អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ក្រោ​យ​លោក​ត្រាំ​ឡើង​​កាន់​អំណាច​​​​ ​អ៊ីស្រាអែល​​​​ប្រកាស​​ពង្រីក​ដែន​​អាណានិគម​​បន្ត​បន្ទាប់​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ អ៊ីស្រាអែល​បាន​ប្រកាស​ពង្រីក​ដែន​អាណានិគម ដោយ​អនុញ្ញាត​អោយ​សង់​លំនៅឋាន​២៥០០ខ្នង នៅ​តំបន់​ស៊ីសហ្សកដានី ក្នុង​ទឹកដី​ប៉ាឡេស្ទីន។ ​អ៊ីស្រាអែល​ទើបតែ​បាន​ប្រកាស​សង់​លំនៅឋាន​៥៦៦ខ្នង នៅ​ហ្សេរុយសាឡិម​ខាងកើត កាលពី​ថ្ងៃ​អាទិត្យ​​ប៉ុណ្ណោះ។ ការ​ប្រកាស​​ពង្រីក​ដែនអាណានិគម​រំលោភ​ទាំងស្រុង​លើ​សេចក្តីសម្រេច​ដែល​អង្គការ​សហប្រជាជាតិ​បាន​អនុម័ត ចុង​​​ខែធ្នូ​ឆ្នាំមុន​នេះ។

សំណង់​អាណានិគម​អ៊ីស្រាអែល​នៅ​តំបន់​ស៊ីសហ្សកដានី
សំណង់​អាណានិគម​អ៊ីស្រាអែល​នៅ​តំបន់​ស៊ីសហ្សកដានី REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប ​ប៉ាឡេស្ទីន​បាន​​ប្រតិកម្ម​បរិហារការ​ប្រកាស​ពង្រីក​ដែនអាណានិគម​របស់​អ៊ីស្រាអែល ដែល​ជា​ឧបសគ្គ​ដល់​ការចរចា​បង្កើតរដ្ឋ​២ គឺ​រដ្ឋ​​អ៊ីស្រាអែល និង​រដ្ឋ​ប៉ាឡេស្ទីន។ ប៉ាឡេស្ទីន​ទាមទារ​អោយ​សហគមន៍​អន្តរជាតិ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់។ រហូត​ពេលនេះ ​រដ្ឋបាល​លោកត្រាំ​នៅ​មិនទាន់​ប្រតិកម្ម ​រឺ​ថ្កោលទោស​ការប្រកាស​ពង្រីក​ដែនអាណានិគម​អ៊ីស្រាអែល​ទេ។​

​ការឡើង​កាន់អំណាច​របស់​លោកត្រាំ ជា​ប្រយោជន៍​សម្រាប់​អ៊ីស្រាអែល​
អ៊ីស្រាអែល​បានដៃ​ពង្រីក​តំបន់​អាណានិគម នៅ​ប៉ាឡេស្ទីន គឺ​ដោយសារ​តែប្រធានាធិបតី​អាមេរិក​ថ្មី ​ដូណាល់ ត្រាំ ជាអ្នក​ដែល​មិន​បានជំទាស់​នឹង​ដែនដី​អាណានិគមជនជាតិជ្វីហ្វ។ ប៉ុន្មានឆ្នាំ​នេះ ​ក្នុង​ពេល​​លោក​អូបាម៉ា​ដឹកនាំ​អាមេរិក ​​អ៊ីស្រាអែល​មិនបាន​ប្រកាស​ផែនការ​ពង្រីកដែនដី​គួរ​កត់សម្គាល់​ដូច្នេះទេ។ រដ្ឋាភិបាល​លោក​អូបាម៉ា​មានជំហរ​ប្រឆាំង​តំបន់​​អាណានិគម​អ៊ីស្រាអែល​។ ជាលើក​ទី១ គិត​ពី​ឆ្នាំ​១៩៧៩មក ​រដ្ឋាភិបាល​លោក​​អូបាម៉ា​​មិនបាន​​ចេញ​វេតូ​ជំទាស់​ការ​អនុម័ត​សេចក្តីសម្រេចរបស់​អង្គការ​សហ​ប្រជាជាតិ​កាលពី​ថ្ងៃ​២៣ធ្នូ​ឆ្នាំ​មុននេះទេ។ ជា​សេចក្តី​សម្រេច​ទាមទារ​អ៊ីស្រាអែល​អោយ​បញ្ឈប់​ជា​បន្ទាន់​​នូវ​ការ​សាងសង់​ដែន​អាណានិគម​​ក្នុងទឹកដី​​ប៉ាឡេស្ទីន។

នាយករដ្ឋមន្ត្រី​បេនយ៉ាមីន នេតាន់យ៉ាហ៊ូ ​សុខចិត្ត​ទ្រាំ​រង់ចាំអោយ​​លោក​អូបាម៉ា​ផុតអាណត្តិ​សិន ព្រោះ​មិនចង់​រងការ​រិះគន់​ពី​លោក​អូបាម៉ា។ ដល់ពេល​តែ​លោកត្រាំ​ចូលកាន់​អំណាច​​ភ្លាម អ៊ីស្រាអែល​ក៏​ប្រកាស​ពង្រីក​សំណង់អាណានិគម​ ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ភ្លាម​​​ដែរ។ ថ្ងៃអាទិត្យកន្លងទៅ​ប្រកាស​ពង្រីក​៥៥៦ខ្នង នៅ​ហ្សេរុយសាឡិម​ខាងកើត ហើយ​ថ្ងៃ​អង្គារ​ម្សិលមិញ​ក៏ប្រកាស​សង់ថែម​២៥០០ខ្នង​ទៀត នៅ​ស៊ីសហ្សកដានី​។ នេះ​បង្ហាញ​ថា​នាយករដ្ឋមន្ត្រី​នេតាន់យ៉ាហ៊ូ​​កំពុង​​​​បំពាន​និង​ផ្គើន​លើ​​សេចក្តី​សម្រេច​អង្គការ​សហប្រជាជាតិ​ដែល​ថ្កោលទោស​តំបន់​អាណានិគម​អ៊ីស្រាអែល ដោយ​យក​លោក​ដូណាល់ ត្រាំ​ មក​ធ្វើខែល​ការពារ​ហើយ​។

​មិនត្រឹម​ផ្គើនសហគមន៍​អន្តរជាតិ​ទេ លោក​នេតាន់យ៉ាហ៊ូ​ថែមទាំង​​ថា ដែន​អាណានិគម​ជនជាតិ​ជ្វីហ្វ​មិនមែន​ជា​បញ្ហា​ចំបង​ទេ បញ្ហា​គឺមកពី​ប៉ាឡេស្ទីន​ឯណោះទេ ព្រោះ​ប៉ាឡេស្ទីន​មិន​ព្រម​អោយ​មាន​រដ្ឋអ៊ីស្រាអែល អញ្ចឹងហើយ​ទើប​ដោះស្រាយ​សន្តិភាព​​មិនបាន។

សារព័ត៌មាន​អ៊ីស្រាអែល​ថែមទាំង​លើកពី​ប្រសាសន៍របស់​​​នាយករដ្ឋមន្ត្រី​នេតាន់យ៉ាហ៊ូ ​ដែល​បាន​លើកឡើង​​ថា “​អោយតែ​អ៊ីស្រាអែល​ចង់​សង់​ផ្ទះ សង់​នៅ​ឯណា​ក៏បាន​ដែរ”។ គួរកត់​សម្គាល់ដែរ មាន​តំណាងរាស្ត្រអ៊ីស្រាអែល​ស្តាំនិយម​​២រូប ​​បាន​ដាក់​អោយ​ពិនិត្យ​ នូវ​គម្រោងច្បាប់​ស្តីពី​ឧបសម្ព័ន្ធ​​តំបន់​ម៉ាឡាអេ អាឌូមីម នៅ​ស៊ីសហ្សកដានី​។ បើ​ចូល​ជា​ឧបសម្ព័ន្ធ​ នោះ​ស៊ីសហ្សកដានី​នឹង​កាត់​ផ្តាច់​ជា២​រឹតតែ​ជា​ឧបសគ្គ​ដល់ដំណោះស្រាយ​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន។ ​ពេលនេះ អ៊ីស្រាអែល​ថា​ផ្អាកពិនិត្យ​​គម្រោង​ច្បាប់ទាក់ទង​​តំបន់​ឧបសម្ព័ន្ធ​នេះសិន។

ការប្រកាស​សង់ផ្ទះ​​​​ច្រើនពាន់​ខ្នង​ នៅ​ស៊ីសហ្សកដានី​ ថ្ងៃអង្គារ​ម្សិលមិញ ធ្វើអោយ​អង្គការ​សហ​ប្រជាជាតិ​​ថ្កោលទោស​អ៊ីស្រាអែល ព្រោះ​វា​មិនអាច​ជួយ​អោយ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​​អាច​បង្កើត​រដ្ឋ​រៀងៗខ្លួន​ និង​រស់​ក្នុង​សន្តិភាព​ជាមួយ​គ្នាទេ។

សូមបញ្ជាក់ថា ​​​លំនៅឋាន​ដែលត្រូវ​សង់ថ្មី ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន ​ភាគច្រើន​គឺសង់​ក្នុង​ទីតាំង​​​អាណានិគម​​ដែល​មា​ន​រួចហើយ។ ​អ៊ីស្រាអែល​គ្រោង​អោយ​ទីតាំង​ទាំងនេះ ​នៅតែ​ស្ថិត​ក្នុង​អធិបតេយ្យភាព​ខ្លួន បើទោះ​ជា​ពេលខាងមុខ ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​រកបាន​កិច្ចព្រមព្រៀង​ចុងក្រោយ​​​ជាមួយ​គ្នា​ក្តី។

លោក​នេតាន់យ៉ាហ៊ូ​​អាច​ជំរុញ​​​​​​អោយ​​​លោក​ដូណាល់ ត្រាំ ​​​ធ្វើអ្វី​មួយព្រមាន​អ៊ីរ៉ង់​
លោក​នេតាន់យ៉ាហ៊ូ​ដឹងថា លោកត្រាំ​ធ្លាប់​​រិះគន់​លោក​អូបាម៉ា​ដែល​បាន​សម្រេច​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ​ជាមួយ​ប្រទេស​មហាអំណាច​ផ្សេងៗ។ កាលពី​ថ្ងៃ​អាទិត្យ​ លោកនេតាន់យ៉ាហ៊ូ ​ជជែក​តាម​ទូរសព្ទ​ជាមួយ​លោកត្រាំ ដោយ​បាន​លើកឡើង​ពី​ការ​គំរាមកំហែង​ដែល​អាច​បង្កឡើង​ដោយ​​​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នេះ។ អ៊ីស្រាអែល​និង​អ៊ីរ៉ង់​ជាប្រទេស​ប្រជែង​គ្នា ​​នៅ​​​ដើមបូព៌ា​។ ជាទូទៅ ​អ៊ីស្រាអែលគិតថា​​​អ៊ីរ៉ង់អាច​កាន់តែ​មានឥទ្ធិពល​ ក្នុងតំបន់​​តាមរយៈ​​កិច្ចព្រមព្រៀង​នេះ។ អ៊ីស្រាអែល​មិនចង់​អោយ​អ៊ីរ៉ង់​ដើរលើ​ខ្លួនទេ។ ​

សម្រាប់​អាណត្តិ​របស់​ដូណាល់ ត្រាំ​ តទៅនេះ ​អ៊ីស្រាអែល​ពិតជា​​ឆ្លៀតយកចំណេញ​​គ្រប់បែបយ៉ាងហើយ ព្រោះលោក​ត្រាំ ជា​មិត្ត​ល្អ​នឹង​អ៊ីស្រាអែល ធ្វើអោយ​ទំនាក់ទំនង​អាមេរិក-អ៊ីស្រាអែល​ឈានទៅរក​ភាព​កក់ក្តៅ​នឹងគ្នា​ឡើងវិញ។

លោកត្រាំ​មិនអាច​លេងសើច​រើ​​​ស្ថានទូត​អាមេរិ​កអោយ​ទៅ​នៅ​ហ្សេរុយសាឡិមតាម​ពាក្យ​សន្យា​​​ទេ !
មុនជាប់ឆ្នោត ​លោក​​ដូណាល់ ត្រាំ​ ​ធ្លាប់​​សន្យា​ថា នឹង​ទទួលស្គាល់​ហ្សេរុយសាឡិម​ខាងកើត ​ជារដ្ឋធានី​អ៊ីស្រាអែល ​ហើយ​ថែមទាំង​ចង់​ផ្ទេរ​ស្ថានទូតអាមេរិក​ទៅនៅ​​ហ្សេរុយសាឡិម​ទៀតផង។ គេមើលឃើញ​ថា បើ​ដូច្នេះមែន ប្រទេស​អារ៉ាប់​ក្នុង​តំបន់​អាច​នឹង​ផ្ទុះ​ជម្លោះ​​​​ជាមួយ​អាមេរិក​មិនខានទេ។

ហ្សេរុយសាឡិម​ជា​បញ្ហា​ចម្រូង​ចម្រាស។ នៅ​ហ្សេរុយសាឡិម​ខាងកើត មាន​ជនជហាតិ​ជ្វីហ្វ​រស់នៅ​ដល់​ទៅ​ជាង​២សែននាក់។ អ៊ីស្រាអែល​ចាត់ទុក​ហ្សេរុយសាឡិម​ទាំងមូល​ជា​រដ្ឋធានី​របស់​ខ្លួន។ ចំណែក​ប៉ាឡេស្ទីនវិញ ចង់​បាន​ហ្សេរុយសាឡិម​ខាងកើត​ជា​រដ្ឋធានី​របស់​ខ្លួនដែរ។ ​

​បើ​លោក​ត្រាំ ពិត​ជា​នឹង​ប្តូរស្ថានទូត​អាមេរិក​ ទៅ​ហ្សេរុយសាឡិម​មែននោះ ​អាមេរិក​នឹង​ប្រឈម​បញ្ហា​​ធ្ងន់ធ្ងរ​ជាមួយ​ប្រទេស​អារ៉ាប់ និង​សហគមន៍អន្តរជាតិមិនខាន។ ​សហគមន៍​អន្តរជាតិ​មិន​ទទួលស្គាល់​ហ្សេរុយសាឡិម​​ ជា​រដ្ឋធានី​អ៊ីស្រាអែល​ទេ។ ​សហគមន៍​អន្តរជាតិ​ទទួលស្គាល់​តែ​ទីក្រុង​តេល អាវីវ​ប៉ុណ្ណោះ។ ប្រមុខដឹកនាំ​ប៉ាឡេស្ទីន លោក​ម៉ះមូត អាបាស​ ក៏​​ធ្លាប់ព្រមាន​លោក​ត្រាំ​រួចហើយ រឿង​លោកត្រាំ​ចង់​រើស្ថានទូត​អាមេរិក​ទៅនៅ​ហ្សេរុយសាឡិម។ ​ឥឡូវនេះ រដ្ឋាភិបាល​លោក​ត្រាំ ដូច​ជា​ស្ងាត់មាត់ចំពោះ​​​រឿង​នេះទៅ​​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ