អានតួអត្ថបទ
ឥណ្ឌា

ជា​ប្រវត្តិសាស្រ្ត ឥណ្ឌា​បោះឆ្នោត​ឲ្យ​មាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

នៅក្នុង​សាមគ្គីភាព​ដ៏​កម្រមួយ គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់អំណាច​ស្របមតិ​គ្នា បោះឆ្នោត​អនុម័ត​ឲ្យ​ចេញ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ កាលពី​ថ្ងៃ​ពុធ​ទី ១៨ ធ្នូ។ ច្បាប់​ប្រឆាំង​អំពើពុករលួយ មាន​ទិសដៅ​ចំបង​បង្កើត​អន្តរការី​មួយ​ដែល​ចេញ​មកពី​ប្រភព​ឯករាជ្យ និង​មាន​សិទ្ធិ​ស៊ើបអង្កេត​ចោទប្រកាន់​ទាំង​អ្នកតំណាងរាស្រ្ត និង​ រដ្ឋមន្រ្តីជាន់ខ្ពស់ ដែលនៅក្នុង​នោះ មាន​រាប់​ទាំង​នាយក​រដ្ឋមន្រ្តី​ផង។

Anna Hazare​សកម្មជន​ដែល​ធ្វើ​កូដកម្ម​បង្អត់​អាហារ ដើម្បី​​ទាមទារ​ឲ្យ​មាន​ច្បាប់ប្រឆាំង​អំពើពុករលួយ​
Anna Hazare​សកម្មជន​ដែល​ធ្វើ​កូដកម្ម​បង្អត់​អាហារ ដើម្បី​​ទាមទារ​ឲ្យ​មាន​ច្បាប់ប្រឆាំង​អំពើពុករលួយ​ Reuters / Adnan Abidi
ផ្សាយពាណិជ្ជកម្ម

ជា​កំណែទម្រង់​ប្រវត្តិសាស្រ្ត នៅក្នុង​ប្រទេស​ឥណ្ឌា ដែល​សភា​មក​ពីគ្រប់​គណបក្ស​នយោបាយ​​បាន​យល់ព្រម​អនុម័ត​ច្បាប់​ប្រឆាំង​អំពើ ​ពុករលួយ។ នាយករដ្ឋមន្រ្តី​ឥណ្ឌា ម៉ាន់ ម៉ូហាន់ស៊ីញ បាន​និយាយ​នៅក្រោយ​សភា​បោះឆ្នោត​លើ​ច្បាប់​នោះ​ថា ប្រជាជន​ឥណ្ឌា​ទន្ទឹងរង់ចាំ​អស់រយៈពេល ៥០​ឆ្នាំ​មកហើយ។

សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បាន​គេ​ដាក់​ចូល​ទៅ​សភា តាំងពី​ឆ្នាំ ២០១១ ពោល​គឺ​១២​ថ្ងៃ ក្រោយ​មហាកូដកម្ម​អត់អាហារ នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ដឹកនាំមុខ​ដោយ​លោក​Anna Hazare។ ក្នុង​រយៈពេល​ពីរឆាំ​ចុងក្រោយនេះ សេចក្តីព្រាង​ច្បាប់​នេះ ត្រូវ​បាន​សភា និង​ព្រឹទ្ធសភា បោះ​ទៅ បោះមក រហូត​ធ្វើ​ឲ្យ​ប្រជាជន​កើតក្តី​ក្តៅក្រហាយ និង​ធ្វើ​បាតុកម្ម ​ជា​ហូរហែ នៅ​ប្រទេស​ឥណ្ឌា​ដើម្បី ដាក់​គំនាប​លើ​រដ្ឋាភិបាល។

នៅ​ក្នុង​សង្គម​ដែល​សំបូរ​ដោយ​អំពើ​ពុករលួយ ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ពិបាក​នឹង​ចេញ​ជា​រូបរាង នៅ​ឥណ្ឌា។ ច្បាប់​នេះ​បាន​ចែង​ពី​ការបង្កើត​អន្តរការី​ឯករាជ្យ​មួយ ដែល​មាន​សិទ្ធិ​ស៊ើបអង្កេត និង​ចោទប្រកាន់​តាម​ផ្លូវតុលាការ មិន​ត្រឹម​អ្នកនយោបាយ សមាជិក​សភា ប៉ុន្តែ មន្រ្តី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល ដោយរាប់​ទាំង​នាយករដ្ឋមន្រ្តី ដែល​ជាប់​សង្ស័យ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ។

ច្បាប់​នេះ​តម្រូវផងដែរ​ដល់​រដ្ឋនីមួយៗ​របស់​ឥណ្ឌា​បង្កើត​ស្ថាប័ន​ឯករាជ្យ​ មួយ ដើម្បី​តាមដាន​ស៊ើបអង្កេត​ប្រឆាំង​នឹង​អ្នកនយោបាយ និង​មន្រ្តី​រដ្ឋការ​ដែល​ប្រព្រឹត្ត​អំពើ​ពុករលួយ។ តាម​ច្បាប់ អ្នក​ដែល​ផ្សំគំនិត​ប្រព្រឹត្ត​អំពើ​ពុករលួយ​អាច​នឹង​ត្រូវ​ប្រឈម​ទោស​ជាប់​ ពន្ធនាគារ​រយៈពេល​១០ឆ្នាំ៕

កាលពីថ្ងៃ​ពុធ វីរជន​ឥណ្ឌា លោក​Anna Hazare ក៏​បាន​បញ្ចប់​កូដកម្ម​បង្អត់​អាហារ​រយៈពេល​៩​ថ្ងៃ​របស់លោក បន្ទាប់ពី​បាន​ដំណឹង​បោះឆ្នោត​លើ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ។ គេ​មើល​ឃើញ​ថា សភា​ឥណ្ឌា ប្រញាប់​បោះឆ្នោត បញ្ចេញ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ក៏ដោយសារ​តែ​ការបោះឆ្នោត​សភា ខិតជិត​ចូលមកដល់ នៅខែ​ឧសភា​ឆ្នាំក្រោយ។ គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​បារម្ភ​ខ្លាច​បាត់សំឡេង​គាំទ្រ​របស់ពួកគេ ទៅ​ឲ្យ​គណបក្ស​ដែល​ទើប​បង្កើតថ្មី មួយ ដែល​មាន​ឈ្មោះ​ថា គណបក្ស​ថ្មី​ប្រឆាំង​អំពើ​ពុករលួយ។ គណបក្ស​ថ្មីនេះ ត្រូវ​បាន​បង្កើត​ឡើង នៅ​ខែ​ធ្នូនេះ ដោយ​អ្នកស្និទ្ធ​ម្នាក់​របស់​លោក​Anna Hazare ដែល​បាន​ទទួល​ការគំាទ្រ​ខ្លាំង​ពី​ប្រជាជន​ដោយសារ​កូដកម្ម​បង្អត់​អាហារ​ របស់លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ