អានតួអត្ថបទ
ឥណ្ឌា

ឥណ្ឌា​បំបែក​កំណត់ត្រា​ពិភពលោក​ដោយ​បាញ់បង្ហោះ​ផ្កាយរណប​ម្តង​១០៤គ្រឿង

នៅ​ថ្ងៃ​ពុធនេះ ឥណ្ឌា​បាន​ជាប់ឈ្មោះ​ក្នុង​ប្រវត្តិសាស្រ្ត ដោយ​បាន​​​បាញ់​បង្ហោះ​ប្រកប​ដោយ​ជោគជ័យ​នូវ​ផ្កាយរណប​ចំនួន ១០៤​គ្រឿង ក្នុងពេល​តែមួយ ដែល​ជា​ចំនួន​ដ៏ច្រើន​​រឿង​មិន​ធ្លាប់មាន​កាល​ពីមុន។ ជោគជ័យ​នេះ​នឹង​ធ្វើ​ឲ្យ​ឥណ្ឌា​កាន់តែ​មាន​ឈ្មោះ​បោះសំឡេង​ក្នុង​វិស័យ​អវកាស និង​ជា​ពិសេស អាច​ប្រជែង​ដណ្តើម​ទីផ្សារ​ខាង​ស៊ីឈ្នួល​បាញ់​បង្ហោះ​ផ្កាយរណប ដែល​ជា​ទីផ្សារ​ប្រកប​ដោយ​សក្តានុពល។

ទិដ្ឋភាព​នៃ​ការ​បាញ់​រ៉ុកែត​ផ្ទុក​​ផ្កាយរណប ១០៤គ្រឿង ដែល​ឥណ្ឌា​បាន​ធ្វើ​ដោយ​ជោគជ័យ នៅថ្ងៃ​ពុធ ១៥ កុម្ភៈ ២០១៧
ទិដ្ឋភាព​នៃ​ការ​បាញ់​រ៉ុកែត​ផ្ទុក​​ផ្កាយរណប ១០៤គ្រឿង ដែល​ឥណ្ឌា​បាន​ធ្វើ​ដោយ​ជោគជ័យ នៅថ្ងៃ​ពុធ ១៥ កុម្ភៈ ២០១៧ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ផ្កាយរណប​ទាំង ១០៤គ្រឿង ដែល​ឥណ្ឌា​បាញ់​បង្ហោះ​នៅ​ព្រឹកថ្ងៃ​ពុធ​នេះ មាន​មួយគ្រឿង​ជា​ផ្កាយរណប​របស់​ឥណ្ឌា​ខ្លួនឯង​ផ្ទាល់ ដែល​មាន​បេសកកម្ម​សង្កេតមើល​ភពផែនដី ចំណែក​ឯ ១០៣គ្រឿង​ផ្សេងទៀត គឺ​ជា​កូន​ផ្កាយរណប​តូចៗ ភាគច្រើន​ជាផ្កាយរណប​ ដែល​ប្រទេស​ដទៃ​ជួល​ឲ្យ​ឥណ្ឌា​បាញ់​បង្ហោះ។

ផ្កាយរណប​ទាំង ១០៤​គ្រឿង​ត្រូវ​បាន​គេ​បំពាក់​នៅលើ​គ្រាប់រ៉ុកែត​តែមួយ ហើយ​បាញ់​បង្ហោះ​​នៅ​ម៉ោង​ប្រមាណ​ជា ៩​និង​៣០នាទី​ព្រឹក​ម៉ោង​ក្នុង​ស្រុក។ ប្រមាណ​ជា ៣០នាទី​ក្រោ​យមក ទីភ្នាក់ងារ​អវកាស​ឥណ្ឌា​បាន​ប្រកាស​ជាផ្លូវការ​ថា ផ្កាយរណប​ទាំង ១០៤គ្រឿង ត្រូវ​បាន​បង្ហោះ​ដោយ​ជោគជ័យ ចូល​ទៅ​​ក្នុង​គន្លង​តារាវិថី​​ជុំវិញ​ផែនដី។

គួរបញ្ជាក់ថា គិត​ត្រឹម​មុន​ថ្ងៃ​ពុធ​នេះ កំណត់​ត្រា​ពិភពលោក​ត្រូវ​កាន់កាប់​ដោយ​រុស្ស៊ី ដែល​កាល​ពី​ខែមិថុនា ឆ្នាំ​២០១៤​កន្លងទៅ ​បាន​បាញ់​បង្ហោះ​ផ្កាយរណប​ចំនួន ៣៧គ្រឿង ដោយ​ប្រើ​រ៉ុកែត​តែមួយ។ ក៏ប៉ុន្តែ រវាង​ផ្កាយរណប ៣៧គ្រឿង​ដែល​បាញ់​បង្ហោះ​ដោយ​រុស្ស៊ី និង​ ១០៤គ្រឿង បាញ់​បង្ហោះ​ដោយ​ឥណ្ឌា​នៅពេលនេះ គឺ​ខុសគ្នា​រហូត​ដល់​ទៅ​ជិត ៣ដង​ឯណោះ។

ជាការពិតណាស់​ថា ផ្កាយរណប​ទាំង ១០៤​គ្រឿង ដែល​ឥណ្ឌា​បាញ់​បង្ហោះ​នៅ​ថ្ងៃ​ពុធ​នេះ ភាគច្រើន​ជា​ផ្កាយរណប​តូចៗ ហើយ​មាន​ទម្ងន់​ស្រាល ក៏ប៉ុន្តែ អ្នក​ជំនាញ​ខាង​អវកាស​​ជាទូទៅ សុទ្ធតែ​បាន​នាំគ្នា​កោតស្ញប់ស្ញែង​ឥណ្ឌា ដោយ​បាន​ធ្វើការ​កត់សម្គាល់​ថា ភាព​ស្មុគស្មាញ​នៃ​បេសកកម្ម​នេះ គឺ​មិនមែន​ស្ថិត​នៅលើ​ទម្ងន់​ផ្កាយរណប​នោះទេ តែ​ស្ថិត​នៅលើ​ចំនួន​ផ្កាយរណប​ ពីព្រោះ​ថា ផ្កាយរណប​ទាំង ១០៤គ្រឿង​នេះ​ត្រូវ​ធ្វើ​ដំណើរ​ក្នុង​​​គន្លង​ខុសៗ​គ្នា ​ដែល​គេ​ចាំបាច់​ត្រូវ​តែ​ធ្វើការ​គណនា​ប្រកប​ដោយ​ភាព​សុក្រិត​ខ្ពស់​បំផុត ដើម្បី​អាច​បាញ់​បង្ហោះ​ទៅ​ដាក់​ក្នុង​តារាវិថី ដោយ​ប្រើ​រ៉ុកែត​តែមួយបែបនេះ​បាន។

ចំណុច​សំខាន់​មួយ​ទៀត​ដែល​គេ​គួរ​ធ្វើការ​កត់សម្គាល់​ ការ​បាញ់​បង្ហោះ​ផ្កាយរណប​​ដ៏ច្រើន​គ្រឿង​ដោយ​ប្រើ​រ៉ុកែត​តែមួយ គឺ​មានន័យ​ថា ការ​ចំណាយ​ទៅលើ​ការ​បាញ់​បង្ហោះ​ផ្កាយរណបនីមួយៗ​នឹង​ត្រូវ​កាត់បន្ថយ​បាន​យ៉ាងច្រើន ហើយ​នេះ​គឺ​ជា​ចំណុច​ពិសេស​សម្រាប់​ឥណ្ឌា ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ស៊ីឈ្នួល​បាញ់​បង្ហោះ​ផ្កាយរណប​ពាណិជ្ជកម្ម ដែល​ជា​ទីផ្សារ​មួយ​កំពុងតែ​មាន​កំណើន​ខ្ពស់ ជាមួយ​នឹង​ការ​រីកដុះដាល​នៃ​វិស័យ​ទូរគមនាគមន៍។

គិត​រហូតមកទល់​នឹង​ពេលនេះ សមត្ថភាព​ខាង​ផ្នែក​អវកាស​របស់​ឥណ្ឌា​ត្រូវ​បាន​គេ​ទទួលស្គាល់​ជាទូទៅ​រួចទៅហើយ​ ដោយ​គេ​កត់សម្គាល់​ទៅលើ​ចំណុច​សំខាន់​ពីរ គឺ​ប្រសិទ្ធភាព​ខ្ពស់ និង​តម្លៃ​ទាប។ គេនៅចាំបាន​ថា កាលពី​ឆ្នាំ​២០១៤​កន្លង​ទៅ ឥណ្ឌា​បាន​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​​ទៅដាក់​ក្នុង​គន្លងតារាវិថី​ជុំវិញ​ភព​ព្រះអង្គារ ដោយចំណាយ​លុយ​សរុប​ទាំងអស់​ត្រឹមតែ ៧៣លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ ពោលគឺ​ជា​ការ​ចំណាយ​ដ៏តិចតួច​បំផុត​ បើ​ប្រៀបធៀប​នឹង​ទឹកប្រាក់ ៦៧១លាន​ដុល្លារ​អាមេរិក ដែល​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) ត្រូវ​ចំណាយ​ក្នុង​បេសកកម្ម​ស្រដៀងគ្នា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ