ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/06 12h00 GMT
អាមេរិក

អាមេរិក​គំរាម​គិតគូរ​​ឡើងវិញ​ពី​​ជំនួយ​ហិរញ្ញវត្ថុ​​ប៉ាឡេស្ទីន​ ក្រោយ​ប៉ាឡេស្ទីន​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ហាម៉ាស​

media  
តំណាង​ក្រុម​ហាម៉ាស​និង​តំណាង​ប៉ាឡេស្ទីន ជួបចរចា​គ្នា​កាលពីថ្ងៃ​២២មេសា។ REUTERS/Mohammed Salem

នៅថ្ងៃ​ព្រហស្បតិ៍​នេះ អាមេរិក​បាន​ប្រកាស​គិតគូរ​ឡើងវិញ​លើ​ជំនួយ​ហិរញ្ញវត្ថុ​ដែល​អាមេរិក​ ជួយប៉ាឡេស្ទីន​នោះ ប្រសិន​បើ​ប៉ាឡេស្ទីន​និង​​ក្រុមហាម៉ាស​បង្កើត​​រដ្ឋាភិបាល​​រួបរួម​នៅពេល​ ខាងមុខ។ ការ​ប្រកាស​នេះ ជា​ការគម្រាម​តប​ទៅ​​​រដ្ឋអំណាចប៉ាឡេស្ទីន ដែល​បាន​សម្រេច​​ចេញ​កិច្ចព្រមព្រៀង​​ផ្សះផ្សា​មួយ​ ជាមួយ​ក្រុម​ហាម៉ាស កាលពី​ថ្ងៃ​ពុធ​កន្លងទៅ។ ដោយឡែក ខុសពី​អាមេរិក រដ្ឋាភិបាល​ចិន​បាន​ស្វាគម​កិច្ចព្រមព្រៀង​នេះ។

នៅថ្ងៃព្រហស្បតិ៍នេះ ​គឺ​មួយថ្ងៃក្រោយ​អង្គការ​រំដោះ​​ប៉ាឡេស្ទីន​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ផ្សះផ្សា​​ជាមួយ​ក្រុមហាម៉ាស រដ្ឋាភិបាល​អាមេរិក​បាន​សំដែង​ការ​ខកចិត្ត​និង​បាន​ប្រកាស​គម្រាម​ពិចារណា​ឡើងវិញ លើ​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់ប៉ាឡេស្ទីន។ រដ្ឋាភិបាល​អាមេរិក​ប្រាប់ថា ប្រសិន​បើ​ប៉ាឡេស្ទីន និង​ក្រុមហាម៉ាស​ បង្កើត​ចេញ​រដ្ឋាភិបាល​រួបរួម​នៅពេល​ខាងមុខ នោះ​អាមេរិក​នឹង​ពិនិត្យ​មើល​​​សកម្មភាព​របស់​រដ្ឋាភិបាល​មួយនេះ ហើយ​សម្រេច​ពី​ជំនួយ​ហិរញ្ញវត្ថុ​ទៅតាមនោះ។ អាមេរិក​ប្រាប់ថា រដ្ឋាភិបាល​ប៉ាឡេស្ទីន​ណាក៏ដោយ ក៏ត្រូវតែ​សន្យា​ច្បាស់លាស់​ថា​​នឹង​​​មិនទទួល​យក​អំពើហិង្សា សន្យាថា ​ទទួលស្គាល់រដ្ឋអ៊ីស្រាអែល និង​ទទួល​យក​​កិច្ចព្រមព្រៀង និង​កាតព្វកិច្ច​ ​​រវាង​ភាគី​ទាំង២ ពោលគឺ​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល ក្នុងដំណោះស្រាយ​រកសន្តិភាពនោះឯង។ ​​​

កាលពី​ថ្ងៃ​ពុធ ​អង្គការ​រំដោះ​ប៉ាឡេស្ទីន​បាន​សម្រេច​ចេញ​កិច្ចព្រមព្រៀង​ផ្សះផ្សា​​​​​ជាមួយ​ក្រុម​ហាម៉ាស ​មានទិសដៅ​​បង្កើត​រដ្ឋាភិបាល​​​រួបរួម​គ្នា​មួយអោយបាន​នៅ​៥សប្តាហ៍​ខាងមុខ និង​រៀបចំ​​​ការ​បោះឆ្នោត​​ក្នុង​ពេល​៦ខែ​ទៀត។ ​កិច្ចព្រមព្រៀង​​​ផ្សះផ្សា​​ជាមួយ​ក្រុមហាម៉ាស​នេះ​ ធ្វើអោយ​អង្គការ​រំដោះប៉ាឡេស្ទីន​ ​​​ក្លាយជា​តំណាង​ប្រជាជន​ប៉ាឡេស្ទីន​តែ​មួយគត់ ដែល​សហគមន៍​អន្តរជាតិ​ទទួលស្គាល់។ ​ប៉ុន្តែ អាមេរិក​​ខកចិត្ត​ចំពោះ​កិច្ចព្រមព្រៀង​នេះ ព្រោះថា អាមេរិក​គិតថា វា​នឹងធ្វើអោយ​ដំណើរការ​ចរចា​សន្តិភាព​អ៊ីស្រាអែល-ប៉ាឡេស្ទីន​កាន់តែ​ជួប​ភាគ​ស្មុគស្មាញ។ ​អង្គការ​រំដោះ​ប៉ាឡេស្ទីន​បាន​ឆ្លើយតប​​ទៅអាមេរិក​ថា ប៉ាឡេស្ទីន​មាន​ការប្រុងប្រយ័ត្នចំពោះ​ក្រុមហាម៉ាស លើ​ចំនុច​​ជាច្រើន​ក្នុង​កិច្ចព្រមព្រៀង ក្នុងទិសដៅ​បង្កើត​អោយ​បាន​រដ្ឋាភិបាល​រួបរួម នៅ​ពេល​ខាងមុខ​នេះ។

គួរ​រំលឹក​ថា​​ ដោយសារ​កិច្ចព្រមព្រៀងផ្សះផ្សា​រប៉ាឡេស្ទីន​ជាមួយ​ក្រុម​ហាម៉ាស ​អ៊ីស្រាអែល​បាន​ព្យួរចោល​នូវ​កិច្ចប្រជុំ​ស្វែងរកសន្តិភាពជាមួយប៉ាឡេស្ទីន​​នេះ កាលពី​ល្ងាចថ្ងៃពុធ។ អ៊ីស្រាអែល​ជាសត្រូវ​នឹង​​ក្រុម​ហាម៉ាស​ ព្រោះក្រុមហាម៉ាស​មិន​ទទួលស្គាល់​រដ្ឋ​អ៊ីស្រាអែលទេ ថែម​ទាំង​ប៉ុនប៉ង​​កំទេច​អ៊ីស្រាអែល​ចោល​ទៀតផង។

ដោយឡែក ចិន​បាន​សំដែង​ការស្វាគមន៍​ចំពោះ​កិច្ចព្រមព្រៀង​ប៉ាឡេស្ទីន-ហាម៉ាស ដោយ​លើកឡើងថា កិច្ចព្រមព្រៀង​នេះ​អាច​នាំ​ទៅដល់​ការរួបរួម​ប៉ាឡេស្ទីន។ ប៉ាឡេស្ទីន​រួបរួមគ្នា​​អាច​នាំទៅដល់​ការ​​​បង្កើត​​រដ្ឋប៉ាឡេស្ទីន​ឯករាជ្យ​មួយ ហើយ​ក៏​ជា​ការនាំអោយ​ប្រជាជន​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល ​​​​​​រស់នៅក្នុង​សុខសន្តិភាពជាមួយ​គ្នា​ដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ