អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោត​អ៊ីតាលី សំខាន់​ខ្លាំងសម្រាប់​កែប្រែមុខមាត់​ប្រទេស​និងអនាគត​អឺរ៉ុប​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអាទិត្យ​ទី​៤មីនា​នេះ ពលរដ្ឋ​អ៊ីតាលី ៤៦លាន​នាក់ ​ចេញ​ទៅ​បោះឆ្នោះសភា ​ដើម្បី​ជ្រើសរើស​អ្នក​តំណាង​រាស្ត្រ និង​សមាជិក​ព្រឹទ្ធ​សភា​ ក្នុង​ពេល​តែមួយ។ ការិយាល័យបោះឆ្នោត​​បើកទ្វារ​នៅ​ម៉ោង​៧ព្រឹក ម៉ោង​ក្នុង​ស្រុក ហើយ​បិទបញ្ចប់​នៅ​ម៉ោង​១១យប់។ អ៊ីតាលីបោះឆ្នោតតាមប្រព័ន្ធចម្រុះ មានបេក្ខជនឈរឈ្មោះឯកត្តនាមផង និង​បេក្ខជនរបស់បក្សនយោបាយផង​។ បោះឆ្នោតថ្ងៃនេះ គឺត្រូវជ្រើសរើស​សមាជិក​រដ្ឋសភា ចំនួន៦៣០អាសនៈ ហើយសមាជិករដ្ឋសភា ចំនួន៣១៥កៅអី។ ការ​បោះឆ្នោត​នេះ ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង ដ្បិត​ថា តាម​ការ​ស្ទង់មតិ បក្ស​កាន់អំណាច ហាក់​ទទួល​ការ​គាំទ្រ​​​​តិចតួច​ ប៉ុន្តែ បក្ស​ពីរក្រុមផ្សេងទៀត​ ​ក្រៅរដ្ឋាភិបាល ​កំពុង​មាន​សំឡេង​ខ្លាំង។ ចលនាបក្ស​មួយ បណ្តុំ​ដោយ​បក្ស​ជា​ច្រើន​​ មាន​និន្នាការស្តាំ​​ជ្រុល​និយម ថ្លែង​សុន្ទរកថារើស​អើង​ប្រកាន់ពូជ​សាសន៍ និង​ចង់​ដើរ​ចេញពី​អឺរ៉ុបផង កំពុង​មាន​សំឡេង​គាំទ្រ​ខ្លាំង​​។ ចលនា​បក្ស​មួយ​ទៀត គឺ​ដឹកនាំ​ដោយ​អ្នក​នយោបាយ​វ័យ​ក្មេង អាយុ​ត្រឹមតែ​៣១ឆ្នាំ តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​។

ស្ត្រី​ម្នាក់ បោះឆ្នោត​នៅ​ថ្ងៃទី​៤មីនា ក្នុង​ក្រុងរ៉ូម
ស្ត្រី​ម្នាក់ បោះឆ្នោត​នៅ​ថ្ងៃទី​៤មីនា ក្នុង​ក្រុងរ៉ូម Andreas SOLARO / AFP
ផ្សាយពាណិជ្ជកម្ម

គណបក្ស​មាន​សំឡេង​នាំមុខគេ​នៅពេ​លនេះ គឺ​មាន​លក្ខណៈ​ចម្លែៗ​​ខ្លាំង​។  ចម្លែកព្រោះថា មាន​ក្រុម​ចលនា​មួយ​ដឹកនាំ​ដោយ​អតីត​នាយកមន្ត្រីអ៊ីតាលី អាយុ​៨១ឆ្នាំ ដែល​ធ្លាប់​ដឹកនាំ​រដ្ឋាភិបាល​ ដល់ទៅ​៣ដង​ និង​បានប្រព្រឹត្ត​​អំពើ​ពុករលួយ​ត្រូវ​បង្ខំ​ឲ្យ​ចុះ​ពី​តំណែងរួច​មកហើយ​ ក៏ប៉ុន្តែ​នៅតែ​មាន​សំឡេង​គាំទ្រ​ច្រើន​នៅឡើយ ស្ទើរតែ​វ៉ា​ដៃគេ​​។  ​ចលនា​បក្ស​មួយ​ទៀត គឺ​ដឹកនាំ​ដោយ​អ្នក​នយោបាយ​វ័យ​ក្មេង អាយុ​ត្រឹម​៣១ឆ្នាំប៉ុណ្ណោះ តែ​មាន​គោល​នយោបាយ​ទាក់​ចិត្ត​យុវជន​ខ្លាំង​មែនទែន​។ អ្វី​ដែល​ចម្លែក​ទៀត​នោះ បក្ស​កាន់​រដ្ឋាភិបាលសព្វ​ថ្ងៃ​ គឹ​ទទួល​សំឡេងដែល​​ថា​នឹង​បោះឆ្នោត​ឲ្យ​នោះ តិតតួច​។ តើ​មក​ពី​ហេតុ​អ្វីទៅ​?

បក្ស​កាន់​អំណាច​រដ្ឋាភិបាល​សព្វ​ថ្ងៃ​  គឺ​បក្ស​ឆ្វេង​និយម ដឹកនាំដោយលោក Paolo Gentiloni ត្រូវ​គេ​ស្ទង់​មតិ​ឃើញថា អាច​នឹង​ទទួល​បាន​សំឡេង​តិចតួច​តែប៉ុណ្ណោះ គឺប្រហែល​ជាង​២០ភាគរយ​តែប៉ុណ្ណោះ។ តែ​ការ​ស្ទង់​មតិ​ចុងក្រោយ​មួយទៀត ផ្សាយ​នៅថ្ងៃ​នេះ​ ឃើញថា មាន​កើត​សំឡេង​ឡើង​ខ្លះបន្តិច​វិញ​។​

ការ​ធ្លាក់​សំឡេង​ ក្នុង​ការ​ស្ទង់​មតិ​២សប្តាហ៍​មុន ក៏​ទំនង​​ដោយសារតែ​ពលរដ្ឋ​អ៊ីតាលី​ចង់​ផ្លាស់ប្តូរ​ការ​ដឹកនាំ​ប្រទេស​ថ្មី​។ ព្រោះថា ប្រទេសអ៊ីតាលីសព្វថ្ងៃនេះ កំពុងជាប់ផុងនឹងបញ្ហាជា​ច្រើន ដូចជា វិបត្តិសេដ្ឋកិច្ច បំណុល បញ្ហាពុករលួយ ហើយ​ពិសេស​នោះ គឺវិបត្តិជនអន្តោប្រវេសន៍។ អ្វីដែល​សំខាន់​ទៅទៀត​គឺ​រឿង​អត់​ការ​ងារ​ធ្វើ។ យុវជនអ៊ីតាលី​​ដែល​មាន​ចំណេះចេះ​ដឹង​ច្រើន បាន​រត់​ចោល​ស្រុក​ខ្លះមកហើយ ដើម្បីទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​​ផ្សេង​ទៀត ក្នុង​ទ្វីបអឺរ៉ុប។

ដូច្នេះហើយ ម្ចាស់​ឆ្នោត​អ៊ីតាលី  ​សម្លឹងមើល ចលនាក្រុម​បក្ស​ពីរ​​ផ្សេងទៀត ដែលមាន​​គោល​នយោបាយប្លែក​ៗ​ ដែល​ជា​ទីសង្ឃឹមថា ដើម្បីអាច​នឹង​​ធ្វើ​ឲ្យ​ប្រទេស​ស្ទុះ​ងើប​ឡើងវិញ ចេញពី​វិបត្តិ​។ ចលនាពី​រ​ក្រុម​នោះគឺ​ ក្រុម​គណបក្ស​ស្តាំ​និយមជ្រុល និង​បក្ស​​ផ្កាយ​៥។

ក្រុម​ចលនា​ស្តាំនិយម គឺ​ប្រមូល​ផ្តុំ​ដោយ​គណបក្ស​តូចៗ​ជា​ច្រើន។ សម្ព័ន្ធភាព​ក្រុមគណបក្ស​​នេះ​ គឺ​ស្មុកស្មាញ​ណាស់​! ដ្បិត​ថា​ ចលនាបក្ស​នេះ ដឹកនាំ​ដោយ លោក Berlusconi អាយុ៨១ឆ្នាំ ជា​​អតីតនាយកមន្ត្រីអ៊ីតាលី ដែលធ្លាប់ដឹកនាំរដ្ឋា​ភិបាល ដល់ទៅ៣ដង​ តែ​បាន​ធ្លាក់​ពី​ដំណែង​វិញ នៅ​ឆ្នាំ​២០១១ និងត្រូវតុលាការ​កាត់ទោសពី​បទប្រព្រឹត្តិអំពើ​ពុករលួយ បន្លំគេច​​ពន្ធ​។ លោក​នេះ ត្រូវជាប់​ទោស ហើយ​ត្រូវ​ទណ្ឌកម្ម មិន​ឲ្យ​កាន់​កាប់​មុខ​តំណែង​រដ្ឋ​ណាមួយ​ឡើយ រហូត​ទាល់តែ​ផុត​ឆ្នាំ​២០១៩ឯណោះ។

 

តើ​ហេតុអ្វី បានជា​គណបក្ស​របស់​​​លោក Berlusconi ដែល​មាន​ប្រវត្តិ​មិន​សូវ​ល្អ មាន​សំឡេង​គាំទ្រ​ខ្លាំង​នៅពេល​នេះ?

បក្ស​ Forza Italia ជា​បក្ស​ស្តាំ​និយម របស់​​លោក បែរលុសស្គុននី  មានត្រឹម​១៧ភាគរយតែប៉ុណ្ណោះ គឺ​ចាញ់​សំឡេង​ចាញ់ បក្សចលនា​ផ្កាយ​៥ទេ។ ប៉ុន្តែ អ្នក​នយោបាយ​ចាស់​វស្សា​រូប​នេះ ​បានងាក​ទៅ​​ចូល​ដៃចង​សម្ព័ន្ធ​​ភាព​ ជាមួយ​គណបក្សតូចៗ​​បីបួនទៀត ក៏​បាន​ធ្វើ​ឲ្យ​សំឡេង​ក្រុម​ស្តាំ​និយម​ជ្រុល​បាន​ឡើង​ដល់ជិត៤០ភាគរយ​។ បក្ស​​សំខាន់​មួយនៅក្នុង​ការ​រួប​រួម​នេះ គឺ​បក្ស​​ សម្ព័ន្ធ របស់​លោក Salvini ដែលមាន​គោល​នយោបាយ​រើស​អើង​ពូជសាសន៍​ខ្លាំង និង​ស្អប់​ពួក​ជន​ភៀសខ្លួន។ លោក សាលវីនី បាន​លើកឡើង​ក្នុង​កម្មវិធី​នយោបាយ​របស់​លោកថា បើ​ក្រុម​របស់​លោក​ឈ្នះ​ឆ្នោត ដឹក​នាំរដ្ឋាភិបាល គឺលោក​​នឹង​បណ្តេញ​ជន​ភៀសខ្លួន ៦០ម៉ឺន​​នាក់ ដែលរត់ភៀស​ខ្លួន​តាម​ទូក ​ចូល​មក​រស់​នៅ​ខុស​ច្បាប់​ ជាង​​២០ឆ្នាំមកនេះ ឲ្យ​ចេញ​អស់​ពីអ៊ីតាលី។

ចំពោះ​​​លោក បែរលុសស្គុននី !  ​​ប្រសិន​បើ​បក្ស​របស់​លោកឈ្នះ​មាន​សំឡេង​ភាគច្រើនមែន ក៏លោក​​មិន​អាច​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ជាថ្មី​ដែរ ព្រោះថា​ ដោយសារតែ​​ធ្លាប់​ពុករលួយ ត្រូវ​ជាប់​ទោស​រហូត​ដល់ឆ្នាំ​២០១៩ ក៏ប៉ុន្តែក្នុង​នាម​ជា​ប្រធាន​បក្ស ​លោក​បានសន្យាតែង​តាំង ​និង​បាន​រក​អ្នក​ជំនួស​លោក​រួច​ស្រេ​ចហើយ គឺ​លោក Antonio Tajani ដែល​ជា​ប្រធាន​សភា​សហគមន៍​អឺរ៉ុប សព្វ​ថ្ងៃ​នេះ ឲ្យ​ទៅ​ធ្វើ​ជា​នាយករដ្ឋមន្ត្រីជំនួស​លោក។ លោក Antonio Tajani ក៏​បាន​យល់​ព្រមមកហើយដែរ បើ​បក្ស​ស្តាំ​និយម​ឈ្នះ​ឆ្នោត​មែននោះ។

 

កាលពី​សុក្រ ទី​២មីនា នៅពេល​បញ្ចប់​ការ​ឃោសនា​បោះឆ្នោត លោក Salvini ប្រមុខ​​បក្ស សម្ព័ន្ធ ខាង​ជើង​ ដែ​ល​ជាដៃគូរបស់​ លោក Berlusconi បក្ស​ស្តាំនិយម​ បាន​ប្រកាស​ឈ្នះ​ស្រេច​ទៅហើយ គឺ​ថា​ថ្ងៃ​ច័ន្ទ​ខាងមុខនេះ បក្ស​ស្តាំនិយម​នឹង​ដឹកនាំ​រដ្ឋាភិបាល។​ តើ​ក្រុម​បក្ស​ស្តាំនិយម អាច​នឹង​ឈ្នះ​មែនដែរអីទេ?

ចម្លើយ​ជាក់​ច្បាស់ គឺ​នៅ​មិន​អាច​និយាយ​បាន​ទេ ព្រោះ​ថា ការិយាល័យ​បោះឆ្នោត នឹង​បិទ​នៅ​ម៉ោង​១១យប់ ជិត​ពាក់​កណ្តាល​អធ្រាត្រ ហើយ​បន្ទាប់មក នឹង​មានការ​ប្រកាស​លទ្ធផល​បឋមភ្លាមៗ​នៅប៉ុន្មាន​ម៉ោង​ក្រោយ​មក​​។ ចំណែក​លទ្ធផល​ផ្លូវការ គេ​នឹង​អាច​ដឹង​បាន​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​៥មីនា ម៉ោង​នៅ​អ៊ីតាលី។

អ្ន​កនយោបាយ​ ដែល​ប្រកាស​អួត​អាង​ថាខ្លួនឈ្នះ នៅ​មុន​ការ​បោះឆ្នោត ទាំង​ដែល​លទ្ធផលមិនទាន់​បើកគ្រប​ផង គឺជា​រឿងធម្មតា​ទៅហើយ​សម្រាប់​អ្នក​នយោបាយដែល​​សម្លឹង​អំណាច​មួយចំនួន​នោះ។ សូម្បី​តែ​បក្ស គណបក្សចលនាផ្កាយ៥  ដឹកនាំដោយលោក Di Maio  ដែល​ជា​អ្នក​នយោបាយ​វ័យ​ក្មេង អាយុ​៣១ឆ្នាំ ក៏​បាន​លើក​ឡើង​ថា បក្ស​លោក​នឹង​ឈ្នះ ដែរ។ ក៏ប៉ុន្តែ អ្នក​ជំនាញ​និង​អ្នក​វិភាគ​នយោបាយ បាន​អះអាង​ហើយថា គ្មាន​បក្ស​ណា​អាច​នឹង​ឈ្នះដាច់​គេ​ ទទួល​បាន​សំឡេងភាគ​ច្រើន​​ដាច់ខាត និង​​ដឹកនាំ​រដ្ឋាភិបាល​ ដោយ​បក្ស​តែមួយ តែ​ម្នាក់​ឯង​នោះទេ។

 

ប្រសិន​បើ​បក្ស​ណា​មួយ​ឈ្នះ​ឆ្នោតនៅលើកនេះ តើ​នឹង​កែប្រែ​មុខ​មាត់​ថ្មី​របស់​អ៊ីតាលី យ៉ាង​ណា​ខ្លះទៅ​?

បើ​តាម​អ្នក​វិភាគ និងអ្នក​សង្កេតស្ថានការណ៍​នយោបាយ​អ៊ីតាលី​  គេ​មើលឃើញ​ថា បើ​បក្ស​កាន់អំណាច​រដ្ឋរាល់​ថ្ងៃ ឈ្នះឆ្នោតត​ទៅ​ទៀត គឺ​អ៊ីតាលី គ្មាន​បាន​អ្វី​គ្រាន់បើ​​ជាង​សព្វថ្ងៃ​នេះប៉ុន្មាន​ឡើយ គឺអាច​ទៅ​មុខតិចតួច ឬរឹតតែ​ដុន​ដាប់​ខ្លាំង​ឡើង ជាង​សព្វ​ថ្ងៃ​នេះទៀត។

ក៏ប៉ុន្តែ បើ​ក្រុម​ស្តាំ​និយម​របស់លោក Berlusconi បក្សស្តាំនិយម និងដៃគូ គឺ​​លោក Salvini ប្រមុខបក្ស សម្ព័ន្ធ ខាងជើង  ឈ្នះ​ឆ្នោត​វិញ  អ៊ីតាលី អាច​នឹង​មានការប្រែប្រួល​ធំ  នោះ​គឺ​នយោបាយ​ជន​អន្តោប្រវេសន៍​តែម្តង។ ហើយ​បើ​តាម​តែ​ភាពជ្រុល​និយម​របស់​ក្រុម​ស្តាំនិយមជ្រុល​នេះទៀត គឺអាច​នឹង​មាន​ការ​អុជអាល​ឲ្យអ្នក​គាំទ្រ​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប​ ដូច​អង់គ្លេស​ដែរ ក៏​មិនដឹង។ តែនេះ គឺ​ជា​សេណារីយ៉ូ ដែល​គេ​កំពុង​ព្រួយ​បារម្ភ​មិន​តិច​ដែរ។

ទោះយ៉ាងណា​ក៏ដោយ បើ​និយាយ​ពី​សន្ទុះ​កំណើន​ជីវភាព​និង​កិច្ច​ការ​សង្គម​ក្នុង​ស្រុកអ៊ីតាលីវិញ គឺ​ពលរដ្ឋ​អ៊ីតាលី បាន​ភ្លក់រសជាតិ​​រួច​រាល់​ហើយ ការ​ដឹកនាំ​របស់​ក្រុម​ឆ្វេង​និយម របស់​បក្ស​កាន់អំណាចរាល់ថ្ងៃ និង​ក្រុម​ស្តាំ​និយម ក្រោម​ការ​ដឹកនាំ​របស់អតីតនាយករដ្ឋមន្ត្រី លោក Berlusconi ។

ផ្ទុយ​ពីនេះ គឺ​នៅ​មិន​ទាន់​បាន​ស្គាល់​ពី​ស្នាដៃ​ដឹកនាំប្រទេស​របស់​គណបក្ស​ចលនា​យុវជន​ផ្កាយ​៥ នៅឡើយទេ។ បក្ស​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​ការ​តាម​ដាន​ច្រើន​ដែរ។ បង្កើត​នៅ​ឆ្នាំ​​២០០៩ ដោយសារតែ​មាន​គំនិត​​ចង់​ដើរ​ចេញ​ពី​ប្រព័ន្ធ​នយោបាយ​ចាស់​គំរឹល ហើយ​សព្វ​ថ្ងៃ​ដឹកនាំដោយ លោក Luigi Di Maio ដែល​អ្នក​នយោបាយ​វ័យ​ក្មេង អាយុ ៣១ឆ្នាំប៉ុណ្ណោះ។ លោកធ្លាប់​​រៀន​ផ្នែក​​ច្បាប់ តែ​គ្មាន​សញ្ញាបត្រ​អ្វីទេ។ ​គោល​នយោបាយបក្ស​នេះ គឺមាន​២០ចំណុច​ដើម្បី​លើកម្ពស់​គុណភាព​ជីវិតរបស់​ពលរដ្ឋ​អ៊ីតាលី។ ដូច​ជា​ ជួយ​សម្រួល​ការ​វិនិយោគ ​ បំបាត់​​អំពើ​ពុករលួយ ​លើកកម្ពស់​យុវជន កំណត់​ចំនួន​ប្រាក់ខែ​អប្បបរិមាសម្រាប់​ប្រជាពលរដ្ឋ​អ្ន​កក្រ ឲ្យបា​នយ៉ាងតិច ៧៨០អឺរ៉ូ។​ និយាយ​រួម បក្ស​នេះ​មា​នគោល​នយោបាយ  បាន​ទាក់​ចិត្ត​យុវ​ជន​ខ្លាំង​។​ ក្នុងនោះ មាន​​យុវជន ស្ទើរតែ​ពាក់​កណ្តាល​ បាន​សម្រេច​ចិត្ត​នឹង​​ចេញ​ទៅ​បោះឆ្នោត គ្រាំទ្រ​បក្ស​នេះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ