អានតួអត្ថបទ
អ៊ីស្រាអែល

បទឈប់បាញ់​មនុស្សធម៌​នៅ​ហ្កាហ្សា​ផុត​ពេល​កំណត់​ អ៊ីស្រាអែល​បន្ត​វាយប្រហារ​ក្រុម​ហាម៉ាស​

បទ​ឈប់បាញ់​​​​​​មនុស្សធម៌​​ ​៥ម៉ោង​​ ដែល​​ក្រុម​ហាម៉ាស​និង​កងទ័ព​អ៊ីស្រាអែល​​បាន​​ព្រមព្រៀង​គ្នា​​​អនុវត្ត​នៅ​​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ផុត​ពេល​កំណត់​ហើយ។ ក្រោយ​​ពេល​កំណត់​នេះ ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ​កងទ័ព​អ៊ីស្រាអែល​​បាន​បន្ត​ការ​​​​វាយប្រហារ​លើ​ក្រុម​ហាម៉ាស​​​ទៀត។ នៅ​ក្រុង​គែរ​ អេហ្ស៊ី​ប​វិញ កិច្ចចរចា​រវាង​ភាគី​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល ​​បាន​បន្ត​ដំណើរការ​យ៉ាងផុសផុល ​​​ដើម្បី​​​រក​ដំណោះស្រាយ​​ហិង្សា​ហ្កាហ្សា​​ តែ​នៅ​គ្មាន​​ចេញ​​​លទ្ធផល​​អ្វី​នៅឡើយ។ នាយក​រដ្ឋមន្ត្រី​តួកគី បាន​ចោទ​អ៊ីស្រាអែល​ថា ​ព្យាយាម​សម្លាប់​រង្គាល​​លើ​​ជនជាតិ​ប៉ាឡេស្ទីន។

កុមារ​ប៉ាឡេស្ទីនកំពុង​រត់​លេង​នៅ​ឆ្នេរ​នៅ​ហ្កាហ្សា តែ​​ត្រូវ​​​ស្លាប់​ដោយ​គ្រាប់​​កាំភ្លើងធំ​​​របស់​អ៊ីស្រាអែល។
កុមារ​ប៉ាឡេស្ទីនកំពុង​រត់​លេង​នៅ​ឆ្នេរ​នៅ​ហ្កាហ្សា តែ​​ត្រូវ​​​ស្លាប់​ដោយ​គ្រាប់​​កាំភ្លើងធំ​​​របស់​អ៊ីស្រាអែល។ REUTERS/Mohammed Talatene
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃព្រហស្បតិ៍​នេះ ​​អ្នកទទួល​ខុសត្រូវ​អ៊ីស្រាអែល​មួយរូប ​មិន​បញ្ចេញអត្តសញ្ញាណ​ បាន​​​​ខំ​ប្រាប់​សារព័ត៌មាន​បារាំង អា អេហ្វ ប៉េ ថា​អ៊ីស្រាអែល​បាន​​ចរចា​សម្រេច​ចេញ​កិច្ច​ព្រមព្រៀង​​ឈប់បាញ់​ ជាមួយ​ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន។ យោងតាម​អ្នកទទួលខុសត្រូវ​រូបនោះ ​​​បទ​ឈប់បាញ់​នេះ ​​ត្រូវ​​អនុវត្ត​​នៅ​​ថ្ងៃ​សុក្រ​នេះ​តែម្តង។ ប៉ុន្តែ ក្រុម​ហាម៉ាស​បាន​បដិសេធ ថា​គ្មាន​បទឈប់បាញ់​អ្វីទេ។ ​ដូចការ​ប្រកាស​​របស់​ក្រុម​ហាម៉ាស ​អ៊ីស្រាអែល​មិន​បង្អង់​យូរឡើយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោយ​បទឈប់បាញ់​មនុស្សធម៌​បាន​ផុតពេល​កំណត់។ កងទ័ព​អ៊ីស្រាអែល​​​​បាន​បន្ត​ការ​វាយប្រហារ​លើ​ក្រុម​ហាម៉ាស​ដដែល។ ​

បទឈប់បាញ់​មនុស្សធម៌​ ដំណើរការ​រយៈ​ពេល​៥ម៉ោង ​​បាន​​ផុត​កំណត់នៅ​​​​​១២​ម៉ោង​សកល​​ ថ្ងៃ​​​ព្រហស្បតិ៍​ម្សិលមិញ ​ជាកិច្ចព្រមព្រៀង​រវាង​​ក្រុម​ហាម៉ាស​និង​​កងទ័ព​អ៊ីស្រាអែល​ ​ស្របតាម​ការទទូច​សុំ​​​របស់​អង្គការ​សហប្រជាជាតិ​។ បទឈប់បាញ់​មនុស្សធម៌​​​មាន​ទិសដៅ​​ជួយ​​​អោយ​​ប្រជាជន​ប៉ាឡេស្ទីន​​នៅ​តំបន់​រងគ្រោះ​ហ្កាហ្សា​​ អាច​ទទួល​បាន​ជំនួយ​មនុស្សធម៌ និង​ទទួល​​ការ​ព្យាបាល​របួស។ ​​នៅ​ថ្ងៃ​ពុធ​ មុន​មាន​បទ​ឈប់បាញ់​​មនុស្សធម៌ ​ការវាយប្រហារ​យោធា​អ៊ីស្រាអែល បាន​បន្ត​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​ច្រើននាក់​ បន្ថែម​ទៀត ​​ក្នុង​នោះគេឃើញ​​​មាន​កុមារ​ជាច្រើន​នាក់។ ​ គិតតាំង​ពី​ថ្ងៃ​ចាប់ផ្តើម​ការ​ប្រយុទ្ធ​រវាង​​អ៊ីស្រាអែល​និងក្រុម​ហាម៉ាស​​ជិត​១០ថ្ងៃ​មកនេះ​​ ​​​ការ​វាយប្រហារ​រ៉ុកកែត​​​ក្រុម​ហាម៉ាស​បាន​​សម្លាប់​​ជនជាតិ​អ៊ីស្រាអែល​ម្នាក់។ ​​

ដោយសារ​ប្រជាជន​ប៉ាឡេស្ទីន មាន​ទាំង​កុមារ​តូចៗ​ជាច្រើន​ ​​​បាន​​​ស្លាប់​សន្ធឹកសន្ធាប់​នៅតំបន់​ហ្កាហ្សា​​​ នាយករដ្ឋមន្ត្រី​តួកគី តៃយីព អ៊ែរដូហ្កាន បានបរិហារ​​​​​ថ្កោលទោស​​ អ៊ីស្រាអែល​ថា មាន​បំណង​មុតមាំ​សម្លាប់​រង្គាល​​លើ​ជនជាតិ​ប៉ាឡេស្ទីន។ ​យោងតាម​លោក​អ៊ែរដូហ្កាន អ៊ីស្រាអែល​​​​មិនមែន​ទើបតែ​សម្លាប់​រង្គាល​ជនជាតិ​ប៉ាឡេស្ទីន​​ជា​លើកទី១ទេ អ៊ីស្រាអែល​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​​​តាំង​ពី​ឆ្នាំ​១៩៤៨​ ពិសេស​គឺ​​​​ក្នុង​ថ្ងៃ​បុណ្យ​​សាសនា​រ៉ាម៉ាទន​អ៊ីស្លាម​តែម្តង៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ