ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT

តើ​សម្ព័ន្ធភាព​រវាង​អតីត​គូសត្រូវ​អាមេរិក-វៀតណាម​អាច​ទៅរួច​ដែរ​ឬទេ?

តើ​សម្ព័ន្ធភាព​រវាង​អតីត​គូសត្រូវ​អាមេរិក-វៀតណាម​អាច​ទៅរួច​ដែរ​ឬទេ?
 
លោក​អូបាម៉ា​ទទួល​ជួប​លោក​ជឿង តាន់សាង (Truong Tan Sang) ប្រធានាធិបតី​វៀតណាម នៅ​សេតវិមាន កាលពីថ្ងៃទី២៥ កក្កដា ២០១៣ REUTERS/Yuri Gripas

កាលពីចុងសប្តាហ៍​កន្លងទៅនេះ នៅ​ក្នុង​អំឡុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន នៅ​ភូមា លោក​ចន ឃែរី បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ អំពី​ការ​រឹតចំណង​មេត្រីភាព​ជាមួយ​នឹង​វៀតណាម ជាពិសេស ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី នៅ​ក្នុង​វិស័យ​នុយក្លេអ៊ែរ​ស៊ីវិល និង​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង។

ជាការពិត គេសង្កេតឃើញ​ថា ភាពតានតឹង​​​​ជាមួយ​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​ពិតជា​កំពុង​រុញ​​​​វៀតណាម និង​សហរដ្ឋអាមេរិក ដែល​ជា​អតីត​គូសត្រូវ ឲ្យ​ខិតកាន់តែ​ជិតគ្នា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ក៏ប៉ុន្តែ ការវិវឌ្ឍ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ពី​អតីត​គូសត្រូវ​ទៅ​ជា​សម្ព័ន្ធនឹងគ្នា​ វា​មិនមែន​ជា​រឿង​ងាយស្រួល​នោះទេ។

លោក​ ចន ឃែរី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ធ្លាប់​បាន​លើកឡើង​ថា “​គ្មាន​​ប្រទេស​ណា​ដែល​បាន​ខិតខំ​ព្យាយាម​ផ្សះផ្សា​ទំនាក់ទំនង ផ្លាស់ប្តូរប្រវត្តិសាស្រ្ត និង​បោះជំហាន​ទៅ​រក​អនាគត​ថ្មី​” ជាង​សហរដ្ឋ​អាមេរិក និង​វៀតណាម​នោះទេ។​

ជាការពិត គេ​សង្កេតឃើញ​ថា ចាប់តាំង​ពី​បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​នឹង​គ្នា កាល​ពី​ឆ្នាំ​១៩៩៥ សហរដ្ឋ​អាមេរិក និង​វៀតណាម ដែល​ធ្លាប់​ជា​​​គូសត្រូវ​ស្លាប់រស់ នៅ​ក្នុង​សម័យ​សង្រ្គាម​ត្រជាក់ បាន​ពង្រឹង​ទំនាក់ទំនង​នឹង​គ្នា​​កាន់តែ​ជិតស្និទ្ធ ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ទំនាក់ទំនង​ខាង​ផ្នែក​សេដ្ឋកិច្ច រហូត​ទៅដល់​វិស័យ​យោធា និង​នុយក្លេអ៊ែរ​ស៊ីវិល។

សម្រាប់​អាមេរិក វៀតណាម គឺ​ជាកូនសោរ​ដ៏​សំខាន់​មួយ នៃ​យុទ្ធសាស្រ្ត​អាមេរិក​នៅ​អាស៊ី ជាពិសេស នៅ​ក្នុង​ការទប់ទល់​នឹង​ការ​កើនឡើង​នៃ​ឥទ្ធិពល​របស់​ចិន ហើយ​សារៈសំខាន់​ជា​យុទ្ធសាស្រ្ត​របស់​វៀតណាម​​កាន់តែ​មាន​កម្រិត​ខ្ពស់ នៅ​ក្នុង​នយោបាយ​ការបរទេស​ថ្មី​របស់​លោក​អូបាម៉ា ដែល​ចង់​ងាក​មក​ផ្តោត​អាទិភាព​លើ​តំបន់​អាស៊ី។ សម្រាប់​វៀតណាម​វិញ ដែល​កំពុង​បារម្ភ​នឹង​ការ​បង្កើន​កម្លាំង​ទ័ព និង​នយោបាយ​វាតទី​របស់​ចិន ជា​ពិសេស នៅ​ក្នុង​តំបន់​ជាប់ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង វត្តមាន​របស់​អាមេរិក​នៅ​អាស៊ី​ក៏​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ដែរ ដើម្បី​ជា​តុល្យភាព​អំណាច​ទប់ទល់​ជាមួយ​នឹង​ចិន។

នៅ​ក្នុង​បរិបទ​នេះ ទាំង​វៀតណាម និង​ទាំង​អាមេរិក សុទ្ធតែ​មាន​ផលប្រយោជន៍​ដូចគ្នា នៅ​ក្នុង​ពង្រឹង​ទំនាក់ទំនង​នឹង​គ្នា។ ក៏ប៉ុន្តែ ការ​ពង្រឹង​ទំនាក់ទំនង​នឹង​គ្នា​គឺ​ជា​រឿងមួយ រី​ឯ​ការវិវឌ្ឍ​​​ទំនាក់ទំនង​ឲ្យ​​ទៅ​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា គឺ​ជា​រឿង​មួយ​​ផ្សេងទៀត ហើយ​បញ្ហា​ចោទ​ដ៏ធំ គឺ​ចេញ​ពី​វៀតណាម។

នៅ​ក្នុងពេល​បច្ចុប្បន្ន​នេះ ថ្វីដ្បិត​តែ​​គេ​សង្កេតឃើញ​រដ្ឋាភិបាល​ក្រុង​ហាណូយ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន តែងតែ​បង្ហាញ​នូវ​ជំហរ​រួមគ្នា នៅ​ក្នុងការ​តវ៉ា​ជំទាស់​នឹង​សកម្មភាព​របស់ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ក៏ប៉ុន្តែ មិនមែន​គ្រប់មេដឹកនាំ​វៀតណាម​ទាំងអស់​សុទ្ធតែ​ចង់​ឲ្យ​វៀតណាម​ស្រវា​ឱប​អាមេរិក​ដៃពីរ ដើម្បី​ប្រឆាំង​នឹង​ចិន​នោះដែរ។ តាមការពិត នៅ​ក្នុង​ជួរថ្នាក់ដឹកនាំ​វៀតណាម គេ​សង្កេតឃើញ​មាន​ការ​បែងចែក​ជា​ពីរ​ក្រុម។

ក្រុមទីមួយ គឺ​ក្រុម​របស់​លោក​ ង្វៀន តាន់ហ្ស៊ុង (Nguyen Tan Dung) នាយករដ្ឋមន្រ្តី​វៀតណាម ដែល​​ចង់​ឲ្យ​វៀតណាម​ប្រកាន់​ជំហរ​យ៉ាង​តឹងរ៉ឹង​បំផុត ដើម្បី​ប្រឆាំង​នឹង​ចិន ហើយ​ដើម្បី​​អាច​ងើបក្បាល​ ពើងទ្រូង​ទល់​នឹង​ចិន​បាន វៀតណាម​​ត្រូវ​តែ​ស្វះស្វែង​រក​ខ្នងបង្អែក ទាំង​ក្នុង​ចំណោម​ប្រទេស​អាស៊ាន ក៏ដូចជា ប្រទេស​ផ្សេងទៀត ដែល​ជា​គូ​ប្រជែង​ជាមួយ​ចិន ដូចជា ជប៉ុន ឥណ្ឌា និង​ជា​ពិសេស គឺ​សហរដ្ឋ​អាមេរិក។ គឺ​ក្រុម​របស់​​លោក ង្វៀន តាន់ហ្ស៊ុង​នេះ​ហើយ ដែល​បាន​ខ្នះខ្នែង​ជំរុញ​ឲ្យ​វៀតណាម​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច ដើម្បី​បាន​ចូល​ក្នុង​តំបន់​ពាណិជ្ជកម្ម​សេរី​អន្តរប៉ាស៊ីហ្វ៊ិក​ដឹកនាំ​ដោយ​អាមេរិក ហើយ​ធ្វើ​យ៉ាងណា​ឲ្យ​ទំនាក់ទំនង​វៀតណាម-អាមេរិក កាន់តែ​មាន​លក្ខណៈ​ស៊ីជម្រៅ​ និង​ទូលំទូលាយ​ថែម​ទៀត។

ក្រុម​ទីពីរ គឺ​ក្រុម​របស់​លោក​ ង្វៀន ភូចុង (Nguyen Phu Trong) ប្រធាន​សភា​ប្រជាជន និង​ជា​អគ្គលេខា​បក្ស​កុម្មុយនិស្ត​វៀតណាម ដែល​មិនចង់​ឲ្យ​វៀតណាម​ចង​សម្ព័ន្ធភាព​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដោយ​​បារម្ភ​ថា ប្រសិនបើ​វៀតណាម​​ចងសម្ព័ន្ធភាព​ជាមួយ​អាមេរិក​​បក្ស​កុម្មុយនិស្ត​វៀតណាម​​អាច​នឹង​ត្រូវ​អាមេរិក​បង្ខំ​ឲ្យ​ធ្វើ​កំណែទម្រង់​ខាង​ផ្នែក​នយោបាយ និង​សិទ្ធិមនុស្ស ដើម្បី​សម្រប​ខ្លួន​ទៅនឹង​គោលការណ៍​ប្រជាធិបតេយ្យ​របស់​អាមេរិក។ ម្យ៉ាងទៀត អាមេរិកក៏​​អាច​នឹង​ទាមទារ​​ផងដែរ​ឲ្យ​វៀតណាម​បើក​ទ្វារ​ទទួល​ទាហាន​អាមេរិក​ឲ្យ​ចូល​ធ្វើ​សមយុទ្ធ​ ឬ​ក៏​ចូល​មក​បោះមូលដ្ឋាន​ទ័ព ដូចដែល​អាមេរិក​បាន​ធ្វើ​ចំពោះ​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​ក្នុង​តំបន់​អាស៊ី ដូចជា ជប៉ុន កូរ៉េ​ខាង​ត្បូង ហ្វីលីពីន និង​អូស្រ្តាលី ជាដើម។

ក្តីបារម្ភ​ដ៏ធំមួយ​ទៀត របស់​ក្រុម​លោក ង្វៀន ភូចុង គឺ​ខ្លាច​ការ​ចងសម្ព័ន្ធភាព​ជាមួយ​អាមេរិក​អាច​នឹង​រុញ​វៀតណាម​ឲ្យ​ប្រឈមមុខ​គ្នា​កាន់តែ​ខ្លាំង​ជាមួយ​ចិន ត្រូវ​ទទួល​សម្ពាធ​កាន់តែ​ខ្លាំង​ពី​ចិន ឬ​ក៏​អាច​ត្រូវ​ទទួល​ទណ្ឌកម្ម​ផង​ក៏​អាច​ថាបាន ហើយ​ក្នុង​ពេល​ជាមួយគ្នា បើ​មើល​ទៅលើ​ស្ថានភាព​នៃ​អំណាច​របស់​អាមេរិក​បច្ចុប្បន្ន​ គេ​ពិបាក​នឹង​ទុកចិត្ត​ថា ប្រសិនបើ​ជម្លោះ​ជាមួយ​ចិន​ផ្ទុះឡើងមែន តើ​អាមេរិក​​ពិត​ជា​មាន​សមត្ថភាព ឬ​មាន​ឆន្ទៈ​​នឹង​ចូល​មក​ជួយ​​ការពារ​សម្ព័ន្ធមិត្ត​​ ដើម្បី​ទប់ទល់​នឹង​ចិន​ពិតមែន ឬ​ក៏​បាន​ត្រឹមតែ​ស្រែក​ពី​ខាង​ក្រៅ?

បើ​និយាយ​ឲ្យខ្លី ក្រុម​របស់​លោក​ង្វៀន ភូចុង ថ្វីដ្បិត​តែ​មិន​ចូលចិត្ត​ចិន ក៏ប៉ុន្តែ នៅតែ​ខ្លាច​ចិន ហើយ​មិនទុកចិត្ត​អាមេរិក ហើយ​ក្រុម​នេះ​មាន​​ការ​គាំទ្រ​ពី​សំណាក់​ឥស្សរជន​ដែល​មាន​អំណាច​ធំៗ ជាពិសេស គឺ​លោក​ប្រធានាធិបតី​ ជឿង តាន់សាង (Truong Tan Sang) និង​សមាជិក​រដ្ឋាភិបាល​ដ៏​សំខាន់​ពីរ​រូប​ទៀត គឺ​​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ និង​រដ្ឋមន្រ្តី​ក្រសួងសន្តិសុខ​សាធារណៈ ពោលគឺ​ជា​ក្រុម​ដែល​មាន​សំឡេង​ភាគច្រើន​ជាង​​ក្រុម​និយម​អាមេរិក​របស់​លោក​ង្វៀន តាន់ហ្ស៊ុង៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • វៀតណាម-សហរដ្ឋអាមេរិក

    ពី​សត្រូវ​ក្លាយ​ជា​មិត្ត អាមេរិក​ប្រាថ្នា​ចង់​មាន​ទំនាក់​ទំនង​កាន់តែ​ល្អ​ប្រសើរ​ជាមួយ​វៀតណាម

    ស្វែងយល់បន្ថែម

  • សមុទ្រ​ចិន​ខាង​ត្បូង

    នាវា​វៀតណាម​និង​ចិន​ប្រឈមមុខ​ដាក់គ្នា​នៅ​សមុទ្រ​ចិន​ខាងត្បូង

    ស្វែងយល់បន្ថែម

  • អាមេរិក-វៀតណាម

    លោក​John Kerry​ទៅ​វៀតណាម ដើម្បី​បញ្ជាក់​វត្តមាន​របស់​អាមេរិក​នៅ​អាស៊ី

    ស្វែងយល់បន្ថែម

  • ស.រ.អា.-វៀតណាម

    អាមេរិក​និង​វៀតណាម​ចុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ស៊ីវិល

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ