អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌា៖ យក្សសេដ្ឋកិច្ចដែលទើបងើបពីដេក តែនៅផុយស្រួយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

យក្ស​ឥណ្ឌា​ ​បាន​ងើប​ពីដេក​ហើយ! នៅក្នុង​​សប្តាហ៍​នេះ ធនាគារ​ពិភលោក និង​ស្ថាប័ន​រូបិយវត្ថុអន្តរជាតិ​ បាន​បញ្ជាក់ថា ​សេដ្ឋកិច្ច​ឥណ្ឌា​បាន​វ៉ាដាច់​បារាំង ដោយឥណ្ឌា​​ស្ថិត​ក្នុងចំណាត់​ថ្នាក់​​លេខ​៦ ក្នុង​ចំនោមមហាអំណាច​សេដ្ឋកិច្ច​លើពិភពលោក ហើយ​អាច​នឹង​វ៉ាដាច់​អង់គ្លេស​ថែមទៀត ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខនេះ​​​។  ​បើ​តាមអ្នក​ជំនាញ​ គេ​បាន​​មើលឃើញទៀត​ថា​ ​រង្វង់​ជាង​ដប់​ឆ្នាំទៀត ឥណ្ឌា​អាច​នឹងទៅ​គៀក​ជិត​ស្មើនឹង​មហាយក្ស​ចិន​។ ក៏ប៉ុន្តែ ឥណ្ឌានៅ​ជាប់​ជំពាក់​នឹង​វិបត្តិ​សង្គម​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេសនេះ ​អាច​នៅតែ​បន្ត​ផុយ​ស្រួយ​។

ប្រមុខរដ្ឋាភិបាលលោក Narendra Modi
ប្រមុខរដ្ឋាភិបាលលោក Narendra Modi reuters
ផ្សាយពាណិជ្ជកម្ម

កំណើន​សេដ្ឋកិច្ច​របស់​ឥណ្ឌា​ នា​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយនេះ គឺ​ធ្វើ​ឲ្យ​ពិភព​លោក​ភ្លឺ​ភ្នែក​ខ្លាំង​មែនទែន​។  កាលពី​ទសវត្សរ៍​១៩៩០ ឥណ្ឌាមាន​មហាសេដ្ឋី​តែពីរនាក់ទេ គ្រាន់តែ​ជិត​៣ទសវត្សរ៍ប៉ុណ្ណោះ គឺនៅពេល​នេះ សេដ្ឋីឥណ្ឌា​បាន​កើនឡើង​ដល់​១១៩នាក់ ជាមហាសេដ្ឋីកំពូល​លំដាប់​ប្រាក់​ពាន់លាន។ នេះបើ​យោង​តាម​ទស្ស​នាវដ្តី​ Forbes Magazine។

ឥណ្ឌាមាន​កំណើន​សេដ្ឋកិច្ច៧,៤ភាគ​រយ ​នៅ​ឆ្នាំ​២០១៧ ហើយក្នុង​ឆមាស​ទី​១ គឺ​៦​ខែ​​ឆ្នាំ​២០១៨នេះ កំណើន​នៃ​ផលិតក្នុង​ស្រុក​សរុប​របស់​ឥណ្ឌា បាន​ទទួល​ការ​រីកចម្រើន​ឡើង​យ៉ាង​ល្អ គឺ​វា​បាន​កើន​ឡើង​បួន​ដង ច្រើន​ជាង​បារាំង ឬ​​អង់គ្លេស​ទៅទៀត​។

អ្នក​ជំនាញ​សេដ្ឋ​កិច្ច​ បានព្យាករណ៍​​ថា មិន​យូរទេ ឥណ្ឌាជា​យក្ស​ដែលមាន​ជើង​ធ្វើ​ដីឥដ្ឋ នឹង​មាន​សន្ទុះ​សេដ្ឋកិច្ច​វ៉ា​ដាច់​​ជប៉ុន នៅ​ឆ្នាំ​២០២៩ ហើយសេដ្ឋកិច្ច​ឥណ្ឌា​អាចប្រដំ​ប្រសង​នឹង​មហាយក្ស​ចិន នៅអំលុង​ឆ្នាំ​២០៣០​។​ ឆ្នាំនោះហើយ​ដែល​អ្នក​សេដ្ឋកិច្ច​ពិភពលោក ថាចិននឹង​យក​តំណែង​មហាអំណាច​សេដ្ឋកិច្ចលេខ​១​​ពិភពលោក​​ ពី​​អាមេរិក។ បើ​អ្វីៗ​ពិត​ជា​ដំណើរ​ការ​ទៅល្អ​ដូច្នេះមែន​ នៅ​រង្វង់​ជាង​​១០ឆ្នាំទៀត នៅ​លើកលោក​មានតែ​ចិន​និង​ឥណ្ឌា​ទេ ដែល​ជា​កំពូល​មហាអំណាច​សេដ្ឋកិច្ច​ថ្មី​ស៊ី​ដាច់​គេ​​។​

ការ​រីកចម្រើន​សេដ្ឋកិច្ច​លឿន​រហ័ស​របស់​ឥណ្ឌា គឺ​ពុំមែន​ជារឿង​ចៃដន្យ​នោះទេ។ ទី​មួយ​ដំបូង​បំផុត គឺដោយសារតែ​ឥណ្ឌា​មាន​ទីផ្សារ​ក្នុង​ស្រុកយ៉ាង​​​ធំ​សម្បើម។ ឥណ្ឌា មានប្រជាជន ជាង​​ ១ពាន់​៣រយលាន​នាក់ ។​ ជាក់​ស្តែង ​ដោយ​មើល​ឃើញ​ពី​ទីផ្សារ​ក្នុង​ស្រុក​ឥណ្ឌ​ធំ  Sumsung ដែល​​ក្រុម​ហ៊ុន​ទូរសព្ទលំដាប់​ពិភព​លោក  បាន​ទៅ​តាំង​ទី​នៅ​ជាយ​រដ្ឋធានី​ញូវដេលី​ ក្នុង​ថ្ងៃ​ច័ន្ទទី​០៩​កក្កដា​​នេះ។ ពោលគឺ​ Sumsung ​នឹង​មាន​អ្នក​ប្រើប្រាស់​៤០០លាន​នាក់ ហើយ​ចំនួន​នេះ គឺ​វា​ច្រើ​នជា​ង​នៅ​អាមេរិក ព្រ​មទាំង​អាច​កើនឡើង​ពីរដង ក្នុង​រយៈ​ពេល​៥ឆ្នាំ​ទៅមុខ​​​។

បើ​ពិនិត្យ​របាយការណ៍​សេដ្ឋកិច្ច​ប្រទេស​នារយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុងក្រោយ​នេះ  ​ឥណ្ឌា បាន​ប្រភព​ចំណូល​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ គឺ​ដោយសារតែ​ផ្នែក​សេវាកម្ម បន្ទាប់មក ផ្នែកឧស្សាហកម្ម និង​​កសិកម្ម​។ ចំណែក​នៅ​ជិត​ព្រំ​ដែន ទី​ជនបទវិញ​ តាំងពី​ទសវត្ស​រ៍​១៩៩០​មក ឥណ្ឌាបាន​អភិវឌ្ឍខ្លាំង​ទៅ​​វិស័យ​បច្ចេកវិជ្ជា​ព័ត៌មាន​វិទ្យា, ឱសថសាស្ត្រ​​ និង​ការ​បណ្តុះបណ្តាល​ ព្រ​មទាំង​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​ជាតិ​ឥណ្ឌា​តែ​ម្តង ដែល​អាច​មាន​ស្តង់​ដារ​អន្តរជាតិ​​។ ការ​រីកចម្រើន​សេដ្ឋកិច្ចឥណ្ឌានៅ​ពេល​​​នេះ ក៏​ជា​ផ្លែផ្កា​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា និង​ការ​អភិវឌ្ឍ​គំនិត​ផ្តួច​ផ្តើម​ថ្មីៗនេះ​ដែរ។ មិន​តែប៉ុណ្ណោះ​ ការ​រីក​លូត​លាស់​សេដ្ឋកិច្ច​ឥណ្ឌា ក៏​ពឹង​ផ្អែក​សំខាន់​ណាស់​ដែរ ទៅ​លើ​​ធនធានមនុស្សដែល​សម្បូរ​ដោយអ្នក​ពេញ​កម្លាំង​ធ្វើការ​, ព្រមទាំងការ​ទទួល​ផល​ប្រយោជន៍​ពី​សេចក្តី​សម្រេច​ចិត្ត​របស់​គម្រោង​អង្គការ​ពិភពលោក​ផ្សេងៗ​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។

​ការ​ងើប​ក្បាលម៉ាស៊ីន​​សេដ្ឋកិច្ចយ៉ាង​​លឿន​របស់​ឥណ្ឌា ក៏​ត្រូវ​អ្នក​ជំនាញ​ពន្យល់ដែរ ថាគឺ​មកពីការ​ផ្តួច​ផ្តើម​នយោបាយ​របស់​ប្រមុខរដ្ឋាភិបាលលោក នរិន្ទ្រា ម៉ូឌី។ ឥណ្ឌា​មាន​ស្ថិរភាព​នយោបាយ​ ហើយ​កា​លពី​ឆ្នាំ​២០១៤ លោក ម៉ូឌី បាន​​ដាក់​​ចេញ​នយោបាយ​ផលិត​ផល ធ្វើ​នៅ​ស្រុក​ឥណ្ឌា Made in India។ តាម​រយៈ​គម្រោង​នេះ ថ្នាក់​ដឹកនាំឥណ្ឌា មាន​ទស្សៈ​នវិស័យ​អភិវឌ្ឍ​ឥណ្ឌា​ ឲ្យ​ជា​ប្រទេស​មួយ​ដែល​មាន​បច្ចេកវិទ្យា​ជឿន​លឿន និង​ជា​ប្រទេស​​ឧស្សាហកម្ម​​ លំដាប់​អន្តរជាតិ។ ក្នុង​នោះ នៅ​ឆ្នាំ​២០២០ ឥណ្ឌា​ត្រូវ​បង្កើ​ត​ការងារ​ក្នុង​វិស័យ​បច្ចេកទេស​ព័ត៌មាន​វិទ្យា​និង​ឧស្សាហកម្ម​ ១០០លាន​កន្លែង។ ជា​ឆន្ទៈ​និង​ការ​ប្តេជ្ញា​ចិត្ត មិន​ធ្លាប់​មាន​ទេ​ក្នុង​ប្រវត្តិ​សាស្ត្រ​ឥណ្ឌា។

បើ​ទោះបី​ជា​មាន​ឆន្ទៈ​នយោបាយ​ខ្ពស់ ហើយ​និង​កំណើន​សេដ្ឋកិច្ច​លេច​ធ្លោ​យ៉ាងណាក្តី តែ​សង្គម​ឥណ្ឌា ហាក់​នៅតែ​ប្រឈម​នឹង​វិបត្តិ​ជា​ច្រើន។ ឥណ្ឌា​នៅ​រួម​រឹត​ដោយ​ភាព​ក្រីក្រ​នៅឡើយ។ ឥណ្ឌា មាន​ពលរដ្ឋ​ ប្រមាណ​ជាង​១ពាន់​៣រយលាននាក់ តែ​មនុស្ស​ជាង​៧០លាន​នាក់  ​​រកស៊ីស្ទើរ​​មិន​បា​នពីរ​ដុល្លារ​ផង​ក្នុង​មួយ​ថ្ងៃ​។ ពលរដ្ឋ​ឥណ្ឌា​២០ភាគ​រយ​នៃផ្ទៃប្រទេស គ្មាន​ប្រព័ន្ធ​ទឹក​ភ្លើង​ប្រើប្រាស់ ហើយ​ប្រជា​ជន​ប្រមាណ​៣០ភាគរយ​ មិន​បាន​រៀន​សូត្រ​​។ ការ​ចំណាយ​សាធារណៈ​ មា​នកម្រិត​ខ្ពស់​ ទៅលើ​ផ្នែក​សាងសង់។  ធនគាររដ្ឋ​ជំពាក់​បំណុល​គេ​ច្រើន​ ហើយប្រព័ន្ធ​​សំណាញ់​​ពន្ធ​ដារ​របស់​រដ្ឋ មិនទាន់​ប្រសិទ្ធភាព​ល្អ​​នៅឡើយ។ ចំ​​ណែក​ការ​រីក​ចម្រើន​សេដ្ឋកិច្ចឥណ្ឌា​ មួយ​ផ្នែក គឺ​​ពឹង​ផ្នែក​ដោយ​លើ​ប្រេង ដែលវា​​អាច​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ​។

មិនតែប៉ុណ្ណោះ ធនាគារ​ពិភពលោក បាន​ចេញ​របាយការណ៍សិក្សា​មួយ​នៅ​ចុង​ខែ​មិថុនា​កន្លងទៅ​ ថា​​ ការប្រែប្រួល​អាកាសធាតុ ក៏​ជះ​ឥទ្ធិពល​អាក្រក់​ទៅសេដ្ឋកិច្ចឥណ្ឌាដែរ។ ក្នុង​ចំណោមមនុស្ស​៨០០​លាន​នាក់ ដែល​រង​ការ​ប៉ះពាល់ គឺ​មាន​៣ភាគ៤​ ជា​ប្រជាជន​ឥណ្ឌា។  ឥណ្ឌា​អាច​នឹង​ត្រូវ​ខាតបង់ប្រាក់ ប្រមាណ ១ពាន់​លាន​ដុល្លារ គឺ​ស្មើ​នឹង​២,៨ភាគរយ​នៃផលិតផល​ក្នុង​សរុប ដោយសារតែ​អាកាសធាតុ​ក្តៅស្ងួតហួតហែង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ