អានតួអត្ថបទ
ឥណ្ឌា

អតីត​នាយករដ្ឋមន្ត្រីឥណ្ឌា លោក Vajpayee ទទួល​មរណភាព

អតីត​នាយករដ្ឋមន្ត្រីឥណ្ឌា លោក វ៉ាប៉ៃយ៉េ (Vajpayee) បាន​ទទួល​មរណភាព​ ក្នុងជន្មនាយុ៩៣ឆ្នាំ។ លោក វ៉ាប៉ៃយ៉េ គឺជាអតីត​​ប្រមុខ​ដឹកនាំ​ឥណ្ឌា ដែល​បាន​កាន់​អំណាច​ដល់ទៅ​បីដង បាន​ស្លាប់​ នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​១៦សីហា  ក្រោយពី​គាត់បាន​​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ជាង​២ខែ​មកហើយ​។ នាយករដ្ឋមន្ត្រី​ឥណ្ឌាបច្ចុប្បន្ន លោក នរនិន្ត្រា ម៉ូឌី បានចាត់ទុកលោក វ៉ាប៉ៃយ៉េ ថាជា​រដ្ឋបុរស​ដែល​បាន​រស់​នៅ​ដើម្បីបម្រើ​ប្រជាជាតិ​និង​ប្រជាជន​ឥណ្ឌា ហើយ​និង​ថា ការ​ស្លាប់​របស់​លោក វ៉ាប៉ៃយ៉េ គឺ​ជាការ​បាត់​បង់​ឧត្តម​ជន​មួយ​រូប ដែល​គ្មាន​នរណា​អាច​ជំនួស​បាន។

អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក  Vajpayee បានទទួលមរណភាព ក្នុងជន្មនាយុ៩៣ឆ្នាំ។
អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក Vajpayee បានទទួលមរណភាព ក្នុងជន្មនាយុ៩៣ឆ្នាំ។ REUTERS
ផ្សាយពាណិជ្ជកម្ម

លោក វ៉ាប៉ៃយ៉េ (Atal Bihari Vajpayee) បាន​ប្រលូក​ក្នុងជីវិត​​នយោបាយប្រទេស​ឥណ្ឌា​ អស់ជាង​៥០ឆ្នាំ​។ លោក​បាន​ធ្វើ​នយោបាយយ៉ាង​ជោគជំាំ រហូត​ក្លាយ​ជាអ្ន​កតំណាង​រាស្ត្រ មុន​សម្រេច​ចិត្ត​ចូលរួម​បង្កើត​បក្ស​នយោបាយ​ដោយ​ខ្លួន នៅ​ដើម​ឆ្នាំ​១៩៨០ ដោយ​ឲ្យ​ឈ្មោះថា​ បក្ស​ប្រជាជនឥណ្ឌា ដែល​ជា​បក្ស​កាន់​អំណាច​ សព្វ​ថ្ងៃ ​នៅ​ឥណ្ឌា។​

លោក វ៉ាប៉ៃយ៉េ បានចូល​​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី ចំនួន​បីដង។​ លើកទី១ ក្នុង​ឆ្នាំ​​១៩៩៦ លោក​​កាន់​តំណែង​បា​នតែ​១៣ថ្ងៃប៉ុណ្ណោះ។ លើកទី​២ក្នុង​ឆ្នាំ​១៩៩៨ កាន់អំណាច​បាន​១៣ខែ​គត់ ហើយ​នៅ​​ឆ្នាំ​១៩៩៩ ទើប​លោក​អាច​ក្តាប់​អំណាច​បាន​ មួយ​អាណត្តិ​ពេញ​ដៃ​ស្រួល​បួល​ រហូត​ដល់ចប់​នៅ​​ឆ្នាំ ២០០៤​។

លោក វ៉ាប៉ៃយ៉េ ជា​និមិត្តរូប​​នៃ​ក្រុមអ្នក​​ជាតិ​និយម​ហិណ្ឌូ​ ហើយ​ក៏​ជា​និមិត្ត​រូប​ដ៏​សំខាន់​នៃការ​កសាង​សេដ្ឋកិច្ច​ឥណ្ឌា ព្រ​មទាំង​ជា​កម្លាំង​ចលករ​ដែល​រុញឲ្យ​ប្រទេស​អាស៊ី​ដ៏​ធំមួយនេះ ឲ្យ​ក្លាយ​ជា​មហាអំណាច​នុយក្លែអ៊ែរ​ផង​ដែរ។ អ្នក​នយោបាយ​រូបនេះ មាន​​កេរ្តិ៍​ឈ្មោះ​ក្នុងការ​កសាង​សន្តិភាព។ លោក​ធ្លាប់​មាន​ប្រសាសន៍ថា៖ "យើង​អាច​ផ្លាស់​ប្តូរ​មិត្ត​ភក្តិ តែ​យើង​មិន​អាច​ប្តូរ​មិត្ត​ជិត​ខាង​បា​នឡើយ​"។ ក្នុង​ន័យ​នេះហើយ ទើប​​កាល​ពីឆ្នាំ​១៩៩៩ លោក​បាន​ឡើង​ជិះ​ឡានក្រុង​យ៉ាង​សាមញ្ញ ​ពី​ឥណ្ឌា ទៅ​ប៉ាគីស្ថាន ដើម្បី​ទៅ​ជួប​ថ្នាក់​ដឹក​នាំ​ប៉ាគីស្ថាន​ ដែល​ជា​គូសត្រូវ​ គឺ​លោក Nawaz Sharif ។ ក៏​ប៉ុន្តែ កិត្តិនាម​នេះ បា​នត្រូវ​រំលត់​រលាយ​ទៅវិញនា​ប៉ុន្មាន​ខែក្រោយ​មក ពីព្រោះ​តែ​មាន​ការ​ប្រយុទ្ធគ្នា​រវាង​​ទាហាន​ឥណ្ឌា​និង​អ្ន​កគាំ​ទ្រ​ប៉ាគីស្ថាន។ ការ​ប៉ះទង្វិះ​គ្នានេះ បាន​ផ្តាច់​ជីវិត​មនុស្ស​រាប់​ពាន់​នាក់ នៅ​តំបន់​កាស្មៀរ​។​

លោក វ៉ាប៉ៃយ៉េ គឺជា​អ្នក​នយោបាយ​មាន​គំនិត​ប្រាកដ​និយម ជាអ្ន​កមាន​ក្តី​សុបិន​មើល​ឃើញ​វែង​ឆ្ងាយ។ តែ​ជីវិត​នយោបាយរបស់​លោក​ត្រូវ​ចប់​​ ដោយសារ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ហើយ​តាំង​ពី​ឆ្នាំ​២០០៩មក លោក​ត្រូវ​សម្រាក​នៅ​ក្នុង​ផ្ទះ​របស់​លោកនារដ្ឋធានី ញូវដេលី រហូត​ដល់​ពេល​មរណភាព។​

ឥស្សរជន​នយោបាយរូប​នេះ ផ្តើម​អាជីព​ពី​ដំបូង​ឡើយ​ គឺធ្វើ​ជា​អ្នកកាសែត និង​ជា​កវីនិពន្ធ។ នៅ​ក្នុង​សុន្ទរកថា​នយោបាយ​របស់​លោក ពេល​ខ្លះ លោក ​វ៉ាប៉ៃយ៉េ បាននិពន្ធ​ឃ្លា​ជា​កំណាព្យ​កាព្យ​ឃ្លោងទៀត​​ផង ដើម្បី​​រិះគន់​គូ​ប្រជែង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ