អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​កំណត់ពេល​៩ខែ​ដើម្បី​ចរចា​ឲ្យបាន​កិច្ចព្រមព្រៀង

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​ក្នុង​ការចរចា​ជំហាន​បឋម ដែល​បើក​ធ្វើ​នៅសហរដ្ឋ​អាមេរិក តំណាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​បាន​ព្រមព្រៀង​គ្នា​ថា នឹង​ចរចា​ឲ្យ​បាន​ចេញ​ជា​កិច្ចព្រមព្រៀង​ចុងក្រោយ​មួយ នៅ​ក្នុង​រយៈពេល ៩ខែ​ខាងមុខ។ ការចរចា​ផ្លូវការ​នឹង​ត្រូវ​បើក​ធ្វើ​ នៅ​ក្នុង​រយៈពេល ២សប្តាហ៍​ខាងមុខ ក្រោម​ការ​សម្របសម្រួល​របស់​សហរដ្ឋ​អាមេរិក។ ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​សំខាន់ៗ ដែល​អាច​ជា​បញ្ហា​ចម្រូងចម្រាស​ក្នុងការ​ចរចា​នេះ។

តំណាង​រដ្ឋាភិបាល​អ៊ីស្រាអែល (ស្តាំ) និង​ប៉ាឡេស្ទីន ចាប់ដៃ​គ្នា​ក្រោយ​ពី​ប្រកាស​កំណត់​រយៈពេល​ចរចា​សន្តិភាព
តំណាង​រដ្ឋាភិបាល​អ៊ីស្រាអែល (ស្តាំ) និង​ប៉ាឡេស្ទីន ចាប់ដៃ​គ្នា​ក្រោយ​ពី​ប្រកាស​កំណត់​រយៈពេល​ចរចា​សន្តិភាព REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

 

ក្រុងយេរូសាឡឹម
 
ប៉ាឡេស្ទីន​ទាមទារ​ឲ្យ​ធ្វើការ​បែងចែក​ក្រុង​យេរូសាឡឹម​ជាពីរ៖ ខាងលិច​ឲ្យ​ទៅ​អ៊ីស្រាអែល ហើយ​ក្រុង​យេរូសាឡឹម​ខាង​កើត​ត្រូវ​ដាក់​ជា​រដ្ឋធានី​របស់​ប៉ាឡេស្ទីន។ ចំណែក​អ៊ីស្រាអែល​វិញ​ប្រកាន់​ជំហរ​ថា ​​ក្រុង​យេរូសាឡឹម​ទាំងមូល គឺជា​របស់​អ៊ីស្រាអែល​ ដោយ​មិន​អាច​ពុះចែក​បាន។

តាមពិត ដែនដី​យេរូសាឡឹម​ខាងកើត​នេះ កាល​ពីមុន​ធ្លាប់​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ហ្សកដានី ក៏ប៉ុន្តែ ត្រូវ​អ៊ីស្រាអែល​វាយ​ដណ្តើម​កាន់កាប់​ ចាប់តាំង​ពី​សង្រ្គាម​ឆ្នាំ​១៩៦៧​មក ហើយ​បច្ចុប្បន្ន​នេះ អ៊ីស្រាអែល​ចាត់ទុក​ក្រុងយេរូសាឡឹម​ថា​ជា​រដ្ឋធានី​របស់​ខ្លួន ប៉ុន្តែ សហគមន៍​អន្តរជាតិជាទូទៅ​មិន​ទទួលស្គាល់។ សូម្បី​តែ​សហរដ្ឋ​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​ក៏​មិន​ទទួលស្គាល់​ដែរ ដោយ​បន្ត​រក្សា​ស្ថានទូត​ នៅ​ក្នុង​ទីក្រុង​ Tel Aviv ដែលជា​រដ្ឋធានី​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ។
 
ខ្សែបន្ទាត់​ព្រំដែន និង​ការ​តាំងទីលំនៅ​របស់​ជនជាតិ​ជ្វីហ្វ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន
 
ប៉ាឡេស្ទីន​ទាមទារ​ថា ព្រំដែន​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ត្រូវ​តែ​យក​តាម​ខ្សែបន្ទាត់​ព្រំដែន មុនឆ្នាំ​១៩៦៧ ហើយ​ឲ្យ​អ៊ីស្រាអែល​ផ្អាក​រាល់​ការ​សាងសង់​លំនៅដ្ឋាន​ជនជាតិ​ជ្វីហ្វ ចូល​ទៅក្នុង​ទឹកដី​ប៉ាឡេស្ទីន ហួស​ពី​ខ្សែបន្ទាត់​ព្រំដែន​នេះ។

ចំណែក​ខាង​អ៊ីស្រាអែលវិញ អ្នក​នយោបាយ​អ៊ីស្រាអែលមាន​ជំហរ​មិនដូចគ្នា​ទេ ចំពោះ​បញ្ហា​នេះ។ ក៏ប៉ុន្តែ ​​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បច្ចុប្បន្ន​ គឺ​លោក​ បេនយ៉ាមីន នេតាន់យ៉ាហ៊ូ មាន​ការ​ព្រមព្រៀង​ជាគោលការណ៍​ទៅលើ​ការ​បង្កើត​រដ្ឋ​ឯករាជ្យ ដោយ​អ៊ីស្រាអែល​ត្រូវ​ដក​ខ្លួន​ចេញ​ពី​ទឹកដី​ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​ចូល​កាន់​កាប់​ក្រោយ​ឆ្នាំ​១៩៦៧ ក៏ប៉ុន្តែ ​តំបន់ណា​​ដែល​មាន​​ការ​សាងសង់​លំនៅដ្ឋាន​របស់​ជនជាតិជ្វីហ្វ ហើយ​មាន​ជនជាតិ​ជ្វីហ្វ​រស់នៅ​ទីនោះ​រួចហើយ ត្រូវ​រក្សា​ទុក​ជា​ដែនដី​អ៊ីស្រាអែល។

ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​អារ៉ាប់​បាន​លើកជា​សំណើ​មួយ ដើម្បី​សម្របសម្រួល​គ្នា គឺ​ឲ្យ​អ៊ីស្រាអែល​រក្សា​ទុក​តំបន់​ដែលមាន​លំនៅដ្ឋាន​ជនជាតិ​ជ្វីហ្វ​​បាន ក៏ប៉ុន្តែ ត្រូវ​ផ្តល់​ដី​នៅ​តំបន់​ផ្សេង​ឲ្យ​ទៅ​ប៉ាឡេស្ទីន ដើម្បី​ជា​ការ​ដោះដូរ​គ្នា។ អ៊ីស្រាអែល​នៅមិនទាន់​បាន​បង្ហាញ​ជំហរ​ច្បាស់លាស់​នៅឡើយទេ ជុំវិញ​សំណើ​នេះ ក៏ប៉ុន្តែ អ្វី​ដែល​គេ​សង្កេតឃើញ គឺ​អ៊ីស្រាអែល​ មិន​ព្រម​​ផ្អាក​ការ​សាងសង់​លំនៅដ្ឋាន​ជនជាតិ​ជ្វីហ្វ ចូល​ទៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ទេ។

ការវិលត្រឡប់​​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​
 
ជនភៀសខ្លួន​ ដែល​ជា​ចំណុច​ចម្រូងចម្រាស ក្នុងការ​ចរចា​ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន គឺ​សំដៅ​ទៅលើជនជាតិ​ប៉ាឡេស្ទីន​ទាំងអស់ ដែល​បាន​រត់ភៀសខ្លួន​​ចេញ​ពី​សង្រ្គាម​ រវាង​អារ៉ាប់ និង​អ៊ីស្រាអែល ចាប់តាំង​ពី​ឆ្នាំ​១៩៤៨​មក។

ប៉ាឡេស្ទីន​ទាមទារ​ឲ្យ​​អ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​ទាំងអស់​នេះ​អាច​វិលត្រឡប់​ទៅ​ភូមិ​កំណើត​របស់​ពួកគេ​វិញ ដោយ​រាប់បញ្ចូល​ទាំង​ជនជាតិ​ប៉ាឡេស្ទីន ដែល​រស់​នៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល​ផងដែរ។ មានន័យ​ថា ជនជាតិ​ប៉ាឡេស្ទីន​ណា ដែល​ធ្លាប់​រស់នៅ​ក្នុង​ទឹកដី​អ៊ីស្រាអែល​ពីមុន ហើយ​បាន​រត់ភៀសខ្លួន​ចេញ​ពី​ភូមិ​កំណើត ដើម្បី​គេច​ពី​សង្រ្គាម ត្រូវ​តែ​អាច​វិលត្រឡប់​ទៅអ៊ីស្រាអែលវិញ ហើយ​ត្រូវ​ទទួលបាន​សិទ្ធិ​ជា​ពលរដ្ឋ​របស់​អ៊ីស្រាអែល។

ចំណែក​ខាង​អ៊ីស្រាអែល​វិញ ជំទាស់​ដាច់ខាត​ មិន​ទទួល​ជនជាតិ​ប៉ាឡេស្ទីន​ទាំងអស់​នេះ​វិញ​ទេ។ អ៊ីស្រាអែល​តែងតែ​លើកឡើង​ថា ការ​ទាមទារ​ឲ្យ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​វិលត្រឡប់​ទៅរស់​នៅ​ស្របច្បាប់​ ក្នុង​ទឹកដី​អ៊ីស្រាអែលវិញ គឺ​ជា​យុទ្ធសាស្រ្ត​កម្ទេច​រដ្ឋ​អ៊ីស្រាអែល តាមរយៈ​ប្រជាសាស្រ្ត។ ដូច្នេះ​ហើយ​បាន​ជា​លោក​នេតាន់យ៉ាហ៊ូ​ទាមទារ​ថា នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន គេ​ត្រូវ​តែ​ទទួលស្គាល់​ច្បាស់លាស់​ថា រដ្ឋអ៊ីស្រាអែល​ត្រូវ​តែ​ជា​ “រដ្ឋ​ជ្វីហ្វ” (គឺ​រដ្ឋ​សម្រាប់តែ​ជនជាតិ​ជ្វីហ្វ)។

អាមេរិក ដែល​ជា​អ្នក​សម្របសម្រួល​ជម្លោះ បាន​ស្នើ​ឡើង​នូវ​ដំណោះស្រាយ​កណ្តាលមួយ គឺ​​អ៊ីស្រាអែល​មិន​ចាំបាច់​ត្រូវ​ទទួល​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ទេ ក៏ប៉ុន្តែ ត្រូវ​បង់​ជា​សំណង​សមរម្យ​ទៅ​ឲ្យ​ជនភៀសខ្លូន​ទាំងអស់នេះ។

ខាង​ប៉ាឡេស្ទីន​នៅមិនទាន់​បង្ហាញ​ពី​ជំហរ​ផ្លូវការ ចំពោះ​ដំណោះស្រាយ​ជា​សំណង​នេះ​ទេ ក៏ប៉ុន្តែ មាន​ការជជែក​គ្នា​ជារឿយៗ នៅ​ក្នុង​ចំណោម​មេដឹកនាំ​ប៉ាឡេស្ទីន ដែល​ពិចារណា ក្នុងការ​ទទួល​យក​សំណង​​ជា​ថ្នូរ​នឹង​សិទ្ធិ​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ