អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាអែល​ ចង់​រក​ផ្លូវ​​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព ជាមួយ​បណ្តា​ប្រទេស​ នៅ​តំបន់​ឈូង​សមុទ្រ​

នៅ​ថ្ងៃ​អាទិត្យ ទី​៦តុលា រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អ៊ីស្រាអែល បាន​ថ្លែងថា អ៊ីស្រាអែល​កំពុង​រក​មធ្យោបាយ​ដើម្បី​ចុះកតិកា​សញ្ញាសន្តិភាព​ ជាមួយ​នឹង​បណ្តា​ប្រទេសសម្ព័ន្ធ​អារ៉ាប់​ នៅក្នុង​​តំបន់​ឈូង​សមុទ្រ​។ ក៏ប៉ុន្តែ ផ្លូវ​ទៅ​រក​សន្តិភាពនេះ ​ទំនង​ជានៅ​ឆ្ងាយ​ដូច​ជើងមេឃ ពីព្រោះថា​ នាពេល​កន្លងមក គឺ​មា​នប្រទេស​អារ៉ាប់​តែពីរ​គត់​ប៉ុណ្ណោះ ដែល​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​ មិន​ឈ្លាន​ពាន​គ្នា ជាមួយ​អ៊ីស្រាអែល។ 

លោក Israel Katz រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល
លោក Israel Katz រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល Sebastian Scheiner / POOL / AFP
ផ្សាយពាណិជ្ជកម្ម

គោល​បំណង​ស្វែង​រក​កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ គឺ​គ្មាន​​ពន្យល់​លម្អិត​អ្វី​ច្រើន​ទេពី​សំណាក់​អ៊ីស្រាអែល គឺគ្រាន់តែ​រដ្ឋមន្ត្រីក្រសួងការបរទេស លោក អ៊ីស្រាអែល កាត់ស៍ (Israel Katz) បាន​​ព្រលយពាក្យ​ប្រាប់​អ្នក​កាសែត​ពីក្រុង​ Jérusalem ថាលោក​បាន​ទទួល​ភ្លើង​ខៀវនិងកិច្ចគាំទ្រ​​ពី​សម្ព័ន្ធ​មិត្ត​អាមេរិក ដើម្បី​រក​ផ្លូវ​សន្តិភាពជាមួយ​បណ្តា​ប្រទេសនៅ​តំបន់​ឈូង​សមុទ្រ​ពែរ្ស៍​។

​នៅក្នុង​​អង្គ​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ ពីពេល​ថ្មីៗនេះ រូប​លោករដ្ឋមន្ត្រី​ ក្នុង​ឋានៈ​ជា​ប្រមុខ​ការទូត​អ៊ីស្រាអែល​​ ​ក៏​បានជួបជ​ជែក​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេសអារ៉ាបខ្លះដែរ​ ​​នៅ​ទីក្រុងញូវយ៉ក​។ បើ​ទោះបី​ជា​ថា​បាន​ពិភាក្សា​ជួប​ប្រមុខ​ដឹកនាំប្រទេស​អារ៉ាបមួយ​ចំនួន​ខ្លះមែន​ ប៉ុន្តែ​​រដ្ឋមន្ត្រីក្រសួងការបរទេស អ៊ីស្រាអែល មិន​បាន​បញ្ជាក់ថា ជួប​​ជាមួយ​មេដឹកនាំប្រទេស​អារ៉ាប​ណាមួយ ​ឱ្យ​ច្បាស់​នោះឡើយ​។ តែ​គេ​អាច​ស្មាន​ដឹង​បាន​ថា ជាមួយ​រដ្ឋមន្ត្រី​របស់​បារែម។ ពីព្រោះ​កាលពីខែកក្កដាឆ្នាំ​២០១៩នេះ ប្រមុខ​ការទូត​អ៊ីស្រាអែល ​បាន​ជួប​សមភាគី​បារែម ជជែកគ្នា​ នៅ​ក្រុង​វ៉ាស៊ីន​តោន។

​តំបន់​ឈូង​សមុទ្រ​ពែរ្ស៍ មាន​ច្រើនប្រទេស ដែល​សុទ្ធសឹងតែ​កាន់​សាសនា​អ៊ីស្លាម មា​នដូច​ជា Arabie saoudite, Bahreïn, Émirats arabes រួម, Koweït, Irak, Iran, Oman និង​ Qatar។ ក្នុង​ចំណោម​ប្រទេស​ទាំងនេះ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ទៅ​ជជែកពី​​រឿង​សន្តិភាព​នេះ ជាមួយ​ស្តេច​សូតង់​ របស់​ប្រទេស​អូម៉ង់​ ម្តង​ដែរ កាលពីមួយ​​ឆ្នាំមុន​​។

ប៉ុន្តែ តាម​មើល​ទៅ ដំណើរ​ស្វែង​រក​ច្រកផ្លូវ​នៃ​​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ប្រទេស​សម្ព័ន្ធ​អារ៉ាប់​នេះ គឺ​តឹង​តែ​ខ្លាំង​បំផុត ពី​ព្រោះ​ថា ក្នុង​ចំណោម​ប្រទេស​អារ៉ាប់​ទាំងអស់​នៅ​មជ្ឈិម​បូព៌ា គឺមានតែ​ប្រទេស​ពីរគត់​​ប៉ុណ្ណោះ គឺ​ អេហ្ស៊ីប និង​ហ្ស័កដង់ ដែល​បាន​យល់​ព្រម​ចុះ​ហត្ថលេខា។ ក្រៅពីនោះ គឺ​គ្មាន​ទាន់​មា​នសញ្ញាណា​វិជ្ជាមាន​ណាមួយ​នៅឡើយទេ។  

បញ្ហា​ធំ និងជា​លក្ខខណ្ឌ​ចម្បង​បំផុត ប្រទេស​អារ៉ាប់​អ៊ីស្លាម​ទាំងអស់​នោះ ចង់​ឱ្យ​អ៊ីស្រាអែល​ធានា​ឱ្យ​បាន​ ការ​មិន​ជិះ​ជាន់​គាប​សង្កត់ ធ្វើ​ទុក្ខ​បុកម្នេញ ពលរដ្ឋ​ប៉ាឡេស្ទីន ដែល​កាន់​កាន់​សាសនា​អ៊ីស្លាម។ គ្រាន់តែ​លក្ខខណ្ឌ​មួយ​នេះ គឺលំបាក​ខ្លាំងណាស់ទៅហើយ ពីព្រោះដូច​គ្រប់​គ្នា​ដឹង​ស្រាប់​ ថា​ជន​ជាតិ​ប៉ាឡេស្ទីន ត្រូវ​ទាហាន​អ៊ីស្រាអែល បាញ់​ស្លាប់​ស្ទើរ​រាល់ថ្ងៃ​និង​ជាញឹកញយ នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នាតាម​ព្រំដែន​ ពិសេស​ក្នុង​តំបន់​កាហ្សា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ