អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

ទំនាក់​ទំនង​រវាង​ឥណ្ឌា​និង​តំបន់​ដទៃ​ផ្សេងៗ​នៅ​ក្នុង​ពិភពលោក​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ហ្សង់-ហ្វ្រង់ស័រ​ តាន់ សូម​បន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត​នយោបាយ​របស់​ប្រទេស​ឥណ្ឌា​ត​ទៅ​ទៀត ដោយ​សូម​​និយាយ​បក​ស្រាយ​ពី​ទំនាក់​ទំនង​រវាង​ឥណ្ឌា​និង​តំបន់​ផ្សេងៗ​ទៀត​នៅ​ក្នុង​ពិភពលោក។

ផែនទីនៃប្រទេសឥណ្ឌានិងបណ្តាប្រទេសជិតខាងឥណ្ឌា
ផែនទីនៃប្រទេសឥណ្ឌានិងបណ្តាប្រទេសជិតខាងឥណ្ឌា រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

តំបន់​ដែល​ឥណ្ឌា​ឱ្យ​តម្លៃ​ខ្លាំង​ចាប់​ពី​ពេល​នេះ​ត​ទៅ គឺ​អាស៊ី​ចុង​បូព៌ា​និង​អូសេអានី(Océanie) ក្នុង​នោះ រួម​មាន​អាទិ៍ ជប៉ុន កូរ៉េ​ខាង​ត្បូង និង​អូស្រា្តលី។ ដូច​ជាមួយ​ប្រទេស​ជប៉ុន​ដែល​យើង​បាន​លើក​ឡើង​រួច​ហើយ ឥណ្ឌា​ទុក​ចិត្ត​កូរ៉េ​ខាង​ត្បូង​និង​អូស្ត្រាលី។ ម្យ៉ាង គឺ​ដោយសារតែ​ប្រទេស​ទាំង​ពីរ​នេះ​មាន​សក្តានុពល​សេដ្ឋកិច្ច​ធំធេង​សក្តិសម​ជា​ដៃ​គូ​ពាណិជ្ជកម្ម។ ម្យ៉ាង​ទៀត​ គឺ​ដោយសារតែ​ទីក្រុងសេអ៊ូល(​Séoul) និង​ទីក្រុងកង់បេរ៉ា​(Canberra) សុទ្ធ​ជា​ប្រទេស​ខ្លាំង​ខាង​វិស័យ​យោធា ប្រកប​ដោយ​ស្ថិរភាព​នយោបាយ​ល្អ និង​ជា​លទ្ធិប្រជា​ធិបតេយ្យ​មាំមួន​ស្និទ្ធ​នឹង​សហរដ្ឋ​អាមេរិក។

និយាយ​បែប​ផ្សេង ឥណ្ឌា​អាច​ពឹង​ពាក់​បណ្តា​ប្រទេស​នៅ​អាស៊ី​ចុង​បូព៌ា​និង​នៅអូសេអានី​​​​បាន ដើម្បី​ប្រឈមមុខ​ជាមួយ​ចិន​ឬ​ដើម្បី​ខ្ទប់​ឥទ្ធិពល​របស់​ចិន។ ក្នុង​គោលដៅ​ខ្ទប់​ឥទ្ធិពល​របស់​ចិន​នៅ​អាស៊ី​ដូច​គ្នា អាមេរិក​ក៏​ចង់​ឃើញ​ឥណ្ឌា​ខិត​ទៅ​រក​បណ្តា​ប្រទេស​មិត្តរបស់​ខ្លួន​នៅ​អាស៊ី​​ចុងបូព៌ា​និង​នៅ​អូសេអានី​ដែរ។

តំបន់​មួយ​ទៀត​ដែល​ជា​ទីតាំង​យុទ្ធសាស្រ្ត​ដ៏​សំខាន់​សម្រាប់​ឥណ្ឌា​ក្នុង​បច្ចុប្បន្នកាល​ក៏​ដូច​ជា​ក្នុង​អនាគតកាល គឺ​អាស៊ី​កណ្តាល។ ឥណ្ឌា​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​អាស៊ី​កណ្តាល​ ពីព្រោះ​តែ​កត្តា​នយោបាយ សន្តិសុខ ថាមពល សេដ្ឋកិច្ច​និង​ភូមិសាស្រ្ត​នយោបាយ។

ជា​ការ​ពិត​ណាស់​ដែល​ថា ប្រជាជន​អាស៊ី​កណ្តាល​ប្រមាណ​តែ​ជាង​៦០​លាន​នាក់ មិន​មែន​ជា​ទីផ្សារ​មួយ​ធំ​ណាស់​ណា​នោះ​ទេ​សម្រាប់​ឥណ្ឌា។ ក៏​ប៉ុន្តែ តំបន់​នេះ​ដែលសម្បូរណ៌​ទៅ​​ដោយ​​ប្រេងកាត​និង​ឧស្ម័ន​ធម្មជាតិ​ជា​ពិសេស​នៅកាហ្សាក់ស្ថាន(​Kazakhstan) ​និងនៅ​តួម៉េនីស្ថាន(Turkménistan) ជា​ទីតាំង​នៃ​ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​ចិន រុស្ស៊ី​និង​អាមេរិក។ ម្ល៉ោះ​ហើយ ឥណ្ឌា​ដែល​នៅ​ជាប់​បង្កើយ​និង​ដែល​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​មហា​អំណាច​ដែរ​នោះ មិន​អាច​មើលរំលង​អាស៊ី​កណ្តាល​បាន​ទេ។

មែន​ទែន​ទៅ ថ្នាក់ដឹកនាំ​ឥណ្ឌា​យល់​ឃើញ​ថា ខ្លួន​អាច​ដើរ​តួនាទី​នយោបាយ​និង​ភូមិសាស្រ្ត​នយោបាយ​មួយ​បាន​នៅ​អាស៊ី​កណ្តាល បើ​សិន​ជា​មាន​ការ​បើក​ដៃ​ពី​រុស្ស៊ី និង​ការ​ជំរុញ​ពី​សំណាក់​អាមេរិក។

ក្រៅ​ពី​នេះ ឥណ្ឌា​ឱ្យ​តម្លៃ​ខ្លាំង​ដល់​ភូមិភាគ​ដើម​បូព៌ា។
មាន​ហេតុផល​សំខាន់ៗ​ចំនួន​ពីរ។ ទីមួយ​គឺ​ហេតុផល​មនុស្ស​និង​សេដ្ឋកិច្ច ដ្បិត​ភូមិភាគ​ដើម​បូព៌ា​ជាទី​ដែល​ប្រជាជន​ក្រីក្រ​ឥណ្ឌា​ចូល​ចិត្ត​ទៅ​ធ្វើ​ការ ដូច​ជា​នៅអារ៉ាប៊ីសាអូឌីត​(Arabie Saoudite) អេមីរ៉ាតអារ៉ាប់រួម(Emirats Arabes Unis)  កូវ៉ែត(Koweit) និងអូម៉ង់(​Oman)។
រី​ឯ​ទី​ពីរ​វិញ គឺ​ហេតុផល​ថាមពល ដ្បិត​ឥណ្ឌា​ក៏​ដូច​ចិន​ដែរ ទិញ​ប្រេង​កាត​និង​ឧស្ម័ន​ធម្មជាតិ​​ច្រើន​សន្ធឹក​សន្ធាប់​ពី​ភូមិភាគ​ដើម​បូព៌ា។

*

ផ្ទុយ​ទៅ​វិញ តំបន់​ដែល​មិន​ទាន់​ជា​គោលដៅ​អាទិភាព​របស់​ឥណ្ឌា​គឺ​អាហ្វ្រិក។តាម​ការ​​ពិត ឥណ្ឌា​មាន​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក​ជា​យូរយារ​ណាស់​មក​ហើយ ដូច​មាន​វត្តមាន​ជនជាតិ​ឥណ្ឌា​នៅ​អាហ្វ្រិក​ខាង​ត្បូង កោះម៉ូរីស(​Maurice) កេនយ៉ា​(kenya) តង់សានី (Tanzanie) អ៊ូហ្កង់ដា(Ouganda) ជា​ឧទាហរណ៍​ជាក់​ស្តែងស្រាប់។

យ៉ាង​ណា​ក៏​ដោយ ក្នុង​នាម​ជា​ប្រទេស​ដែល​ត្រូវ​ការ​ថាមពល​និង​សម្បត្តិ​ធម្មជាតិ​ដទៃ​ផ្សេង​ច្រើន​ឡើងៗ ឥណ្ឌា​នឹង​ច្បាស់​ជា​ត្រូវ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក ជាពិសេស​ជាមួយ​ប្រទេស​ដែល​សម្បូរណ៌​ប្រេង​កាត។ ប៉ុន្តែ ធ្វើ​បែប​នេះ ឥណ្ឌា​នឹង​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​ចិន​ដែល​បាន​ដាក់​ជើង​ទៅ​ដល់​ទ្វីប​អាហ្វ្រិក​ជា​ជាយូរ​ឆ្នាំ​កន្លង​មក​ហើយ។

ទន្ទឹម​នេះ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ឥណ្ឌា​និង​អាហ្វ្រិក​កើន​ខ្លាំង​ឡើង​ជា​លំដាប់ ពី​កម្រិត​មួយ​ទាប គឺ​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០១ ទៅ​៤​ម៉ឺន​៦​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០។ តួលេខ​នេះ​អាច​នឹង​កើន​ទៅ​ដល់​៧​ម៉ឺន​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥។

ដោយ​ឡែក អាមេរិក​ឡាទីន គឺ​ជា​តំបន់​ដែល​ទាក់ទាញ​ឥណ្ឌា​ខ្លាំង​ឡើងៗ។ ការ​លេច​ត្រដែត​ឡើង​នៃ​ប្រេស៊ីល​(Brésil) និង​សក្តានុពល​សេដ្ឋកិច្ច​នៃ​ប្រទេស​ដទៃ​ផ្សេង​ដូច​អាហ្សង់ទីន​(Argentine) ជា​ដើម ធ្វើ​ឱ្យ​ឥណ្ឌា​មើល​ឃើញ​ច្បាស់​ជាង​មុន​ប្រយោជន៍​របស់​ខ្លួន​នៅ​អាមេរិក​ឡាទីន។

មិន​តែ​ប៉ុណ្ណោះ ឥណ្ឌា​ចាត់​ទុក​ប្រេស៊ីល ថា​ជា​ប្អូន​ភ្លោះ​របស់​ខ្លួន ដ្បិត​ដូច​ឥណ្ឌា​ដែរប្រេស៊ីល​​ជា​យក្ស​ដែល​ទើប​តែ​ងើប​ពី​ដំណេក និង​ដូច​ឥណ្ឌា​ដែរ ប្រេស៊ីល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ ជា​ប្រទេស​គាំទ្រ​ពិភពលោក​ពហុប៉ូល និង​ជា​ប្រទេស​ដែល​ចង់​ក្លាយ​ជាសមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។

ម្ល៉ោះ​ហើយ ប្រេស៊ីល​និង​ឥណ្ឌា​ដែល​ជា​សមាជិក​របស់​BRICS​ដូច​គ្នា គ្មាន​ជំរើស​អ្វី​ផ្សេង​ក្រៅ​ពី​យក​តម្រាប់​តាម​គ្នា ជួយ​គ្នា​ទៅ​វិញ​ទៅ​មក និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ