អានតួអត្ថបទ
ឥណ្ឌា

យុទ្ធនាការ​ពន្យារ​កំណើត​ក្លាយ​ជា​សោកនាកម្ម​នៅ​ឥណ្ឌា

មាន​ស្ត្រី​យ៉ាង​ហោច​ណាស់​១០​នាក់ បាន​ស្លាប់ និង​ជា​ច្រើន​សិប​នាក់​ទៀត កំពុង​ព្យាបាល​​ក្នុង​មន្ទីរ​ពេទ្យ​ នៅ​ប្រទេស​ឥណ្ឌា បន្ទាប់​ពី​បាន​ឆ្លង​កាត់​ការ​វះ​កាត់​ ក្នុង​ក្របខ័ណ្ឌ​បង្អាក់​កំណើត​កុំ​ឱ្យ​មាន​កូន។ ការ​បង្អាក់ ឬ​បញ្ឈប់​កំណើត ជា​កម្មវិធីជាតិ ​រៀប​ចំ​ឡើង​តាំង​ពី​ថ្ងៃ​សៅរ៍​ទី ៨ វិច្ឆិកា នៅ​ក្នុង​រដ្ឋ​មួយ​ ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា​ ដើម្បីបំបាត់​​លទ្ធភាព​បង្កើត​កូន​របស់​ស្ត្រី​ឥណ្ឌា ប៉ុន្តែ​បាន​ប្រែ​ត្រលប់​​​ជា​សោកនាដកម្ម​ទៅវិញ។

ស្ត្រី​ឥណ្ឌា​មួយ​ភាគបី​ជ្រើសរើស​ការ​ពន្យារ​កំណើត​ដោយ​វះ​កាត់​បញ្ឈប់​ទាំង​ស្រុង​សមត្ថភាព​បង្ក​កំណើត​
ស្ត្រី​ឥណ្ឌា​មួយ​ភាគបី​ជ្រើសរើស​ការ​ពន្យារ​កំណើត​ដោយ​វះ​កាត់​បញ្ឈប់​ទាំង​ស្រុង​សមត្ថភាព​បង្ក​កំណើត​ Gettyimages
ផ្សាយពាណិជ្ជកម្ម

ធ្វើ​ឱ្យ​ស្ត្រីអារ -​លែង​មាន​សមត្ថភាព​បង្ក​កំណើត​កូន​ ជា​វិធី​ដែល​មាន​អនុវត្ត​ច្រើន​បំផុត​នៅ​ប្រទេស​ឥណ្ឌា ក្នុង​កម្មវិធី​ពន្យារ​កំណើត។ រដ្ឋ​ជា​ច្រើន​របស់​ឥណ្ឌា​បាន​រៀប​ចំ​កម្មវិធី​​ពន្យារ​កំណើត​បែប​នេះ និង​ដោយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​ស្ម័គ្រ​ចិត្ត​ម្នាក់ៗ​ចំនួន ២០​អឺរ៉ូផង។ អង្គការ​ក្រៅ​រដ្ឋាភិបាល ​តែង​រង​ការ​រិះគន់​កម្មវិធី​នេះ ព្រោះ​ស្ត្រី​ភាគ​ច្រើន​ទទួល​ព័ត៌មាន​មិន​បាន​គ្រប់​គ្រាន់​ទេ។

 
ក្នុង​ប្រតិបត្តិការ​ថ្មី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បង្កកំណើត​លើក​នេះ មាន​ស្ត្រី​ប្រមាណ​៦០​នាក់ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​ក្រោយ​ការ​វះកាត់ ២៤​នាក់​មាន​សភាព​ធ្ងន់​ធ្ងរ​ខ្លាំង និង​ចំនួន​មនុស្ស​ស្លាប់​បាន​ឡើង​ដល់​១០​នាក់ គិត​ចាប់​តាំង​ពី​ថ្ងៃ​បើក​យុទ្ធនាការ​រហូត​មក​ទល់​នឹង​នៅ​ថ្ងៃ​អង្គារ​នេះ។ មូលហេតុ​នៃ​មរណភាព​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់ ប៉ុន្តែ​ក្រុម​គ្រូពេទ្យស​ង្ស័យ​លើ​ឥទ្ធិពល​ថ្នាំ​ដែល​ផ្តល់​ជូន​ស្ត្រី​ក្រោយ​ពេល​វះកាត់​រួច និងបាន​ផ្តល់​សំណង​ដល់​គ្រួសារ​សព​ប្រមាណ​៥២០០អឺរ៉ូ។

ស្ត្រី​ដែល​ស្ម័គ្រ​ចិត្ត​ចូល​រួម​កាត់​បន្ថយ​កំណើត ត្រូវ​រង​ការ​វះកាត់ ចង​ដៃ​ស្បូន​។ ជា​ការ​វះកាត់​ ស្រាល​តូច ​រយៈ​ពេល​៥​ម៉ោង និង​ដោយ​ចាក់​ថ្នាំ​សន្លប់។ ដើម្បី​សម្រេច​​កម្មវត្ថុ រដ្ឋ​ខ្លះ​​ ហ៊ាន​ចំណាយ​ និង​ផ្តល់​អំណោយ​ ជា​វត្ថុ​មាន​តម្លៃ ដូច​ជា​រថយន្ត គ្រឿង​ម៉ាស៊ីន​ប្រើ​ក្នុង​ផ្ទះ​ ... ដល់គូស្វាមី​ស្ម័គ្រ​ចិត្ត ប៉ុន្តែ​ប្រតិបត្តិការ​ធ្វើ​ឡើង​ជា​ទ្រង់ទ្រាយ​ធំ ទាំងហ្វូងៗ ក្នុង​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​គួរ​ឱ្យ​អណោច​អធម​បំផុត។​

កាលពី​ឆ្នាំ​២០១២ អង្គការ​Human Rights Watch បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ឥណ្ឌា​បង្កើត​​ប្រព័ន្ធ​ឯករាជ្យ​មួយ​ដើម្បី​តាម​ដាន​ និង​ទាញ​សញ្ញា​អាសន្ន​​ ទាក់​ទង​នឹ​ង​ការ​យុទ្ធនាការ​បញ្ឈប់​លទ្ធភាព​បង្ក​កំណើត​របស់​ស្ត្រី​ ដោយ​បង្ខំ​ និង​គ្មាន​អនាម័យ។ អង្គការ​ក៏​បាន​ផ្តល់​អនុសាសន៍​ដល់​រដ្ឋាភិបាល​ឱ្យ​អប់​រំ​អ្នក​រដ្ឋការ​ទទួ​ល​បន្ទុក​អប់​រំ​បុរស​ឱ្យ​ចេះ​គិត​គូរ​ពន្យារ​កំណើត​ដែរ។

នៅ​ឥណ្ឌា កម្មវិធី​ពន្យារ​កំណើត​ជាតិ អនុវត្តជាពិសេស​តែ​ចំពោះ​ស្រ្តី​ទេ ព្រោះ​គេ​មិន​អាច​និយាយ​អ្វី​ប៉ះពាល់​នឹង​បុរស​បាន​ឡើយ។ បើ​តាម​តួលេខ​ផ្លូវការ​ឆ្នាំ​២០០៨​ មានស្ត្រី​មួយ​ភាគ​បី​ជ្រើសរើស​​វិធី​ពន្យារ​កំណើត​ដោយវិធី​វះកាត់​បញ្ចប់​សមត្ថភាព​បង្ក​កំណើត​ទាំង​ស្រុង​នេះ។ ឥណ្ឌា​មាន​ប្រជាជន​សរុប​ប្រមាណ​១២៥០​លាន​នាក់​ អាច​នឹង​ក្លាយ​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក នៅ​រវាង​២០​ឆ្នាំ​ទៀត៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ