អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ចិន

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ជិះ​នាវា​ចម្បាំង​ត្រួតពិនិត្យ​មើល​ប្រជុំកោះ​ដែល​ជាប់ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង

លោក​ចូកូវីដូដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​ធ្វើ​ដំណើរតាម​នាវាចម្បាំង នៅថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​​​ទៅ​ពិនិត្យ​មើល​តំបន់​កោះ​ ដែល​កំពុង​ជាប់ជម្លោះ​ជាមួយចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ដំណើរទស្សនកិច្ច​នេះ​ទំនង​ជា​ធ្វើ​ឡើង ដើម្បី​ចង់បង្ហាញ​ពី​ជំហរតឹងរ៉ឹង​របស់​ឥណ្ឌូណេស៊ី​ចំពោះ​ចិន នៅក្រោយ​ពី​មាន​ការ​ប្រឈមមុខដាក់គ្នា កាលពីសប្តាហ៍​មុន រវាង​នាវាចម្បាំង​ឥណ្ឌូណេស៊ី និង​ទូកនេសាទ​ចិន។

លោក​ចូកូវីដូដូ ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅលើ​នាវាចម្បាំង ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ថ្ងៃ​ទី២៣ មិថុនា ២០១៦
លោក​ចូកូវីដូដូ ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅលើ​នាវាចម្បាំង ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ថ្ងៃ​ទី២៣ មិថុនា ២០១៦ Antara Foto/REUTERS
ផ្សាយពាណិជ្ជកម្ម

លោកចូកូវីដូដូ​ អមដំណើរ​ដោយ​​អគ្គបញ្ជាការ​កងទ័ព ព្រមទាំង​រដ្ឋមន្រ្តី​ជាច្រើន​រូប បាន​ធ្វើ​ដំណើរ​ទៅកាន់​មូលដ្ឋាន​កងទ័ព​ជើងទឹក នៅលើ​កោះមួយ​របស់​ឥណ្ឌូណេស៊ី​ ដែល​ស្ថិត​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង រួចហើយ​ឡើង​ជិះនាវាចម្បាំង អម​ដោយ​នាវាចម្បាំង​តូចធំ​ ព្រមទាំង​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង ដើម្បី​​ធ្វើ​ដំណើរ​​ត្រួតពិនិត្យ​មើល​តំបន់​ជុំវិញ​នោះ។ លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ក៏​បាន​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ជានិមិតរូបមួយដែរ នៅលើ​នាវាចម្បាំង​នោះ។

គួរបញ្ជាក់ថា នាវាចម្បាំង​នេះ​ហើយ ដែល​បាន​ស្ទាក់ចាប់​ទូកនេសាទ​ចិន កាល​ពីសប្តាហ៍​មុន ដោយចោទ​ថា​ បាន​ចូល​មក​ក្នុង​ដែនទឹក​របស់​ឥណ្ឌូណេស៊ី​ដោយ​ខុសច្បាប់។ ការចាប់ទូក​នេសាទ និង​នាវិក​ចិន ដែល​បង្ក​ឲ្យ​មាន​ប្រតិកម្ម​យ៉ាងខ្លាំង ពី​សំណាក់​រដ្ឋាភិបាល​ក្រុងប៉េកាំង។

រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​ជាតិ ដែល​អមដំណើរ​លោក​ចូកូវីដូដូ នៅ​ព្រឹកមិញ​នេះ បាន​ប្រាប់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Post ថា ដំណើរទស្សនកិច្ច​​មក​ក្នុង​តំបន់​ប្រជុំកោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ គឺ​ធ្វើឡើង ដើម្បី​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ជំហរ​ដ៏មុតមាំ​របស់​ឥណ្ឌូណេស៊ី ក្នុងការ​ការពារ​អធិបតេយ្យភាព​ដែនដី​របស់​ខ្លួន។
 

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង៤ របស់​អាស៊ាន ដែល​កំពុងជាប់ជម្លោះ​ជាមួយ​ចិន ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ក៏ប៉ុន្តែ ខុសពី​ប្រទេស​ផ្សេងទៀត ឥណ្ឌូណេស៊ី និង​ចិន មិនមាន​ជម្លោះ​ទាក់ទង​នឹង​ខ្សែបន្ទាត់​ព្រំដែន​ទឹកនោះទេ តែ​ជា​ជម្លោះ​ទាក់ទង​នឹង​ការទាមទារ​​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​ដែល​ត្រួតលើ​គ្នា។ ម្យ៉ាងទៀត គេសង្កេតឃើញ​ថា កាលពីពេល​កន្លងមក នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ឥណ្ឌូណេស៊ី និង​ចិន ក៏​មិនសូវ​ជា​មាន​ការ​ប្រឈមមុខគ្នា​ខ្លាំង​ ដូចជា រវាង​ចិន និង​ហ្វីលីពីន និង​វៀតណាម​នោះដែរ។

ការ​ប្រឈមមុខដាក់គ្នា ដែល​ចាប់ផ្តើម​កើនឡើង​ខ្លាំង តាំង​ពី​សប្តាហ៍​មុនមក គឺ​ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាស់ អំពី​បរិយាកាសតានតឹង​ខ្លាំង នៅមុន​ការ​ចេញ​សេចក្តី​​សម្រេច​របស់​តុលាការ​ក្រុងឡាអេ ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ សេចក្តីសម្រេច​ដែល​ធ្វើឡើង​ទៅតាម​បណ្តឹង​របស់​ហ្វីលីពីន ប៉ុន្តែ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រកាសទុកជាមុន​ថា​នឹ​ងមិន​ទទួលស្គាល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ