អានតួអត្ថបទ
អ៊ីស្រាអែល

អ៊ីស្រាលអែល​បើក​ការប្រយុទ្ធ​ទ័ព​ជើងគោក ទៅក្នុង​តំបន់​ហ្កាហ្សា

បន្ទាប់ពី​បទ​ឈប់បាញ់​មនុស្សធម៌​បរាជ័យ អ៊ីស្រាអែល​បាន​សម្រេច កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រកាស​ប្រើ​ទ័ព​ជើងគោក​វាយលុក​ក្នុង​តំបន់​ហ្កាហ្សា​ដែល​គ្រប់គ្រង​ដោយ​ក្រុមហាម៉ាស ប៉ាឡេស្ទីន។ នៅក្នុង​ថ្ងៃ​សុក្រ​នេះ ប្រតិបត្តិការ​ទ័ព​ជើងគោក របស់​អ៊ីស្រាអែល នៅ​ហ្កាហ្សា បាន​បង្ក​ឲ្យ​មាន​មនុស្ស​ប្រមាណ ១៩​នាក់ ស្លាប់ ដែល​នៅក្នុង​នោះ ភាគច្រើន​ជា​ប្រជាជន​ស៊ីវិល និង​មាន​ទាហាន​អ៊ីស្រាអែល​ម្នាក់។  

រថពាសដែក របស់អ៊ីស្រាអែល​បើក​សំដៅ​តំបន់​ហ្កាហ្សា​នៅថ្ងៃ​ទី ១៧​កក្កដា​២០១៤
រថពាសដែក របស់អ៊ីស្រាអែល​បើក​សំដៅ​តំបន់​ហ្កាហ្សា​នៅថ្ងៃ​ទី ១៧​កក្កដា​២០១៤ AFP PHOTO / JACK GUEZ
ផ្សាយពាណិជ្ជកម្ម

លើកនេះ អ៊ីស្រាអែល​បាន​ប្រើ​ធម៌​ក្តៅ សំពង​ក្រុមហាម៉ាស ដោយ​បាន​បើក​ភ្លើងខៀវ​ឲ្យ​មាន​អន្តរាគមន៍​ទ័ព​ជើងគោក​អ៊ីស្រាអែល​ទៅក្នុង​ដែនដី​ហ្កាហ្សា របស់ក្រុម​ហាម៉ាស​ប៉ាឡេស្ទីន។ ទិសដៅ​របស់​អ៊ីស្រាអែល​គឺ​គាស់រំលើង​ទីតាំង​របស់​ក្រុម​ហាម៉ាស និង​បញ្ឈប់​ការបាញ់​គ្រាប់​រ៉ុកកែត ដែល​អ៊ីស្រាអែល​ចាត់ទុក​ជា​មេគ្រោះថ្នាក់ គំរាមកំហែង​ដល់​សន្តិសុខ​របស់​ប្រជាជន​អ៊ីស្រាអែល។

 
យោងតាម​កងទ័ព​អ៊ីស្រាអែល ចាប់តាំង​ពី​បើក​ការប្រយុទ្ធ​ទ័ព​ជើងគោក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទាហាន​អ៊ីស្រាអែល​ចាប់បាន​ភេរវជន​១៤​នាក់ នៅក្នុង​សមរភូមិ​ប្រយុទ្ធ ​បាញ់​បំផ្លាញ​គ្រាប់រ៉ុកកែត ២០​ដើម និង​បាញ់​កម្ទេច​រូងក្រោម​ដី ដែល​ក្រុមហាម៉ាសប្រើ​ដើម្បី ជួញដូរ​ទំនិញ និង​ដឹក​ជញ្ជូន​អាវុធ​ចូល​ក្នុង​តំបន់​ហ្កាហ្សា។

ប្រតិបត្តិការ​ទ័ព​ជើងគោក​ហាក់​សម្រេច​ទៅតាម​ការគ្រោងទុក​របស់​ក្រសួងការពារ​ជាតិ​អ៊ីស្រាលអែល។ តាម​ខុទ្ធការល័យ​នាយករដ្ឋមន្រ្តី​បិនចាមីន នេតានីញ៉ាហ៊ូ អ៊ីស្រាអែល​បើក​ការប្រយុទ្ធ​តាម​ជើងគោក បន្ទាប់​ពី​ក្រុម​ហាម៉ាស​បាន​បដិសេធ​មិន​ធ្វើ​តាម​កិច្ចព្រមព្រៀង​ស្តីពី​បទឈប់បាញ់ ធ្វើ​នៅ​អេហ្សីប កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​បានផ្គើន​បន្ត​បាញ់​គ្រាប់រ៉ុកកែត​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល។

នេះ​ជា​លើកទីមួយ ចាប់តំាងពី​ឆ្នាំ ២០០៨ ដែល​អ៊ីស្រាអែល​ប្រើ​ទ័ព​ជើងគោក​វាយលុក​ក្នុង​តំបន់ហ្កាហ្សា។ នៅ​ចន្លោះ​ខែ​ធ្នូ ឆ្នាំ ២០០៨ និង​ខែ​មករា​ឆ្នាំ ២០០៩ ​ទ័ព​ជើងគោក​អ៊ីស្រាអែល បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​១៤០០​នាក់។ ប៉ុន្តែ នៅ​ទីបំផុត អ៊ីស្រាអែល​នៅតែ​បរាជ័យ ដោយ​មិន​អាច​ទប់ស្កាត់ ការ​បាញ់ផ្លោង​គ្រាប់រ៉ុកកែត​របស់​ក្រុម​ហាម៉ាស ពី​ក្នុង​តំបន់​ហ្កាហ្សា។ ក្រុម​ហាម៉ាស​បាន​តាំងទី នៅ​តំបន់​ហ្កាហ្សា បន្ទាប់​ពី​អ៊ីស្រាអែល​បាន​ដក​ខ្លួន​ជា​ឯកតោ​ភាគី ពី​ហ្កាហ្សា នៅ​ឆ្នាំ ២០០៥។ នៅថ្ងៃ​សុក្រ រដ្ឋមន្រ្តី​អ៊ីស្រាអែល ទទួល​បន្ទុក​ខាង​ទំនាក់ទំនង​ព័ត៌មាន​បាន​រុញច្រាន​ចោល​ការសន្និដ្ឋាន​ដែល​ថា អ៊ីស្រាអែល​ចង់​វាយដណ្តើម​យក​ហ្កាហ្សាមក​គ្រប់គ្រង​ជា​ថ្មី។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេស​អាមេរិក​បាន​និយាយ​ទូរស័ព្ទ ទៅ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល ដើម្បី​ប្រាប់​ឲ្យ​អ៊ីស្រាអែល​ជៀសវាង ការខូចខាត​ ឲ្យ​បាន​ខ្ពស់បំផុត និង​បាញ់​សំដៅ​តែ​ក្រុម​ភេរវជន។ ចំណែក​លោកអគ្គលេខាធិការ ​បាន គីមូន បាន​អំពាវនាវ​ឲ្យ​អ៊ីស្រាអែល​ធ្វើ​សកម្មភាព​ដើម្បី​បញ្ចប់​ការបាត់បង់​ជីវិត​របស់​ប្រជាជន​ស៊ីវិល។ ប្រតិបត្តិការ​វាយប្រហារ​របស់​អ៊ីស្រាអែល ដែល​ចាប់ផ្តើម កាលពី​ថ្ងៃ​ទី ៨​កក្កដា បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន ២៦០​នាក់ ដែល​ក្នុងនោះ​ភាគច្រើន​ជា​ប្រជាជន​ស៊ីវិល ស្ត្រី និង​កុមារ។ ដូចលើកមុនៗ អ៊ីស្រាអែល​បាន​ចោទ​ក្រុមហាម៉ាស​ថា បាន​យក​ប្រជាជន​ស៊ីវិល​ធ្វើ​ជា​ខែល​របស់ខ្លួន សម្រាប់​រងគ្រាប់​ពី​អ៊ីស្រាអែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ