អ៊ីរ៉ង់ ចាប់នាវាដឹកប្រេងរបស់បរទេស ចំនួន ១ ថែមទៀត
មិនដល់មួយខែផង អ៊ីរ៉ង់ ចាប់នាវាដឹកប្រេងរបស់បរទេស អស់ចំនួនបីទៅហើយ។ ថ្ងៃអាទិត្យ ទី៤សីហា ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ បានផ្សាយជាផ្លូវការថា អ៊ីរ៉ង ចាប់ឃាត់នាវាដឹកប្រេងរបស់បរទេស ថ្មីមួយទៀត នៅក្នុងឈូងសមុទ្រពែរស្ស។ នាវានេះផ្ទុះប្រេងឥន្ធនៈ ចំណុះ៧០ម៉ឺនលីត ហើយនិងមានមនុស្សចំនួន ៧ នាក់ផង។ ក៏ប៉ុន្តែ អ៊ីរ៉ង់ មិនបានបញ្ជាក់ពីអត្ថសញ្ញាណនិងសញ្ជាតិរបស់មនុស្សទាំងនោះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទ័ពជើងទឹករបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានធ្វើប្រតិបត្តិការចាប់នាវាដឹកប្រេង និងជនបរទេសទាំង ៧ នាក់នោះ គឺធ្វើឡើងតាំងពីថ្ងៃទី១សីហាមកម្ល៉េះ តែ កាសែតផ្លូវរដ្ឋអ៊ីរ៉ង់ ទើបសម្រេចទម្លាយដំណឹងនេះ នៅថ្ងៃអាទិត្យ ទី៤សីហា។
នេះជានាវាបរទេសទី៣ហើយដែលត្រូវរដ្ឋអំណាចតេអេរ៉ង់ ចាប់ឃាត់ នៅក្នុងច្រកសមុទ្រអកម៉ូស។ ពោលគឺលើកទី១ អ៊ីរ៉ង់បានចាប់នាវាដឹងមាសខ្មៅរបស់ប្រទេសប៉ាណាម៉ា, ប៉ុន្មានថ្ងៃបន្ទាប់មក អ៊ីរ៉ង់ចាប់នាវាប្រេងបរទេស ជាលើកទី២ ប៉ះចំនាវារបស់អង់គ្លេស ដែលមានម្ចាស់ជាតិស៊ុយអែត។ រឿងនេះ ធ្វើឱ្យអង់គ្លេស ខឹងច្រលោតជាខ្លាំង រហូតកោះហៅទូតអ៊ីរ៉ង់នៅទៅសួរដេញដោលនៅរាជធានីឡុងឌ្រឺ ទៀតផង។ មិនតែប៉ុណ្ណោះ អង់គ្លេស បានដាក់វិធានការដោយបញ្ជូននាវាយោធាអង់គ្លេសដើម្បីនាំផ្លូវ និងការពារការដឹកប្រេងឆៅ និងដឹកជនស៊ីវិល។ ភាពតានតឹងនេះ បានអូសនាំប្រទេសអឺរ៉ុបមួយចំនួន ឱ្យចូលរួមសាមគ្គីជួយអង់គ្លេសដែរ។ ចំណែក អាមេរិក ដែលមិនសូវស៊ីខ្សែអ៊ីរ៉ង់ស្រាប់ផង ក្នុងសំណុំរឿងនុយក្លេអ៊ែរ ក៏ប៉ះទង្គិចជាមួយអ៊ីរ៉ង់មួយប្រាវ ដោយមានការបាញ់ប្រហារយន្តហោះឌ្រូនគ្នាទៅវិញទៅមកថែមទៀតផង។
ទោះយ៉ាងណាក្តី ការចាប់នាវាដឹកប្រេងរបស់បរទេសជាបន្តបន្ទាប់ពីសំណាក់អ៊ឺរ៉ង់ គឺកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានយល់ថា ច្រកសមុទ្រអកម៉ូស និងឈូងសមុទ្រពែរស្ស គឺជាដែនទឹករបស់ខ្លួននិងជាកម្មសិទ្ធិរបស់ប្រទេសក្នុងតំបន់តែប៉ុណ្ណោះ ហើយចំណែកបរទេសដទៃណាផ្សេង កុំចង់មកលូកដៃ។ ក៏ប៉ុន្តែ ការយល់ដូច្នេះ ចំពោះប្រទេសបស្ចឹមលោក គឺមិនសមរម្យនោះទេ ដ្បិតថា តាមច្បាប់អន្តរជាតិ នាវារបស់ពួកគេ ក៏អាចធ្វើដំណើរចរាចរណ៍នៅទីនោះបានដែរ។
គួរជ្រាបថា ច្រកសមុទ្រអកម៉ូស ជាផ្លូវទឹកសំខាន់បំផុតមួយ ដែលអនុញ្ញាតឱ្យគេអាចដឹកប្រេងឆៅចេញចូលឆ្លងកាត់ពីឈូងសមុទ្រពែរស្ស ហើយច្រកនេះ គឺជាកត្តាកំណត់នៃតម្រូវការប្រើប្រាស់ប្រេង ប្រមាណ១ភាគ៣ នៅក្នុងពិភពលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ