ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អាស៊ី

ឥណ្ឌូណេស៊ី​ចាប់ខ្លួន​ជនសង្ស័យ​៦នាក់​ពាក់ព័ន្ធ​នឹង​ផែនការ​ភេរវកម្ម​នៅ​សិង្ហបុរី

media  
សង្កាត់ Marina Bay Sands ដ៏ទំនើប​របស់​សិង្ហបុរី ដែល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ភេរវកម្ម រៀបចំ​ដោយ​ជនសង្ស័យ​ទាំង ៦នាក់ ចាប់ខ្លួន​ដោយ​ប៉ូលិស​ឥណ្ឌូណេស៊ី នៅថ្ងៃ​សុក្រ ៥ សីហា ២០១៦ ROSLAN RAHMAN / AFP

មន្រ្តី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ឲ្យដឹង​នៅថ្ងៃ​សុក្រ​នេះ​ថា ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស ៦នាក់ ដែល​គេ​សង្ស័យ​ថា កំពុង​រៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ ជនសង្ស័យ​អស់ទាំងនេះ សុទ្ធតែ​មាន​ជាប់ពាក់ព័ន្ធ​នឹង​ចលនា​អ៊ីស្លាមជ្រុល​និយម ដែល​គាំទ្រ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម។

អ្នកនាំពាក្យ​ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​ឲ្យដឹង​ថា ជនសង្ស័យ​ទាំង ៦នាក់ ដែល​ត្រូវ​ចាប់ខ្លួន នៅថ្ងៃ​សុក្រ​នេះ គឺ​មាន​វ័យ​ក្នុងចន្លោះ​ពី ១៩ឆ្នាំ ទៅដល់ ៤៦ឆ្នាំ ក្នុងនោះ មាន​ម្នាក់ ត្រូវ​បាន​គេ​ស្គាល់ថា​ជា​មេក្រុម​ចលនា​អ៊ីស្លាម​ជ្រុលនិយម ដែល​ធ្លាប់​ទៅចូលរួម​ជាមួយ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ប្រទេស​ស៊ីរី។ ជនសង្ស័យ​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន នៅលើ​កោះ​មួយ​របស់​ឥណ្ឌូណេស៊ី ឈ្មោះ Batam ដែលស្ថិត​ចម្ងាយ​តែប្រមាណ​ជា ១៦គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ប្រទេស​សិង្ហបុរី។

យោងតាម​ការអះអាង​របស់​ប៉ូលិស​ឥណ្ឌូណេស៊ី ជនសង្ស័យ​ទាំង ៦នាក់​នេះ រៀបចំ​គម្រោងការណ៍ វាយប្រហារ​ដោយ​ប្រើ​រ៉ុកកែត បាញ់​ចេញ​ពី​កោះបាតាម ទៅលើ​សង្កាត់ Marina Bay ដែល​ជា​សង្កាត់ដ៏​​ទំនើប​មួយ​របស់​សិង្ហបុរី សម្បូរ​ទៅដោយ​ហាងលក់​ទំនិញ សណ្ឋាគារ ព្រមទាំង​កាស៊ីណូ។

ក្រោយ​ការ​ចាប់ខ្លួន​នេះ ក្រសួង​មហាផ្ទៃ​សិង្ហបុរី​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ បញ្ជាក់ថា ខ្លួន​ក៏​បានដឹង​ដែរ អំពី​ផែនការ​ភេរវកម្ម​នេះ ហើយ​ថា សិង្ហបុរី​បាន​សហការ​យ៉ាងជិតស្និទ្ធ​ជាមួយ​នឹង​អាជ្ញាធរ​ឥណ្ឌូណេស៊ី នៅ​ក្នុងការ​ចាប់ខ្លូន​ជនសង្ស័យ​ទាំង ៦នាក់។ សិង្ហបុរី​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា ឆ្លើយតប​នឹង​ការ​គំរាមកំហែង​ភេរវកម្ម​នេះ សន្តិសុខ​ត្រូវ​បាន​រឹតបន្តឹង នៅ​គ្រប់ទីកន្លែងនៅទូទាំង​ប្រទេស​សិង្ហបុរី ហើយ​សន្តិសុខ​នៅ​តាម​ច្រកព្រំដែន​ក៏​ត្រូវ​បាន​រឹតបន្តឹង​យ៉ាងខ្លាំង​ផងដែរ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺ​ជា​ប្រទេស​មាន​ប្រជាជន​កាន់សាសនា​អ៊ីស្លាម​ច្រើន​ជាងគេ​បំផុត​នៅលើ​ពិភពលោក ហើយ​បើទោះបីជា​​ប្រជាជន​ឥណ្ឌូណេស៊ី​ភាគច្រើន​លើសលុប​​មិនមែន​ជា​អ្នកមាន​គំនិត​ជ្រុលនិយម តែ​ឥណ្ឌូណេស៊ី​ក៏​ធ្លាប់​ប្រឈមមុខ​នឹង​បញ្ហា​ភេរវកម្ម​អ៊ីស្លាម​ជ្រុលនិយម​នេះ​ជារឿយៗ​ដែរ នាពេលកន្លងមក ជាពិសេស គឺ​ការ​វាយប្រហារ​ភេរវកម្ម​នៅបាលី កាល​ពីឆ្នាំ​២០០២ ដែល​កាលណោះ​បាន​សម្លាប់​មនុស្ស​រហូតដល់​ទៅ​ជាង ២០០នាក់។

​យុទ្ធនាការ​ប្រឆាំង​ភេរវកម្ម​ដែល​រៀបចំ​ធ្វើ​ដោយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី នៅ​ក្រោយ​ភេរកវម្ម​នៅ​បាលី បាន​ធ្វើ​ឲ្យ​ចលនា​អ៊ីស្លាម​ជុ្រលនិយម​សំខាន់ៗ​នៅ​ឥណ្ឌូណេស៊ី​ត្រូវ​ធ្លាក់ចុះខ្សោយ​មួយរយៈ ក៏ប៉ុន្តែ បាន​ចាប់ផ្តើម​កម្រើកឡើងវិញ ចាប់តាំង​ពី​ការ​កកើត​រដ្ឋអ៊ីស្លាម​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី កាលពីឆ្នាំ​២០១៤៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ