អានតួអត្ថបទ
អ៊ីរ៉ង

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​អ៊ីរ៉ង់ កាន់តែ​រីកធំ

នៅ​អ៊ីរ៉ង់ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ បាន​ធ្វើ​ឡើង​ពីរបីថ្ងៃ​ជាប់ៗ​គ្នា ហើយ​កាន់រីកធំ​ឡើង​ៗ​។​ ជា​ចម្លើយ​តប​ នៅថ្ងៃសៅរ៍​ ទី​៣០ធ្នូ រដ្ឋាភិបាល​របស់​លោក ហាស់សាន រូហានី បាន​រៀបចំ​ឲ្យ​មាន​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​វិញ​ និង​មាន​ការ​​ចាប់​ឃាត់​ខ្លួន​បាតុករ​ប្រឆាំងជា​ច្រើន​នាក់​​ផង។ ចំណែក​រដ្ឋាភិបាល​ភិបាល​អាមេរិក បានចេញមុខ​​ថ្កោលទោសការ​ចាប់​ខ្លួន​បាតុការ​ប្រឆាំងនេះ និង​ដោយ​ចាត់ទុកថា ជាការ​បំបិទសិទ្ធិនៃបាតុកម្ម​អហិង្សា។ 

បាតុកម្ម​រៀប​ចំ​ដោយ​រដ្ឋាភិបាល នៅថ្ងៃ៣០ធ្នូ
បាតុកម្ម​រៀប​ចំ​ដោយ​រដ្ឋាភិបាល នៅថ្ងៃ៣០ធ្នូ HAMED MALEKPOUR / TASNIM NEWS / AFP
ផ្សាយពាណិជ្ជកម្ម

ជា​បឋម គួរ​យល់ថា ដើមហេតុ​ដំបូង​ដែល​នាំឲ្យ​មានការ​​ធ្វើ​បាតុកម្ម​ប្រឆាំងរដ្ឋាភិបាល​អ៊ីរ៉ង់​​ គឺ​ដោយសារតែ​ការ​​រឿង​អត់​ការងារ​ធ្វើ និង​បញ្ហាវិបត្តិ​​សេដ្ឋកិច្ច​នៅ​ក្នុង​ស្រុក ហើយ​នៅ​​​ទីបំផុត វា​បាន​រាល​ដល់ដាល​រឿង​នយោបាយ។ ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល បាន​សរសេរ​បដា និង​ស្រែក​ទាមទារ​​ឲ្យ​ប្រមុខរដ្ឋ​ចុះ​ចេញពីតំណែង។ សូម​បញ្ជាក់ថា ​​អ៊ីរ៉ង​ មាន​ប្រជាជន ប្រមាណ​៨០លាន​នាក់ ហើយពលរដ្ឋ​ ជាង​៣លាន២សែននាក់ គ្មាន​ការងារ​ធ្វើ។

មហាបាតុកម្មប្រឆាំងរដ្ឋាភិបាល​ បាន​រីកធំឡើងៗ ដោយ​មាន​មនុស្ស​រាប់​ម៉ឺននាក់​ចូលរួម​ នៅតាមបណ្តា​​ទីក្រុង​ធំៗ នៅ​ភាគ​ខាង​លិច​និង​ខាង​ជើង​ប្រទេស ហើយក៏​​បាន​ហូរ​ចូល​មក​រដ្ឋធានី តេអេរ៉ង់។ ក៏ប៉ុន្តែ ត្រូវ​​រដ្ឋាភិបាល បង្ក្រាប និង​ចាប់​ឃាត់ខ្លួន​មនុស្ស​ជាច្រើនផង កាលពីល្ងាច​ថ្ងៃសុក្រ ទី​២៩ធ្នូ ព្រម​ទាំង​បាន​បន្ទោស​ទៅលើ​អ្នក​នយោបាយ​ប្រឆាំង ដែល​នៅ​ពីក្រោយ​ការ​ធ្វើ​បាតុកម្ម​នេះ​។ នៅ​ថ្ងៃសៅរ៍ ទី៣០ធ្នូនេះ អាជ្ញាធរ​អ៊ីរ៉ង់ ក៏​បាន​រៀបចំឲ្យ​មាន​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​វិញម្តង ដែល​ប្រព្រឹត្ត​ទៅ​នៅទូទាំង​ប្រទេស​តែម្តង។

ភ្លាមៗ វិមាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោលទោស​ ហើយ​​លោក ដូណាល់ ត្រាំ ក៏​បាន​សរសេរ​សារ​ Twitter ក្នុង​ន័យស្រដៀង​គ្នាថា មាន​ព័ត៌មាន​ជា​ច្រើន​ណាស់ ដែល​អាច​ស្តែង​ពី​បាតុកម្ម​អហិង្សា​របស់​ពលរដ្ឋ​អ៊ីរ៉ង់ ដែល​ពល​រដ្ឋ​ទាំង​នោះ​​​ធុញ​ទ្រាន់​ដល់​ក​មែនទែន ​ហើយ ចំពោះ​អំពើ​ពុក​រលួយ និង​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ ដោយ​យកទៅ​ជួយ​ភេរវជន នៅក្រៅប្រទេស។ នេះ​បើតាម​ការ​មន្ទីរបញ្ចកោណ​​អាមេរិក។

សូម​ជម្រាប​ដែរថា ក្នុង​ចំណោមបាតុករ​ប្រឆាំង មាន​អ្នក​ខ្លះ គឺ​បាន​ស្រែក​ទាមទារ មិន​ចង់​ឲ្យ​អ៊ីរ៉ង់ លូក​ដៃ​ក្នុងជម្លោះក្រៅប្រទេស ជាពិសេ​ស​នៅ​សំណុំរឿង អ៊ីស្រាអែលនិង​ប៉ាឡេស្ទីន បញ្ហានៅតំបន់កាហ្សា និង​នៅ​លីបង់ជាដើម ហើយ​ពួកគេ​គេ​ចង់​ផ្ញើ​ជីវិត សម្រាប់​តែ​បុព្វហេតុ​ប្រទេស​អ៊ីរ៉ង​របស់​គេ​មួយ​គត់៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ