អានតួអត្ថបទ
លីប៊ី

មេដឹកនាំ​យោធា​របស់​ក្រុមបះបោរ​លីប៊ី​សុទ្ធ​ជា​ពួកអ៊ីស្លាម​ជ្រុល​និយម

ពួកឧទ្ទាម​ប្រឆាំង​លីប៊ី​នៅតែ​មិន​ទាន់​អាច​ចាប់​បាន​មេដឹកនាំ​ផ្តាច់ការ​កាដាហ្វី។ លោក​កាដាហ្វី​ដែល​គេ​មិន​ដឹង​ថា នៅលាក់ខ្លួន​កន្លែងណា បាន​ស្រែក​អំពាវនាវ នៅយប់​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ សីហា ២០១១ ដល់​ក្រុមកុលសម្ព័ន្ធ និង​យុវជន អ្នកគាំទ្រ ឲ្យ​ងើប​ប្រឆាំង​នឹង​ពួក​បះបោរ​លីប៊ី ដែល​ពេលនេះ​គ្រប់គ្រង​ស្ទើរ​ទាំងស្រុង​រដ្ឋធានី ទ្រីប៉ូលី។

ទាហាន​របស់​ក្រុមបះបោរ​ម្នាក់​ថត​នៅ​​ទីស្នាក់ការ​កណ្តាល​របស់​កាដាហ្វី ដែល​ពួក​គេ​ទើប​វាយ​យក​បាន ក្នុង​ទីក្រុង​ទ្រីប៉ូលី
ទាហាន​របស់​ក្រុមបះបោរ​ម្នាក់​ថត​នៅ​​ទីស្នាក់ការ​កណ្តាល​របស់​កាដាហ្វី ដែល​ពួក​គេ​ទើប​វាយ​យក​បាន ក្នុង​ទីក្រុង​ទ្រីប៉ូលី REUTERS
ផ្សាយពាណិជ្ជកម្ម

បន្ទាយ​ទាហាន​ដែល​គេ​ជឿជាក់​ថា លោក​កាដាហ្វី​និង​បក្ស​ពួកសម្ងំ​លាក់​ខ្លួន ត្រូវ​ពួក​បះបោរ​លីប៊ី​វាយ​យក​បាន តាំងពីថ្ងៃ​អង្គារ ប៉ុន្តែ គេ​នៅតែ​រក​មិនឃើញ​លោក​កាដាហ្វី។ ពេលនេះ គេ​មិន​ដឹងថា តើ​លោក​កាដាហ្វី​នៅ​សំងំ​លាក់ខ្លួន​នៅ​កន្លែងណាទេ។ ប៉ុន្តែ ប្រភព​ពី ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​ថា លោកកាដាហ្វី ពេលនេះ​ប្រហែល​ជា​​រត់​ទៅ​លាក់ខ្លួន នៅ ទីក្រុង​កំណើត​របស់គាត់ គឺ​ Syrte ដែល​ស្ថិត​នៅ​ជាប់​សមុទ្រ​មេឌីទែរ៉ាណេ។ លោក​កាដាហ្វី​ អាច​ចាកចេញ​ពីទីក្រុងទ្រីប៉ូលី តាមផ្លូវ​រូងក្រោម​ដី ដែល​ពួក​ឧទ្ទាម​លីប៊ី​ទើបរកឃើញ ក្នុង​ទីក្រុង។ ​គាត់​អាច​ចាកចេញ​ នៅ​មុន​ការវាយប្រហារ​របស់​ពួកបះបោរ​ទៅ​លើ​បន្ទាយ​ទាហាន​ទៅទៀត។

គឺ​នៅជុំវិញ​ទីក្រុង​ Syrte នេះ​ហើយ ដែល​ពួក​បះបោរ​កំពុង​ជាប់​ដៃ​ប្រយុទ្ធ​​ជាមួយ​ពួក​ទាហាន​កាដាហ្វី។ ទីក្រុង Syrte ​ជា​មូលដ្ឋាន​ទ័ព​សំខាន់​មួយ​ទៀត​របស់​កាដាហ្វី។ ពួកក្រុមបះបោរ​បារម្ភ​ថា បើ​ពួក​កុលសម្ព័ន្ធ ដែលមាន​ចំនួន​ដល់​ទៅ​ជាង ១មួយ​ម៉ឺននាក់​ចេញមុខ​គាំទ្រ​លោក​កាដាហ្វី នោះ​ពួកបះបោរ​នឹង​មិន​ងាយវាយបំបាក់​កាដាហ្វី​បាន​ភ្លាមៗទេ។

ពួកទាហាន​ស្ម័គ្រ​កាដាហ្វីនៅ​បន្ត​វាយរាំង​ខ្ទប់​កុំ​ឲ្យ​ពួក​បះបោរ​លីប៊ី​អាច​ចូល​ទៅ​ចរចា​ជាមួយ​មេដឹកនាំ​កុលសម្ព័ន្ធបាននៅក្នុង​ទីក្រុង​ Syrte។ នៅទីក្រុងនេះ ​កាដាហ្វី​ដែល​នៅតែមាន​ទាហាន​ស្ម័គ្រ​ច្រើន អាច​នឹង​ចាប់ប្រមូលផ្តុំ​ទ័ព​ឡើងវិញ និង​ មាន​មធ្យោបាយ​ដើម្បី​​​វាយបក​លើ​​ក្រុមបះបោរ នៅថ្ងៃណាមួយ​ដែល​ពួកបះបោរ​ជួប​ការបែកបាក់​ផ្ទៃក្នុង។

លោក​កាដាហ្វី​នៅតែមាន​លុយ ដើម្បី​ចំណាយ​លើកងទ័ព បើទោះបី​ជា​អន្តរជាតិ​បាន​ផ្អឹបទុក​ទ្រព្យសម្បត្តិ​រាប់ពាន់​លាន​ដុល្លារ​របស់គាត់​ក៏ដោយ។ លោក​កាដាហ្វី​ នៅតែមាន​មធ្យោបាយ​ ដើម្បី​និយាយ​ទៅកាន់​ប្រជាជន​លីប៊ី និង ​នៅតែ​បង្ហាញ​ថា លោក​មិនព្រមចុះចាញ់​ បើទោះបី​ជា​ទីក្រុង​ទ្រីប៉ូលី​បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួក​ឧទ្ទាម​ក៏​ដោយ។ សារ​សំឡេង​របស់គាត់ កាលពីយប់​ម្សិលមិញ​បាន​ផ្សាយ​ចេញ​ពី​ទូរទស្សន៍​Satelitte ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ស៊ីរី។ កាដាហ្វី​​នៅ​បាន​​អំពាវនាវ​ឲ្យ​ពួកកុលសម្ព័ន្ធ និង​ក្រុម​យុវជន​លីប៊ីងើប​ឡើង​រំដោះទីក្រុង​ទ្រីប៉ូលី​ពីក្នុង​ដៃ​របស់​ ពួកបះបោរ ដែល​លោក​ចាត់ទុក​ជា​សត្វកណ្តុរ និង​​ប្រឆាំងដាច់ខាត​អាណានិគម​បរទេស​លើ​ទឹកដី​លីប៊ី។  
 
វត្តមានទ័ព​បរទេស​នៅ​ទឹកដី​លីប៊ី

កាសែត​អង់គ្លេស​ The Télégraph បាន​ចុះផ្សាយ នៅដើម​សប្តាហ៍នេះ ថា កម្លាំងទ័ព​ពិសេស​បារាំង និង​អង់គ្លេស​បាន​ទទួល​បទ​បញ្ជា​ថ្មី​ ពី​ថ្នាក់លើ​ឲ្យ​បន្លំខ្លួន​ជាមួយ​ពួក​បះបោរ​លីប៊ី ដើម្បី​តាម​រកចាប់​កាដាហ្វី និង​កូនប្រុស។ បើតាម​កាសែត ពួក​កម្លាំង​ទ័ព​បរទេស​នេះ​ស្លៀកពាក់​ជាជនស៊ីវិលលីប៊ី ឬ​ជា​ក្រុមឧទ្ទាម​ និង​ប្រើប្រាស់​អាវុធ​ដូច​ពួក​ឧទ្ទាម​បេះបិទ។ ការងារ​របស់ពួកគេ​គឺជួយ​ក្រុម​បះបោរ​កំណត់​កន្លែង​លាក់​ខ្លួន​របស់​កាដាហ្វី ឬ​ប្រាប់​យុទ្ធសាស្រ្ត​ប្រយុទ្ធ​ដល់​ពួក​បះបោរ​ដែល​ភាគច្រើន​ជា​យុវជន ខ្វះ​បទពិសោធន៍។

លោក​រដ្ឋមន្រ្តីការពារជាតិ​អង់គ្លេស Liam Fox ​មិន​បាន​បញ្ជាក់​ព័ត៌មាននេះ​ទេ ប៉ុន្តែ លោក​គ្រាន់​តែនិយាយ​ថា អង្គការ​អូតង់​បាន​ជួយ​ផ្តល់​ព័ត៌មាន និង​សំភារៈដល់​ពួក​ឧទ្ទាម​លីប៊ី​ដើម្បី​អាច​ស្វែង​ចាប់ខ្លួន​លោក​កាដាហ្វី។

វត្តមាន​របស់​ទ័ព​បរទេស​នៅ​លើ​ទឹកដី​លីប៊ី​គឺ​ជារឿង​រសើបមួយ។ ព្រោះ​ថា សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លេខ​១៩៧៩ បាន​សរសេរ​ច្បាស់​ ហាម​មិន​ឲ្យ​មាន​ទ័ព​បរទេស​លើ​​ទឹកដី​លីប៊ីទេ។ បើសិន​ព័ត៌មាន​របស់​កាសែត​អង់គ្លេស​ជាការពិត អង្គការ​អូតង់​កំពុង​ធ្វើ​ខុស​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ហើយ។

នៅលីប៊ី ចាប់តាំង​ពី​មាន​ទ័ព​បរទេស​ដឹកនាំ​ដោយ​បារាំង​ អង់គ្លេស និង​អាមេរិក​បាន​បើក​ការវាយប្រហារ​លើ​អាកាសលីប៊ី យោធា​បរទេស​​ពី​ប្រទេស​លោក​ខាងលិច បាន​ផ្តើម​ការងារ​ដោយ​លួចលាក់​នៅលើ​ទឹកដី​លីប៊ី។ បារាំង អង់គ្លេស អាមេរិក និង​ប្រទេស​អារ៉ាប់​មួយ​ចំនួន​ទើប​បាន​ទទួល​ស្គាល់​ថា ពួកគេ​បាន​បញ្ជូន​អ្នកជំនាញ​យោធា​របស់ពួកគេ​ដើម្បី​ទៅ​ជួយ​ផ្តល់​គំនិត និង​យុទ្ធសាស្រ្ត​ដល់​ពួក​ក្រុមបះបោរ​ នៅ​ទីក្រុង​បិនហ្គាហ្សី។

រដ្ឋាភិបាល​បារាំង​វិញ​ក៏​បាន​ទទួល​ស្គាល់​ថា ខ្លួន​បាន​ផ្តល់​អាវុធ​ទៅ​ឲ្យ​ក្រុមប្រឆាំង​លីប៊ី។ យោធា​បារាំង​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​និយាយថា ប្រសិន​បើ​ទីក្រុង​ឡុងដ៍ និង​ប៉ារីស​មិន​ផ្តល់​អាវុធ ឬ​បញ្ជូន​អ្នកជំនាញ​យោធា​ទៅ​បង្រៀន​ពួក​បះបោរទេ ពួកបះបោរ​ក៏​មិន​ងាយ​នឹង​វាយ​យក​ទីក្រុង​ទ្រីប៉ូលី ​ដូច​ថ្ងៃនេះ​ដែរ ហើយ​សង្រ្គាម​នៅលីប៊ី នឹង​នៅ​បន្ត​យូរអង្វែង​ទៀត។

មុន​នឹង​ដឹកនាំ​ក្រុម​បះបោរ​វាយ​ចូល​ទីក្រុង​ទ្រីប៉ូលី Abdelhakim Belhaj (កណ្តាល) ធ្លាប់​បង្កើត​សាលាហ្វឹកហាត់​ពួក​ជីហាត នៅអាហ្វហ្កានិស្ថាន
មុន​នឹង​ដឹកនាំ​ក្រុម​បះបោរ​វាយ​ចូល​ទីក្រុង​ទ្រីប៉ូលី Abdelhakim Belhaj (កណ្តាល) ធ្លាប់​បង្កើត​សាលាហ្វឹកហាត់​ពួក​ជីហាត នៅអាហ្វហ្កានិស្ថាន

មេដឹកនាំយោធា​ក្រុមបះបោរ​សុទ្ធសឹង​ជា​សមាជិក​របស់​ក្រុមជីហាត

បើ​គេ​មើល​ទៅ​មេដឹកនាំ​យោធា​របស់​ចលនា​បះបោរលីប៊ី គឺ​សុទ្ធ​តែ​មាន​ប្រវត្តិ​​អ៊ីស្លាម​ជ្រុលនិយម និង​ស្ថិត​ក្នុង​បញ្ជី​ស្បែកខ្មៅ​របស់​ភ្នាក់ងារ​ស៊ើបការ​​សម្ងាត់​អាមេរិក CIA។ Abdel hakim Bel haj ដែល​ដឹកនាំ​កម្លាំង​បះបោរ​ចូល​វាយ​កាន់កាប់​ទីក្រុង​ទ្រីប៉ូលី កាល​ពី​ប៉ុន្មាន​ថ្ងៃនេះ ធ្លាប់​ជា​សមាជិក​របស់​ក្រុម​ជីហាត ក្នុង​ប្រទេស​អាហ្វហ្កានិស្ថាន។ Bel haj ត្រូវ​អាមេរិក​ធ្លាប់​តាមរកមុខ​ និងចាប់បាន​ក្នុង​ប្រទេស​ម៉ាឡេស៊ី មុន​នឹង​បញ្ជូន​ទៅ​ឲ្យ​របប​កាដាហ្វី​ចាប់ដាក់គុក ក្នុង​ឆ្នាំ ២០០៣។ អាមេរិក​តាមរកមុខ​ព្រោះ Bel haj​ជា អ្នកចូលរួម​បង្កើត​សាលា​ហ្វឹកហ្វឺន​ពួក​ជ្រុលនិយម ក្នុង​ប្រទេស​អាហ្វហ្កានិស្ថាន និង​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធិ​ជាមួយ​បណ្តាញ​អាល់កៃដា ក្នុង​ប្រទេស​អាហ្វហ្កានិស្ថាន និង​ប៉ាគីស្ថាន។

វិស័យការពារ​ទីក្រុង​ទ្រីប៉ូលី ធ្លាក់​ក្នុង​ដៃ​សមាជិក​ជីហាត ដែល​ជា​បណ្តាញ​អាល់កៃដា ចំណែក​សន្តិសុខ​ទីក្រុង​បិនហ្គាហ្សី គ្រប់គ្រង​ដោយ​ Isamel សកម្មជន​អ៊ីស្លាម​ជ្រុលនិយម​ម្នាក់ទៀត។ ទីប្រឹក្សា​ជាតិ​អន្តរកាល​ ដែល​ជា​រដ្ឋាភិបាល​ថ្មី​តំណាង​លីប៊ីជំនួស​របប​កាដាហ្វី ក៏​មាន​សមាជិក​របស់​ពួក​ជីហាត។ ពួកអ៊ីស្លាម​ជ្រុលនិយម​លីប៊ី​នេះ ធ្លាប់​ប្រឆាំង​នឹង​លោក​កាដាហ្វី​តាំងពីដើមមក។

អូតង់​ជួយ​ក្រុម​បះបោរ​វាយ​កាដាហ្វី ប៉ុន្តែ ក្រុមបះបោរ​មាន​លាយឡំ​ដោយ​ពួក​អ៊ីស្លាម​ជ្រុលនិយម​​ដែល​ជា​សមាជិក និង​ជាមិត្ត​របស់​ក្រុម​ភេរវនិយម​អាល់កៃដា។ ធ្វើ​នេះ គឺ​ដូច​ជា​កំាបិត​ចងដងឯង ព្រោះ​អូតង់​នេះ​កំពុង​ប្រយុទ្ធប្រឆាំង​ខ្លាំង​នឹង​ចលនា​ភេរវនិយម របស់​ក្រុម​អាល់កៃដា។ ប្រហែល​ដោយសារ​ហេតុផល​មិន​សូវទុកចិត្ត​លើ​កម្លាំង​គ្រប់គ្រង​លីប៊ី​ថ្មីនេះហើយ បាន​ជា​ប្រមុខការបរទេស​អាមេរិក​បាន​លើកឡើង​ថា អាមេរិក​អាច​នឹង​ពិចារណា​បញ្ជូន​ប៉ូលិស​របស់ខ្លួន ដើម្បី​ទៅ​បង្វឹកហាត់ រក្សាសន្តិសុខ​នៅលីប៊ី ទៅ​តាមការ​ស្នើសុំ​របស់​ក្រុមប្រឹក្សាជាតិ​អន្តរកាល​លីប៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ