អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា ៖ ជន​សង្ស័យ​៤នាក់ ពី​បទ​រំលោភភេទ​ហើយ​សម្លាប់ ត្រូវ​ប៉ូលីស​បាញ់​ស្លាប់

យប់​ថ្ងៃព្រហស្បតិ៍​ឈានចូល​ថ្ងៃ​សុក្រ​ ប៉ូលីស​ឥណ្ឌា បាន​បាញ់​សម្លាប់​ជន​សង្ស័យ​ចំនួន​៤នាក់ ដែល​ជាប់​សង្ស័យពី​បទ​រំលោភភេទ ទៅលើ​ស្ត្រី​ម្នាក់ រួច​សម្លាប់ចោល​​។ កាល​ពីថ្ងៃសៅរ៍​សប្តាហ៍​មុន មាន​ស្ត្រីម្នាក់​ មុខរបរ​ជា​គ្រូពេទ្យ​សត្វ ត្រូវ​គេ​រកឃើញសាកសព​​ថា បាន​​រងគ្រោះ​ដោយសារ​តែអំពើ​​រំលោភសេព​សន្ថវៈ ហើយ​ត្រូវ​ដុត​សម្លាប់​ចោល នៅ​ក្រោម​ស្ពាន​មួយ​កន្លែង​។ ហេតុការណ៍​ដ៏​រន្ធត់​ កើតនៅ​ភាគខាងត្បួ​ង​ឥណ្ឌានេះ បានល្បីរន្ទឺ​​ផ្អើល​ពេញ​ប្រទេស​ ហើយនៅថ្ងៃ​បន្ទាប់មក ​ប៉ូលីស​ក៏​ចាប់ឃាត់​​ខ្លួន​ជន​សង្ស័យ​ បុរស​បួន​នាក់។ 

នៅក្នុង​បាតុកម្មឱ្យ​មាន​ការ​យកចិត្តទុកដាក់ចំពោះបទល្មើសរំលោភ​សេពសន្ថវៈ នារីឥណ្ឌាម្នាក់លើបដា ៖« ខ្ញុំ​ជាកូនស្រី​របស់​អ្នក! បញ្ឈប់​ទម្លាប់​រំលោភផ្លូវ​ភេទទៅ!​»
នៅក្នុង​បាតុកម្មឱ្យ​មាន​ការ​យកចិត្តទុកដាក់ចំពោះបទល្មើសរំលោភ​សេពសន្ថវៈ នារីឥណ្ឌាម្នាក់លើបដា ៖« ខ្ញុំ​ជាកូនស្រី​របស់​អ្នក! បញ្ឈប់​ទម្លាប់​រំលោភផ្លូវ​ភេទទៅ!​» REUTERS / Vinod Babu
ផ្សាយពាណិជ្ជកម្ម

តាម​ការ​អះអាង​របស់​ស្នងការ​រង​ នៅក្រុង​ Hyderabad បាន​រៀប​រាប់​ប្រាប់​អ្នក​កាសែត​បារាំង​ AFP ថា​ក្រុម​សមត្ថកិច្ច បាន​នាំ​ខ្លួន​ជន​សង្ស័យ ទាំង​បួន​នាក់ ទៅ​កាន់​កន្លែង​កើត​ហេតុ ដើម្បី​ឱ្យ​ពួក​គេ​ធ្វើ​ត្រាប់​ឡើងវិញ នូវ​សកម្មភាព​បទល្មើស​រំលោភ​សម្លាប់​នារីម្នាក់​នោះ​។ ក៏ប៉ុន្តែ នៅពេល​ដល់​កន្លែង​កើត​ហេតុ ក្រុម​ជន​សង្ស័យ​នាក់ បាន​បង្ក​ហិង្សា​លើប៉ូលីស ដោយ​គប់​ដុំ​ថ្ម និង​បាញ់កាំភ្លើង​​មកលើសមត្ថកិច្ច​ផង។ តាម​សម្តី​របស់​ស្នងការ​រង ប្រកាស រ៉ីដឌី Prakash Reddy ដដែល គឺ​ប៉ូលីស​បាន​បញ្ជា​ឱ្យ​ដាក់​អាវុធ​ចុះ តែ​ពួក​គេ​មិន​ព្រមស្តាប់​​ ទើប​សមត្ថកិច្ច ​បានសម្រេច​​បាញ់​អន្តរាគមន៍​ បង្ក្រាប​ បណ្តាល​ឱ្យ​ស្លាប់អស់​ មុន​ពេល​ដែលក្រុម​​ពេទ្យ​សង្គ្រោះ​មកដល់​។

ហេតុការណ៍​ពិឃាត​នេះ ​បានត្រូវ​មហាជន​ឥណ្ឌា​អបអរ​សារទ និង​បាន​បាច​ផ្កា​ជូន​ក្រុម​​ប៉ូលីស​ទៀត​ផង​។ ក៏ប៉ុន្តែ ចំពោះ​ក្រុម​អ្នក​ច្បាប់​វិញ ទង្វើ​របស់​ប៉ូលីស​ គឺជា​​បទល្មើស​ឧក្រិដ្ឋ​មួយ​ជាន់​ទៀត​។ ​​លោកស្រី​ Karuna Nundy មេធាវីប្រចាំ​តុលាការ​កំពូល មា​នយោបល់ថា រហូត​មកដល់​ពេល​នេះ គេ​នៅ​ពុំ​ទាន់​ដឹង​ថា បុរសទាំង​បួន​​ដែល​ត្រូវ​ប៉ូលីស​បាញ់​ស្លាប់នោះ គឺ​ពិត​ជា​បាន​ប្រព្រឹត្តល្មើស​រំលោភ​ភេទ ឬ​អត់​នោះទេ។ តើ​អាច​ទេ ដែលថា​ ​ប៉ូលីស​បាញ់​សម្លាប់​ជន​ស្លូតត្រង់​? គ្មាន​ការស៊ើប​អង្កេត​ណាមួយ​ច្បាស់​លាស់​នៅឡើយដែរ។

ចំណែក អ្នក​ការពារ​សិទ្ធិមនុស្ស Humain Right Watch ប្រចាំ​អាស៊ី​ខាងត្បូង បានបញ្ចេញមតិថា ​​ ជំនួស​ឱ្យ​ការ​ចាត់វិធានការ​ការពារស្ត្រី​ ឱ្យ​មាន​សុវត្ថិភាព​គេចផុត​ពី​ការ​រំលោភបំពាន រដ្ឋ​អំណាច​ឥណ្ឌា​និង​ក្រុម​សមត្ថកិ​ច្ច ​បែរ​ជា​ទម្លាក់​កំហុស​លើ​ជន​ជាប់សង្ស័យនិង​បាញ់​សម្លាប់​ពួក​គេ ដែល​បង្ក​ជា​ឃាតកម្ម​មួយជាន់​​ថែមទៀត។ នេះ​បង្ហាញពីអសមត្ថភាព​របស់​អាជ្ញាធរ​។​ ជាយោបល់​របស់​អង្គការ​ Amnesty International នេះគឺ​​ជាការ​សម្លាប់​មនុស្ស​ដោយ​ឈាម​ត្រជាក់​បំផុត។​

តាម​របាយការណ៍​ផ្លូវ​ការរបស់​រដ្ឋាភិបាល, នៅឥណ្ឌា ក្នុង​ឆ្នាំ​២០១៧ មាន​ករណី​រំលោភផ្លូវភេទ​ ចំនួនជាង​​៣ម៉ឺន​៣ពាន់​ករណី។ ចំពោះ​មុខប្រព័ន្ធ​យុត្តិធម៌​ ដែល​គ្មាន​ប្រសិទ្ធភាព​, ​ជន​រងគ្រោះ​ត្រូវ​រង់ចាំ​ជាច្រើន​ឆ្នាំ ទម្រាំ​មានសវនា​​ការ​ជម្រះ​ក្តី​។ ហេតុ​នេះហើយ​ទើប​ការ​សម្លាប់​ជន​សង្ស័យ ឬ​ការ​ទោសវាយ​ប្រហារ​ពិឃាត​ក្រៅ​ប្រព័ន្ធ​តុលាការ​ ពី​សំណាក់​មហាជននិង​ប៉ូលីស​ផ្ទាល់ តែង​មាន​លេច​ឮឡើង និង​ធ្វើ​ឱ្យ​នីទណ្ឌភាព​កាន់តែ​ដុះដាល​ខ្លាំង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ