អានតួអត្ថបទ
ឥណ្ឌូណេស៊ី

សាលក្រម​ប្រវត្តិសាស្ត្រ ៖ ម្ចាស់​​ចំការ​​ដូង​​ប្រេង​​ជាប់​​ទោស​​បំផ្លាញ​​ព្រៃ

តុលាការ​ឥណ្ឌូណេស៊ី ​បាន​សម្រេច​សាលក្រម​ ថ្កោល​ទោស​ ក្រុមហ៊ុន​ចំការ​ដូង​ប្រេង​ មួយ ពី​បទ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់។​ នេះ​គឺ​ជា​លើក​មួយ និង​អាច​ចាត់​ទុក​ជា​ប្រវត្តិសាស្ត្រ​ឥណ្ឌូណេស៊ី ដែល​តុលាការ​បញ្ចេញ​សំឡេង​ដើម្បីការពារ​ប្រយោជន៍​និង​ច្បាប់​បរិស្ថាន។

ចំការ​​​​ដូងប្រេង
ចំការ​​​​ដូងប្រេង Getty Images/Image Source
ផ្សាយពាណិជ្ជកម្ម

តុលាការ​កោះ​ស៊ូមាត្រា បាន​កាត់​ទោស​ក្រុមហ៊ុន​ Kallista Alam ឱ្យ​បង់​សំណង​ខូចខាត ជា​ទឹកប្រាក់ ១១៤​ពាន់​លាន​ រូពី (៦,៨​លាន​អឺរ៉ូ) និង​បង់ ២៥១​ពាន់​លាន​រូពី សម្រាប់​បណ្តុះ​ព្រៃ​ឡើង​វិញ។ នេះ​បើ​តាម​មេធាវី​ក្រសួង​បរិស្ថាន​ដែល​ជា​ដើម​ចោទ​។

 
ក្រុមហ៊ុន​ កាលីស្តាអាឡាម ដែល​រក្សា​សិទ្ធិ​ធ្វើ​ឧទ្ធរណ៍ ត្រូវ​បាន​តុលាការ​​ផ្តន្ទាទោស​ ពី​បទ​បាន​ដុត​បំផ្លាញព្រៃ​នៅខេត្ត​អាឆេ ភាគ​ខាង​ជើង​កោះ​ស៊ូមាត្រា​ មួយ​ពាន់​ហិចតារ ដើម្បី​​យក​ដី​មកធ្វើ​ចំការ​​ដាំ​ដូង​ប្រេង។ ម្យ៉ាង​វិញទៀត ការ​ដុត​ព្រៃ​បែប​នេះ បាន​បង្ក​ជា​ផ្សែង​ខ្មួល​ខ្មាញ់​បង្កើត​ជា​ឧស្ម័ន​ ​ផ្ទះ​កញ្ចក់ បំពុល​បរិយាកាស ភ្នាក់ងារ​បង្កើន​កំដៅ​នៃ​ភព​ផែនដី។

ព្រៃ​​​អាឆេ ត្រូវ​បាន​ចាត់​ទុក​ជា​តំបន់​អភិរក្ស​​ព្រៃឈើ​ដ៏​ចំណាស់​មួយ​ និង​ការពារ​ដោយ​ក្រិត្យ​​​ច្បាប់​ឆ្នាំ​២០១១ ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី Susilo Banbang Yudhoyono។ ​មួយផ្នែក​នៃ​ព្រៃ​នេះ​ស្ថិតក្រោម​ប្រព័ន្ធ​ Ecosysteme ​Leuser ព្រោះ​ជា​ព្រៃ​ជីវៈ​ចម្រុះតែ​មួយ​គត់​ មាន​សត្វអ៊ូរ៉ង់អូតង់​ដែល​ចង់​ផុត​ពូជ​រស់​នៅ​ច្រើន​ជាង​គេ។ នៅ​ពេល​ដែល​ក្រុមហ៊ុន​បាន​ទទួលអាជ្ញារប័ណ្ណ​កាប់​ព្រៃ​ដើម្បី​​​ដាំ​ដុះ​ដូង​ប្រេង​ កាលពី​ឆ្នាំ​២០១១ ពិភពលោក​ទាំង​មូល​បាន​រិះគន់​យ៉ាង​ខ្លាំង ។

សាលក្រម​តុលាការ​ថ្ងៃ​នេះ អាច​ចាត់​ទុក​ជា​​ប្រវត្តិសាស្ត្រ​​នៃ​ការ​អនុវត្ត​ច្បាប់​បរិស្ថាន នៅ​ឥណ្ឌូណេស៊ី។ ហើយ​នេះ​ក៏​សារ​ដ៏​សំខាន់​មួយ​សម្រាប់​គ្រប់​ក្រុមហ៊ុន​​ដូង​ប្រេង​ទាំង​អស់​នៅ​ខេត្ត​អាឆេ និង​ឥណ្ឌូណេស៊ី​ទាំងមូល ដែល​តែង​​កាប់​ព្រៃ​អភិរក្ស​ដោយ​គ្មាន​ក្រែង​ច្បាប់ ព្រោះ​អាច​បំបិទ​ភ្នែក​ សុំ​សិទ្ធិ​រក​ស៊ី​បាន​ដោយ​ងាយ តាម​រយៈ​អំពើ​​​ពុក​រលួយ​។

ព្រៃឈើ​ឥណ្ឌូណេស៊ី ដែល​ជា​ព្រៃឈើ​​តំបន់​អេក្វាទ័រ​សំខាន់​ទី​បី​នៅ​លើ​ពិភពលោក បន្ទាប់​ពី​ប្រទេស​ប្រេស៊ីល និង​កុងហ្គោ​ បាន​បាត់​បង់​ផ្ទៃដី​អស់​ពាក់​កណ្តាល​ ក្នុង​រយៈ​ពេល​៥០​ឆ្នាំ​ចុងក្រោយ​នេះ​ ដោយ​ភាគ​ច្រើន​ប្រែក្លាយ​ទៅ​ចំការ​ដូង​ប្រេង​វិញ។ ចំការ​ដូង​ប្រេងដែល​រីក​ធំឡើងៗ ដល់​២៧​ដង​​ ក្នុង​រយៈ​ពេល​តែ​២០​ឆ្នាំ។

ប៉ុន្តែ​សម្រាប់​មេធាវី​ចុងចោទ សាលក្រម​នេះ​បាន​គំរាម​កំហែង​យ៉ាងខ្លាំង​ឧស្សាហកម្ម​ដូង​ប្រេង​ ដែល​ឥណ្ឌូណេស៊ី​ជាប់​លេខ​មួយ នៅ​លើ​ពិភពលោក និង​ដែល​រដ្ឋាភិបាល​មាន​មហិច្ឆតា​បង្កើន​ផលិតផល​ឱ្យ​បាន​៦០%​បន្ថែម​ទៀត​ពី​ពេល​នេះ​ដល់ឆ្នាំ​២០២០៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ