អានតួអត្ថបទ
កម្ពុជា-ច្បាប់

អង្គការជាតិ និងអន្តរជាតិជំរុញឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សUN ដោះស្រាយការរំលោភសិទ្ធិមនុស្សនៅកម្ពុជា

អង្គការ​ជាតិ​ និង​​អន្តរ​ជាតិ​១២​ស្ថាប័ន​បាន​សរសេរ​លិខិត​ចំហមួយ​​ដាក់​ជូន​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សាសិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ ​ដើម្បី​ឲ្យ​ស្ថាប័ន​កំពូល​របស់​UN​មួយ​នេះ ​ដោះ​ស្រាយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​។ ការ​ចេញ​លិខិត​ចំហ​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​អង្គការ​ទាំង​នោះ​មើល​ឃើញ​ថា​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាន់​តែ​យ៉ាប់​យ៉ឺន​។ 

ប្រជាជន​បឺងកក់​មក​តុលាការ​ក្រុង ​ដើម្បី​តវ៉ា​អោយ​ដោះលែង​ពួកគេ​
ប្រជាជន​បឺងកក់​មក​តុលាការ​ក្រុង ​ដើម្បី​តវ៉ា​អោយ​ដោះលែង​ពួកគេ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ១២​ស្ថាប័ន​បាន​ជំរុញ​ឲ្យ​គណៈប្រតិភូ​​នៃ​​ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​ គាំទ្រ​លើ​ការ​អនុម័ត​ដំណោះ​ស្រាយ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​តែ​យ៉ាប់​យ៉ឺន​ ក្នុង​សម័យ​ប្រជុំ​លើក​ទី​៣៣​ របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុ​ស្សអង្គការ​សហប្រជាតិ​។ នេះបើ​តាម​លិខិត​ចំហ​របស់​អង្គការ​ទាំ​ងនេះ​ ដែល​បាន​ចុះ​ផ្សាយ​ក្នុង​គេហទំព័រ​របស់​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ ​ICJ ​កាល​ពី​ថ្ងៃទី១៨ ​សីហា។ ​

 
ក្នុង​លិខិត​ចំហ ​ដែល​ជូន​ទៅ​សមាជិក​អចិន្ត្រៃយ៍នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជា​ជាតិ​នោះ ​បាន​ឲ្យដឹងថា​ ដំណោះស្រាយ​​នោះ ​គួ​រ​តែ​ផ្តោត​ជា​សំខាន់​ និង​ថ្កោល​ទោស​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​កើត​​មាន​ក្នុងប្រទេស​កម្ពុជា​។​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​កែ​ប្រែ​សកម្មភាព​របស់​ខ្លួន​ជា​បន្ទាន់ ​ដើម្បី​រក្សា​កេរ្តិ៍ដំណែល​កិច្ចព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​ប៉ារីស។​

តាម​រយៈ​លិខិត​ចំហ​ក្រុម​អង្គការ​ទាំង​នោះ​បាន​ដាក់​អនុ​សាសន៍​​ប្រមាណ​ជាង​១០​ចំណុច​ពី​ដំណោះ​ស្រាយសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​។ ក្នុង​នោះ​ក៏​មាន​ការ​អំពាវ​នាវ​ឲ្យអាជ្ញាធរ​កម្ពុជា​ដោះ​លែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស ​សមាជិក និង​អ្នក​គាំទ្រ​គណ​បក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​ឃុំខ្លួនទាក់​ទង​នឹង​ការ​បញ្ចេញមតិ​។​

សូម​បញ្ជាក់​ថា​ក្រុម​ប្រឹក្សា​​សិទ្ធិ​​មនុស្ស​​រប​ស់​​អង្គការ​​សហ​​ប្រជា​ជាតិ​​នឹ​ង​​បើក​​សម័យ​​ប្រជុំ​​លើក​​ទី​៣៣​ ​នៅ​ថ្ងៃទី១៣ ​ដល់​ថ្ងៃទី៣​០ ខែ​កញ្ញា ​២០១៦។​

ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ផង​ដែរ​ ក្រុម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី១៩ ​សីហា​ ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​ និង​ទម្លាក់​ចោល​ការចោទ​ប្រកាន់ ​មកលើ​​ស្ត្រី​សកម្ម​ជន​ដី​ធ្លី​២នាក់ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន​កាល​ពីថ្ងៃទី១៥ ​ខែសី​ហា ​ក្នុងយុទ្ធ​នាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ។​ អង្គការ​នេះ​បាន​ចាត់​ទុក​ការ​កាត់​ទោស​លើ​ស្ត្រី​សកម្ម​ជន​នោះ​ថា​ជាកា​របំពាន​លើសិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ដោ​យ​សន្តិ​វិធី​របស់​ពួក​គេ។​

លោក​ផៃ ​ស៊ីផាន​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​ថា​អង្គការ​សហប្រជាជាតិ​មិន​មាន​អំណាច​ណាម​ក​បង្ខំ​កម្ពុជាឲ្យ​ធ្វើ ​តាម​អ្វី​ដែល​អង្គការ​ទាំង​នោះ​យល់​ឃើញ​ទេ។​ លោក​បន្ត​ថា​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​និងអង្គការ​បរទេ​ស​គ្រាន់​តែ​យក​បរិបទ​សិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​រដ្ឋាភិ​បាលស្រប​ច្បាប់​តែ​ប៉ុណ្ណោះ។​ លោក​ថាបច្ចុប្បន្ន​នេះ ​កម្ពុជា​កំពុង​តែ​ពង្រឹង​នីតិរដ្ឋ​ ក៏​ដូច​ជា​ដំណើរ​ការ​យុត្តិ​ធម៌​របស់​តុលាការ​ជាដើម ​។   

គួរ​ជំរាប​ជូន​ថា​អង្គការ​ជាតិ ​និងអន្តរ​​ជាតិ​ទាំង​១២​ស្ថាប័ន​នោះ​រួមាន​ អង្គការ​សហព័ន្ធ​អន្តរ​ជាតិ​ដើម្បី​សិទ្ធិមនុស្ស ​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ​ ICJ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Human​ Rights Watch មជ្ឈ​មណ្ឌលសិទ្ធិ​មនុស្ស​កម្ពុជា ​អង្គការ​លីកាដូ​ និង​អង្គការជាតិ​-អន្តរជាតិផ្សេងៗទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ