អានតួអត្ថបទ
អាមេរិក

​លោក ត្រាំ និង​លោក រ៉ូហានី ​គំរាមគ្នាទៅវិញទៅមក ដោយប្រើ​ពាក្យសម្តីធ្ងន់ៗ

​ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​អ៊ីរ៉ង់ បាន​ទាស់​សម្តី​គ្នា​ខ្លាំង ដែលកំពុង​បង្ក​ជា​​សង្គ្រាម​ពាក្យ​សម្តី​យ៉ាង​​​​ក្តៅ​គកុក​។   ថ្ងៃអាទិត្យ​ ទី២២កក្កដា លោក ដូណាល់ ត្រាំ ថា ​អ៊ីរ៉ង់នឹង​ទទួល​រង​ផល​លំបាកទុក្ខវេទនា​​មិន​ធ្លាប់​មាន​ បើ​ចង់​សាក​ជាមួយ​អាមេរិក។ នេះ​ជា​ចម្លើយ​នឹង​ការ​ព្រមាន​របស់​លោក រ៉ូហានី ដែលបាន​ព្រលយពាក្យថា កុំ​ចង់​លេង​កន្ទុយ​តោ។ 

លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក
លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​អាមេរិក REUTERS
ផ្សាយពាណិជ្ជកម្ម

លោក ដូណាល់ ត្រាំ សរសេរ​តាម​ Twitter ថា «កុំ​ចង់​មក​គំរាម​កំហែង​អាមេរិក​ឲ្យ​សោះ បើ​មិន​ដូច្នេះទេ អ្នក​ឯង​នឹង​ទទួល​ផលវិបាក​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​។ យើង​អាមេរិក! យើង​មិនមែន​ជា​ប្រទេស​ដែល​ចាំ​តែ​ឈរ​ស្តាប់​ពាក្យ​សម្តី​ប្រមាថ​សម្លាប់​ និងការគំរាម​កំហែង​យ៉ាង​ហិង្សាបាន​ទេ»។ នេះ​ជា​ចម្លើយ​របស់​ប្រមុខរដ្ឋ​​អាមេរិក តប​ទៅនឹង​ការ​ព្រមាន​របស់ប្រធានាធិបតី​អ៊ីរ៉ង់ កាលពី​ថ្ងៃ​សៅរ៍​ ទី​២១កក្កដា កន្លងទៅ​។ ​​លោកប្រធានាធិបតី​អ៊ីរ៉ង់ ហាស់សាន​ រ៉ូហានី  បាន​ព្រមានតាម​កាសែត​ក្នុង​ស្រុក​របស់​ខ្លួន​​ថា «បើ​អាមេរិក​​ចង់បាន​​សុខសាន្ត​ជា​សន្តិភាពជាមួយ​អ៊ីរ៉ង់ នោះ​គឺ​នឹង​មាន​សន្តិភាព​គ្រប់​គ្នា តែ​បើ​អាមេរិក​ចង់​ធ្វើ​សង្គ្រាមជាមួយ​អ៊ីរ៉ង់ នេះ​គឺ​ជា​ប្រភព​នៃ​សង្គ្រាម​គ្រប់​ទីកន្លែង។ ហេតុនេះ កុំ​ចង់លេង​កន្ទុយ​តោ​»។

សូម​ជ្រាប​ថា អាមេរិក​និង​អ៊ីរ៉ង់ រឹងរឹតតែ​ឈ្លោះ​ពាក្យ​សម្តី​គ្នា​ខ្លាំង នៅក្នុង​អាណត្តិ​ការងារ​របស់​លោក ត្រាំ។ អាមេរិក បាន​សម្រេចដកខ្លួន ​ដើរ​ចេញពី​កិច្ចព្រមព្រៀង​របស់​អង្គការ​សហប្រជាជាតិ ស្តីពី​គម្រោង​ថាមពល​នុយ​ក្លែអ៊ែរអ៊ីរ៉ង់​។ ហើយ​កាលពី​ចុង​ឆ្នាំ​២០១៧​កន្លងទៅនេះ គឺនៅពេល​ដែល​មាន​ចលនា​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់, លោកប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ បាន​ប្រកាស​ជំរុញ​ឲ្យ​ពលរដ្ឋ​អ៊ីរ៉ង់ក្រោក​ងើប​ឈរ​ នាំគ្នា​ផ្លាស់ប្តូរ​របរ​ដឹកនាំ​អ៊ីរ៉ង់​ទៀត​ផង​​។ មិន​តែប៉ុណ្ណោះ​ អាមេរិករបស់​លោក ត្រាំ ​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជាបន្តបន្ទាប់​លើកអ៊ីរ៉ង់ ហើយ​ព្រមទាំងបាន​អំពាវវនាវ​ឲ្យ​ប្រទេស​ដទៃ​ ឈប់​នាំគ្នា​ ទិញ​​ប្រេង​ពី​អ៊ឺរ៉ង់ថែមទៀត​។

ទាំង​នេះ គឺជាការ​មិន​អាច​ទទួល​យក​បាន​ទាល់​តែ​សោះ​ សម្រាប់​ថ្នាក់​ដឹក​នាំអ៊ីរ៉ង់។ ហើយ​កាលពីថ្ងៃសៅរ៍​កន្លងទៅ​ដែរ ថ្នាក់​ដឹកនាំ​កំពូល​អ៊ីរ៉ង់ បាន​លើកឡើង​ថា ការ​ចរចា ឬ​ការ​ចុះ​ហត្ថលេខា​អ្វីណា​ក៏ដោយ ជាមួយ​អាមេរិក គឺជា​រឿង​មិន​បាន​ការឡើយ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ