អានតួអត្ថបទ
ឥណ្ឌា-អ៊ីតាលី

ទាហានជើងទឹក​អ៊ីតាលី ២នាក់​អាចនឹង​ទទួល​ទោសប្រហារជីវិត​ពី​បទសម្លាប់​អ្នកនេសាទ​ឥណ្ឌា​២នាក់

នៅ​ក្នុង​ប្រទេស​ឥណ្ឌា តុលាការ​បាន​សម្រេច​ឲ្យ​ទីភ្នាក់ងារ​ប្រឆំាងភេរវកម្ម​ក្នុង​ស្រុក​បន្ត​ការ​ស៊ើបអង្កេត​ជុំវិញ​ឃាតកម្ម​សម្លាប់​អ្នកនេសាទ​ឥណ្ឌា ២នាក់​ដោយ​ទាហានជើងទឹក​អ៊ីតាលី។ ព្រឹត្តិការណ៍​នេះ​បាន​កើត​មាន​តំាង​តែ​ពី​ខែ​កុម្ភៈ ឆ្នំា ២០១២ នៅ​ឆ្នេរសមុទ្រ Kerala ស្ថិត​ប៉ែក​ខាង​ត្បូង​ប្រទេស​ឥណ្ឌា។ យ៉ាង​ណា​ក៏​ដោយ ជា​មួយ​នឹង​ការសម្រេច​របស់​តុលាការ​ពេល​នេះ នឹង​អាច​ធ្វើ​ឲ្យ​ល្អក់កករ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ឥណ្ឌា និង​អ៊ីតាលី។

ទាហាន​​អ៊ីតាលី Massimiliano Latorre និង Salvatore Girone (រូបស្តំា)
ទាហាន​​អ៊ីតាលី Massimiliano Latorre និង Salvatore Girone (រូបស្តំា) Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត ទាហាន​ជើងទឹក​អ៊ីតាលី ២នាក់ គឺ​លោក Salvatore Girone និង Massimiliano Latorre ប្រហែល​ជា​មិន​អាច​គេច​ផុត​ពី​ទោស​ប្រហារ​ជីវិត​បាន​ទេ។ មិន​អាច​គេច​ផុត ពីព្រោះ​តុលាការកំពូល​ឥណ្ឌា​បាន​សម្រេច​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជា​បន្ត​ទៀត។ នៅ​លើក​នេះ ការស៊ើបអង្កេត​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​ប្រឆំាង​ចោរសមុទ្រ និង​ប្រឆំាងភេរវកម្ម​ក្នុង​ស្រុក និង​ដែល​ទីភ្នាក់ងារ​មួយ​នេះ​មាន​សិទ្ធិ​កាត់ទោសប្រហារជីវិត​ជនជាតិ​អ៊ីតាលី​ទំាង​ពីរ​នាក់​នោះ។ សេចក្តីសម្រេច​របស់​តុលាការកំពូល​ឥណ្ឌា​ពេល​នេះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​អ៊ីតាលី​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ក្រៃលែង។ រដ្ឋាភិបាល​ទីក្រុង​រ៉ូម​ដែល​បាន​ព្យាយាម​ការពារ​ជនជាតិ​របស់​ខ្លួន​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លង​ទៅ។

សូម​រម្លឹក​ជូន​ថា អ្វីៗ​បាន​កើត​មាន​តំាង​ពី​ជាង ១ឆ្នំា​មក​ហើយ ពោល​តំាង​តែ​ពី​ខែ​កុម្ភៈ ឆ្នំា ២០១២ មក​ម្ល៉េះ។ កាល​ណោះ ទាហាន​ជើងទឹកអ៊ីតាលី​ទំាង​ពីរនាក់​ដែល​ជា​អ្នកការពារ​ស្ថានីយ​បូមប្រេង​បាន​ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​បាន​បាញ់​ទៅ​លើ​អ្នកនេសាទ​ឥណ្ឌា ២នាក់​នៅ​ឆ្នេរសមុទ្រ Kerala ស្ថិត​ប៉ែក​ខាង​ត្បូង​ប្រទេស​ឥណ្ឌា។ ក៏​ប៉ុន្តែ រដ្ឋាភិបាល​អ៊ីតាលី​ធ្លាប់​បាន​បញ្ជាក់​ថា ទាហាន​ជើងទឹកអ៊ីតាលី​ទំាង​ពីរនាក់​ស្មាន​តែ​អ្នកនេសាទ​ឥណ្ឌា​ទំាង​ពីរ​នាក់នោះ ជា​ក្រុមចោរសមុទ្រ និង​គ្រាន់​តែ​បាន​ធ្វើ​ការ​បាញ់គំរាម​ប៉ុណ្ណោះ។

ម្យ៉ាង​ទៀត រដ្ឋាភិបាល​ទីក្រុង​រ៉ូម​តែង​តែ​បាន​ទាមទារ​ឲ្យ​មាន​កាត់ទោស​ទាហានជើងទឹក​អ៊ីតាលី​ទំាង​ពីរនាក់​នោះ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី ដោយ​សំអាង​ថា ព្រឹត្តិការណ៍​នោះ​បាន​កើត​មាន​នៅ​ដែនសមុទ្រ​អន្តរជាតិ គឺ​មិន​មែន​នៅ​ក្នុង​ដែនទឹក​របស់​ឥណ្ឌា​ទេ។ កាល​ពី​សប្តាហ៍​មុន រដ្ឋាភិបាល​អ៊ីតាលី​ធ្លាប់​បាន​ប្រឆំាង​ទៅ​នឹង​អន្តរាគមន៍​របស់​ទីភ្នាក់ងារ​ប្រឆំាង​ចោរសមុទ្រ និង​ប្រឆំាងភេរវកម្ម​របស់​ឥណ្ឌា​នៅ​ក្នុង​ការស៊ើបអង្កេត​លើ​សំណុំរឿង​ដ៏​ចម្រូងចម្រាស​នេះ។ មូលហេតុ មក​ពី​អ៊ីតាលី​បារម្ភ​ខ្លាច​ទីភ្នាក់ងារ​ឥណ្ឌា​លើក​យក​ច្បាប់សមុទ្រ​ឥណ្ឌា​មក​សំអាង​ក្នុង​ការ​បញ្ជូន​ទាហាន​អ៊ីតាលី​ទំាង​ពីរនាក់​នោះ​ទៅ​ព្យួរ ក។

យ៉ាង​ណា​ក៏​ដោយ សំណុំរឿង​នេះ​បាន​និង​កំពុង​បន្ត​បំពុល​ទំនាក់ទំនង​រវាង​ទីក្រុង​ញូដែលី និង​ទីក្រុង​រ៉ូម។ សូម​ជម្រាប​ជូន​ថា កាល​ពី​ការ​បោះឆ្នោត​សភា​នៅ​អ៊ីតាលី​នា​ដើមឆ្នំា​កន្លង​ទៅ រដ្ឋាភិបាល​ឥណ្ឌា​បាន​អនុញ្ញាត​ឲ្យ​ទាហាន​អ៊ីតាលី​ទំាង​ពីរនាក់​នោះ​ត្រឡប់​ទៅ​ស្រុកកំណើត​ដើម្បី​ចូលរួម​បោះឆ្នោត។ ស្រាប់​តែ​នៅ​ខែ​មីនា​កន្លង​ទៅ ទីក្រុង​រ៉ូម​បាន​សម្រេច​មិន​ព្រម​បញ្ជូន​ទាហានជាប់ចោទ​ទំាង​ពីរ​ទៅ​ឲ្យ​ឥណ្ឌា​វិញ​ទេ។ គឺ​ទើប​តែ​នា​ពេល​ថ្មីៗ​នេះ​ទេ ដែល​អ៊ីតាលី​បាន​សម្រេចចិត្ត​បញ្ជូន​ជនជាប់ចោទ​ទំាងពីរ​នាក់​ទៅ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​វិញ។ រដ្ឋាភិបាល​ឥណ្ឌា​ដែល​បាន​សន្យា​រដ្ឋាភិបាល​អ៊ីតាលី​ថា នឹង​មិន​ព្យួរ ក​ទាហានជើងទឹក​អ៊ីតាលី​ទំាង​ពីរ​នាក់​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ