដ្ឋ​ប្រមាថ​ព្រះចេស្តា។ ប៉ុន្តែ ក្នុង​ករណី​របស់​លោក​សាម៉ាក់ គេ​មិន​ថ្កោលទោស​លោក​សាម៉ាក់​បាន​ឡើយ ដោយហេតុ​ថា អតីត​នាយករដ្ឋមន្ត្រី​រូបនេះ បាន​ទទួល​មរណភាព​តាំងតែ​ពី​ឆ្នាំ​មុន(ឆ្នាំ ២០០៩)​ម្ល៉េះ​ដោយរោគ​មហារីកថ្លើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ