អានតួអត្ថបទ
ឥណ្ឌូណេស៊ី​

អ្នកទោស​​ឥណ្ឌូណេស៊ី​ជាង​២០០នាក់​​​រត់​ចេញ​ពី​​ពន្ធនាគារ​​ ប៉ូលិស​​ក្របួច​​​​​បាន​​ច្រើននាក់​​មកវិញ​

ថ្ងៃសុក្រ​ម្សិលមិញ អ្នកទោសនៅ​​ឥណ្ឌូណេស៊ី​​ជាង​​២០០នាក់​ ​បាន​នាំគ្នា​រត់ចេញ​ពី​ពន្ធនាគារ​មួយកន្លែង ​នៅ​ក្រុង​​​Pekanbaru ភាគខាងលិច​ប្រទេស។ ថ្ងៃសៅរ៍នេះ​ ប៉ូលិស​ប្រាប់ថា ​អ្នកទោស​ដែល​ចាប់បាន​មកវិញ រឺ​ក៏​អ្នកទោស​ដែល​​ប្រគល់​ខ្លួន​មកវិញ សរុប​ទៅ​​មាន​​​២០៩នាក់ គឺភាគច្រើន​នៃចំនួន​អ្នកទោស​ដែល​បានរត់គេច។  

ប៉ូលិស​ឥណ្ឌូណេស៊ី​​សហការ​ជាមួយ​ប្រជាជន​ នៅ Pekanbaru ​ចាប់បាន​អ្នកទោសច្រើននាក់​មកវិញ។
ប៉ូលិស​ឥណ្ឌូណេស៊ី​​សហការ​ជាមួយ​ប្រជាជន​ នៅ Pekanbaru ​ចាប់បាន​អ្នកទោសច្រើននាក់​មកវិញ។ Reuters
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​អ្នកទោស​ជាង​២០០នាក់​ហែកគុក​ នៅ​​​Pekanbaru ​ភាគខាងលិច​​ឥណ្ឌូណេស៊ី បាន​កើតឡើង ថ្ងៃ​សុក្រ​ម្សិលមិញ ពេល​អ្នកយាម​គុក​​បើកទ្វារ​អោយ​អ្នកទោស​ចេញ​ទៅ​សូត្រធម៌។ គេ​មិន​ដឹងថា តើ​មាន​អ្នកទោស​ប៉ុន្មាននាក់ ​​ដែ​លបាន​រត់គេច​ម្សិលមិញនេះទេ។ អាច​មា​នពី​២០០ទៅ​៣០០នាក់។ រូបភាពវីដេអូ​បង្ហាញ​អ្នកទោស​ច្រើនសន្ធឹកសន្ធាប់ អ្នកខ្លះ​ស្លៀកសារុង​​ បាន​រត់​បន្ត​កន្ទុយគ្នា​ ​ចេញ​តាម​ទ្វារ​​គុក។

ប៉ូលិស​បាន​ខ្នះខ្នែង​ប្រតិបត្តិការ​ដាក់របាំង ក្នុង​ទីក្រុង ​​តាម​ចាប់​បាន​អ្នកទោស​ភាគច្រើន​មកវិញ។ អ្នកទោស​ប្រាប់ថា ពួកគេ​រត់ចេញ​ពី​គុក​ នៅ​​Pekanbaru ដោយសារតែ​​លក្ខខណ្ឌ​ឃុំអ្នកទោស​ក្នុង​គុក​គ្មាន​ភាព​មនុស្សធម៌​ទាល់តែ​សោះ។ អ្នកយាម​គុក​ក៏​មិនល្អ​ចំពោះ​ពួកគេ។  អ្នកទោស​​​បាន​ទាមទារ​អោយ​ប្តូរ​ប្រធានយាម​ពន្ធនាគារ​នេះចេញ។ ​ពន្ធនាគារ នៅ​ ​Pekanbaru ​មាន​អ្នកទោស​លើស​ចំណុះ។ តាមធម្មតា​ ពន្ធនាគារ​មួយនេះ ​អាច​ដាក់អ្នកទោស​បានត្រឹមតែ​​ជាង​៣០០នាក់​ទេ ប៉ុន្តែ ​​ក្នុង​គុក​​នេះ រាប់ទៅ​គឺមាន​អ្នកទោស​ដល់​ទៅ​១៨៧០នាក់។ អ្នកយាម​គុក​វិញ មាន​តែ​៦នាក់​ប៉ុណ្ណោះ។ ​

ពន្ធនាគារជាច្រើន នៅ​​ឥណ្ឌូណេស៊ី ​​​ច្រើន​ផ្ទុក​អ្នកទោស​ហួស​ចំណុះ ហើយ​គ្មានលក្ខខណ្ឌ​អនាម័យ​ត្រឹមត្រូវ​សម្រាប់​​អ្នកទោស​​​ទេ។ ​ហេតុការណ៍​​រត់គេច​ពី​ពន្ធនាគារ​ក៏​តែង​កើត​មាន​ ​នៅ​ឥណ្ឌូណេស៊ីដែរ៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ